អេសាវ និងយ៉ាកុបឱបគ្នា ដោយ រ៉ូប៊ើត ធី បារែត
សុខភាពខាងរាងកាយ និងខាងសតិអារម្មណ៍ ៖ មេរៀនទី ១៨៦
ការដោះស្រាយអារម្មណ៍នៃកំហឹង
ការឆ្លើយតបនឹងកំហឹងដោយការធ្វើតាមព្រះអង្គសង្គ្រោះ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ពេលនៅជាសិស្សឆ្នាំទីពីរ វិលបេងស៍ បានប្រលងចូលក្រុមបាល់បោះប្រចាំសាលា ហើយបានជាប់ ។ នៅថ្ងៃដំបូងនៃការហាត់សម គ្រូបង្វឹករបស់គាត់បានឲ្យគាត់លេងមួយទល់មួយ ខណៈដែលមិត្ដក្នុងក្រុមសង្កេតមើលគាត់ ។ នៅពេលគាត់បោះបាល់មិនចូល គាត់បានខឹង ហើយទន្ទ្រាំជើង និងរអ៊ូ ។ គ្រូបង្វឹកបានដើរមករកគាត់ ហើយនិយាយថា « បើប្អូនធ្វើបែបនេះម្ដងទៀត នោះប្អូននឹងមិនបានលេងនៅក្នុងក្រុមខ្ញុំទៀតទេ » ។ នៅរយៈពេលបីឆ្នាំបន្ទាប់ គាត់មិនដែលបាត់បង់ការគ្រប់គ្រងខ្លួនឯងម្ដងទៀតឡើយ ។ ប៉ុន្មានឆ្នាំក្រោយមក នៅពេលគាត់គិតពិចារណាដល់ហេតុការណ៍នោះវិញ គាត់បានដឹងថា គ្រូបង្វឹករបស់គាត់បានបង្រៀនគាត់នូវគោលការណ៍មួយដែលផ្លាស់ប្ដូរជីវិតនៅថ្ងៃនោះ ៖ កំហឹងអាចគ្រប់គ្រងបាន ។ ( លីន ជី រ៉ូប៊ីន « Agency and Anger » Ensign ខែឧសភា ឆ្នាំ១៩៩៨ ទំព័រ ៨០ )
វាជារឿងធម្មតាទេដែលមានអារម្មណ៍ខឹងសម្បារ ។ ទោះបីអ្នកប្រហែលជាមិនអាចគ្រប់គ្រងស្ថានការណ៍ដែលបណ្តាលឲ្យអ្នកមានកំហឹងក៏ដោយ ក៏អ្នកអាចសម្រេចចិត្តពីរបៀបដែលអ្នកនឹងឆ្លើយតបនឹងស្ថានការណ៍នោះបានដែរ ។ នៅពេលអ្នកមើលទៅកាន់ព្រះយេស៊ូវគ្រីស្ទ ទ្រង់អាចជួយអ្នកឲ្យឆ្លើយតប ដូចជាទ្រង់នឹងឆ្លើយតបដែរ ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលមានកំហឹង ។
រៀនអំពីរបៀបធ្វើ
ស្គាល់កំហឹង
ខណៈដែលកំហឹងគឺជាអារម្មណ៍ធម្មតា វានៅតែអាចជារឿងលំបាក និងនឿយណាយដដែល ។ ប៉ុន្ដែអ្នកមានអំណាចនៅក្នុងការជ្រើសរើសរបៀបដែលអ្នកនឹងឆ្លើយតប ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ បានទូន្មានថា ៖
ប៉ុន្ដែនៅពេលដែលវាក្លាយជាបុរេវិនិច្ឆ័យ និងការឈឺចាប់របស់យើងផ្ទាល់វិញ យើងផងដែរជាញឹកញាប់កែតម្រូវថា កំហឹងរបស់យើងគឺត្រឹមត្រូវ ហើយការថ្កោលទោសរបស់យើងគឺអាចទុកចិត្តបាន និងសមរម្យហើយ ។ …
បងប្អូនប្រុសស្រីជាទីស្រឡាញ់ សូមគិតពិចារណាអំពីសំណួរដូចខាងក្រោមថាជាការប្រឡងផ្ទាល់ខ្លួន ៖
តើអ្នកមានចងគំនុំនឹងនរណាម្នាក់ដែរឬទេ ?
តើអ្នកមាននិយាយដើមគេទេ ទោះបីជាអ្វីដែលអ្នកនិយាយនោះអាចត្រូវក៏ដោយ ?
តើអ្នកមានបដិសេធមិនរាប់អានគេ ឬដាក់ទោសអ្នកដទៃ ដោយសារតែអ្វីដែលពួកគេបានធ្វើដែរឬទេ ?
តើអ្នកមានលួចច្រណែននឹងអ្នកដទៃដែរឬទេ ?
តើអ្នកមានចង់ធ្វើទុក្ខទោសដល់នរណាម្នាក់ទេ ?
ប្រសិនបើអ្នកបានឆ្លើយថា បាទ/ចាស ចំពោះសំណួរទាំងនេះ អ្នកប្រហែលជាចង់អនុវត្តការបង្រៀនពីរពាក្យដែលបាននិយាយខាងលើមក ៖ បញ្ឈប់វា ! ( The Merciful Obtain Mercy » Liahona ខែឧសភា ឆ្នាំ២០១២ ទំព័រ ៧៤, ៧៦ )
ទុក្ខលំបាក ការអភ័យទោស ការយកឈ្នះកំហឹង
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យរៀនពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នកគ្រប់គ្រងអារម្មណ៍នៃកំហឹង ។
ការឆ្លើយតបចំពោះកំហឹង
សូមអានវគ្គបទគម្ពីរដូចខាងក្រោមនេះ ។ នៅក្បែរវគ្គបទគម្ពីរមួយ សូមកត់ត្រាសេចក្ដីពិតដូចតទៅនេះ ៖ នៅពេលយើងយឺតនឹងខឹង នោះយើងធ្វើតាមគំរូរបស់ព្រះអម្ចាស់ ។
-
ទំនុកដំកើង ១០៣:៨
-
សុភាសិត ១៦:៣២
អ្នកអាចរៀនពីព្រះអង្គសង្គ្រោះពីរបៀបយឺតនឹងខឹង ។ សូមអានវគ្គបទគម្ពីរ ពីរ ឬច្រើន នៃវគ្គបទគម្ពីរដូចខាងក្រោម ហើយរកមើលភស្ដុតាងនៃសេចក្ដីពិត ។ សូមដាក់តំណភ្ជាប់វគ្គបទគម្ពីរមួយខាងក្រោមទៅនឹងកំណត់ចំណាំ ដែលអ្នកបានបង្កើតនៅក្នុងគម្ពីរទំនុកដំកើង ឬសុភាសិត ។
-
លូកា ៩:៥១–៥៦ ( ព្រះយេស៊ូវត្រូវបានបដិសេធដោយភូមិសាសន៍សាម៉ារី ) ។
-
លូកា ២៣:៨–១១ ( ព្រះយេស៊ូវត្រូវបានចោទប្រកាន់ដោយហេរ៉ូឌ ) ។
-
យ៉ូហាន ១៩:៣–១២ ( ព្រះយេស៊ូវត្រូវបានចាប់ខ្លួន ) ។
សូមគិតពិចារណាមួយភ្លែតពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នៅពេលអ្នកខឹងសម្បារ ។
ផ្ទុយពីព្រះអង្គសង្គ្រោះ បុគ្គលផ្សេងៗទៀតនៅក្នុងព្រះគម្ពីរបានអនុញ្ញាតឲ្យកំហឹងជះឥទ្ធិពលលើការសម្រេចចិត្ដរបស់ពួកគេ ។
អ៊ីសាក និង រេបិកា មានកូនប្រុសភ្លោះពីរនាក់ គឺ អេសាវ និង យ៉ាកុប ។ ក្នុងនាមជាកូនច្បង អេសាវមានសិទ្ធិទទួលបានពរជ័យនៃអំណាចមរតកបងច្បងរបស់ឪពុកលោក ។ អំណាចមរតកបងច្បងគឺមានន័យថា អេសាវនឹងទទួលមរតកនូវអ្វីជាកម្មសិទ្ធិរបស់ឪពុកលោក ហើយក្លាយជាអ្នកផ្គត់ផ្គង់គ្រួសារ និងជាអ្នកដឹកនាំខាងវិញ្ញាណ ។ បន្ទាប់ពីសកម្មភាពមិនសុចរិតរបស់អេសាវ នោះយ៉ាកុបបានទទួលអំណាចមរតកបងច្បងជំនួសវិញ ( សូមមើល លោកុប្បត្តិ ២៧:១–៣៣ ) ។
បើសិនមាន សូមមើល « Jacob and Esau » ( ២:០៦ ) ។
សូមអាន លោកុប្បត្តិ ២៧:៤១–៤៥ ហើយរកមើលរបៀបដែលអេសាវបានឆ្លើយតប នៅពេលលោកបានដឹងថា ឪពុករបស់លោកបានផ្ដល់ពរជ័យអំណាចមរតកបងច្បងទៅដល់យ៉ាកុប ។ តើអ្វីខ្លះជាលទ្ធផលនៃកំហឹងរបស់អេសាវ ?
បន្ទាប់ពីការបែកគ្នាអស់រយៈពេល២០ឆ្នាំ អេសាវ និងយ៉ាកុបបានជួបគ្នាម្ដងទៀត ។ យ៉ាកុបបានខ្លាចថាអេសាវនឹងនៅតែខឹង ។
សូមអាន លោកុប្បត្តិ ៣៣:៤ ។ សូមយកចិត្ដទុកដាក់ចំពោះសកម្មភាពរបស់អេសាវ ។
-
តើមានអ្វីដែលបានជះឥទ្ធិពលឲ្យអេសាវធ្វើសកម្មភាពដែលគាត់បានធ្វើនោះ ?
អ្វីមួយដែលជួយយើងឲ្យយកឈ្នះលើអារម្មណ៍នៃកំហឹងគឺព្រះគុណរបស់ព្រះអង្គសង្គ្រោះ ។ វាអាចនឹងមានអារម្មណ៍ថាមិនអាចទៅរួចនៅក្នុងការមិនបញ្ចេញកំហឹង ប៉ុន្ដែដោយសារតែដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទអាចបង្វែរភាពទន់ខ្សោយរបស់យើងឲ្យទៅជាភាពខ្លាំងវិញបាន—រួមទាំងការគ្រប់គ្រងកំហឹងរបស់យើងផងដែរ ( សូមមើល អេធើរ ១២:២៧ ) ។
ជំហានដើម្បីគ្រប់គ្រងកំហឹង
ផ្នែកនេះនៃមេរៀននេះអាចជួយអ្នកឲ្យយល់ពីជំហានទាំងបីសម្រាប់ការគ្រប់គ្រងកំហឹង ។ សូមកត់ត្រាអ្វីដែលអ្នកឃើញថាមានប្រយោជន៍នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
ទទួលស្គាល់អ្វីដែលជំរុញឲ្យមានអារម្មណ៍ខឹង ។
-
តើកាលៈទេសៈអ្វីខ្លះដែលអាចបង្កឲ្យមានអារម្មណ៍ខឹងសម្រាប់ក្មេងវ័យជំទង់ ?
សូមពិចារណាពីបទពិសោធន៍មួយដែលអ្នកធ្លាប់មាន ដែលនាំឲ្យមានអារម្មណ៍ខឹង ។ សូមស្វែងរកអ្វីដែលអាចបង្កឲ្យអ្នកមានកំហឹង ។
-
-
រៀនស្គាល់អារម្មណ៍ដែលមិនបញ្ចេញមកក្រៅ ។
ជាញឹកញាប់ កំហឹងគឺជាការឆ្លើយតបដែលអាចមើលឃើញ ចំពោះអារម្មណ៍ដែលមើលមិនឃើញដែលនៅពីក្រោយអារម្មណ៍ខឹងនោះ ។ ដើម្បីគ្រប់គ្រងកំហឹង វាមានប្រយោជន៍ក្នុងការរៀនពីរបៀបស្គាល់អារម្មណ៍ដែលមើលមិនឃើញទាំងនេះ ។ សូមសិក្សារូបភាពខាងក្រោមដើម្បីមើលឧទាហរណ៍មួយចំនួននៃអារម្មណ៍ដែលមើលមិនឃើញ ។
សូមចងចាំនូវពេលមួយដែលអ្នកមានអារម្មណ៍ខឹង ។ សូមពិចារណាពីអារម្មណ៍ដែលមិនបញ្ចេញមកក្រៅដែលអាចមានទាំងឡាយ ដែលអ្នកអាចមានអារម្មណ៍នៅពេលនោះ ។
-
រម្ងាប់អារម្មណ៍ ។
រូបភាពខាងក្រោមផ្តល់នូវជំនាញមួយចំនួនដែលយើងអាចប្រើដើម្បីទប់កំហឹងបាន ។
ឧទាហរណ៍ បើទោះបីជាអេសាវបានចំណាយពេលចាកចេញឆ្ងាយពីប្អូនប្រុសរបស់គាត់យ៉ាកុបដោយអចេតនាក្តី ក៏ការណ៍នេះអនុញ្ញាតឲ្យអេសាវរម្ងាប់កំហឹងបានដែរ ( សូមមើល លោកុប្បត្តិ ២៧:៤២–៤៥ ) ។ ការនៅបែកគ្នានេះអនុញ្ញាតឲ្យអេសាវទុកកំហឹងរបស់គាត់ចោលដោយជោគជ័យ ( សូមមើល លោកុប្បត្តិ ៣៣:៤ ) ។
សូមពិចារណារបៀបមួយដែលអ្នកអាចអនុវត្ត ការទប់កំហឹង បាន ដើម្បីអ្នកអាចឆ្លើយតបទៅនឹងអារម្មណ៍ខឹង ដូចដែលព្រះយេស៊ូវបានធ្វើ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលមានកំហឹង ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនដែលអាចជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ឲ្យចេះដោះស្រាយកំហឹង ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?