សុខភាពខាងរាងកាយ និងខាងសតិអារម្មណ៍ ៖ មេរៀនទី ១៨៣
ការអភិវឌ្ឍលំនាំការគិតវិជ្ជមាន
« ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
អ្នកគិតវិជ្ជមានមានអាយុវែង ! ការសិក្សាថ្មីៗនេះបានរកឃើញថា « ក្នុងរយៈពេលពី៥ទៅ២៥ឆ្នាំ អ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺបេះដូង តែជាអ្នកដែលមានទស្សនៈវិជ្ជមាន ទំនងជាគាំងបេះដូង ឬមានជំងឺសរសៃឈាមបេះដូងផ្សេងទៀត តិចជាងអ្នកដែលមានទស្សនៈអវិជ្ជមានចំនួនមួយភាគបី » ។
ដូចដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជ្រាបដឹង និងយល់ពីការគិតរបស់យើង ( ទំនុកដំកើង ១៣៩:១–២ ) ការផ្តោតលើទ្រង់ទាំងទ្វេអាចជួយយើងឲ្យបង្កើតគន្លងនៃការគិតដែលមានភាពវិជ្ជមាន ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមើលទៅព្រះអង្គសង្គ្រោះ នៅពេលអ្នកស្ថាបនាលំនាំការគិតវិជ្ជមាន ។
រៀនអំពីរបៀបធ្វើ
ឥទ្ធិពលនៃការផ្តោតគំនិតរបស់យើងលើព្រះ
សូមគិតអំពីសំណួរខាងក្រោមនេះ ។ សូមដាក់ចំណាត់ថ្នាក់អារម្មណ៍របស់អ្នកពី១ ( មិនសូវពិត ) ទៅ៣ ( ពិតច្រើន ) ។
-
ជាធម្មតា ខ្ញុំមានគំនិតវិជ្ជមានអំពីខ្លួនឯង និងសកម្មភាពរបស់ខ្ញុំ ។
-
ជាធម្មតា ខ្ញុំមានគំនិតវិជ្ជមានអំពីស្ថានភាពរបស់ខ្ញុំ ។
-
ខ្ញុំជឿថា អ្វីៗនៅក្នុងជីវិតរបស់ខ្ញុំនឹងកាន់តែប្រសើរឡើង ។
សូមអានបទគម្ពីរខាងក្រោមនេះ ហើយរកមើលការបង្រៀនអំពីការផ្តោតលើព្រះ ។ អ្នកអាចដាក់ស្លាកវគ្គបទគម្ពីរទាំងនេះថា « មើលទៅព្រះ » ។
-
អេសាយ ២៦:៣–៤ ( អេសាយមានប្រសាសន៍ពីព្រះយេហូវ៉ា ) ។
-
យ៉ាកុប ៣:១–២ ( យ៉ាកុបផ្ដល់ការសន្យាអំពីការមើលទៅព្រះ ) ។
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៦:២៣, ៣៦–៣៧ ( ព្រះមានបន្ទូលទៅកាន់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ) ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនយើងពីរបៀបដែលយើងអាចផ្ដោតចិត្តរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។
ការបំពេញគំនិតរបស់យើងដោយព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទ ពុំមានន័យថា ទ្រង់ជាគំនិតតែមួយគត់ដែលយើងមាននោះទេ ។ ប៉ុន្តែ វាមានន័យថា គំនិតទាំងអស់របស់យើងត្រូវបានហ៊ុមព័ទ្ធនៅក្នុងសេចក្ដីស្រឡាញ់ ព្រះជន្ម និងការបង្រៀនរបស់ទ្រង់ ព្រមទាំងពលិកម្មដ៏ធួន និងការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ ។ ព្រះយេស៊ូវមិនត្រូវបានបំភ្លេចចោលនោះទេ ព្រោះគំនិតរបស់យើងមានវត្តមានទ្រង់ជានិច្ច ហើយ « សូមឲ្យ [ យើងបានសព្វព្រះទ័យ ] ! » យើងអធិស្ឋាន និងថ្លែងឡើងវិញនៅក្នុងចិត្តអំពីបទពិសោធន៍ ដែលបាននាំយើងឲ្យខិតកាន់តែជិតទ្រង់ ។ យើងស្វាគមន៍រូបភាពដ៏ទេវភាព ព្រះគម្ពីរដ៏បរិសុទ្ធ និងទំនុកតម្កើងដ៏បំផុសគំនិតមកក្នុងចិត្តយើង ដើម្បីសម្រាលគំនិតតានតឹងរាប់មិនអស់ប្រចាំថ្ងៃ ក្នុងជីវិតដ៏មមាញឹករបស់យើង ។ ( « ចិត្តខ្ញុំនឹកគិតទៅលើរឿងនេះអំពីព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៩២ )
ផ្តោតលើព្រះ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ
សូមគូសសម្គាល់ឃ្លាដែលលេចធ្លោចំពោះអ្នកបំផុត ។ តើការណែនាំនេះអាចជួយអ្នកឲ្យផ្តោតលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
ការសិក្សាស៊ីជម្រៅ ៖ ដើម្បីរៀនបន្ថែមទៀតអំពីលំនាំការគិតវិជ្ជមាន សូមអាន Finding Strength in the Lord: Emotional Resilience ( ឆ្នាំ២០២១ ) ជំពូកទី២ « Healthy Thinking Patterns » ។
ការយកឈ្នះលំនាំអវិជ្ជមានដោយការផ្ដោតលើព្រះយេស៊ូវគ្រីស្ទ
នៅពេលយើងមានគំនិតដែលអវិជ្ជមាន ឬឥតប្រយោជន៍ នោះយើងអាចផ្លាស់ប្តូរបាន ! ព្រះអម្ចាស់បានប្រទានឲ្យយើងនូវសិទ្ធិជ្រើសរើស ហើយទ្រង់អាចជួយយើងផ្លាស់ប្តូរ សូម្បីតែរបៀបដែលយើងគិតក្តី ។ ដើម្បីជួយខ្លួនយើងយកឈ្នះគំនិតអវិជ្ជមាន យើងអាច ៖
-
ទទួលស្គាល់ គំនិតនោះនៅពេលវាកើតមានឡើង និងអារម្មណ៍ដែលជាលទ្ធផលមកពីការគិតនោះ ។
-
រៀបចំ ការគិតរបស់យើងឡើងវិញ ។
-
ឆ្ពោះទៅមុខ ដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
នេះគឺជាឧទាហរណ៍នៃរបៀបប្រើជំហានទាំងនេះដើម្បីជួយអ្នកអភិវឌ្ឍលំនាំការគិតដែលកាន់តែវិជ្ជមាន ។
ខណៈកំពុងសិក្សាគណិតវិទ្យា អ៊ីម៉ានី ពិបាកយល់ពីគោលគំនិតដែលសិស្សដទៃទៀតងាយយល់ ។ នាងគិតមកកាន់ខ្លួនឯងថា « ខ្ញុំមិនពូកែគណិតវិទ្យាទេ ។ មនុស្សគ្រប់គ្នាឆ្លាតជាងខ្ញុំ » ។
ទទួលស្គាល់
សូមមើលតារាងខាងក្រោមនេះ ។ សូមមើលថា តើអ្នកអាចរកឃើញលំនាំ ដែល អ៊ីម៉ានី ប្រើដែរឬទេ ។
|
លំនាំការគិត |
សេចក្ដីពន្យល់ |
ឧទាហរណ៍ |
|---|---|---|
លំនាំការគិត ទាំងអស់ ឬគ្មានអ្វីទាំងអស់ | សេចក្ដីពន្យល់ ការមើលឃើញអ្វីមួយ ឬនរណាម្នាក់ថាល្អ ឬអាក្រក់ទាំងអស់ ។ សូមរកមើលឃ្លាដែលមានពាក្យដូចជា ជានិច្ច និង មិនដែល ។ | ឧទាហរណ៍ « ខ្ញុំ តែងតែ និយាយខុស » ។ |
លំនាំការគិត ការដាក់ស្លាកខុស | សេចក្ដីពន្យល់ ការគិតពីអ្វីមួយដែលបានកើតឡើង ហើយធ្វើសេចក្តីថ្លែងការណ៍ទូលំទូលាយខ្លាំង ឬសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវ ។ | ឧទាហរណ៍ « ទំនាក់ទំនងបានបញ្ចប់ហើយ ដូច្នេះខ្ញុំមិនល្អគ្រប់គ្រាន់ទេ » ។ |
លំនាំការគិត ការលោតទៅការសន្និដ្ឋានតែម្ដង | សេចក្ដីពន្យល់ ការបកស្រាយគំនិតរបស់អ្នកដទៃ ឬសន្មតថាលទ្ធផលដ៏អាក្រក់បំផុតដែលអាចកើតមាន នឹងកើតឡើង ។ | ឧទាហរណ៍ « ខ្ញុំភ្នាល់ថា មនុស្សគ្រប់គ្នា កំពុងសើចចំអកដាក់ខ្ញុំ » ។ |
លំនាំការគិត ការយកដាក់ខ្លួន | សេចក្ដីពន្យល់ ការបន្ទោសខ្លួនឯង ឬនរណាម្នាក់ទៀតសម្រាប់ស្ថានភាពមួយដែលតាមពិតទៅ វាទាក់ទងនឹងកត្តាជាច្រើន ។ | ឧទាហរណ៍ « ពួកគេមិនទូរសព្ទមកខ្ញុំវិញទេ ដូច្នេះ ពួកគេប្រាកដជាខឹងនឹងខ្ញុំហើយ » ។ |
លំនាំការគិត ហេតុផលខាងផ្លូវសតិអារម្មណ៍ | សេចក្ដីពន្យល់ ការវិនិច្ឆ័យស្ថានភាពមួយដោយផ្អែកលើអារម្មណ៍របស់អ្នក ។ | ឧទាហរណ៍ « ខ្ញុំមានអារម្មណ៍ខុសឆ្គង ។ ខ្ញុំ ច្បាស់ជាបាន ធ្វើអ្វីមួយមិនល្អហើយ » ។ |
លំនាំការគិត ព្រងើយកន្តើយនឹងភាពវិជ្ជមាន | សេចក្ដីពន្យល់ ការបដិសេធបទពិសោធន៍វិជ្ជមានទាំងអស់ ពីព្រោះអ្នកមានអារម្មណ៍ថា វាមិនរាប់ជាការណ៍បានឡើយ ។ | ឧទាហរណ៍ « វាមិនសំខាន់ថាតើកូនស្រីរបស់ខ្ញុំញ៉ាំអាហារពេលព្រឹកឬអត់ទេ ។ ពេញមួយថ្ងៃនោះ នាងមានអារម្មណ៍មួម៉ៅជាខ្លាំង ! » |
ការសិក្សាស៊ីជម្រៅ ៖ ដើម្បីរៀនអំពីលំនាំការគិតអវិជ្ជមាន សូមអាន Finding Strength in the Lord: Emotional Resilience ជំពូកទី២ « Healthy Thinking Patterns » ។
អ៊ីម៉ានី បានវិនិច្ឆ័យខុស និងសន្និដ្ឋានលឿនពេក ។ តើការគិតបែបនេះជះឥទ្ធិពលដល់សមត្ថភាពរបស់នាងដើម្បីរៀន ឬប្រាស្រ័យទាក់ទងនឹងអ្នកដទៃដោយរបៀបណា ?
រៀបចំការគិតឡើងវិញ
នៅពេលដែល អ៊ីម៉ានី រកឃើញការគិតអវិជ្ជមាន នាងអាចរៀបចំការគិតរបស់នាងឡើងវិញបាន ។ អ្នកអាចធ្វើដូច្នេះបាន ដោយការសួរសំណួរមួយចំនួនដូចខាងក្រោម ៖
-
តើគំនិតនេះត្រឹមត្រូវទេ ?
-
ការគិតឡើងវិញដែលអាចធ្វើបាន ៖ « ទេ ។ ខ្ញុំមិនចេះដោះស្រាយគណិតវិទ្យាឥឡូវនេះទេ ប៉ុន្តែខ្ញុំនៅតែអាចរៀនបាន » ។
-
-
តើវាមានប្រយោជន៍ទេ ?
-
ការគិតឡើងវិញដែលអាចធ្វើបាន ៖ « ទេ គំនិតទាំងនេះមិនជួយខ្ញុំឲ្យរៀនគណិតវិទ្យាទេ » ។
-
-
តើការគិតអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ទាំងទ្វេអាចជួយខ្ញុំជាមួយនឹងគំនិតនេះយ៉ាងដូចម្ដេច ?
-
ការគិតឡើងវិញដែលអាចធ្វើបាន ៖ « ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ខ្ញុំ ។ ទ្រង់ទាំងទ្វេចង់ឲ្យខ្ញុំបានជោគជ័យ ។ ទ្រង់ទាំងទ្វេនឹងជួយ » ។
-
ឆ្ពោះទៅមុខ
ឥឡូវនេះ អ៊ីម៉ានី បានរៀបចំការគិតរបស់នាងឡើងវិញ នាងអាចប្រើទស្សនវិស័យរបស់នាងដើម្បីឆ្ពោះទៅមុខបាន ដោយផ្ដោតលើព្រះគ្រីស្ទ ។
អ៊ីម៉ានី ដឹងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចង់ឲ្យនាងជោគជ័យ ។ នាងសម្រេចចិត្តពោលពាក្យអធិស្ឋានស្ងាត់ៗពីមុនសិក្សាគណិតវិទ្យានៅសាលា និងនៅផ្ទះ ។ នាងក៏សម្រេចចិត្តចាប់ផ្តើមការសិក្សារបស់នាងដោយរំឭកខ្លួនឯងថា ព្រះនឹងជួយនាងផងដែរ ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
សូមមើលត្រឡប់ទៅក្រោយវិញនូវតារាងលំនាំការគិតអវិជ្ជមាន ។ តើលំនាំមួយណាដែលអ្នកបានប្រើ ? សូមសរសេរនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកនូវឧទាហរណ៍ពីរ ពីរបៀបដែលអ្នកអាចគិតឡើងវិញពីគំនិតអវិជ្ជមានដែលអ្នកបានគិតនោះ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមើលទៅព្រះអង្គសង្គ្រោះ នៅពេលអ្នកស្ថាបនាលំនាំការគិតវិជ្ជមាន ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
គំនិតអវិជ្ជមានដែលអ្នកបានជ្រើសរើស ការពន្យល់មួយនៃការគិតឡើងវិញ និងគំនិតថ្មីដែលអ្នកបានសរសេរ ។