ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា ៖ មេរៀនទី ១៩៨
ការជ្រើសរើសដើម្បីបម្រើបេសកកម្ម
ពរជ័យនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ការរៀបចំខ្លួនដើម្បីបម្រើបេសកកម្មអាចជាការពិបាក ។ សូមពិនិត្យមើលធនធានមួយ ឬទាំងពីរ ខាងក្រោមដែលពិពណ៌នាអំពីបញ្ហាដែលពួកសាវកមួយចំនួនបានប្រឈមមុខ ខណៈពេលកំពុងសម្រេចចិត្ដដើម្បីបម្រើឬអត់ ។
-
ប្រធាន ជែហ្វ្រី អ័រ ហូឡិន បានចែកចាយថា លោក « មិនមានប្រពៃណីផ្សព្វផ្សាយសាសនាទេនៅក្នុងគ្រួសារ [ របស់លោក ] » ( សូមមើល « My Mission Influence » [ ៣:៣០ ] ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ពីនាទីទី ២:០១ ដល់ ២:១៦ ) ។
-
ឪពុករបស់អែលឌើរ ឃ្វីនថិន អិល ឃុក មិនបានសកម្មក្នុងសាសនាចក្រទេ ហើយបានលើកទឹកចិត្តបងប្រុសលោកឲ្យទៅសាលាពេទ្យ ជំនួសការទៅបម្រើបេសកកម្ម ( សូមមើល « ការប្រែចិត្តជឿតាមព្រះហឫទ័យរបស់ព្រះ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៥៤ ) ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមានបំណងប្រាថ្នាបម្រើព្រះអម្ចាស់នៅក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ ។
រៀនអំពីរបៀបធ្វើ
ការបម្រើព្រះអម្ចាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ព្រះអម្ចាស់សព្វព្រះទ័យឲ្យយុវជន គ្រប់រូប ដែលមានភាពស័ក្ដិសម ជាយុវជនដែលមានសមត្ថភាពឲ្យរៀបចំខ្លួនដើម្បីបម្រើបេសកកម្ម ។ …
សម្រាប់យុវនារីដែលមានលទ្ធភាព បេសកកម្មគឺជាឱកាសដ៏មានអានុភាពមួយផងដែរ តែវាជា ជម្រើស របស់អ្នក ។ ( « ការផ្សាយដំណឹងល្អនៃភាពសុខសាន្ដ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៦ )
ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា បទបញ្ញត្ដិ
សូមអាន ចោទិយកថា ២៨:១–៦, ៩ ហើយគូសសម្គាល់អ្វីដែលព្រះអម្ចាស់បានសន្យាតាមរយៈម៉ូសេ ប្រសិនបើយើងធ្វើអ្វីដែលទ្រង់សុំឲ្យយើងធ្វើ ។ កំណត់ចំណាំ ៖ « ផលដែលកើត [ ពី ] ពោះ » នៅក្នុង ខទី ៤ សំដៅទៅលើកូនចៅជំនាន់ក្រោយ ។
តើអ្នកគិតថា ការសន្យារបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនេះអាចអនុវត្តចំពោះការគោរពប្រតិបត្តិរបស់យើង ដើម្បីបម្រើទ្រង់ក្នុងនាមជាពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ដោយរបៀបណា ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
មិត្តវ័យក្មេងជាទីស្រឡាញ់ខ្ញុំអើយ អ្នករាល់គ្នាម្នាក់ៗមានតម្លៃចំពោះព្រះអម្ចាស់ ។ ទ្រង់បានបម្រុងអ្នកទុករហូតដល់ពេលនេះ ដើម្បីឲ្យអ្នកជួយប្រមូលផ្ដុំអ៊ីស្រាអែល ។ ការសម្រេចចិត្តរបស់អ្នកក្នុងការបម្រើបេសកកម្ម មិនថាជាអ្នកផ្សព្វផ្សាយដំណឹងល្អ ឬបេសកកម្មផ្នែកសេវាកម្មទេ នឹងប្រទានពរដល់អ្នក និងមនុស្សជាច្រើនទៀត ។ ( « ការផ្សាយដំណឹងល្អនៃភាពសុខសាន្ដ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៦ )
ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ការប្រមូលផ្ដុំអ៊ីស្រាអែល
ការសិក្សាស៊ីជម្រៅ ៖ សម្រាប់ព័ត៌មានបន្ថែមអំពីបេសកកម្មផ្នែកសេវាកម្ម សូមមើល ChurchofJesusChrist.org/service-missionary ។
ពរជ័យដែលព្រះប្រទានឲ្យពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់
ការបម្រើបេសកកម្មបង្ហាញពីអំណរគុណសម្រាប់អ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់អ្នក ។ ប៉ុន្ដែ ការយល់ដឹងពីពរជ័យមួយចំនួនដែលព្រះប្រទានឲ្យអាចជួយក្នុងការសម្រេចចិត្តរបស់អ្នកថាត្រូវបម្រើបេសកកម្មឬអត់ ។
សូមស្រមៃថា អ្នកជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ អ្នកពាក់ស្លាកឈ្មោះពណ៌ខ្មៅដែលដាក់ថា « អែលឌើរ » ឬ « ស៊ីស្ទើរ » ។ អ្នកមានការសិក្សាជាដៃគូរៀងរាល់ព្រឹក ។ អ្នកនឹងចំណាយពេលប៉ុន្មាននាទីខាងមុខនេះ ដើម្បីរៀបចំខ្លួនសម្រាប់ការសិក្សាជាដៃគូអំពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។
សូមអានសេចក្ដីយោងបទគម្ពីរពីរ ឬច្រើនជាងនេះ នៅខាងក្រោមនេះ ។ សូមរកមើលពរជ័យដែលព្រះប្រទានដល់ពួកអ្នកផ្សព្វផ្សាយសាសនា ។ សូមដាក់ស្លាកខគម្ពីរទាំងនេះថា « ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា » ឬ « ពរជ័យដល់ពួកអ្នកផ្សព្វផ្សាយសាសនា » ។
-
ម៉ាថាយ ២៨:១៩–២០ ( ព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់ពួកសាវករបស់ទ្រង់នៅយេរូសាឡិម )
-
អាលម៉ា ១៧:២–៤ ( ការជួបគ្នារវាងអាលម៉ា និងពួកបុត្រារបស់ស្ដេចម៉ូសាយ បន្ទាប់ពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនាអស់រយៈពេលជាច្រើនឆ្នាំ )
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១៥–១៦ ( វិវរណៈដល់សាសនាចក្រនៅក្នុងឆ្នាំ១៨២៩ )
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៨:៣ ( វិវរណៈដល់សាសនាចក្រនៅក្នុងឆ្នាំ១៨៣៨ )
សូមអានសេចក្ដីថ្លែងការណ៍មួយ ឬទាំងពីរ នៅខាងក្រោមនេះ ។
-
ប្រធាន អិម រ័សុល បាឡឺដ ( ឆ្នាំ១៩២៨–២០២៣ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងរបស់ខ្ញុំ … បាន ប្រទានពរដល់ជីវិតខ្ញុំ ហើយបង្កើតរូបរាងជោគវាសនាខាងវិញ្ញាណខ្ញុំ ។ …
ការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់ខ្ញុំបានរៀបចំខ្ញុំឲ្យធ្វើជាស្វាមី និងឪពុកកាន់តែល្អ ព្រមទាំងជោគជ័យនៅក្នុងអាជីវកម្មផងដែរ ។ វាក៏បានរៀបចំខ្ញុំសម្រាប់ការបម្រើព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់ពេញមួយជីវិតផងដែរ ។ …
ព្រះអម្ចាស់ស្គាល់បងប្អូន ។ ពេលបងប្អូនកំពុងបម្រើបេសកកម្ម នោះបងប្អូននឹងមានបទពិសោធន៍ដែលនឹងជួយបងប្អូនឲ្យស្គាល់ទ្រង់កាន់តែល្អប្រសើរ ។ បងប្អូននឹងរីកចម្រើនខាងវិញ្ញាណនៅក្នុងការបម្រើទ្រង់ ។ ( « ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាបានផ្ដល់ពរដល់ជីវិតខ្ញុំជារៀងរហូត » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៨–៩ )
ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ពរជ័យដល់អ្នកផ្សព្វផ្សាយសាសនា
-
អែលឌើរ ម៉ាកូស អេ អែតឌូកៃទីស នៃពួកចិតសិបនាក់ បានបង្រៀន ៖
ក្នុងចំណោមពរជ័យដ៏បរិបូរជាច្រើន ដែលទ្រង់បានប្រទានដល់ខ្ញុំសម្រាប់ការបម្រើទ្រង់ជាអ្នកផ្សព្វផ្សាយសាសនាចក្រពេញម៉ោង នោះគឺសេចក្ដីជំនឿដែលកាន់តែកើនឡើងលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ព្រមទាំងការចេះដឹង និងទីបន្ទាល់ដែលកាន់តែរឹងមាំ អំពីការបង្រៀនរបស់ទ្រង់ ដើម្បីមិនឲ្យខ្ញុំយោលយោគដោយងាយទៅតាម « ខ្យល់នៃសេចក្តីបង្រៀនបោក » ( អេភេសូរ ៤:១៤ ) ។ ខ្ញុំលែងខ្លាចក្នុងការបង្រៀន ។ សមត្ថភាពរបស់ខ្ញុំដើម្បីប្រឈមនឹងឧបសគ្គនានាដោយសុទិដ្ឋិនិយមបានកើនឡើង ។ … ហើយខ្ញុំបានរៀនដោយខ្លួនឯងថា ព្រះគឺជាព្រះនៃអព្ភូតហេតុ ( សូមមើល មរមន ៩ ) ។
ការណ៍ទាំងអស់នេះជាឧបករណ៍នៅក្នុងការរៀបចំរបស់ខ្ញុំសម្រាប់ជីវិតមជ្ឈិមវ័យ ។ …
បេសកកម្មរបស់ខ្ញុំពិតជាបានដុះខាត់ជីវិតរបស់ខ្ញុំ ។ ខ្ញុំបានរៀនថា កិច្ចខិតខំដើម្បីទុកចិត្តលើព្រះគឺសមនឹងតម្លៃណាស់ ។ ( « ចូរលើកចិត្តអ្នកឡើង ហើយអរសប្បាយចុះ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៤២–៤៣ )
ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ពរជ័យដល់អ្នកផ្សព្វផ្សាយសាសនា
សូមមើលវីដេអូមួយ ឬច្រើន នៅខាងក្រោមនេះ ។ ប្រធាន ជែហ្វ្រី អ័រ ហូឡិន និងអែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ពិភាក្សាអំពីពរជ័យដែលអាចមានដល់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។
-
« ព្រះគម្ពីរមរមន » ( ២:១០ )
2:10 -
« Missions and Eternal Companions » ( ១:០៧ )
1:7 -
« Missions and Careers » ( ១:៣៧ )
1:37 -
« Education » ( ១:៤៤ )
1:44
ការសម្រេចចិត្តរបស់អ្នក
សូមរៀបចំកំណត់ចំណាំមួយ សារជាអក្សរ ឬសារជាវីដេអូមួយសម្រាប់មិត្ដម្នាក់ ឬសមាជិកគ្រួសារម្នាក់ដែលកំពុងសម្រេចចិត្ដថាទៅបម្រើព្រះអម្ចាស់នៅក្នុងបេសកកម្មឬអត់ ។ សូមរួមបញ្ចូលយ៉ាងហោចណាស់ចំណុចពីរ នៃចំណុចខាងក្រោមនេះ ៖
-
ពរជ័យមួយ ឬពីរដែលអ្នកបានរៀនថា ព្រះនឹងប្រទានឲ្យ នៅពេលយើងបម្រើបេសកកម្មពេញម៉ោង និងអារម្មណ៍របស់អ្នកចំពោះពរជ័យទាំងនោះ ។
-
ឧទាហរណ៍នៃមនុស្សម្នាក់ដែលអ្នកស្គាល់ដែលបានទទួលពរជ័យមួយរបស់ព្រះ ដែលអ្នកបានមើលឃើញតាមរយៈការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់ពួកគេ ។
-
តើអ្វីដែលអ្នកបានរៀនជះឥទ្ធិពលដល់បំណងប្រាថ្នារបស់អ្នក ដើម្បីបម្រើព្រះអម្ចាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងយ៉ាងដូចម្ដេច ។
-
អ្វីដែលអ្នកបានរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយនរណាម្នាក់ឲ្យជ្រើសរើសបម្រើបេសកកម្មពេញម៉ោង ។
សូមបិទភ្នែករបស់អ្នក ហើយគិតអំពីព្រះវរបិតាសួគ៌ ។ សូមស្រមៃថា អ្នកកំពុងមានការសន្ទនាជាមួយទ្រង់អំពីការបម្រើបេសកកម្ម ។ អ្នកចែកចាយជាមួយទ្រង់អំពីសំណួរ ឬកង្វល់របស់អ្នក ។ សូមស្វែងរកការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធអំពីរបៀបដែលព្រះវរបិតាសួគ៌អាចឆ្លើយតបសំណួរ ឬកង្វល់របស់អ្នក ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមានបំណងប្រាថ្នាបម្រើព្រះអម្ចាស់នៅក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនអំពីការបម្រើព្រះអម្ចាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?