២០២២
ខ្នើយ​នៅលើ​ឥដ្ឋ
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ខ្នើយ​នៅលើ​ឥដ្ឋ

ខ្ញុំ​ជួយ​ការងារ​ផ្ទះ​របស់​ម្ដាយ​ខ្ញុំ​ដោយ​ក្ដី​រីករាយ ប៉ុន្ដែ​ហេតុអ្វី​បានជា​ខ្ញុំ​តែងតែ​ឃើញ​មាន​ខ្នើយ​មួយ​នៅលើ​ឥដ្ឋ​អញ្ចឹង ?

cushion

អស់​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​មកលេង​ផ្ទះ​ម្ដាយ​ខ្ញុំ ដើម្បី​ជួយ​ធ្វើ​ការងារ​ផ្ទះ​គាត់ ។ គាត់​អាយុ ៨០ ឆ្នាំ ហើយ​ជា​សមាជិក​ដ៏ស្មោះត្រង់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ម្ដាយ​របស់​ខ្ញុំ​បាន​រស់នៅ​តែឯង តាំងពី​ឪពុក​ខ្ញុំ​បាន​ទទួល​មរណភាព​ទៅ ។ ក្ដីសប្បាយ​រីករាយ​ដ៏ខ្លាំង​បំផុត​របស់​គាត់​គឺ ការទៅ​លេង​ផ្ទះ​កូនៗ​ទាំងបី​របស់​គាត់ ការចំណាយ​ពេល​ជាមួយ​ពួកគេ និង​ចៅៗ​របស់​គាត់ ព្រមទាំង​ការចម្អិន​ម្ហូប​ដែល​ធ្វើ​ឲ្យ​មាន​ភាពកក់ក្ដៅ​ដល់​ព្រលឹង​វិញ្ញាណ ។

រាល់ពេល​ដែល​ខ្ញុំ​ទៅលេង​ផ្ទះ​ម្ដាយ​របស់​ខ្ញុំ ដើម្បី​សម្អាត​ផ្ទះ និង​រៀបចំ​អ្វីៗ​គ្រប់យ៉ាង​ឲ្យមាន​របៀប​រៀបរយ នោះ​ខ្ញុំ​ឃើញ​មាន​ខ្នើយ​ចាស់​មួយ​នៅលើ​ឥដ្ឋ ។ ខ្ញុំ​តែង​រើស​វា​ឡើង ហើយ​ដាក់​វា​នៅលើ​កៅអី​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​រអ៊ូ​តែម្នាក់​ឯង​អំពី​ការមិន​យកចិត្ត​ទុកដាក់​របស់​ម្ដាយ​ខ្ញុំ ។

លើកក្រោយ ពេល​ខ្ញុំ​ត្រឡប់​មក​លេង និង​ជួយ​ម្ដាយ​ខ្ញុំ​ទៀត ខ្ញុំ​បាន​ឃើញ​ខ្នើយ​នោះ​នៅលើ​ឥដ្ឋ​ម្ដងទៀត ។ ខ្ញុំ​មិន​ដែល​និយាយ​អ្វី​អំពី​ខ្នើយ​នោះ​ទៅកាន់​ម្ដាយ​ខ្ញុំ​ទេ ប៉ុន្ដែ​នៅ​ព្រឹក​មួយ ខ្ញុំ​បាន​ដឹងពី​មូលហេតុ​ដែល​ខ្នើយ​នោះ​នៅលើ​ឥដ្ឋ​រហូត​អញ្ចឹង ។

ម្ដាយ​ខ្ញុំ​ត្រូវការ​ទ្រនាប់​ទន់​ដើម្បី​លុត​ជង្គង់​លើ ហើយ​អធិស្ឋាន ។ គាត់​គឺជា​ស្ដ្រី​ចំណាស់​ម្នាក់ ប៉ុន្ដែ​សេចក្ដី​ជំនឿ​ដ៏មិន​រង្គោះ​រង្គើ​របស់​គាត់​បាននាំ​ឲ្យ​គាត់​លុត​ជង្គង់​ចុះ​អធិស្ឋាន​រាល់ថ្ងៃ ។ គាត់​អធិស្ឋាន​សម្រាប់​កូនៗ និង​ចៅៗ​របស់​គាត់ ។ គាត់​អធិស្ឋាន​សម្រាប់​មិត្តភក្ដិ​របស់​គាត់ ។ គាត់​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​ត្រូវការ​បំផុត ។ ហើយ​គាត់​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​គាត់​តែងតែ​ស្រឡាញ់​ជានិច្ច ហើយ​ទោះ​ក្នុង​វ័យ​ចំណាស់​របស់​គាត់​ក្ដី ក៏​គាត់​នៅតែ​ខ្វល់ខ្វាយ​ដល់​ពួកគេ​ដោយ​សប្បុរស​ដែរ ។

សព្វថ្ងៃ​នេះ ខ្ញុំ​លែង​រអ៊ូ​តែម្នាក់​ឯង​ទៀតហើយ នៅពេល​ខ្ញុំ​ឃើញ​ខ្នើយ​នោះ​នៅលើ​ឥដ្ឋ ។ ពេលខ្លះ ខ្ញុំ​ក៏លុត​ជង្គង់​លើ​ទ្រនាប់​ទន់ៗ​នោះ​ដើម្បី​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​ផងដែរ ហើយ​បង្ហាញ​ការដឹងគុណ​ចំពោះ​សេចក្ដី​ជំនឿ និង​គំរូ​របស់​ម្ដាយ​ខ្ញុំ ។