២០២២
ការស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


ការស្វែងរក ព្រះ​យេស៊ូវគ្រីស្ទ នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់

សេចក្ដីពិត​ទាំង​ប្រាំ​យ៉ាង​នេះ​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​របស់​យើង នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​យើង​នៅ​ឆ្នាំ​នេះ​បាន ។

fine art painting of Jesus Christ

ថ្ងៃមួយ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួប​នឹង​សិស្ស​ពីរនាក់​របស់​ទ្រង់​នៅតាម​ផ្លូវ​រវាង​ទីក្រុង​យេរូសាឡិម និង​ភូមិ​អេម៉ោស ។ នៅពេល​ទ្រង់​បាន​យាង​ជាមួយ​នឹង​ពួកលោក នោះ​ទ្រង់​បាន​បង្រៀន​ពួកលោក​អំពី​តួនាទី​របស់​ទ្រង់ ដូចបាន​រៀបរាប់​នៅក្នុង​ព្រះគម្ពីរ ដែល​យើង​ហៅថា​ព្រះគម្ពីរ​សញ្ញា​ចាស់​នៅពេល​នេះ ។

« រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្តី ដែល​តម្រូវ​ដល់​ទ្រង់​ពី​ក្នុង​គម្ពីរ​ទាំងឡាយ​ឲ្យ​គេ​ស្តាប់ ចាប់​តាំង​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ពួក​ហោរា​រៀង​មក » ( លូកា ២៤:២៧ ) ។ ការរៀនសូត្រ​អំពី​ព្រះអង្គ​សង្គ្រោះ និង​បេសកកម្ម​របស់​ទ្រង់ គឺជា​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​ជ្រាលជ្រៅ​មួយ​សម្រាប់​ពួកសិស្ស​ទាំងពីរ​រូប ហើយ​ពួកលោក​បាន​ទូល​អង្វរ​សូម​ឲ្យ​ទ្រង់​បន្ដ​នៅ​យូរ​ជាងនេះ ( សូមមើល លូកា ២៤:២៨–៣២ ) ។

ដូចជា​អ្នកដើរតាម​របស់​ព្រះគ្រីស្ទ​កាលពី​សម័យ​មុន​ទាំងនោះ​ដែរ យើង​មាន​ឱកាស​ដើម្បី​ស្គាល់​ព្រះអង្គ​សង្គ្រោះ​របស់​យើង តាម​របៀប​ដ៏មាន​អត្ថន័យ​ជាងនេះ នៅពេល​យើង​ស្វែងយល់​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​នៅ​ឆ្នាំ​នេះ ។ កំណត់ត្រា​នេះ ដែល​ដូចគ្នា​នឹង​គម្ពីរ​ម៉ូសេ និង​គម្ពីរ​អ័ប្រាហាំ​នៅក្នុង​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា​ដែរ ផ្ដល់​ការយល់ដឹង​កាន់តែ​ពេញលេញ​មួយ​ដល់​យើង​ថា តើ​ទ្រង់​ជា​នរណា—លក្ខណៈ​របស់​ទ្រង់ បេសកកម្ម​របស់​ទ្រង់ និង​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​នឹង​ព្រះវរបិតា​របស់​ទ្រង់ និង​ពួកយើង​ម្នាក់ៗ ។ យើង​ត្រូវការ​ការយល់ដឹង​នេះ ដើម្បី​ទទួល​បាន​អំណោយទាន​នៃ​ជីវិត​ដ៏អស់កល្ប​ជានិច្ច ( សូម​មើល យ៉ូហាន ១៧:៣ ) ។

ខាងក្រោម​នេះ​គឺជា​សេចក្ដីពិត​ប្រាំ​យ៉ាង ដែល​អាច​ជួយ​យើង​ឲ្យ​ទទួល​ស្គាល់ និង​យល់​កាន់តែ​ច្បាស់​ពី​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ព្រះគម្ពីរ​ដ៏បរិសុទ្ធ​ពី​បុរាណ​នេះ ។

សេចក្ដីពិត​ទី ១ ៖ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះយេហូវ៉ា

នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី យើង​អាន​អំពី​គ្រា​មួយ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ហៅ​ព្រះអង្គ​ទ្រង់​ថា​ជា​ព្រះយេហូវ៉ា ( សូមមើល យ៉ូហាន ៨:៥៨ លេខ​យោង  ) ។ ប្រជាជន​បាន​ខឹង​សម្បារ​យ៉ាងខ្លាំង ហើយ​បាន​ព្យាយាម​ចោលថ្ម​លើ​ទ្រង់​ដែល​បាន​និយាយ​មើលងាយ​ព្រះ ( សូមមើល យ៉ូហាន ៨:៥៩ ) ។ ពួកគេ​មិន​បាន​ដឹង​ពី​សេចក្ដីពិត​ដ៏មាន​តម្លៃ​មួយ ដែល​នៅ​បន្ដ​យល់ខុស​ដោយ​មនុស្ស​ជាច្រើន​នៅ​សព្វថ្ងៃ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

ប្រហែល​មូលហេតុ​មួយ​នៃ​ការយល់ខុស​ជាញឹកញាប់​អំពី​អត្តសញ្ញាណ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ គឺ​ដោយសារ​ព្រះនាម « ព្រះយេស៊ូវ​គ្រីស្ទ » មិន​បាន​ប្រើ​នៅក្នុង​ព្រះគម្ពីរ​នោះ ។ ផ្ទុយ​ទៅវិញ អ្នកនិពន្ធ​បាន​ប្រើ​ព្រះបរមងារ​ជាច្រើន​ដើម្បី​សំដៅ​ទៅលើ​ទ្រង់ ដូចជា « ព្រះ » « ព្រះ​ដ៏​ជា​ព្រះ » ឬ « ព្រះអម្ចាស់ » ។ កាលណា​យើង​ដឹង​ពី​ការណ៍​នេះ នោះ​យើង​ចាប់ផ្ដើម​មើល​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្បាស់​ឡើង នៅ​ក្នុង​ព្រះគម្ពីរ​ទាំងមូល ។ ឧទាហរណ៍ ៖

  • នៅពេល​ម៉ូសេ​បាន​មាន​បន្ទូល​ទៅកាន់ « ព្រះ » នៅ​គុម្ព​បន្លា​ដែល​ឆេះ នោះ​លោក​កំពុង​មាន​បន្ទូល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល និក្ខមនំ ៣:៦ ) ។

  • ដូចគ្នា​ផងដែរ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ហៅ​ព្រះអង្គ​ទ្រង់​ថា​ជា « ព្រះ​ដ៏ជា​ព្រះ​ដែល​មហិមា » ទៅកាន់ យ៉ូសែប ស៊្មីធ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:១ ) ។

  • យ៉ូហាន-បាទីស្ទ ត្រូវបាន​ហៅ​ឲ្យ​រៀបចំ​ផ្លូវ​ទទួល « ព្រះអម្ចាស់ » ( ម៉ាថាយ ៣:៣ ) ។ នេះ​គឺជា​ការបំពេញ​ពាក្យ​ព្យាករ​នៅក្នុង អេសាយ ៤០:៣ ដែល​បាន​ព្យាករ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូមមើល​តារាង​នៅលើ​ទំព័រ ១៧ សម្រាប់​ឧទាហរណ៍​ផ្សេងៗ​ទៀត​អំពី​ព្រះយេហូវ៉ា​នៅក្នុង​ព្រះគម្ពីរ​ទាំងមូល ។

សេចក្ដីពិត​ទី ២ ៖ វត្ថុ និង​ព្រឹត្តិការណ៍​ទាំងឡាយ​អាច​បង្រៀន​យើង​អំពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង

an angel appearing to Adam and Eve as they prepare a burnt offering

លោក​អ័ដាម និង​នាង​អេវ៉ា​ត្រូវបាន​បញ្ជា​ឲ្យ​បូជា​សត្វ ទុកជា​ផ្នែក​មួយ​នៃ​ការថ្វាយ​បង្គំ​របស់​ពួកលោក ។ យញ្ញបូជា​បែប​នេះ​រំឭក​យើង​ថា ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​កូនចៀម​នៃ​ព្រះ បាន​អនុញ្ញាត​ឲ្យ​គេ​សម្លាប់​ទ្រង់ ទុកជា​ផ្នែក​មួយ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

លោក​អ័ដាម និង​នាង​អេវ៉ា​ថ្វាយ​យញ្ញបូជា ដោយ ខេធ ឡាសិន

ព្រះគម្ពីរ​សញ្ញា​ចាស់​មាន​ពោរពេញ​ទៅដោយ​និមិត្ត​សញ្ញា និង​ដំណើររឿង​ជាច្រើន ដែល​អាច​រំឭក​យើង​អំពី​ជំនួយ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន ។ ឧទាហរណ៍ ៖

  • បទគម្ពីរ​ជាច្រើន​រៀបរាប់​ពី​គ្រា ដែល​ប្រជាជន​ដ៏ស្មោះត្រង់​ត្រូវបាន​បញ្ជា​ឲ្យ​បូជា សត្វ ទុកជា​ផ្នែក​មួយ​នៃ​ការថ្វាយ​បង្គំ​របស់​ពួកគេ ។ ឧទាហរណ៍ កូនចៅ​អ៊ីស្រាអែល​ត្រូវបាន​បង្គាប់​ឲ្យ​បូជា​កូនចៀម​មួយ និង​លាប​ឈាម​កូនចៀម​នោះ​នៅនឹង​មាត់ទ្វារ​របស់​ពួកគេ ។ អស់​អ្នក​ដែល​បាន​ធ្វើ​ដូច្នេះ ត្រូវបាន​ថែរក្សា​ការពារ​ពី​គ្រោះកាច​ដ៏សាហាវ​នៅក្នុង​ស្រុក​អេស៊ីព្ទ ។ យញ្ញបូជា​បែប​នេះ​រំឭក​យើង​ថា ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​កូនចៀម​នៃ​ព្រះ បាន​អនុញ្ញាត​ឲ្យ​គេ​សម្លាប់​ទ្រង់ ទុកជា​ផ្នែក​មួយ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ ពលិកម្ម​របស់​ទ្រង់​សង្គ្រោះ​យើង​ចេញពី​សេចក្តី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។ ( សូម​មើល និក្ខមនំ ១២:១៣ ) ។

  • នៅពេល​ព្យាការី​អេលីយ៉ា​បាន​គេចខ្លួន​ឲ្យ​រួច​ជីវិត ហើយ​បាន​លាក់ខ្លួន​នៅ​វាល​រហោស្ថាន នោះ​លោក​បាន​មាន​អារម្មណ៍​សោកសៅ ហើយ​បាន​ថ្លែង​ថា លោក​បន់​តែ​ឲ្យ​លោក​ស្លាប់​ទេ ។ នៅពេល​លោក​បាន​សម្រាន្ដ នោះ​មាន នំប៉័ង និង​ទឹក យ៉ាង​អព្ភូតហេតុ​មក​ចិញ្ចឹម​បីបាច់ និង​ទំនុក​បម្រុង​ដល់​លោក ដែល​ធ្វើឲ្យ​លោក​មាន​កម្លាំង​បន្ដ​ទៅមុខ​ទៀត ។ ការណ៍​នេះ​អាច​រំឭក​យើង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ទឹក​រស់ និង​នំប៉័ង​ជីវិត ។ ទ្រង់​គឺជា​ប្រភព​នៃ​សេចក្ដី​សង្ឃឹម​ដ៏សំខាន់​របស់​យើង ។ ( សូម​មើល ពង្សាវតារក្សត្រ ទី១ ១៩:១–៨ ) ។

  • អ្នកនិពន្ធ​គម្ពីរ​ទំនុក​តម្កើង​ម្នាក់​បាន​សរសេរ​ថា « ព្រះបន្ទូល​នៃ​ទ្រង់​ជា ចង្កៀង ដល់​ជើង​ទូលបង្គំ » ( ទំនុក​ដំកើត ១១៩:១០៥; បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។ មីកា បាន​ថ្លែង​ទីបន្ទាល់​ថា « កាល​ណា​ខ្ញុំ​អង្គុយ​ក្នុង​ទី​ងងឹត នោះ​ព្រះយេហូវ៉ា​នឹង​ជា ពន្លឺ ដល់​ខ្ញុំ » ( មីកា ៧:៨; បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។ ពាក្យសម្ដី​របស់​ពួកលោក​រំឭក​យើង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ពន្លឺ​នៃ​ពិភពលោក​នេះ ដែល​ដឹកនាំ​យើង​ឲ្យ​ត្រឡប់​ទៅកាន់​គេហដ្ឋាន​សួគ៌ា​របស់​យើង​វិញ ។

ដូច​ដែល​បងប្អូន​បាន​អាន បងប្អូន​អាច​រកឃើញ​ការណ៍​ផ្សេងៗ​ទៀត ដែល​រំឭក​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​សមត្ថភាព​របស់​ទ្រង់​ដើម្បី​សង្គ្រោះ​យើង—ដូចជា នៅពេល​គ្រួសារ​របស់​ណូអេ​ត្រូវបាន​សង្គ្រោះ​ពី​ទឹក​ជំនន់​នៅក្នុង​ទូកធំ ឬ​នៅពេល​យ៉ូណាស​មាន​ពេលវេលា​ដើម្បី​ប្រែចិត្ត ខណៈ​នៅក្នុង​ពោះ​ត្រីធំ ។ ព្រឹត្តិការណ៍​ទាំងនេះ​អាច​រំឭក​យើង​ថា ព្រះអង្គ​សង្គ្រោះ​អាច​នាំ​យើង​ឲ្យ​ឆ្លងកាត់​ព្យុះ​ជីវិត​បាន ហើយ​ថា​ទ្រង់​នឹង​ប្រទាន​ឱកាស​ឲ្យ​យើង​ត្រឡប់​មកកាន់​ផ្លវូ​ត្រូវ​ជានិច្ច ។ ( សូម​មើល លោកុប្បត្តិ ៧:១; យ៉ូណាស ១:១៧ ) ។

សេចក្ដីពិត​ទី ៣ ៖ ព្រះយេហូវ៉ា​គឺជា​ព្រះ​ផ្ទាល់ខ្លួន

នៅពេល​ខ្លះ វា​មើលទៅ​អាច​ដូចជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ក្រោធ​ព្រះទ័យ និង​ពោរពេញ​ដោយ​ការសងសឹក ។ យើង​គួរតែ​ចាំ​ក្នុង​ចិត្ត​ថា អ្នកនិពន្ធ​ដើម​នៃ​គម្ពីរ​នេះ​ស្ថិត​នៅក្នុង​វប្បធម៌​ពីបុរាណ ដែល​មាន​ទំនៀម​ទម្លាប់ និង​ការពិពណ៌នា​ដែល​អាច​ពិបាក​ឲ្យ​យើង​យល់​បាន​ពេញលេញ​នៅ​សព្វថ្ងៃ​នេះ ។ សៀវភៅ​សិក្សា ចូរ​មក​តាម​ខ្ញុំ ការពិភាក្សា​ជាក្រុម និង​ការបំភ្លឺ​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ជួយ​យើង​ឲ្យ​សម្រប​អ្វី​ដែល​យើង​បាន​អាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ទៅនឹង​អ្វី​ដែល​យើង​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​មកពី​គម្ពីរ​ផ្សេងទៀត​នៅក្នុង​ព្រះគម្ពីរ ។

ហើយ​នេះ​គឺជា​បុគ្គលិក​លក្ខណៈ​គួរឲ្យ​កត់​សម្គាល់​មួយ​នៃ​ព្រះយេហូវ៉ា ដែល​ពួកសិស្ស​ធ្លាប់​បាន​ស្គាល់​អំពី​ព្រះអង្គ​សង្គ្រោះ ៖ ទ្រង់​គឺជា​ព្រះ ផ្ទាល់ខ្លួន មួយ​អង្គ ។ ការធ្វើ​អន្ដរាគមន៍​របស់​ទ្រង់ ទាំង​ក្នុង​របៀប​ដ៏អស្ចារ្យ​មហិមា និង​របៀប​តូចតាច បង្ហាញ​ថា ទ្រង់​ត្រៀម​ព្រះកាយ​ជាស្រេច​ជានិច្ច ដើម្បី​រំដោះ​អស់​អ្នក​ដែល​ទុកចិត្ត​លើ​ទ្រង់ ។ នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន​អំពី​ការងារ​បម្រើ​របស់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ៖

  • បន្ទាប់ពី​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​រំលង នោះ​ព្រះអម្ចាស់​បាន​ស្លៀកពាក់​ឲ្យ ឬ​បិទបាំង​ពួកលោក​ដោយ​អាវ​ពី​ស្បែក ( សូមមើល លោកុប្បត្តិ ៣:២១ ) ។ ពាក្យ​ជា​ភាសា​ហេព្រើរ​សម្រាប់​ដង្វាយធួន​មាន​ន័យ​ថា « បិទបាំង » ឬ « អភ័យទោស​ឲ្យ » ។

  • ទ្រង់​បាន​អញ្ជើញ​ហេណុក​ឲ្យ​ដើរ​ជាមួយ​នឹង​ទ្រង់ ( សូមមើល ម៉ូសេ ៦:៣៤ ) ហើយ​បាន​លើកស្ទួយ​ប្រជាជន​នៃ​ក្រុង​ស៊ីយ៉ូន ( សូមមើល ម៉ូសេ ៧:៦៩ ) ។

  • ទ្រង់​បាន​រៀបចំ​យ៉ូសែប ដើម្បី​រំដោះ​គ្រួសារ​របស់​លោក និង​អ្នកដទៃ​ទៀត​ជាច្រើន​រាប់​មិន​អស់​ពី​គ្រោះ​ទុរភិក្ស ( សូមមើល លោកុប្បត្តិ ៣៧–៤៦ ) ។

  • ទ្រង់​បាន​ដឹកនាំ​កូនចៅ​អ៊ីស្រាអែល​ឆ្លងកាត់​វាល​រហោស្ថាន ( សូមមើល លោកុប្បត្តិ ១៣:២១–២២ ) ។

  • ទ្រង់​បាន​យាង​មក​ជួប អើរ៉ុន និង ម៉ារាម ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្យាការី​ដែល​នៅរស់ ( សូមមើល ជនគណនា ១២:៥ ) ។

  • ទ្រង់​បាន​ដឹកនាំ​នាង​រស់ ហើយ​បាន​រក្សាទុក​ពូជពង្ស​របស់​ទ្រង់​តាមរយៈ​ពូជ​របស់​នាង ( សូមមើល នាងរស់ ៣:១០–១១; ៤:១៤–១៧ ) ។

  • ទ្រង់​បាន​ហៅ​ក្មេងប្រុស សាំយូអែល ចំ​ឈ្មោះ ( សូមមើល សាំយូអែល ទី១ ៣:៣–១០ ) ។

  • ទ្រង់​បាន​ប្រទាន​កម្លាំង​ដល់​នាង​អេសធើរ ឲ្យ​មាន​ចិត្ត​ក្លាហាន ដើម្បី​សង្គ្រោះ​ប្រជាជន​របស់​នាង ( សូមមើល នាង​អេសធើរ ២:១៧; ៨:៤–១១ ) ។

សេចក្ដីពិត​ទី ៤ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ឲ្យ​ច្បាំង​ចម្បាំង​របស់​យើង

ពេលខ្លះ ជីវិត​ប្រចាំ​ថ្ងៃ​មាន​អារម្មណ៍​ថា​ដូចជា​ចម្បាំង​មួយ ។ យើង​ពិតជា​នៅចំ​កណ្ដាល​ចម្បាំង​ខាង​វិញ្ញាណ​មួយ​រវាង​ការល្អ និង​ការអាក្រក់​មែន តែ​មិន​ដូចជា​ចម្បាំង​ដែល​បាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​នោះទេ ។ យើង​អំពាវនាវ​ជាមួយ​នឹង​ទាហាន​សម័យ​ដើម​ថា « ឱ ! សូម​នាំ​យើង​ព្រះយេហូវ៉ា » ។ នៅក្នុង​បទគម្ពីរ​ទាំងនេះ យើង​ស្ដាប់ឮ​ការឆ្លើយតប​ដែល​ធានា​អះអាង​របស់​ទ្រង់ ៖

  • « យើង​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះបង់​ចោល​ឯង​ឡើយ » ( យ៉ូស្វេ ១:៥ ) ។

  • « កុំ​ឲ្យ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ពួកធំ​ទាំង​ម៉្លេះ​នេះ​ដែរ ដ្បិត​ចំបាំង​នេះ​មិនមែន​ស្រេច​នៅ​អ្នករាល់គ្នា​ទេ គឺ​ស្រេច​នៅ​ព្រះ​វិញ » ( របាក្សត្រ ទី២ ២០:១៥ ) ។

  • « យើង​នឹង​ចម្រើន​កម្លាំង​ដល់​ឯង … អើ យើង​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង » ( អេសាយ ៤១:១០ ) ។

  • « យើង​នៅ​ជាមួយ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច » ( យេរេមា ១:៨ ) ។

សេចក្ដីពិត​ទី ៥ ៖ ការសន្យា​របស់​ព្រះអម្ចាស់​នៅ​បន្ដ

យើង​មាន​ទំនាក់ទំនង​ជិតដិត​នឹង​មនុស្ស​ដ៏ស្មោះត្រង់​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ជាង​អ្វី​ដែល​យើង​អាច​ដឹង​ទៅទៀត ។ អ្នកមើលឆុត​ពីបុរាណ​បាន​ទន្ទឹង​រង់ចាំ និង​បាន​សរសេរ​អំពី​ព្រះជន្ម​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ អេសាយ​បាន​ពិពណ៌នា​អំពី​ព្រះអម្ចាស់​ដោយ​ពាក្យសម្ដី​ដ៏មាន​អានុភាព​យ៉ាងខ្លាំង រហូតដល់​វា​ក្លាយជា​ផ្នែក​មួយ​នៃ​តន្ដី្រ​ដែល​យើង​ស្ដាប់ឮ​ជាញឹកញាប់​នៅបុណ្យ​អ៊ីស្ទើរ និង​បុណ្យ​គ្រីស្ទម៉ាស់ ( សូមមើល អេសាយ ៧; ៩; ៤០; និង ៥៣ ) ។

ដូចជា​ព្យាការី​ទាំងនោះ​ដែរ យើង​ក៏​ទន្ទឹង​រង់ចាំ​ដល់​ការយាងមក​របស់​ព្រះគ្រីស្ទ​ផងដែរ—លើក​នេះ​គឺ​ទន្ទឹង​រង់ចាំ​ការយាង​ត្រឡប់​មកវិញ​របស់​ទ្រង់ ដើម្បី​សោយរាជ្យ​ដោយ​ផ្ទាល់​នៅលើ​ផែនដី​នេះ ។ ហើយ​នៅពេល​យើង​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​របស់​ទ្រង់ នោះ​យើង​ទទួល​បាន​កម្លាំង​ពី​សេចក្ដីពិត និង​ការសន្យា​ដែល​បាន​កត់ត្រា​ទុក​តាំងពី​ដំបូង​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដូចជា ៖

  • ពរ​របស់​លោក​អយ្យកោ ដែល​រួមមាន​ការប្រកាស​អំពី​វង្ស​អ៊ីស្រាអែល ដែល​យើង​ស្ថិត​នៅ ។ សេចក្ដីសញ្ញា​ដែល​ព្រះអម្ចាស់​បាន​ចុះ​ជាមួយ​នឹង​អ័ប្រាហាំ​រាប់ពាន់​ឆ្នាំ​កន្លង​ទៅ អនុវត្ត​ចំពោះ​យើង​ក្នុង​នាមជា​សមាជិក​សាសនាចក្រ​ដែល​ចុះ​សេចក្ដី​សញ្ញា​នា​សព្វថ្ងៃ​នេះ មិន​ថា​យើង​នៅក្នុង​ផ្នែក​ណា​នៃ​កុលសម្ព័ន្ធ​នោះ​ទេ ។ ( សូមមើល លោកុប្បត្តិ ១៣:១៤–១៧; អ័ប្រាហាំ ២:៩–១១ ) ។

  • ព្រះបញ្ញត្តិ​ដើម្បី​រក្សា​ថ្ងៃ​ឈប់​សម្រាក​ជា​បរិសុទ្ធ ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​នឹង​ជា « ទីសម្គាល់​ដល់​យើង ហើយ​នឹង​ឯង​រាល់គ្នា នៅ​អស់​ទាំង​ដំណ​តទៅ ដើម្បី​ឲ្យ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះយេហូវ៉ា​ដែល​ញែក​ឯង​រាល់គ្នា​ចេញជា​បរិសុទ្ធ » ( និក្ខមនំ ៣១:១៣ ) ។

  • ការលាង​ជម្រះ ការចាក់​ប្រេង​តាំង និង​ការបំពាក់​សម្លៀក​បំពាក់​ដ៏ពិសិដ្ឋ ដែល​ជា​ផ្នែក​នៃ​ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នា​សព្វថ្ងៃ​នេះ ត្រូវបាន​ប្រទាន​ដល់​អើរ៉ុន និង​កូនចៅ​របស់​លោក​ពីដំបូង​មក ( សូមមើល លេវីវិន័យ ៨ ) ។

សូម​គិត​អំពី​បុរស និង​ស្ដ្រី​ជាច្រើន​នាក់​ដែល​បាន​ពលី​ជីវិត​ខ្លួន ដើម្បី​នាំឲ្យ​យើង​មកដល់​ចំណុច​នេះ​នៅក្នុង​ប្រវត្តិសាស្ដ្រ​មនុស្សលោក ។ យើង​ស្ថាបនា​លើ​កិច្ចខិតខំ​ដ៏ពិសិដ្ឋ​របស់​ពួកគេ ហើយ​មាន​ចក្ខុវិស័យ​ដូច​ពួកគេ​ដែរ អំពី​ពិភពលោក​មួយ​ដែល​ដឹកនាំ​ដោយ​ព្រះអង្គ​សង្គ្រោះ ។ ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ « បន្ទាប់​ពី ៤០០០ ឆ្នាំ នៃ​ការគិត​ទុក​ជាមុន និង​ការរៀបចំ នេះ​ហើយ​ជា​ជំនាន់​ដែល​ត្រូវបាន​ចាត់តាំង ជា​ពេល​ដែល​ដំណឹងល្អ​ត្រូវបាន​ប្រគល់​ឲ្យ​ពូជ​មនុស្ស​ទាំងឡាយ​នៅ​លើ​ផែនដី ។ នេះ​គឺជា​ពេល​នៃ​ការប្រមូល​ពួក​អ៊ីស្រាអែល​ដែល​បាន​សន្យា​ទុក ។ ហើយ​យើង​អាច​ចូលរួម​បាន ! »

ឆ្នាំ​សិក្សា​ដ៏អស្ចារ្យ​មួយ

Christ in red robe

ព្រះគ្រីស្ទ​គ្រង​រ៉ូប​ពណ៌​ក្រហម ដោយ មីនើវ៉ា ថាយឈើត ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​សារមន្ទីរ​ប្រវត្តិសាស្រ្ត​សាសនាចក្រ

យើង​មាន​ដំណើររឿង​នៃ​ដើម​ដំបូង​នៃ​មនុស្ស​ជាតិ​នៅក្នុង​ដៃ​របស់​យើង—ជា​ដំណើររឿង របស់​យើង ក្នុងនាម​ជា​គ្រិស្ដសាសនិក​ក្នុង​សេចក្ដី​សញ្ញា ។ ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ដឹង​ពី​របៀប​ដែល​ដំណើរ​ដ៏អស្ចារ្យ​នេះ​នឹង​បញ្ចប់ ។ សាតាំង​នឹង​ត្រូវបាន​បំផ្លាញ​ចោល ហើយ​ពួកសុចរិត​នឹង​មាន​ជ័យ​ជំនះ ។ ប៉ុន្ដែ តើ​ដំណើររឿង​នីមួយៗ​របស់​យើង​នឹង​ត្រូវ​លាត​ត្រដាង​ដោយ​របៀប​ណា ?

តើ​យើង​នឹង​ជ្រើសរើស​ដើរ​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ឆ្នាំ​នេះ​ទេ ? តើ​យើង​នឹង​អង្វរ​ទ្រង់​ឲ្យ​គង់នៅ​ជាមួយ​យើង ហើយ​អន្ទះសា​ចង់​ស្ដាប់​អ្វី​ដែល​ទ្រង់​បង្រៀន​ដែរ​ឬទេ ?

ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់ និង​ផ្ទាល់ខ្លួន ដែល​យើង​អាច​ស្ដាប់ឮ​ព្រះបន្ទូល​របស់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ គោលលទ្ធិ និង សេចក្តី​សញ្ញា ដែល​ព្រះជន្ម​របស់​ទ្រង់​ត្រូវ​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ហើយ​ដែល​ការបង្រៀន​ត្រូវបាន​បង្រៀន​យ៉ាង​សាមញ្ញ​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ដោយ​មាន​ការអនុវត្ត​បន្ដិច​បន្ដួច នោះ​យើង​នឹង​អាច​រកឃើញ​ការងារ​បម្រើ​របស់​ទ្រង់ ដែល​មាន​នៅ​គ្រប់​ទំព័រ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ផងដែរ ។ ទ្រង់​គឺជា​អង្គ​ដ៏​សំខាន់​នៃ​មនុស្ស​ជាតិ​កាល​ពី​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល ។ ទ្រង់​បាន—ហើយ​នឹង​តែងតែ—គង់​នៅក្បែរ​យើង​តាម​គ្រប់​ជំហាន​ជានិច្ច ។

កំណត់​ចំណាំ

  1. សូមមើល​កថាខណ្ឌ​ទីពីរ​នៃ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  2. នៅក្នុង​ការបកប្រែ​ជា​ភាសា​អង់គ្លេស សេចក្ដីយោង​ទៅកាន់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​កត់ត្រា​ជា​អក្សរ​ធំៗ​ជារឿយៗ ដូចជា ៖ LORD ។ សាំយូអែល ទី១ ១:១៥ ផ្ដល់​ឧទាហរណ៍​ចំនួន​ពីរ​ស្ដីពី​ពាក្យ ៖ « ព្រះគុណ​ម្ចាស់ » សំដៅ​ទៅលើ​មនុស្ស​ម្នាក់ ហើយ​ពាក្យ « ព្រះយេហូវ៉ា » សំដៅ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូមមើល​ផងដែរ ជេមស៍ អ៊ី ថាលមេហ្គ Jesus the Christ ( ឆ្នាំ ១៩១៦ ) ទំព័រ ៣៦ ។

  3. នៅក្នុង​កំណែ​ព្រះគម្ពីរ​ប៊ីប​ដែល​បាន​បោះពុម្ព​ដោយ​សាសនាចក្រ លេខ​យោង​អាច​ជួយ​បញ្ជាក់​ពី​ពេល​ដែល​បទគម្ពីរ​សំដៅ​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ។ ឧទាហរណ៍ សូមមើល និក្ខមនំ ៣:៦ លេខយោង  ។

  4. សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​និមិត្ត​សញ្ញា​នៅក្នុង​ដំណើររឿង​នេះ សូមមើល ម៉ារីស្សា វីដឌីសុន « The Bread and Water of Hope » Ensign ខែ កញ្ញា ឆ្នាំ ២០១៩ ទំព័រ ៥៦ ។

  5. « ឱ ! សូម​នាំ​យើង​ព្រះយេហូវ៉ា » ទំនុក​តម្កើង ល.រ. ៣៥ ។

  6. ខគម្ពីរ​មួយ​ចំនួន​មកពី​គម្ពីរ​អេសាយ​ត្រូវបាន​ប្រើជា​ទំនុកបទ​នៅក្នុង​ស្នាដៃ​របស់​លោក Handel បទ Messiah ។

  7. សូម​មើល មាត្រា​នៃ​សេចក្តី​ជំនឿ ១:១០ ។

  8. រ័សុល អិម ណិលសុន « Covenants » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៨ ។