២០២២
ពរជ័យ​នៃ​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


ចូរ​មក​តាម​ខ្ញុំ

ពរជ័យ​នៃ​ការសិក្សា ព្រះគម្ពីរ​សញ្ញា​ចាស់

នៅពេល​យើង​អាន​ជំពូក និង​ខគម្ពីរ​ទាំងឡាយ​នៃ​ព្រះគម្ពីរ​ពី​បុរាណ​នេះ នោះ​យើង​នឹង​ត្រូវបាន​ពង្រឹង​ខាង​វិញ្ញាណ ។

Jesus Christ with stars in background

ការសន្យា​របស់​ប្រធាន ណិលសុន គឺ​ជ្រាលជ្រៅ​ណាស់ ហើយ​វា​គឺជា​ការពិត ។

ព្រះគ្រីស្ទ និង​ការបង្ក​បង្កើត ដោយ រ៉ូប៊ឺត ធី បារ៉ែត

សូម​ស្វាគមន៍​មកកាន់​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ជាមួយ​នឹង​ធនធាន ចូរ​មក​តាម​ខ្ញុំ ដែលជា​មគ្គទេសក៍​មួយ ! ព្រះគម្ពីរ​សញ្ញា​ចាស់​គឺជា​ព្រះគម្ពីរ​ដ៏ពិសិដ្ឋ​មួយ ដែល​ត្រូវបាន​រក្សាទុក​ដោយ​ព្រះហស្ដ​នៃ​ព្រះ ដើម្បីឲ្យ​ពួកយើង​អាន និង​សញ្ជឹងគិត ។ វា​អាចជា​ពរជ័យ និង​មគ្គទេសក៍​មួយ​សម្រាប់​ពួកយើង​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។

ព្រះគម្ពីរ​សញ្ញា​ចាស់​ផ្ដល់​ទិដ្ឋភាព​ទូលំទូលាយ​មួយ​អំពី​សេចក្ដី​ជំនឿ និង​ភក្ដីភាព​ក្នុង​រយៈពេល ៣៥០០ ឆ្នាំ ប្រហែល​មកពី​ឆ្នាំ ៤០០០ មុន គ.ស. ដល់ ៥០០ មុន គ.ស. ។ មាន​គម្ពីរ​ចំនួន ៣៩ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ គម្ពីរ​លោកុប្បត្តិ​គ្រប​ដណ្ដប់​លើ​គ្រា​កាន់កាប់​ត្រួតត្រា​ចំនួន​បួន​របស់​លោក​អ័ដាម ហេណុក ណូអេ និង អ័ប្រាហាំ ។ គម្ពីរ ៣៨ ទៀត ពី​គម្ពីរ​និក្ខមនំ​ដល់​គម្ពីរ​ម៉ាឡាគី គឺ​ឧទ្ទិស​ដល់​គ្រា​កាន់កាប់​ត្រួតត្រា​របស់​លោក​ម៉ូសេ ។

នៅពេល​យើង​អាន​ព្រះគម្ពីរ​សញ្ញា​ចាស់ នោះ​យើង​នឹង​ស្គាល់​ព្យាការី និង​ការបង្រៀន​របស់​ពួកលោក​កាន់តែ​ច្បាស់ឡើង ។ ពួកលោក​បាន​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកលោក​បាន​ព្យាករ ហើយ​បាន​ទន្ទឹង​រង់ចាំ​ការយាងមក​របស់​ព្រះមែស៊ី ។ ការបង្រៀន​ដ៏បំផុស​គំនិត​របស់​ពួកលោក ត្រូវបាន​រក្សាទុក​សម្រាប់​ជំនាន់​របស់​យើង ។

នៅពេល​យើង​អាន​ជំពូក និង​ខគម្ពីរ​ទាំងឡាយ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ នោះ​យើង​នឹង​ត្រូវបាន​ពង្រឹង​ខាង​វិញ្ញាណ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​នាំ​ការយកចិត្ត​ទុកដាក់​របស់​យើង​ទៅលើ​ខគម្ពីរ​ជាក់លាក់ ដែល​នឹង​ក្លាយជា​កម្លាំង​ដល់​យើង នៅពេល​យើង​ទន្ទឹង​រង់ចាំ​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

សំណួរ​ដែល​បំផុស​គំនិត

ខ្ញុំ​សូម​ចែកចាយ​ដំណើររឿង​មួយ​អំពី​របៀប ដែល​ខគម្ពីរ​តែមួយ​ចេញពី​ព្រះគម្ពីរ​សញ្ញា​ចាស់ បាន​មាន​ឥទ្ធិពល​លើ​ខ្ញុំ​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ។

នៅ​ឆ្នាំ ១៩៧៤ ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ ។ ខ្ញុំ​រីករាយ​នឹង​ជីវិត​ក្នុងនាម​ជា​សិស្ស​អនុវិទ្យាល័យ ។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ដល់​ថ្ងៃ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ ។ នៅក្នុង​ទស្សនាវដ្ដី Ensign ខែ តុលា ឆ្នាំ ១៩៧៤ ខ្ញុំ​បាន​អាន​សារលិខិត​ដ៏មាន​អានុភាព​មួយ​មកពី​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ដែល​មាន​ចំណងជើង​ថា « When the World Will Be Converted » ។ តាំងពី​នោះ​មក ខ្ញុំ​បាន​អាន​វា​ជាច្រើន​ដង ។ មក​ដល់​សព្វថ្ងៃ​នេះ វា​នៅតែ​បំផុស​គំនិត​ខ្ញុំ ។

ប្រធាន ឃឹមបឹល បាន​បង្ហាញ​ពី​ទស្សនវិស័យ​របស់​ពិភពលោក​ទាំងស្រុង​មួយ អំពី​ការរីក​ចម្រើន​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ។ លោក​បាន​បង្រៀន​អំពី​ឱកាស និង​ការទទួល​ខុសត្រូវ​របស់​យើង ដើម្បី​នាំ​ដំណឹងល្អ​ទៅកាន់​ពិភពលោក​ទាំងមូល ។ ប្រធាន ឃឹមបឹល បាន​ដកស្រង់​ខគម្ពីរ​មួយ​មកពី​គម្ពីរ​លោកុប្បត្តិ ។ វា​បាន​បំផុស​គំនិត​ខ្ញុំ​នៅពេល​នោះ ហើយ​វា​បាន​បន្ដ​បំផុស​គំនិត​ខ្ញុំ​ពេញមួយ​ជីវិត​របស់​ខ្ញុំ ៖ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? » ( លោកុប្បត្តិ ១៨:១៤ ដែល​ត្រូវ​សិក្សា​នៅក្នុង​ខែ​កុម្ភៈ​តាម​កាលវិភាគ ) ។

Abraham praying

អ័ប្រាហាំ​នៅលើ​វាល​ទំនាប​ម៉ាមរេ ដោយ ហ្គ្រែន រ៉មនី ខ្ល័រសុន; រូបថត​អ្នកផ្សព្វផ្សាយ​សាសនា​ដោយ អាលីស្សា សើវ៉ា; រូបថត​ផែនដី​មកពី Getty Images

ប្រធាន ឃឹមបឹល បាន​រំឭក​ដល់​ដំណើររឿង​អំពី​លោក​អ័ប្រាហាំ និង​សារ៉ា ។ សារ៉ា​បាន​សើច​នឹង​ការសន្យា​របស់​ព្រះអម្ចាស់​ថា នាង និង​អ័ប្រាហាំ​នឹង​មាន​កូនប្រុស​ម្នាក់ ។ ពួកលោក​មិន​មាន​កូន​នោះទេ ។ ឥឡូវ​នេះ ពួកលោក​ម្នាក់ៗ​មាន​អាយុ ៩០ និង ១០០ ឆ្នាំ​ហើយ ។ ពួកលោក​ហួស​អាយុ​មាន​កូន​ទៅហើយ ។

« តែ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​អ័ប្រាហាំ​ថា ហេតុអ្វី​បានជា​សារ៉ា​សើច … ? »

« តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? ដល់​វេលា​កំណត់ នោះ​យើង​នឹង​មក​ឯ​ឯង លុះ​គ្រប់​ខែ​ហើយ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​១ » ( លោកុប្បត្តិ ១៨:១៣–១៤ ) ។

អ័ប្រាហាំ និង​សារ៉ា​បាន​អនុវត្ត​សេចក្ដី​ជំនឿ ។ ព្រះអម្ចាស់​បាន​រក្សា​ការសន្យា​របស់​ទ្រង់ ។ អ៊ីសាក​បាន​កើត​មក ។ អ័ប្រាហាំ​បាន​ក្លាយជា​ឪពុក​នៃ​ជាតិសាសន៍​ជាច្រើន ។

កម្លាំង​ដើម្បី​ប្រឈមមុខ​នឹង​ឧបសគ្គ

« តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? » បទគម្ពីរ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​នេះ​បាន​ពង្រឹង​ខ្ញុំ នៅពេល​ខ្ញុំ​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ ឬ​ការព្រួយ​បារម្ភ​នៅក្នុង​ជីវិត ៖

  • ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ថ្មី​ម្នាក់ នៅពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​សន្ធប់ ។ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? »

  • បន្ទាប់ពី​បេសកកម្ម​របស់​ខ្ញុំ នៅពេល អ៊ែន ម៉ារី និង​ខ្ញុំ​បាន​ពិចារណា​រៀប​អាពាហ៍ពិពាហ៍ ហើយ​ភ័យ​ពី​របៀប​ចំណាយ​លើ​ថ្លៃ​ម្ហូប ថ្លៃ​ផ្ទះ និង​ថ្លៃ​បង់​សាលា ។ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? »

  • ក្នុងនាមជា​គូស្វាមី​ភរិយា​រៀបការ​ថ្មី ដែល​ទើបមាន​កូន ហើយ​ដឹងពី​សម្ពាធ​ខាង​ហិរញ្ញវត្ថុ​ក្នុង​ជីវិត ។ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? »

  • ពេល​ប្រឈមមុខ​នឹង​ឧបសគ្គ​នៅ​សាលារៀន គ្រួសារ​ដែល​មាន​កូន​ធំឡើង និង​ពេល​ចាប់ផ្ដើម​អាជីព​ការងារ ។ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? »

  • នៅពេល​ខ្ញុំ​ជា​ប្រធាន​បេសកកម្ម បាសេឡូណា អេស្ប៉ាញ នោះ អ៊ែន ម៉ារី និង​ខ្ញុំ​បាន​យោង​ទៅ​បទគម្ពីរ​នេះ​ម្ដង​ហើយ​ម្ដងទៀត នៅពេល​បង្រៀន​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? » សំបុត្រ​ទៅកាន់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង ដែល​ជារឿយៗ​រួមមាន​សេចក្ដីយោង​ទៅ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? »

មូលដ្ឋាន​គ្រឹះ​ខាង​បទគម្ពីរ

reproduction of stone tablets with Ten Commandments

ម៉ូសេ​ញែក​ទឹក​សមុទ្រ​ក្រហម ដោយ រ៉ូប៊ឺត ធី បារ៉ែត; លោក​អ័ដាម និង​នាង​អេវ៉ា​នៅក្នុង​សួនច្បារ​អេដែន ដោយ ឡូវែល ប៊្រូស បែនណិត; រូបថត​ផលិត​ឡើងវិញ​នៃ​ផ្ទាំង​ថ្ម​មកពី Getty Images; រូបថត​ព្រះវិហារ​បរិសុទ្ធ សាន ឌីអេហ្គូ កាលីហ្វ័រញ៉ា ដោយ ម៉ូនីកា ចចជីណា អាលវ៉ារ៉ាដូ ហ្សារ៉ាតេ

ខគម្ពីរ​នេះ​គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ ក្នុង​ចំណោម​ឧទាហរណ៍​ជាច្រើន​នៃ​ខគម្ពីរ​ដ៏បំផុស​គំនិត ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ ខ្ញុំ​ជឿជាក់​ថា មាន​ខគម្ពីរ​ជាច្រើន​ដែល​បាន​បំផុស​គំនិត​បងប្អូន​រួចមក​ហើយ ។ នៅពេល​យើង​អាន​ព្រះគម្ពីរ​សញ្ញា​ចាស់​នៅ​ឆ្នាំ​នេះ​ប្រកប​ដោយ​មនសិការ និង​ប្រកប​ដោយ​ការអធិស្ឋាន នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​នាំ​ការយកចិត្ត​ទុកដាក់​របស់​យើង​ទៅលើ​ខគម្ពីរ​ជាក់លាក់​បន្ថែម​ទៀត ដែល​នឹង​ពង្រឹង​ដល់​ការប្រែចិត្ត​ជឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

ព្រះគម្ពីរ​សញ្ញា​ចាស់​មាន​នូវ​គោលលទ្ធិ និង​គោលការណ៍​ជាច្រើន​ដែល​មាន​សារៈសំខាន់​ជានិច្ច ។ វា​មាន​នូវ​ការព្យាករណ៍​ដែល​មិនទាន់​បាន​បំពេញ​នៅឡើយ ។ វា​បង្រៀន​យើង​អំពី​ទីកន្លែង​កំណើត​ដ៏ទេវភាព​របស់​យើង ។ ហើយ​វា​បង្រៀន​យើង​អំពី​សេចក្ដី​សញ្ញា​អ័ប្រាហាំ ដែល​នៅតែ​អនុវត្ត​ដល់​សព្វថ្ងៃ​នេះ ។

ព្រះគម្ពីរ​សញ្ញា​ចាស់​ផ្ដល់​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ព្រះគម្ពីរ​ផ្សេងទៀត​របស់​យើង ។ កាលណា​យើង​យល់ពី​ព្រះគម្ពីរ​សញ្ញា​ចាស់​កាន់តែ​ច្បាស់ នោះ​យើង​នឹង​កាន់តែ​យល់ពី​ច្បាប់​ព្រះគម្ពីរ​ផ្សេងៗទៀត​កាន់តែ​ខ្លាំង​ផងដែរ ពីព្រោះ​ការបង្រៀន​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​បង្ហាញ​ឡើង​នៅក្នុង​ព្រះគម្ពីរ​ទាំងនោះ ៖

  • អំឡុង​ការងារ​បម្រើ​របស់​ទ្រង់ ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន​ដោយ​ប្រើ​បទគម្ពីរ​មកពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

  • លីហៃ និង​គ្រួសារ​របស់​លោក​បាន​យក​ផ្ទាំង​លង្ហិន ដែល​មាន​បទគម្ពីរ​មកពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

  • នីហ្វៃ​បាន​បង្រៀន​យ៉ាកុប ដោយ​ដកស្រង់​ពាក្យ​សម្ដី​ចេញពី​គម្ពីរ​អេសាយ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

  • អំឡុង​ការយាង​មក​ជួប​ពួកសាសន៍​នីហ្វៃ​របស់​ទ្រង់ បន្ទាប់ពី​ការរស់​ឡើងវិញ​របស់​ទ្រង់ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដកស្រង់​ពាក្យពេចន៍​ចេញពី​គម្ពីរ​អេសាយ និង​ម៉ាឡាគី​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

beings appearing to Joseph Smith and Oliver Cowdery in Kirtland Temple

ការនិមិត្ត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ ហ្គែរី ស្ម៊ីធ; ការយាង​មក​ជា​លើក​ទីពីរ ដោយ ហារី អាន់ឌើរសិន

ព្យាការី និង​ការបង្រៀន​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ក៏ជា​ចំណុច​ស្នូល​នៃ​សារលិខិត​នៃ​ការស្ដារ​ដំណឹងល្អ​ឡើង​វិញ​នៅក្នុង​ជំនាន់​របស់​យើង​ផងដែរ ៖

  • នៅក្នុង​ការមក​ជួប​ព្យាការី យ៉ូសែប ស្ម៊ីធ ជាលើក​ដំបូង​របស់​លោក មរ៉ូណៃ​បាន​ដកស្រង់​សម្ដី​ចេញពី​គម្ពីរ​ម៉ាឡាគី ។

  • ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា​រួមមាន​គម្ពីរ​អ័ប្រាហាំ និង​គម្ពីរ​ម៉ូសេ ។

  • ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា បាន​ប្រគល់​កូនសោ​បព្វជិតភាព​ឲ្យទៅ​ព្យាការី យ៉ូសែប ស៊្មីធ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ។

តើ​វា​មាន​គោលបំណង​អ្វី ?

នៅពេល​យើង​អាន​គម្ពីរ​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ នោះ​យើង​គួរតែ​ពិចារណា​ថា គម្ពីរ​ទាំងនេះ​ត្រូវបាន​ជ្រើសរើស គូស​បញ្ជាក់ និង​រៀបចំ​តាម​របៀប​ដ៏ពិសេស​មួយ សម្រាប់​មូលហេតុ​ខាង​សាសនា ។ យើង​អាច​សួរ​ខ្លួនឯង​ដោយ​សមរម្យ​ថា « ហេតុអ្វី​មាន​ព័ត៌មាន​នេះ ហើយ​តើ​មាន​គោលបំណង​អ្វី ? »

ខណៈ​ផ្នែក​មួយ​ចំនួន​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​អាច​ពិបាក​នឹង​យល់​ខ្លះ នោះ​យើង​គួរតែ​ចងចាំ​ថា វា​មាន​នូវ​ភាពពោរពេញ​មួយ ដែល​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ ។ ដូច​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « យើង​ខ្ញុំ​ជឿ​ថា ព្រះគម្ពីរ​ប៊ីប​គឺជា​ព្រះបន្ទូល​នៃ​ព្រះ បើ​សិន​ជា​បាន​បកប្រែ​ត្រឹម​ត្រូវ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៨ ) ។ ប្រាកដ​ណាស់ យើង​មាន​ពរជ័យ​តាមរយៈ​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះ !

វា​អាច​មាន​ប្រយោជន៍​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​របស់​យើង ដើម្បី​រកមើល​ប្រធានបទ និង​ការយល់ដឹង​នានា ។ យើង​គួរតែ​រកមើល​ពី​របៀប​ដើម្បី​យល់​កាន់តែ​ច្បាស់​ថា ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ក៏ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ផងដែរ ។ ព្រះយេហូវ៉ា​គឺជា​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​កាន់តែ​ច្បាស់​ដោយ​របៀប​ណា ?

ប្រធានបទ​សំខាន់ៗ​ផ្សេងទៀត ដែល​ខ្ញុំ​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​រួមមាន សេចក្ដី​សញ្ញា ភាពបរិសុទ្ធ ព្យាការី​ដែល​នៅរស់ ពលិកម្ម និង​ការគោរព​ប្រតិបត្តិ សេចក្ដី​ជំនឿ និង​ការប្រែចិត្ត ការសរសើរ​ដល់​ព្រះអម្ចាស់ និង​ព្រះរាជអំណាច​របស់​ព្រះ ។

នៅពេល​យើង​សិក្សា នោះ​យើង​គួរតែ​ចងចាំ​ថា វិវរណៈ​នៅ​ថ្ងៃ​ចុងក្រោយ​ផ្ដល់​ឲ្យយើង​នូវ​ការយល់ដឹង​ពេញលេញ​បន្ថែម​ទៀត​អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ ឧទាហរណ៍ ដោយសារ​វិវរណៈ​សម័យ​ទំនើប នោះ​យើង​ដឹង​ថា ព្យាការី​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​កាន់​បព្វជិតភាព​មិលគីស្សាដែក ហើយ​ថា​ព្យាការី​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​មុនៗ​បាន​ដឹង និង​បាន​បង្រៀន​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការសន្យា​ទាំងឡាយ​របស់​ព្យាការី

នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ យើង​មាន​ពរជ័យ​ជាថ្មី​ម្ដងទៀត​ដើម្បី​ដឹង​ថា ព្យាការី និង​ពួកសាវក​ផ្ដល់​នូវ​ការបង្រៀន និង​ការទូន្មាន​ដ៏បំផុស​គំនិត ។

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ណែនាំ​ជា​លើក​ដំបូង​អំពី ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ នៅក្នុង​សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៨ ។ ធនធាន​នេះ​គឺជា​ពរជ័យ​ដ៏អស្ចារ្យ​សម្រាប់​មនុស្ស​ទាំងអស់ ។ បីឆ្នាំ​កន្លង​មកនេះ​បាន​ផ្ដល់​ដល់​ខ្ញុំ នូវ​បទពិសោធន៍​សិក្សា​ព្រះគម្ពីរ​ដ៏ជ្រាលជ្រៅ និង​មាន​អត្ថន័យ​ខ្លាំង​បំផុត​មួយ​ចំនួន​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​ជឿជាក់​ថា ពរជ័យ​ដូចគ្នា​នេះ​កំពុង​រង់ចាំ​ពួកយើង​ម្នាក់ៗ​នៅក្នុង​ឆ្នាំ ២០២២ ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា នៅពេល​យើង​ផ្លាស់ប្ដូរ​គេហដ្ឋាន​របស់​យើង​ឲ្យ​ក្លាយ​ទៅជា​ទីបរិសុទ្ធ​នៃ​សេចក្ដី​ជំនឿ និង​មជ្ឈមណ្ឌល​នៃ​ការរៀនសូត្រ​ដំណឹងល្អ នោះ​យើង​នឹង​ទទួល​បាន​ពរជ័យ​ជាក់លាក់​ចំនួន​បួន ៖

  1. « យូរៗ​ទៅ​ថ្ងៃ​ឈប់​សម្រាក របស់​បងប្អូន នឹង​បាន​ជា​ទីរីករាយ​ចិត្ត​យ៉ាង​ពិតប្រាកដ » ។

  2. « កូនចៅ របស់​បងប្អូន នឹង​មាន​ចិត្ត​រំភើប​ក្នុង​ការរៀន និង​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ » ។

  3. « ឥទ្ធិពល​របស់​មារ​សត្រូវ​នៅក្នុង​ជីវិត របស់​បងប្អូន និង​គេហដ្ឋាន របស់​បងប្អូន នឹង​ត្រូវ​សាប​រលាប » ។

  4. « ការផ្លាស់ប្ដូរ​នៅក្នុង​គ្រួសារ​របស់​បងប្អូន​នឹង​មាន​យ៉ាង​ខ្លាំង និង​រឹងមាំ » ។

ការសន្យា​របស់​ប្រធាន ណិលសុន គឺ​ជ្រាលជ្រៅ​ណាស់ ហើយ​វា​គឺជា​ការពិត ។ ពរជ័យ​ទាំងនេះ​បាន​ក្លាយជា​ការពិត ហើយ​នឹង​បន្ដ​នៅក្នុង​ឆ្នាំ ២០២២ នេះ​ផងដែរ នៅពេល​យើង​សិក្សា និង​រៀនសូត្រ​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

កំណត់​ចំណាំ

  1. សូមមើល ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « When the World Will Be Converted » Ensign ខែ តុលា ឆ្នាំ ១៩៧៤ ទំព័រ ២–១៤ ។

  2. សូមមើល ឃ្វីនថិន អិល ឃុក « Deep and Lasting Conversion to Heavenly Father and the Lord Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨–១២ ។

  3. រ័សុល អិម ណិលសុន « Becoming Exemplary Latter-day Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣ ។