ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៨៥ ៖ ការស៊ូទ្រាំ​នឹង​ភាពសោកសៅ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត—ព្រះយេស៊ូវ​គ្រីស្ទ​នឹង​រែកពុន​ទុក្ខ​ព្រួយ និង​ការឈឺចាប់​របស់​យើង


ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ព្យាបាល​ស្ត្រីម្នាក់

សុខភាព​ខាង​រាងកាយ និង​ខាង​សតិ​អារម្មណ៍ ៖ មេរៀន​ទី ១៨៥

ការស៊ូទ្រាំ​នឹង​ភាពសោកសៅ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត

ព្រះយេស៊ូវគ្រីស្ទ​នឹង​រែកពុន​ទុក្ខព្រួយ និង​ការ​ឈឺចាប់​របស់​យើង

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

Great Glen Way គឺ​ជា​ផ្លូវដើរ​ប្រវែង ៧៩ ម៉ាយល៍ ( ១២៧ គីឡូម៉ែត ) ដ៏​មាន​ប្រជាប្រិយភាព ដែល​ចាប់ផ្ដើម​នៅជិត​ច្រាំងសមុទ្រ​ហ្វត វីលល្លាម នៅ​ប្រទេស​ស្កុតឡែន ។ ជា​រៀងរាល់​ឆ្នាំ អ្នកដើរ និង​អ្នក​ជិះកង់​ឡើង​ភ្នំ​ប្រមាណ ៣០,០០០ នាក់​បាន​ទៅ​ទស្សនា​ផ្នែក​នៃ​ផ្លូវ​ដើរ​នោះ ដោយ​មាន​មនុស្ស​ប្រមាណ ៤,៥០០ នាក់​ជ្រើសរើស​ដើរ​លើ​ផ្លូវ​មួយ​ខ្សែ​នេះ​ទាំងមូល ។ ខណៈ​ដែល​ផ្លូវ​នោះ​មិន​សូវ​ជា​ពិបាក​ដើរ​ប៉ុន្មាន​នោះ ការស្ពាយ​កាតាប​ធ្ងន់​អាច​ធ្វើឲ្យ​ការធ្វើដំណើរ​មាន​ការលំបាក ។ ដូចជា Great Glen Way ដែរ ដំណើរ​ជីវិត​មាន​នូវ​ផ្នែក​ដែល​លំបាកៗ នៅពេល​ដែល​បន្ទុក​លើ​អ្នក​កាន់តែ​ធ្ងន់ ។ ព្រះវរបិតាសួគ៌​បាន​ជ្រាប​ថា ជីវិត​រមែង​ស្លាប់​នេះ​នឹង​នាំមក​នូវ​គ្រា​នៃ​ភាពសោកសៅ ការបាក់​ទឹកចិត្ត ការខកចិត្ត និង​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ ខណៈ​ដែល​បទពិសោធន៍​ទាំងនេះ​ពិបាក​ដើម្បី​អាច​ទ្រាំទ្រ​បាន ព្រះ​ប្រទាន​នូវ​ជំនួយ​ដ៏​ទេវភាព ។ ទ្រង់​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​ដក​ពិសោធន៍​គ្រប់​យ៉ាង​ដែល​យើង​នឹង​រង​ទុក្ខ ដោយ​មាន​នូវ​ការ​សន្យា​ថា ព្រះចេស្ដា​របស់​ទ្រង់​អាច​ជួយ​យើង​ឲ្យ​បាន​សេចក្ដី​សម្រាក ( សូម​មើល ម៉ាថាយ ១១:២៨–៣០ ) ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​នឹង​អារម្មណ៍​សោកសៅ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត ។

រៀន​អំពី​របៀប​ធ្វើ

បន្ទុក​នៃ​ជីវិត​របស់​យើង

អ្នកធ្វើ​ដំណើរ​ដែល​មាន​តែ​មួយ​កាតាប​កំពុង​ឡើង​ភ្នំ

សូម្បី​តែ​អារម្មណ៍​ដ៏​លំបាក​ដូច​ជា​ភាព​សោកសៅ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក៏ជា​ផ្នែក​ធម្មតា​នៃ​ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​យើង​ដែរ ។ ដូចជា​កាបូប​ស្ពាយ​ដ៏ធ្ងន់​មួយ​ដែរ អារម្មណ៍​លំបាក​អាច​ធ្វើ​ឲ្យ​ការ​ធ្វើដំណើរ​របស់​យើង​ហាក់​ដូច​ជា​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​អារម្មណ៍​ទាំង​នេះ​ក៏​អាច​ជួយ​យើង​ឲ្យ​មាន​ភាព​យកចិត្ត​ទុកដាក់ និង​មាន​ចិត្ត​អាណិតអាសូរ​ចំពោះ​អ្នក​ដទៃ​ដែល​តស៊ូ​លំបាក​ផងដែរ ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​កត់ត្រា​បន្ទុក​ខាង​សតិ​អារម្មណ៍​មួយ ឬ​ពីរ ដែល​អ្នក​កំពុង​មាន ឬ​ធ្លាប់​មាន​កាលពី​អតីត ។ សូម​រួមបញ្ចូល​ថា​តើ​បន្ទុក​ទាំងនេះ​កំពុង​ប៉ះពាល់ ឬ​បាន​ប៉ះពាល់​ដល់​ជីវិត​របស់​អ្នក​តាម​របៀបណា​ខ្លះ ។ សូម​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​វិធី​ដែល​ព្រះអង្គសង្គ្រោះ​កំពុង​ធ្វើ​ការងារ​បម្រើ​ដល់​អ្នក​ដោយ​ផ្ទាល់ នៅពេល​អ្នក​តទល់​នឹង​ភាពសោកសៅ ទុក្ខព្រួយ ឬ​បន្ទុក​ផ្លូវចិត្ត​ផ្សេងទៀត ។

នៅពេល​ដែល​វា​លើសពី​ទុក្ខព្រួយ ។ សូម្បីតែ​នៅពេល​ដែល​មាន​ការខ្វល់ខ្វាយ​ដ៏​ទន់ភ្លន់ និង​ដ៏​ពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់​ជានិច្ច​ក្ដី ពេលខ្លះ​អារម្មណ៍​លំបាក​នៅតែ​បន្ដមាន ខណៈ​ដែល​យើង​រង់ចាំ​ទ្រង់​សម្រាប់​ការព្យាបាល​ដែល​ស្របតាម​ព្រះឆន្ទៈ និង​ពេលវេលា​របស់​ទ្រង់​នោះ ។ ពេលខ្លះ ជំងឺ​ធ្លាក់ទឹកចិត្ត​អាច​រារាំង​សមត្ថភាព​របស់​យើង​ក្នុង​ការ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ឬ​ទទួល​ស្គាល់​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មិនថា​មាន​ការថែទាំ​ខ្លួន​ច្រើន​ប៉ុនណា​នោះទេ វា​នឹង​មិនអាច​ដោះស្រាយ​ជំងឺ​ធ្លាក់​ទឹកចិត្ដ​ធ្ងន់ធ្ងរ​បានឡើយ ។ នៅពេល​ដែល​អាច​ទៅរួច ការស្វែងរក​ជំនួយ​ដែល​មាន​វិជ្ជាជីវៈ អាច​ជា​ជំហាន​ដ៏​សំខាន់​នៅក្នុង​ការព្យាបាល​បញ្ហា​សុខភាព​ផ្លូវចិត្ដ នៅពេល​យើង​បន្ដ​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ហើយ​ទទួល​ជំនួយ និង​ការយល់ចិត្ដ​ពី​អ្នកដទៃ ។

ព្រះយេស៊ូវគ្រីស្ទ​ជ្រាប​ដឹង​ថា យើង​មាន​អារម្មណ៍​បែបណា

បុរស​ម្នាក់​អង្គុយ​ដោយ​មើលទៅ​ហាក់​ដូចជា​មាន​ទុក្ខព្រួយ

ពួកព្យាការី​សម័យ​បុរាណ និង​សម័យ​ទំនើប​បាន​បង្រៀន​ថា ព្រះអង្គសង្គ្រោះ​អាច​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​អារម្មណ៍​លំបាក​ទាំងអស់ ។

រូបតំណាង​គូសសម្គាល់សូម​អាន អេសាយ ៥៣:៣–៥; ម៉ាថាយ ១១:២៨–៣០; និង អាលម៉ា ៧:១១–១២ ។ សូម​គូស​សម្គាល់​ពាក្យ ឬ​ឃ្លា​ដែល​បង្ហាញ​នូវ​បំណងប្រាថ្នា និង​ព្រះចេស្ដា​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ការជួយ នៅពេល​អ្នក​សោកសៅ បាក់ទឹកចិត្ដ ឬ​ធ្លាក់​ទឹកចិត្ដ ។ សូម​ដាក់​ស្លាក​អ្វី​ដែល​អ្នក​រកឃើញ​ថា « ជំនួយ​ដ៏​ទេវភាព » ។

រូបតំណាង​កត់​ចំណាំសូម​ជ្រើសរើស​ខគម្ពីរ​មួយ​ដើម្បី​បង្កើត​កំណត់ចំណាំ​ជាមួយ​នឹង​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ នៅពេល​ខ្ញុំ​មកឯ​ទ្រង់ នោះ​ព្រះអង្គសង្គ្រោះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​រែកពុន​បន្ទុក​នៃ​ភាពសោកសៅ និង​ទុក្ខព្រួយ ។

ដោយ​ដឹង​ថា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​នឹង​រងទុក្ខ​ក្នុង​ជីវិត​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ ៖

ប្រធាន រ័សុល អិម ណិលសុន

ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​មក​រក [ ព្រះយេស៊ូវគ្រីស្ទ ] ដើម្បី​ឲ្យ​ទ្រង់​អាច​ព្យាបាល បងប្អូនបាន ! … ទ្រង់​នឹង​ព្យាបាល​បងប្អូន​ពី​ភាពសោកសៅ និង​ការភ័យខ្លាច ។ ទ្រង់​នឹង​ព្យាបាល​បងប្អូន​ពី​របួស​នៃ​ពិភពលោក​នេះ ។

មិន​ថា​បងប្អូន​មាន​សំណួរ ឬ​បញ្ហា​អ្វី​នោះ​ទេ ចម្លើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រះជន្ម និង​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ។ ចូរ​រៀន​បន្ថែម​ទៀត​អំពី​ដង្វាយធួន សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តា​ករុណា គោលលទ្ធិ​របស់​ទ្រង់ និង​ដំណឹងល្អ​នៃ​ការព្យាបាល​ដែល​បាន​ស្តារ​ឡើង​វិញ និង​ការរីកចម្រើន ។ ចូរ​ងាក​ទៅ​រក​ទ្រង់ ! ចូរ​ដើរ​តាម​ទ្រង់ ! ( « ចម្លើយ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ ១២៧ )

រូបតំណាង​ស្លាកគុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ការព្យាបាល

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​កត់ត្រា​គំនិត​របស់​អ្នក​អំពី​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • សម្រាប់​នរណាម្នាក់​ដែល​ស្វែងរក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ភាពសោកសៅ ការបាក់​ទឹកចិត្ត ឬ​ជំងឺ​ធ្លាក់​ទឹកចិត្ត​របស់​ពួកគេ តើ​វា​អាច​មានន័យ​ដូចម្តេច​ដើម្បី « មក​រក​ទ្រង់ » « ងាក​ទៅរក​ទ្រង់ » និង « ដើរ​តាម​ទ្រង់ » ?

  • តើ​អ្នក​គិត​ថា ការយល់ដឹង​ពី​សេចក្តី​ពិត​នេះ​អាច​ជួយ​នរណា​ម្នាក់​ដែល​កំពុង​ជួប​បញ្ហា​ជាមួយ​នឹង​អារម្មណ៍​ទាំង​នេះ​ដោយ​របៀប​ណា ?

បង្ហាញ​ការ​យល់ចិត្ត​ចំពោះ​អ្នក​ដែល​កើតទុក្ខ

ដោយ​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ អ្នក​អាច​រៀន​ពី​របៀប​ធ្វើ​ការងារ​បម្រើ​ដល់​អ្នក​ដែល​កំពុង​ជួប​ការលំបាក ។

កម្រង​រូបភាព​ព្រះគ្រីស្ទ

ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត ។ « Gethsemane [ សួន​ច្បារ​គែតសេម៉ានី ] » ដោយ អ័ដាម អាប់រ៉ាម ។ សូម​ថ្លែងអំណរគុណ​ដល់ altusfineart.com © ឆ្នាំ​២០២៤ ។

រូបតំណាង​ស្លាកសូម​សិក្សា​វគ្គ​បទគម្ពីរ​មួយ ឬ​ច្រើន នៅ​ខាងក្រោម​នេះ ។ សូម​រកមើល​អ្វី​ដែល​អ្នក​រៀន​មកពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​អាច​ដាក់​ស្លាក​វគ្គបទគម្ពីរ​ទាំងនេះ​ថា « ការងារបម្រើ » ឬ « ការយល់ចិត្ដ » ។

អ្នក​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ដែល​កំពុង​ជួប​ការលំបាក ។ ទោះបី​អ្នក​ធ្លាប់​ដក​ពិសោធន៍​អ្វី​ស្រដៀង​នេះ​ក្ដី អ្នក​មិន​អាច​យល់​អារម្មណ៍​របស់​នរណា​ម្នាក់​បាន​ពេញលេញ​ឡើយ ។ ប៉ុន្ដែ​អ្នក​អាច​បង្ហាញ​ការយល់ចិត្ដ ដោយ​ការបង្ហាញ​ការអាណិត​អាសូរ​តាមរយៈ​ពាក្យសម្ដី​របស់​អ្នក ។

រូបតំណាង​ចែកចាយសូម​សិក្សា​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដែល​អ្នក​អាច​ចែកចាយ​បាន នៅពេល​បង្ហាញ​ការយល់ចិត្ដ​ដល់​នរណា​ម្នាក់​ដែល​កំពុង​ជួប​ការលំបាក ។ សូម​ហាត់​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​មួយ ឬ​ច្រើន ជាមួយ​មិត្ដភក្ដិ ឬ​សមាជិក​គ្រួសារ ៖

  • « ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​យ៉ាង​ណា​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា អ្នក​មាន​មនុស្ស​ជាច្រើន​ស្រឡាញ់​រាប់អាន​អ្នក រួមទាំង​ខ្ញុំ​ដែរ » ។

  • « អ្នក​មិន​ចាំបាច់​ត្រូវ​និយាយ​អ្វី​ទេ បើ​អ្នក​មិន​ចង់​និយាយ​នោះ ប៉ុន្តែ​ខ្ញុំ​នៅ​ទីនេះ​ដើម្បី​ស្ដាប់​អ្នក បើ​អ្នក​ចង់​និយាយ » ។

  • « វា​មិន​អីទេ ដែល​អ្នក​មាន​អារម្មណ៍​ម្ដង​ចេះ​ម្ដង​ចុះ​តាម​ថ្ងៃ តាម​ពេល​នោះ » ។

  • « វា​គ្មាន​របៀប​មួយ​ដែល​ត្រឹមត្រូវ​ដើម្បី​មាន​អារម្មណ៍​នោះ​ទេ ។ បណ្ដោយ​ខ្លួន​ឲ្យ​តាម​អារម្មណ៍​ដែល​វា​កើត​មាន​នោះ​ទៅ » ។

  • « ខ្ញុំ​ស្រឡាញ់​អ្នក ហើយ​ខ្ញុំ​កំពុង​អធិស្ឋាន​សម្រាប់​អ្នក » ។

សូមមើល​វីដេអូ​ខាងក្រោម ៖ « Mental Health: Compassion for Those Who Struggle [ សុខភាព​ផ្លូវចិត្ដ ៖ ការអាណិត​អាសូរ​ដល់​អ្នក​ដែល​កំពុង​លំបាក ] » ( ២:២៦ ) ។

2:26

ការសិក្សា​ស៊ីជម្រៅ ៖ សម្រាប់​ជំនួយ​បន្ថែម​លើ​ការផ្ដល់​ការងារបម្រើ​ដល់​អស់​អ្នក​ដែល​កើតទុក្ខ សូម​មើល « ទុក្ខសោក និង​ការបាត់បង់ » នៅក្នុង ធនធាន​ការប្រឹក្សា នៅ​គេហទំព័រ ChurchofJesusChrist.org ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កំណត់​ចំណាំ​របស់​អ្នក សូម​ជ្រើសរើស​ចំណុច​មួយ ឬ​ច្រើន ខាងក្រោម​ដើម្បី​បំពេញ ៖

  1. សូម​សរសេរ​វគ្គ​បទគម្ពីរ​មួយ​ដែល​អាច​ជួយ​អ្នក នៅពេល​អ្នក​មាន​អារម្មណ៍​សោកសៅ ឬ​ធ្លាក់ទឹកចិត្ត ( ដូចជា អេសាយ ៥៣:៣–៥; ទំនុកដំកើង ៣៤:១៨ ឬ អាលម៉ា ៧:១១–១២ ) ។ តើ​ពាក្យ ឬ​ឃ្លា​ពី​វគ្គ​បទគម្ពីរ​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  2. ប្រសិនបើ​អ្នក​មាន​មិត្តភក្តិ​ដែល​សោកសៅ ឬ​ធ្លាក់ទឹកចិត្ត តើ​អ្នក​ចង់​ឲ្យ​បុគ្គល​នេះ​យល់ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ ? សូម​សរសេរ​អ្វី​ដែល​អ្នក​នឹង​ចែកចាយ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​នឹង​អារម្មណ៍​សោកសៅ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វីមួយ​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ថា​អ្នក​ចង់​ចងចាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ការស៊ូទ្រាំ​នឹង​ភាពសោកសៅ ឬ​ជំងឺ​ធ្លាក់​ទឹកចិត្ដ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?