ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា ៖ មេរៀនទី ១៩៦
ការទទួលខុសត្រូវលើសេចក្តីសញ្ញារបស់យើងក្នុងការចែកចាយដំណឹងល្អ
« គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារ … ពូជឯង »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយ ៖
អំឡុងខែដំបូងនៃរោគរាតត្បាតកូវីដ-១៩ ប្អូនប្រុស វីសាន មកពីប្រទេសថៃ បានទទួលការបំផុសគំនិតឲ្យចែកចាយអារម្មណ៍ និងចំណាប់អារម្មណ៍របស់គាត់អំពីអ្វីដែលគាត់កំពុងរៀននៅក្នុងព្រះគម្ពីរមរមន នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ ។ …
វីណៃ ដែលជាបងប្រុសរបស់គាត់ បានជឿស៊ប់ក្នុងសាសនារបស់គាត់ គាត់បានរំជួលចិត្តពីការបង្ហោះនោះដែរ ហើយបានសួរតបមកវិញដោយមិនបានរំពឹងទុកថា « តើខ្ញុំអាចសុំសៀវភៅនោះជាភាសាថៃបានទេ ? »
វីសាន បានរៀបចំព្រះគម្ពីរមរមនមួយក្បាលយ៉ាងឈ្លាសវៃ ហើយបានបញ្ជូនវាតាមរយៈអ្នកផ្សព្វផ្សាយសាសនាជាស៊ីស្ទើរពីរនាក់ ដែលបានចាប់ផ្ដើមបង្រៀនបងប្រុសរបស់គាត់ ។
… ក្នុងពេលប៉ុន្មានខែក្រោយមក វីណៃ បានជ្រមុជទឹក !
ក្រោយមក វីសាន បាននិយាយថា « យើងមានការទទួលខុសត្រូវ ដើម្បីធ្វើជាឧបករណ៍ក្នុងព្រះហស្ដរបស់ព្រះ ហើយយើងត្រូវតែត្រៀមខ្លួនរួចរាល់ជានិច្ចសម្រាប់ទ្រង់ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ តាមរបៀបរបស់ទ្រង់ តាមរយៈយើង » ។ ( « ស្រឡាញ់ ចែកចាយ អញ្ជើញ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៨៦ )
កិច្ចការផ្សព្វផ្សាយសាសនា
បុគ្គលទាំងឡាយដែលបានទទួលបុណ្យជ្រមុជទឹកបានធ្វើសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌ថា នឹងលើកដាក់មកលើខ្លួនពួកគេនូវព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ រក្សាបទបញ្ញត្ដិរបស់ទ្រង់ ហើយបម្រើទ្រង់រហូតដល់ចុងបញ្ចប់នៃជីវិតរបស់ពួកគេ ។ តាមរយៈការរក្សាសេចក្ដីសញ្ញានេះ ពួកគេទទួលបានពរជ័យដែលបានសន្យាដូចគ្នាទៅនឹងអ័ប្រាហាំ ។ ពួកគេក៏មាននូវភារកិច្ចដើម្បីចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចទទួលបាននូវពរជ័យទាំងនេះផងដែរ ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីការទទួលខុសត្រូវក្នុងសេចក្ដីសញ្ញារបស់អ្នកក្នុងការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។
រៀនអំពីរបៀបធ្វើ
រៀនអំពីការទទួលខុសត្រូវរបស់អ្នក
អ័ប្រាហាំនៅលើវាលទំនាបម៉ាមរេ ដោយ ហ្គ្រែន ខ្ល័រសុន
ដើម្បីយល់នូវការទទួលខុសត្រូវក្នុងសេចក្ដីសញ្ញារបស់អ្នក វាសំខាន់ដើម្បីដឹងអំពីសេចក្ដីសញ្ញាអ័ប្រាហាំ ។ សូមអាន អ័ប្រាហាំ ២:៩–១១ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលប្រាប់អ័ប្រាហាំថា ទ្រង់នឹងធ្វើដើម្បីប្រទានពរដល់ប្រជាជាតិ និងក្រុមគ្រួសារទាំងឡាយនៅលើផែនដីនេះ ។ កំណត់ចំណាំ ៖ ខគម្ពីរទាំងនេះមានផ្នែកមួយនៃអ្វីដែលត្រូវបានស្គាល់ថាជាសេចក្ដីសញ្ញាអ័ប្រាហាំ ។
-
តើមានរបៀបអ្វីខ្លះដែលព្រះអម្ចាស់អាចប្រទានពរដល់ក្រុមគ្រួសារនៅលើផែនដីតាមរយៈពូជរបស់អ័ប្រាហាំ ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនពីពូជរបស់អ័ប្រាហាំដូចខាងក្រោម ៖
យើងគឺជាពូជរបស់អ័ប្រាហាំ ។ …
… កិច្ចការផ្សព្វផ្សាយសាសនាគឺជាការបង្ហាញអំពីអត្តសញ្ញាណ និងមរតកខាងវិញ្ញាណរបស់យើង ។ យើងត្រូវបានតែងតាំងជាមុនពីមុនឆាកជីវិតនេះ និងបានកើតនៅក្នុងជីវិតរមែងស្លាប់ដើម្បីបំពេញតាមសេចក្ដីសញ្ញា និងសេចក្ដីសន្យាដែលព្រះបានធ្វើជាមួយនឹងអ័ប្រាហាំ ។ យើងនៅលើផែនដីនៅពេលនេះដើម្បីតម្កើងបព្វជិតភាព និងដើម្បីផ្សព្វផ្សាយដំណឹងល្អ ។ នោះហើយជាអត្តសញ្ញាណរបស់យើង ហើយនោះហើយជាមូលហេតុដែលយើងនៅទីនេះ—នៅថ្ងៃនេះ និងជានិច្ចតទៅ ។ ( « Becoming a Missionary » Liahona ខែវិច្ឆិកា ឆ្នាំ២០០៥ ទំព័រ ៤៧ )
កិច្ចការផ្សព្វផ្សាយសាសនា សេចក្ដីសញ្ញា
ជាផ្នែកនៃសេចក្ដីសញ្ញាអ័ប្រាហាំ ព្រះបានសន្យានូវពរជ័យជាច្រើន ។ ពរជ័យទាំងនេះរួមមានបព្វជិតភាពរបស់ទ្រង់ ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច និងមរតកក្នុងនគរសេឡេស្ទាល ។ ទ្រង់មានព្រះទ័យឲ្យបុត្រាបុត្រីទ្រង់ទាំងអស់មាននូវពរជ័យទាំងនេះ ។ អស់អ្នកដែលចូលមកក្នុងសេចក្ដីសញ្ញានេះមាននូវអភ័យឯកសិទ្ធិ និងការទទួលខុសត្រូវក្នុងការចែកចាយសារលិខិតនេះជាមួយនឹងពិភពលោក ។
ការសិក្សាស៊ីជម្រៅ ៖ ដើម្បីយល់កាន់តែច្បាស់ពីសារៈសំខាន់នៃការទទួលខុសត្រូវនេះ អ្នកអាចអានកថាខណ្ឌបីដំបូងនៃ ប្រកាសដំណឹងល្អរបស់យើង នៅក្រោមចំណងជើង « សិទ្ធិអំណាចរបស់អ្នកដើម្បីបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ » ។
ការបំពេញការទទួលខុសត្រូវនៃសេចក្តីសញ្ញារបស់អ្នក
ប្រសិនបើមាន សូមមើល « President Russell M. Nelson Introduces Preach My Gospel, Second Edition [ ប្រធាន រ័សុល អិម ណិលសុន ណែនាំប្រកាសដំណឹងល្អរបស់យើង កំណែទីពីរ ] » ។
អេសាយ ៤៩ និយាយអំពីការប្រមូលផ្តុំអ៊ីស្រាអែលនៅក្នុងថ្ងៃចុងក្រោយ និងការផ្សព្វផ្សាយដំណឹងល្អ ។ នីហ្វៃបាននិយាយថា ការព្យាករទាំងនេះបង្ហាញថា ព្រះនឹងរក្សាការសន្យារបស់ទ្រង់ដើម្បីប្រទានពរដល់ក្រុមគ្រួសារទាំងអស់តាមរយៈកូនចៅរបស់អ័ប្រាហាំ ( សូមមើល នីហ្វៃទី១ ២២:៧–៩ ) ។
កំណត់និយមន័យពាក្យ ។ ការរៀនកំណត់និយមន័យពាក្យនឹងជួយឲ្យអ្នកមានការយល់ដឹងកាន់តែខ្លាំង ឧទាហរណ៍ ការតែងតាំងមុនកំណើតលោកិយ សំដៅទៅលើពេលវេលានៅពិភពវិញ្ញាណមុនជីវិតលើផែនដី នៅពេល « ព្រះបានតែងតាំងកូនវិញ្ញាណមួយចំនួនឲ្យបំពេញបេសកកម្មជាក់លាក់នៅលើផែនដី » ។
សូមរៀនអំពីការព្យាកររបស់អេសាយ តាមរយៈការអានព្រះគម្ពីរ និងសេចក្ដីថ្លែងការណ៍ខាងក្រោម ។ កាលអ្នកអាន សូមកត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកនូវអ្វីដែលអ្នកបានអានអំពីការទទួលខុសត្រូវរបស់អ្នកដើម្បីជួយប្រមូលផ្ដុំអ៊ីស្រាអែល ។
ត្រូវបានតែងតែងមុនកំណើតលោកិយដើម្បីជួយប្រមូលផ្ដុំអ៊ីស្រាអែល
សូមអាន ហើយដាក់តំណភ្ជាប់ អេសាយ ៤៩:៣, ៥; យេរេមា ១:៥ និង អ័ប្រាហាំ ៣:២២–២៣ ។ កំណត់ចំណាំ ៖ អ្នកបម្រើនៅក្នុង អេសាយ ៤៩:៣, ៥ អាចជានរណាម្នាក់ដែលនាំមនុស្សទៅរកព្រះគ្រីស្ទ ។ ឧទាហរណ៍មួយចំនួនរួមមានសមាជិកនៃអ៊ីស្រាអែល ពួកព្យាការី និងព្រះអង្គសង្គ្រោះផ្ទាល់ ។
ប្អូនៗត្រូវបានបញ្ជូនមកកាន់ផែនដីនៅគ្រាដ៏ជាក់នេះ គ្រាដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃពិភពលោក ដើម្បីជួយប្រមូលវង្សអ៊ីស្រាអែល ។ គ្មានអ្វី កើតឡើងនៅលើផែនដីនេះក្នុងពេលនេះ ដែលសំខាន់ជាងកិច្ចការនេះទេ ។ គ្មានអ្វី ដែលមានសារៈសំខាន់ខ្លាំងជាងនេះនោះទេ ។ គ្មាន ទាល់តែសោះ ។
ការប្រមូលផ្តុំនេះគួរតែមានអត្ថន័យ ទាំងស្រុង ចំពោះប្អូនៗ ។ នេះ គឺជា បេសកកម្មដែលប្អូនៗត្រូវបានបញ្ជូនមកផែនដី ។ ( រ័សុល អិម ណិលសុន « សង្ឃឹមអ៊ីស្រាអែល » )
កិច្ចការផ្សព្វផ្សាយសាសនា ការតែងតាំងមុនកំណើតលោកិយ សេចក្ដីសញ្ញា
ការចែកចាយពន្លឺរបស់ព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សដទៃ
សូមអាន ហើយដាក់តំណភ្ជាប់ អេសាយ ៤៩:៦ និង ម៉ាថាយ ៥:១៤–១៦ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
អ្នកផ្សព្វផ្សាយសាសនាទាំងអស់ បង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។ ភាពងងឹតខាងវិញ្ញាណនៅក្នុងពិភពលោកធ្វើឲ្យពន្លឺនៃព្រះយេស៊ូវគ្រីស្ទត្រូវការច្រើនជាងពេលណាៗទាំងអស់ ។ មនុស្សគ្រប់រូបសមនឹងទទួលបានឱកាស ដើម្បីដឹងអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ( « ការផ្សាយដំណឹងល្អនៃភាពសុខសាន្ដ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៧ )
កិច្ចការផ្សព្វផ្សាយសាសនា ការចែកចាយដំណឹងល្អ
ការផ្ដល់អាហារដល់អ្នកស្រេកឃ្លានខាងវិញ្ញាណ
សូមអាន ហើយដាក់តំណភ្ជាប់ អេសាយ ៤៩:១០; យ៉ូហាន ៦:៣៥ និង នីហ្វៃទី៣ ២០:៧–៨ ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានប្រកាស ៖
ដោយសំឡេងតែមួយ និងគំនិតតែមួយ យើងធ្វើបន្ទាល់ថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺជារបៀបតែមួយគត់ដើម្បីបំពេញនូវភាពស្រេកឃ្លានខាងវិញ្ញាណដ៏ពិតប្រាកដ និងការស្រេកឃ្លានខាងវិញ្ញាណដ៏ច្បាស់លាស់ ។ ( « He Hath Filled the Hungry with Good Things » Liahona ខែវិច្ឆិកា ឆ្នាំ១៩៩៧ ទំព័រ ៦៥ )
សូមចំណាយពេលមួយនាទីដើម្បីគិតអំពីអ្វីដែលអ្នកបានរៀនអំពីការទទួលខុសត្រូវក្នុងសេចក្ដីសញ្ញាដើម្បីចែកចាយដំណឹងល្អ ។ ដើម្បីជួយអ្នកឲ្យគិតអំពីរឿងនេះ សូមបំពេញសេចក្តីថ្លែងការណ៍មួយ ឬច្រើន ដូចខាងក្រោមនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
ថ្ងៃនេះខ្ញុំបានដឹងថា មនុស្សជុំវិញពិភពលោក …
-
ថ្ងៃនេះខ្ញុំបានដឹងថា ខ្ញុំ …
-
ថ្ងៃនេះខ្ញុំបានដឹងថា ព្រះអង្គសង្រ្គោះ …
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីការទទួលខុសត្រូវក្នុងសេចក្ដីសញ្ញារបស់អ្នកក្នុងការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនអំពីការទទួលខុសត្រូវរបស់អ្នកដើម្បីចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះជាមួយអ្នកដទៃ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?