ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា ៖ មេរៀនទី ២០០
សារៈសំខាន់នៃការគោរពប្រតិបត្តិក្នុងការនាំអ្នកដទៃមកកាន់ព្រះគ្រីស្ទ
ការគោរពប្រតិបត្តិក្នុងកិច្ចការផ្សព្វផ្សាយសាសនា
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅយប់មានព្យុះមួយ នាវាចម្បាំងបានឃើញមានពន្លឺមួយនៅចំពីចម្ងាយ ។ កាពីទែននាវាដែលទើបបានតែងតាំងថ្មីនោះ បានទំនាក់ទំនងតាមវិទ្យុទាក់ទង « អ្នកកំពុងនៅលើផ្លូវដែលនឹងមានការប៉ះទង្គិចគ្នាហើយ ។ សូមតម្រង់ក្បាលទូកខាងស្ដាំរបស់អ្នកទៅ ២០ដឺក្រេ » ។
ការឆ្លើយតបដែលបានមកវិញ « បដិសេធ ។ យើងសូមណែនាំអ្នកឲ្យតម្រង់ក្បាលទូកខាងស្ដាំរបស់អ្នកទៅ ២០ដឺក្រេវិញ » ។
ដោយភ្ញាក់ផ្អើល និងមួម៉ៅដោយការបញ្ជាដូចនោះ កាពីទែនបានទាក់ទងទៅវិញថា « នេះគឺជានាវាចម្បាំង ។ ផ្លាស់ទីឥឡូវនេះភ្លាម ! »
ការឆ្លើយតបមកវិញ ៖ « នេះគឺជាសើន ។ ជាជម្រើសរបស់អ្នកទេ » ។
ដូចកាពីទែននៅក្នុងដំណើររឿងនាវិកចាស់នេះដែរ យើងម្នាក់ៗមានជម្រើស ។ យើងអាចទទូចដើរតាមផ្លូវរបស់យើងផ្ទាល់ ឬយើងអាចជ្រើសរើសដើម្បីគោរពតាមព្រះអម្ចាស់ ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យស្គាល់ពីសារៈសំខាន់នៃការគោរពប្រតិបត្ដិនៅក្នុងការធ្វើកិច្ចការរបស់ព្រះអង្គសង្គ្រោះក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។
រៀនអំពីរបៀបធ្វើ
ការគោរពប្រតិបត្តិតាមបទដ្ឋានរបស់ព្រះ
ដូចជាសើននៅក្នុងព្យុះដែលបានដឹកនាំនាវាដែរ បទដ្ឋានដឹកនាំកិច្ចការរបស់ពួកអ្នកផ្សព្វផ្សាយសាសនា ។ បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាមួយចំនួន ដូចជាការគោរពប្រតិបត្ដិចំពោះច្បាប់ព្រហ្មចារីភាព អនុវត្ដចំពោះបុត្រាបុត្រីទាំងអស់របស់ព្រះ ។
នៅក្នុងការមានប្រសាសន៍ទៅកាន់ពួកអ្នកផ្សព្វផ្សាយសាសនា អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
ភាពសុចរិតផ្ទាល់ខ្លួនគឺជាលក្ខណសម្បត្តិដ៏សំខាន់បំផុតមួយដើម្បីតំណាងឲ្យព្រះអង្គសង្គ្រោះនៅចំពោះមុខពិភពលោក ។ វាក៏ធ្វើឲ្យយើងមានភាពស័ក្តិសមក្នុងការមានព្រះវិញ្ញាណបរិសុទ្ធជាដៃគូរបស់យើងផងដែរ ។ …
ប្រសិនបើអ្នកគោរពតាមដោយដួងចិត្ដស្មោះស្ម័គ្រ នោះអ្នកនឹងបង្ហាញដល់ព្រះអម្ចាស់នូវឆន្ទៈរបស់អ្នកក្នុងការធ្វើតាមទ្រង់ សេចក្តីស្រឡាញ់របស់អ្នកចំពោះទ្រង់ និងចំពោះព្រះវរបិតាសួគ៌របស់យើង ។ ការរីកចម្រើនខាងវិញ្ញាណរបស់អ្នកនឹងកាន់តែទូលំទូលាយ ។ អ្នកនឹងស្គាល់ព្រះអង្គសង្គ្រោះ ហើយការណ៍នេះនឹងធ្វើឲ្យមានភាពខុសគ្នាទាំងស្រុងនៅក្នុងបេសកកម្ម និងក្នុងជីវិតរបស់អ្នក ។ …
ប្រសិនបើយើងជ្រើសរើសមិនគោរពប្រតិបត្ដិទេ នោះយើងនឹងមិនអាចតំណាងឲ្យព្រះអង្គសង្គ្រោះបានទេ ហើយយើងក៏នឹងមិនមានព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅជាមួយយើងដែរ ។ … ដើម្បីធ្វើជាឥទ្ធិពលវិជ្ជមាននៅក្នុងជីវិតរបស់បុគ្គលដែលអ្នកបង្រៀន អ្នកត្រូវតែមានព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅជាមួយអ្នក ។ ( នៅក្នុង Scott Tayler « Obedience Is Critical for Missionaries to Fulfill Their Responsibilities, Elder Soares Teaches » Newsroom ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅលើគេហទំព័រ newsroom.ChurchofJesusChrist.org )
ការគោរពប្រតិបត្តិ សុចរិតភាព
សូមមើលវីដេអូ « Stay Within the Lines » ( ៥:១០ ) ហើយរកមើលសារៈសំខាន់នៃការគោរពតាមច្បាប់របស់ព្រះនៅក្នុងកិច្ចការផ្សព្វផ្សាយសាសនា ។
សូមចំណាយពេលមួយភ្លែតដើម្បីពិចារណាពីការខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់អ្នកប្រកបដោយការអធិស្ឋាន នៅក្នុងការគោរពប្រតិបត្ដិតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកដឹងនូវអ្វីដែលអ្នកកំពុងធ្វើបានល្អ ឬអ្វីដែលអ្នកប្រហែលជាត្រូវកែតម្រូវ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះទ្រង់ទាំងទ្វេឲ្យកាន់តែប្រសើរ ហើយនាំអ្នកដទៃមករកទ្រង់ទាំងទ្វេ ។
បទដ្ឋានអ្នកផ្សព្វផ្សាយសាសនា
ខណៈបទដ្ឋានមួយចំនួន ដូចជាបទបញ្ញត្ដិរបស់ព្រះ អនុវត្ដចំពោះសមាជិកទាំងអស់នៃសាសនាចក្រ នោះបទដ្ឋានផ្សេងទៀតគឺជាក់លាក់សម្រាប់អស់អ្នកដែលកំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាទាំងនេះផ្ដោតលើសុវត្ថិភាពខាងរាងកាយ និងវិញ្ញាណសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាមួយចំនួនរួមមានដូចតទៅនេះ ៖
-
តែងតែនៅជាមួយដៃគូអ្នកជានិច្ច ។
-
ចៀសវាងស្ថានភាពទាំងឡាយដែលអាចប្រែជាមានគ្រោះថ្នាក់ខាងរាងកាយ និងខាងវិញ្ញាណ ។ កុំប្រើឧបករណ៍ដែលមានថាមពល ដំណើរការគ្រឿងចក្រធនធ្ងន់ ឬជិះត្រាក់ទ័រ រថយន្តសណ្ដោង ឬកុងទុន័រសន្តោង ។
-
ចៀសវាង ទូរទស្សន៍ ភាពយន្ដ វីដេអូហ្គេម និងវីដេអូដែលមិនមានការអនុញ្ញាត ។
-
ដាក់កម្រិតទំនាក់ទំនងខាងរាងកាយជាមួយនរណាម្នាក់ដែលមានភេទផ្ទុយគ្នា នៅតឹ្រមការចាប់ដៃប៉ុណ្ណោះ ។
ដូចជាកាពីទែនរបស់នាវាចម្បាំងដែលមានអារម្មណ៍ថា គាត់ពុំចាំបាច់បត់នោះដែរ ពួកអ្នកផ្សព្វផ្សាយសាសនាខ្លះអាចនឹងមានអារម្មណ៍ថា បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាគឺមិនអនុវត្ដចំពោះពួកគេទេ ។
សូមចំណាយពេលមួយភ្លែតដើម្បីជញ្ជឹងគិតថា ហេតុអ្វីវាសំខាន់ដើម្បីគោរពតាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនា ទោះបីជានៅពេលដែលការមិនគោរពតាមហាក់ដូចជាមិនអី ឬអ្នកមិនយល់ពីមូលហេតុនៅពីក្រោយបទដ្ឋានជាក់លាក់នោះក្ដី ។
ការសិក្សាស៊ីជម្រៅ ៖ សម្រាប់ព័ត៌មានបន្ថែមអំពីបទដ្ឋានអ្នកផ្សព្វផ្សាយសាសនា សូមពិនិត្យមើល ផ្នែកទី ៣ នៃ បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
ចែកចាយពីអ្វីដែលអ្នកបានរៀន
សូមស្រមៃថា អ្នកត្រូវបានសុំឲ្យឡើងនិយាយពីបីទៅប្រាំនាទី អំពីសារៈសំខាន់នៃការគោរពប្រតិបត្ដិនៅក្នុងកិច្ចការផ្សព្វផ្សាយសាសនា ។ ដើម្បីរៀបចំ សូមសិក្សាធនធានខាងក្រោម ហើយដាក់ស្លាកធនធានដែលអ្នកចូលចិត្ដថា « ការគោរពប្រតិបត្ដិ » ។
-
ចោទិយកថា ៦:១–៣
-
យ៉ូហាន ១៤:១៥, ២១
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា ៖
ការគោរពប្រតិបត្តិជាមូលដ្ឋាននៃការសម្រេចចិត្ដក្នុងជីវិតរបស់យើង ហើយអនុញ្ញាតឲ្យព្រះបើកស្ថានសួគ៍ដើម្បីចាក់នូវព្រះពររបស់ទ្រង់មកលើយើងក្នុងអំឡុងពេលនៃជីវិតរមែងស្លាប់ និងតាមរយៈភាពអស់កល្បជានិច្ចរបស់យើង ។ ការគោរពប្រតិបត្តិរបស់យើងគឺជាសញ្ញាមួយនៃសេចក្តីស្រឡាញ់ មិត្តភាព និងភាពជាសិស្សរបស់យើងចំពោះព្រះអង្គសង្រ្គោះ ដែលយើងតំណាងក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។ ការគោរពប្រតិបត្តិតាមបទបញ្ញត្តិទាំងឡាយ នាំទៅរកពរជ័យមកពីព្រះ ហើយបង្ហាញពីសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ និងចំពោះព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ ( នៅក្នុង Scott Tayler « Obedience Is Critical for Missionaries to Fulfill Their Responsibilities, Elder Soares Teaches » Newsroom ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅលើគេហទំព័រ newsroom.ChurchofJesusChrist.org )
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ ៖
នៅពេលក្មួយរស់នៅដោយសុចរិត ក្មួយនឹងមិនត្រឹមតែរួចផុតពីចំណងពីមារសត្រូវប៉ុណ្ណោះទេ ប៉ុន្តែក្មួយក៏នឹងក្លាយជាគំរូនៃក្តីសង្ឃឹម និងពន្លឺទៅដល់អ្នកដទៃផងដែរ ។ ( « Gathered in His Light: Avoiding Bondage » ដើម្បីកម្លាំងនៃយុវជន ខែតុលា ឆ្នាំ២០២២ ទំព័រ១០ )
ឥឡូវនេះ សូមប្រើវគ្គបទគម្ពីរដែលអ្នកបានដាក់ស្លាកថា « ការគោរពប្រតិបត្ដិ » ដើម្បីបង្កើតគម្រោងដែលរួមមានយ៉ាងហោចណាស់បីចំណុចដូចខាងក្រោមនេះ ៖
-
ខគម្ពីរអំពីការគោរពប្រតិបត្តិ និងរបៀបដែលវាអាចអនុវត្តចំពោះការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ
-
គំរូមួយចេញពីព្រះជន្ម ឬការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយនរណាម្នាក់ដែលខិតខំគោរពប្រតិបត្តិ
-
គំរូសម័យទំនើបអំពីសារៈសំខាន់នៃការគោរពប្រតិបត្តិ និងរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងប្រទានពរដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង
-
សេចក្ដីថ្លែងការណ៍ខ្លីមួយពីថ្នាក់ដឹកនាំសាសនាចក្រដែលសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងដើម្បីគោរពប្រតិបត្តិ និងពរជ័យសម្រាប់ការធ្វើដូច្នេះ
-
អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីមូលហេតុដែលការគោរពប្រតិបត្តិមានសារៈសំខាន់ នៅពេលយើងតំណាងឲ្យព្រះអង្គសង្គ្រោះក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ និងជាពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យស្គាល់ពីសារៈសំខាន់នៃការគោរពប្រតិបត្ដិនៅក្នុងការធ្វើកិច្ចការរបស់ព្រះអង្គសង្គ្រោះក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
គម្រោងការឡើងនិយាយដែលអ្នកបានបង្កើត ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?