សុខភាពខាងរាងកាយ និងខាងសតិអារម្មណ៍ ៖ មេរៀនទី ១៨៤
ការគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ
ព្រះយេស៊ូវគ្រីស្ទអាចពង្រឹងយើង
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ប៉េងប៉ោងជ័រធម្មតាត្រូវបានរចនាឡើងដើម្បីឲ្យប៉ោងរហូតដល់៥០០ភាគរយ នៃទំហំដែលប៉េងប៉ោងនោះមិនទាន់បានសប់ខ្យល់ចូល ។ ខណៈដែលខ្យល់ជួយឲ្យប៉េងប៉ោងរីកទទឹង និងធំឡើង តែការសប់ខ្យល់ហួសកម្រិតនឹងអាចធ្វើឲ្យប៉េងប៉ោងបែកបាន ។
ស្រដៀងគ្នានេះដែរ ភាពតានតឹង និងការថប់បារម្ភអាចជួយយើងឲ្យរីកចម្រើន និងបង្កើនសមត្ថភាពតាមរបៀបថ្មី ។ គន្លឹះគឺការស្វែងរកតុល្យភាពដែលត្រឹមត្រូវ ។ អ្នកអាចរកឃើញតុល្យភាពនោះបាន ដោយងាកទៅរកព្រះ ហើយពឹងផ្អែកលើព្រះចេស្ដារបស់ទ្រង់ ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យអនុវត្តជំនាញដែលប្រើប្រាស់ព្រះចេស្ដារបស់ព្រះអង្គសង្រ្គោះដើម្បីគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ ។
រៀនអំពីរបៀបធ្វើ
ដំបូន្មានមកពីព្យាការី
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ហើយរកមើលរបៀបដែលយើងអាចយកឈ្នះលើការថប់បារម្ភរបស់យើង ។
ព្រះអម្ចាស់បានប្រកាសថា ទោះជាមានឧបសគ្គដែលមិនធ្លាប់មានពីមុនមកក្តី ក៏អស់អ្នកដែលសង់គ្រឹះនៅលើព្រះយេស៊ូវគ្រីស្ទហើយរៀនប្រើប្រាស់ព្រះចេស្តារបស់ទ្រង់ពុំចាំបាច់ចុះចាញ់នឹងការថប់បារម្ភប្លែកៗនៅយុគសម័យនេះដែរ ។ ( « ព្រះវិហារបរិសុទ្ធ និងគ្រឹះខាងវិញ្ញាណរបស់បងប្អូន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩៤ )
ការថប់បារម្ភ ការបាក់ទឹកចិត្ត
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ក៏ បានបង្រៀនដែរ ៖
ខ្ញុំផ្ទាល់ជឿថា ការបាក់ទឹកចិត្ត និងការថប់បារម្ភជាច្រើនកើតឡើងមកពីការមិនយល់ ឬមិនចាំអំពីផែនការរបស់ព្រះ ហើយទុកចិត្តលើព្រះចេស្តារបស់ទ្រង់នៅពេលមានបញ្ហាកើតឡើង ។ បើពុំជឿលើការពិតនៃព្រះ សេចក្ដីស្រឡាញ់របស់ទ្រង់ និងផែនការនៃសុភមង្គលរបស់ទ្រង់សម្រាប់បុត្រាបុត្រីរបស់ទ្រង់ទេ នោះគំនិតវ័យក្មេងអាចមើលឃើញអនាគតរបស់ពួកគេថាងងឹតងងល់ និងអន់ខ្សោយ ។ ( « Trust in God » [ ការចាក់ផ្សាយប្រចាំឆ្នាំរបស់ថ្នាក់សិក្ខាសាលា និងវិទ្យាស្ថាន ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ] នៅក្នុងបណ្ណាល័យដំណឹងល្អ )
ការថប់បារម្ភ ការបាក់ទឹកចិត្ត សេចក្ដីជំនឿ
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើការយល់ដឹង និងការចងចាំផែនការរបស់ព្រះអាចជួយអ្នកបានយ៉ាងដូចម្ដេច នៅពេលអ្នកមានអារម្មណ៍តានតឹង និងថប់បារម្ភ ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលផ្ដល់ឲ្យអ្នកនូវទំនុកចិត្តថា ទ្រង់ទាំងទ្វេអាចជួយអ្នកឲ្យយកឈ្នះលើភាពតានតឹង និងការថប់បារម្ភបាន ?
ពិនិត្យមើលការរំពឹងទុករបស់អ្នក ហើយងាកទៅរកព្រះអម្ចាស់ដើម្បីទទួលបានជំនួយ
របៀបមួយដើម្បីដោះស្រាយអារម្មណ៍តានតឹង ឬការថប់បារម្ភរបស់អ្នកគឺការស្គាល់ការរំពឹងទុករបស់អ្នក ហើយសម្របវាជាមួយនឹងអ្វីដែលព្រះអម្ចាស់ចង់បានសម្រាប់អ្នក ។ ការរំពឹងទុកដែលមិនប្រាកដនិយម ឬមិនអាចសម្រេចបាន អាចជាប្រភពចម្បងនៃការខកចិត្ត និងភាពតានតឹង ។
សូមអាន ម៉ូសាយ ៤:២៧ ។ សូមគូសសម្គាល់អ្វីដែលព្រះអម្ចាស់រំពឹងពីយើងដោយពណ៌មួយ ។ សូមគូសសម្គាល់អ្វីដែលព្រះអម្ចាស់មិនរំពឹងពីយើងដោយពណ៌មួយទៀត ។
ឧទាហរណ៍មួយនៃមនុស្សម្នាក់ដែលត្រូវពិនិត្យមើលការរំពឹងទុករបស់លោកឡើងវិញ គឺម៉ូសេ ។
សូមអាន និក្ខមនំ ១៨:១៣–១៨ ហើយរកមើលអ្វីដែលម៉ូសេកំពុងធ្វើដែលធ្វើឲ្យយេត្រូ ( ឪពុកក្មេករបស់លោក ) ព្រួយបារម្ភ ។ សូមបង្កើតតំណភ្ជាប់ពីអ្វីដែលយេត្រូបានបង្រៀនលោកនៅក្នុង ខទី ១៧–១៨ ទៅនឹង ម៉ូសាយ ៤:២៧ ។
ឱវាទពីស្ដេចបេនយ៉ាមីន និងយេត្រូ គឺមានតម្លៃសម្រាប់ក្មេងវ័យជំទង់នៅសម័យទំនើប ក៏ដូចជាសម្រាប់សម័យម៉ូសេដែរ ។ ឧទាហរណ៍ តើសេចក្ដីពិតដែលអ្នកបានរៀនពីព្យាការីទាំងនេះ អាចជួយក្មេងវ័យជំទង់ជាមួយនឹងការរំពឹងទុកដូចខាងក្រោមយ៉ាងដូចម្ដេច ?
-
ខ្ញុំនឹងអានព្រះគម្ពីរមរមនរយៈពេល៩០នាទីក្នុងមួយថ្ងៃ ។
-
ខ្ញុំនឹងមិនធ្វើខុសទៀតទេ ។
-
ខ្ញុំមិនចាំបាច់រៀបចំខ្លួនសម្រាប់បេសកកម្មទេ ។ ខ្ញុំនឹងដឹងថាត្រូវធ្វើយ៉ាងណាហើយ ពេលខ្ញុំទៅបម្រើបេសកកម្មនោះ ។
សូមជ្រើសរើសរឿងមួយក្នុងជីវិតរបស់អ្នក ដែលបណ្តាលឲ្យអ្នកតានតឹង និងថប់បារម្ភ ហើយហាត់វាយតម្លៃការរំពឹងទុករបស់អ្នក ។ សូមស្វែងរកជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកឆ្លើយសំណួរដូចខាងក្រោមនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើខ្ញុំកំពុងព្យាយាមធ្វើច្រើន ឬតិចជាងព្រះអម្ចាស់ចង់ឲ្យខ្ញុំធ្វើឬ ( អាចជាការរត់លឿនជាងកម្លាំងដែលខ្ញុំមាន ឬការមិនឧស្សាហ៍ព្យាយាម ) ?
-
តើខ្ញុំអាចបែរទៅរកព្រះអម្ចាស់ដើម្បីទទួលបានជំនួយដោយរបៀបណា ?
សិក្សាស៊ីជម្រៅ ៖ នៅក្នុងសុន្ទរកថារបស់លោក « ទុកចិត្តលើព្រះ » ( ការចាក់ផ្សាយប្រចាំឆ្នាំរបស់ថ្នាក់សិក្ខាសាលា និងវិទ្យាស្ថាន ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បណ្ណាល័យដំណឹងល្អ ) អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អាចជួយអ្នកឲ្យយល់ថាតើអារម្មណ៍នៃការបាក់ទឹកចិត្ត និងការថប់បារម្ភអាចមកពីណា ។
ប្រឹក្សាជាមួយនរណាម្នាក់ដែលអ្នកទុកចិត្តដើម្បីស្វែងរកជំហានបន្ទាប់
វិធីមួយដែលព្រះអម្ចាស់ជួយយើង គឺតាមរយៈអ្នកដទៃ—ឧទាហរណ៍ ការប្រឹក្សាជាមួយនរណាម្នាក់ដែលយើងទុកចិត្ត ។ នៅពេលអ្នកប្រឹក្សាជាមួយអ្នកដទៃ អ្នកអាចពិភាក្សាពីអ្វីដែលត្រូវធ្វើឥឡូវនេះ អ្វីដែលអាចរង់ចាំសិនបាន ឬអ្វីដែលអាចនឹងត្រូវបោះបង់ ឬធ្វើដោយអ្នកផ្សេង ។ អ្នកពុំចាំបាច់មានអារម្មណ៍បានធ្វើខុសសម្រាប់ការកំណត់នូវព្រំដែនដែលវិជ្ជមាន ឬដោយការនិយាយថា « ទេ » ឬ « កុំទាន់សិន » ចំពោះឱកាសមួយចំនួននោះទេ ។
ព្រះអម្ចាស់បានជួយម៉ូសេ តាមរយៈឪពុកក្មេកលោក គឺយេត្រូ ។ កាលម៉ូសេទទួលបានការប្រឹក្សាពីឪពុកក្មេករបស់លោក យេត្រូបានស្នើដំណោះស្រាយចំពោះបញ្ហានោះ ។
សូមអាន និក្ខមនំ ១៨:១៩–២៤ ហើយរកមើលអ្វីដែលយេត្រូបានណែនាំម៉ូសេឲ្យធ្វើបន្ទាប់ ។ ហេតុអ្វីបានជាអ្នកគិតថា ដំបូន្មានរបស់យេត្រូមានប្រយោជន៍ ?
ជំនួសឲ្យការប្រឈមមុខនឹងបញ្ហាទាំងអស់របស់លោកក្នុងពេលតែមួយ ម៉ូសេអាចទទួលបានជំនួយដែលលោកត្រូវការដើម្បីឈានទៅជំហានបន្ទាប់ ។
តើនរណាខ្លះដែលព្រះអម្ចាស់អាចនឹងចង់ឲ្យអ្នកប្រឹក្សាជាមួយ នៅពេលអ្នកមានអារម្មណ៍តានតឹង និងថប់បារម្ភ ? សូមរាយបញ្ជីមនុស្សដែលអ្នកអាចទុកចិត្តបាន ដើម្បីប្រឹក្សាជាមួយ នៅពេលអ្នកមានអារម្មណ៍តានតឹង ។ បុគ្គលទាំងនោះអាចរួមបញ្ចូលទាំងឪពុកម្ដាយ បងប្អូនបង្កើត គ្រូបង្រៀន ទីប្រឹក្សា អ្នកជំនាញសុខភាពផ្លូវចិត្ត និងថ្នាក់ដឹកនាំសាសនាចក្រ ។ សូមសរសេរអ្វីដែលអ្នកកំពុងតានតឹង ឬថប់បារម្ភនាពេលបច្ចុប្បន្ន ។ សូមសម្រេចចិត្តថាតើនៅពេលណា និងពេលណាដែលអ្នកអាចប្រឹក្សាជាមួយនរណាម្នាក់អំពីរឿងនោះ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យអនុវត្តជំនាញដែលប្រើប្រាស់ព្រះចេស្ដារបស់ព្រះអង្គសង្រ្គោះដើម្បីគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
យោបល់អំពីរបៀបដែលអ្នក ឬអ្នកដទៃអាចដោះស្រាយនឹងភាពតានតឹង និងការថប់បារម្ភបាន ។