២០២២
ពួកគេ​មាន​ព្រះគម្ពីរ​មរមន​នៅ​ទីនេះ!
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ពួកគេ​មាន​ព្រះគម្ពីរ​មរមន​នៅ​ទីនេះ !

នៅពេល​ខ្ញុំ​កាន់​ព្រះគម្ពីរ​មរមន​នៅក្នុង​ដៃ​របស់​ខ្ញុំ នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា បន្ទុក​របស់​ខ្ញុំ​ត្រូវបាន​សម្រាល​ដោយ​ភាពកក់ក្ដៅ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។

hand holding a copy of the Book of Mormon

រូបថត​ដោយ យ៉ាកុប អេ ប្រោន

នៅ​ថ្ងៃសៅរ៍​ដ៏ត្រជាក់​ស្រស់ស្រាយ​មួយ​នៅ​ពាក់​កណ្ដាល​រដូវ​រងារ ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ឆ្លៀត​ឱកាស ដើម្បី​ស្គាល់​អ្នកជិតខាង​របស់​យើង​ឲ្យ​កាន់តែ​ច្បាស់ ។ យើង​ទើបតែ​ប្ដូរ​ផ្ទះ​យើង រាប់ពាន់​ម៉ែលស៍​មកកាន់​ភាគខាង​កើត​នៃ​សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​បាន​ឱកាស​អប់រំ និង​អាជីព​ការងារ ។

យើង​បាន​សម្រេច​ចិត្ត​ដើរ​ទៅ​សាកលវិទ្យាល័យ​នៅក្បែរ​នោះ ដែល​ពួកយើង​ទាំងពីរ​នាក់​មិន​ដែល​បាន​ទៅ ។ មិន​យូរ​ប៉ុន្មាន យើង​បាន​រកឃើញ​បណ្ណាល័យ​ធំ​មួយ​របស់​សាកលវិទ្យាល័យ​នោះ ។ យើង​ចូលចិត្ត​អាន ហើយ​ភរិយា​ខ្ញុំ ដែលជា​និស្សិត​ថ្នាក់​អនុបណ្ឌិត ចង់​ដឹង​ថា​តើ​គាត់​អាច​រកឃើញ​ធនធាន​អ្វីខ្លះ​សម្រាប់​ការសិក្សា​របស់​គាត់ ។ ដោយសារ​គាត់​កំពុង​សិក្សា​ប្រវត្តិសាស្ដ្រ​ខាង​សាសនា នោះ​យើង​បាន​មើល​សៀវភៅ​ជាច្រើន​នៅ​ផ្នែក​សាសនា​នៅក្នុង​បណ្ណាល័យ​នោះ ។ នៅពេល​យើង​មើលទៅ​ចំណងជើង​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន នោះ​ខ្ញុំ​ប្រទះ​ឃើញ​មាន​សៀវភៅ​ដ៏តូច​មួយ ដែល​មាន​ក្រប​ពណ៌​ខៀវ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ពីមុន​មក ។

« ពួកគេ​មាន​ព្រះគម្ពីរ​មរមន​នៅ​ទីនេះ ! » ខ្ញុំ​បាន​និយាយ​ខ្សឹបៗ​ដោយ​រំភើប​ចិត្ត ។

ខ្ញុំ​បាន​យក​សៀវភៅ​នោះ​ចេញពី​ធ្នើរ ។ វា​ជា​គម្ពីរ​ចាស់​មួយ​ក្បាល ហើយ​ខ្ញុំ​ចង់​ដឹង​ថា តើ​គម្ពីរ​នេះ​នៅ​ទីនោះ​យូរ​ប៉ុណ្ណា​ហើយ ។ អ្វី​ដែល​ទាក់​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ខ្លាំង​គឺ ក្រដាស​មួយ​ផ្ទាំង​តូច​មួយ​ស៊ក​នៅ​ខាងក្នុង​ក្របមុខ ។

ក្រដាស​នោះ​មាន​សរសេរ​ទីបន្ទាល់​ដ៏ខ្លី​មួយ ដោយ​គូស្វាមី​ភរិយា​មួយ​គូ​មកពី​ទីក្រុង​ប្លេកហ្វូត រដ្ឋ​អៃដាហូ ស.រ.អា. ។ នៅក្នុង​ទីបន្ទាល់​របស់​ពួកគេ ពួកគេ​បាន​ពន្យល់​ថា​ព្រះគម្ពីរ​មរមន​គឺជា​អ្វី និង​មូល​ហេតុអ្វី​បានជា​វា​សំខាន់ ។ ពួកគេ​បាន​ចែកចាយ​ទីបន្ទាល់​ដ៏ខ្លី ប៉ុន្ដែ​មាន​អានុភាព​មួយ​អំពី​គម្ពីរ​នោះ ហើយ​ពួកគេ​បាន​អញ្ជើញ​អ្នកអាន​ឲ្យ​អធិស្ឋាន​ដើម្បី​ដឹង​ថា តើ​វា​គឺជា​ការពិត​ឬ​ទេ ។

ពាក្យសម្ដី​របស់​ពួកគេ​គឺ​សាមញ្ញ ប៉ុន្ដែ​សារលិខិត​របស់​ពួកគេ​ចាក់​ដោត​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង ។ ប្រហែល​គូស្វាមី​ភរិយា​នេះ​សរសេរ​ទីបន្ទាល់​របស់​ពួកគេ ដើម្បី​ឲ្យ​អ្នកដែល​មិន​មាន​សេចក្ដី​ជំនឿ​ដូច​យើង​អាន ។ ប្រហែល​ពួកគេ​បាន​ជូន​គម្ពីរ​នេះ​ដល់​នរណាម្នាក់ ដែល​ពួកគេ​ស្គាល់ ។ តើ​នរណា​ទៅ​ដឹង​ថា តើ​គម្ពីរ​នេះ​បាន​ប្ដូរ​ម្ចាស់​ប៉ុន្មាន​ដង​ហើយ ឬ​តើ​វា​បាន​ធ្វើ​ដំណើរ​ប៉ុន្មាន​ម៉ែលស៍ ទម្រាំ​មកដល់​បណ្ណាល័យ​នៅក្នុង​សាកលវិទ្យាល័យ​នេះ​នោះ ?

នៅពេល​ខ្ញុំ​កាន់​ព្រះគម្ពីរ​នេះ​នៅក្នុង​ដៃ​របស់​ខ្ញុំ នោះ​ព្រះវិញ្ញាណ​បាន​បំពេញ​ដួងចិត្ត​ខ្ញុំ ។ នៅ​គ្រា​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា បន្ទុក​របស់​ខ្ញុំ​ត្រូវបាន​សម្រាល​ដោយ​ភាពកក់ក្ដៅ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។

ថ្ងៃ​នៅក្នុង​បណ្ណាល័យ​នោះ បន្ដ​រំឭក​ខ្ញុំ​អំពី​ពរជ័យ​ដែល​ខ្ញុំ​ទទួល​បាន តាមរយៈ​ការអាន​ព្រះគម្ពីរ​មរមន និង​អំពី​សារៈសំខាន់​នៃ​ការចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​គម្ពីរ​នេះ ។ ទីបន្ទាល់​របស់​យើង​អាច​ធ្លាក់ « ទៅ​ក្នុង​កន្លែង​ថ្ម » ឬ « ធ្លាក់​ទៅក្នុង​ដី​ល្អ » ( សូមមើល ម៉ាថាយ ១៣:៣–៩ ) ប៉ុន្ដែ វា​សំខាន់​ដែល​យើង​ត្រូវ​ចែកចាយ​ទីបន្ទាល់​របស់​យើង ។ ព្រះ​នឹង​ធ្វើឲ្យ​ប្រាកដ​ថា ទីបន្ទាល់​នោះ​នឹង​ថ្លែង​នៅ​ពេលវេលា​ត្រឹមត្រូវ នៅ​កន្លែង​ត្រឹមត្រូវ និង​ទៅកាន់​មនុស្ស​ត្រឹមត្រូវ ។