សុខភាពខាងរាងកាយ និងខាងសតិអារម្មណ៍ ៖ មេរៀនទី ១៨២
ការមើលថែរូបកាយខាងសាច់ឈាមរបស់យើង
ការធ្វើឲ្យសុខភាពខាងរាងកាយ និងខាងសតិអារម្មណ៍របស់យើងប្រសើរឡើង
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ បានចែកចាយ ៖
វាហាក់ដូចជាចម្លែកក្នុងការគិតអំពីការមានទំនាក់ទំនងជាមួយខ្លួនយើង ប៉ុន្តែយើងពិតជាមានមែន ។ មនុស្សមួយចំនួនមិនអាចចុះសម្រុងជាមួយខ្លួនឯងបានទេ ។ ពួកគេរិះគន់ និងមានភាពល្វីងជូរចត់ជាមួយនឹងខ្លួនឯងពេញមួយថ្ងៃ រហូតដល់គេចាប់ផ្ដើមស្អប់ខ្លួនឯង ។ ខ្ញុំសូមផ្ដល់យោបល់ថា សូមកាត់បន្ថយភាពប្រញាប់ប្រញាល់ ហើយឆ្លៀតពេលបន្តិចបន្តួចបន្ថែមដើម្បីរៀនស្គាល់ខ្លួនអ្នកឲ្យបានកាន់តែប្រសើរ ។ … សូមរៀនមើលខ្លួនអ្នកដូចព្រះវរបិតាសួគ៌មើលអ្នក—គឺជាបុត្រី ឬបុត្រាដ៏មានតម្លៃជាមួយនឹងសក្ដានុពលភាពដ៏ទេវភាព ។ ( « Of Things That Matter Most » Liahona ខែវិច្ឆិកា ឆ្នាំ២០១០ ទំព័រ ២២ )
នៅពេលយើងបង្កើតទំនាក់ទំនងល្អជាមួយខ្លួនឯង យើងដឹងថាការថែទាំរាងកាយរបស់យើងមានឥទ្ធិពលលើសុខភាពខាងរាងកាយរបស់យើង ក៏ដូចជាសុខុមាលភាពខាងវិញ្ញាណ និងខាងសតិអារម្មណ៍របស់យើងដែរ ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីរបៀបដែលការជ្រើសរើសរបស់អ្នកជះឥទ្ធិពលដល់សុខភាពខាងរាងកាយ និងខាងសតិអារម្មណ៍របស់អ្នក ។
រៀនអំពីរបៀបធ្វើ
ជម្រើសរបស់យើងប៉ះពាល់ដល់យើងទាំងខាងរាងកាយ និងខាងសតិអារម្មណ៍
អ្នកទំនងជាបានឆ្លងកាត់ការលំបាកមួយចំនួនដែលមកជាមួយនឹងការមានរាងកាយ ។ ប្រហែលជាអ្នកបានបាក់ឆ្អឹង មានជំងឺផ្តាសាយ ឬមានអារម្មណ៍ឈឺបន្ទាប់ពីសកម្មភាពមួយ ។ ខណៈដែលបទពិសោធន៍ទាំងនេះមិនស្រួល និងពេលខ្លះឈឺចាប់ រាងកាយរបស់អ្នកគឺជាអំណោយដ៏មានឥទ្ធិពលពីព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់ ។
សូមអាន និងដាក់តំណភ្ជាប់វគ្គបទគម្ពីរខាងក្រោម ។ សូមរកមើលសេចក្តីពិតដែលវាបង្រៀនអំពីរូបកាយរបស់អ្នក ។
-
លោកុប្បត្តិ ១:២៧
មនុស្សទាំងអស់—ទាំងប្រុសទាំងស្រី—ត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះ ។ មនុស្សម្នាក់ៗសុទ្ធតែជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ ដូច្នេះហើយមនុស្សម្នាក់ៗមានចរិត និងគោលដៅនៃព្រះ ។ ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើបណ្ណាល័យដំណឹងល្អ )
ដោយសាររូបកាយ និងវិញ្ញាណរបស់អ្នកត្រូវបានភ្ជាប់គ្នា នោះជម្រើសខាងសុខភាពរបស់អ្នកជះឥទ្ធិពលលើសពីរូបកាយរបស់អ្នកទៅទៀត ។ សូមគិតអំពីសាច់រឿងខាងក្រោមដើម្បីមើលពីរបៀបដែលការថែទាំរូបកាយរបស់អ្នកអាចជះឥទ្ធិពលដល់អារម្មណ៍របស់អ្នក ។
មិត្តភក្តិរបស់អ្នកដែលមានឈ្មោះថា ម៉ាយ៉ា បានចែកចាយជាមួយអ្នកថា នាងមានអារម្មណ៍នឿយហត់ និងបាក់ទឹកចិត្តអស់ជាច្រើនសប្តាហ៍មកហើយ ។ អ្នកចង់ជួយនាង ហើយបានសួរនាងថា តើមានអ្វីកើតឡើងថ្មីៗនេះ ដែលនាំឲ្យនាងមានអារម្មណ៍បែបនេះ ។ ម៉ាយ៉ា បានឆ្លើយតបជាមួយនឹងការជ្រើសរើសមិនល្អមួយចំនួន ដែលនាងបានធ្វើកាលពីខែមុន ដែលបានជះឥទ្ធិពលដល់សុខភាពខាងរាងកាយរបស់នាង ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើជម្រើសអ្វីដែល ម៉ាយ៉ា បានធ្វើដែលអាចជះឥទ្ធិពលដល់រូបកាយរបស់នាង និងរបៀបដែលនាងមានអារម្មណ៍ ?
-
តើជម្រើសដែល ម៉ាយ៉ា បានធ្វើបានជះឥទ្ធិពលលើរបៀបដែលនាងមានអារម្មណ៍ខាងរូបកាយដោយរបៀបណា ? ខាងសតិអារម្មណ៍របស់នាងដោយរបៀបណា ?
សូមបង្កើតបញ្ជីមួយនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ហើយដាក់ចំណងជើងថា « ជម្រើសដែលខ្ញុំអាចធ្វើ » ។ នៅពេលអ្នកសិក្សា សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយអ្នកឲ្យស្គាល់ និងកត់ត្រារបៀបដែលអ្នកអាចកែលម្អរបៀបដែលអ្នកថែទាំរូបកាយរបស់អ្នក ។ នៅពេលអ្នកយល់ពីរបៀបទាំងឡាយដែលអ្នកចង់កែលម្អ សូមចងចាំថាត្រូវមានចិត្តល្អចំពោះខ្លួនឯង ។ សូមព្យាយាមមើលមកខ្លួនឯង ដូចជាព្រះវរបិតាសួគ៌ទតមើលមកអ្នក ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ដំបូន្មាន ៖
យើងនឹងមិនទទួលបាននូវភាពល្អឥតខ្ចោះនៅក្នុងជីវិតនេះទេ ប៉ុន្តែយើងអាច និងគួរតែឆ្ពោះទៅមុខដោយសេចក្តីជំនឿលើព្រះគ្រីស្ទតាមផ្លូវតូច ហើយចង្អៀត ហើយរីកចម្រើនឥតឈប់ឈរឆ្ពោះទៅកាន់ជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ។ …
ខ្ញុំធ្វើជាសាក្សីថា ព្រះអង្គសង្គ្រោះនឹងពង្រឹង ហើយជួយយើងឲ្យមានការរីកចម្រើនដែលឋិតឋេរ និងប្រកបដោយនិរន្តរភាព ។ ( « Clean Hands and a Pure Heart » Liahona ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ ៨២ )
ការរីកចម្រើន គោលដៅ
ការមើលថែរាងកាយរបស់យើងនាំមកនូវពរជ័យ
សូមស្រមៃថា អ្នកកំពុងនិយាយជាមួយ ម៉ាយ៉ា ដែលចែកចាយថា « ខ្ញុំសង្ឃឹមថា ខ្ញុំឈប់មានអារម្មណ៍នឿយហត់ និងបាក់ទឹកចិត្តគ្រប់ពេលវេលាទៀត » ។ អ្នកមើលឃើញថា ម៉ាយ៉ា មិនដឹងថាជម្រើសដែលនាងកំពុងធ្វើនោះ បានជះឥទ្ធិពលបែបណាដល់នាងនោះទេ ។
សូមប្រើធនធាន « ការថែទាំរាងកាយរបស់យើង » ខាងក្រោម ។ សូមរៀបចំការឆ្លើយតបដែលរួមបញ្ចូលនូវបទគម្ពីរ និងការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ ដែលអាចជួយនរណាម្នាក់ដូចជាម៉ាយ៉ាឲ្យយល់ពី ៖
-
របៀបដែលជម្រើសរបស់នាងជះឥទ្ធិពលដល់ខាងរូបកាយ និងខាងសតិអារម្មណ៍របស់នាង ។
-
មូលហេតុដែលព្រះយកព្រះទ័យទុកដាក់ពីរបៀបដែលយើងថែទាំរាងកាយរបស់យើង ។
-
ពរជ័យដែលព្រះបានសន្យាដល់អស់អ្នកដែលថែរក្សារាងកាយរបស់ពួកគេ ។
ព្រះអង្គសង្គ្រោះនឹងជួយអ្នកឲ្យធ្វើការជ្រើសរើសដែលវិជ្ជមាន
ព្រះចង់ជួយអ្នកឲ្យមានភាពរីករាយ ។ ទ្រង់ស្រឡាញ់អ្នក មើលថែអ្នក និងចង់ឲ្យអ្នកស្វែងរកជំនួយរបស់ទ្រង់ ។
សូមអានវគ្គបទគម្ពីរមួយ ឬពី ខាងក្រោមនេះ ។ សូមគូសសម្គាល់សេចក្តីពិតដែលបង្រៀនពីរបៀបដើម្បីទទួលបានជំនួយរបស់ព្រះអង្គសង្រ្គោះ នៅពេលអ្នកព្យាយាមធ្វើការជ្រើសរើសដែលវិជ្ជមាន ។
-
ម៉ាថាយ ៧:៧–១១
-
យ៉ាកុប ១:៥
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះចេស្តាដើម្បីជួយអ្នក ។ សូមបំពេញជីវិតរបស់អ្នកជាមួយនឹងអ្វីដែលយាងអញ្ជើញព្រះចេស្តានោះមកក្នុងជីវិតរបស់អ្នកដូចជា ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងការបម្រើដល់អ្នកដទៃ ។ សូមងាកទៅរកព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះអ្នកនឹងឃើញថា ភាពទន់ខ្សោយអាចក្លាយជាភាពខ្លាំងវិញបាន ។ សូមស្វែងរកជំនួយពីឪពុកម្តាយ ថ្នាក់ដឹកនាំ និងអ្នកប្រឹក្សាជំនាញតាមតម្រូវការ ។ ( ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស [ ឆ្នាំ២០២៣ ] ទំព័រ ២៧ )
ការសិក្សាស៊ីជម្រៅ ៖ សូមស្វែងរកធនធានបន្ថែមទៀតអំពីពរជ័យមកពី ការរស់នៅដោយមានសុខភាពល្អ ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
ប៊ីស្សព ហ្គែរ៉ល កូសសេ ដែលជាប៊ីស្សពអធិបតី បានបង្រៀនថា ៖
អ្នកខ្លះប្រហែលជាគិតថា ក្នុងនាមជាមនុស្សវ័យក្មេងអ្នកនឹងមិនងាយឈឺនោះទេ ។ ផ្ទុយទៅវិញ ទម្លាប់ដែលអ្នកបង្កើតនៅពេលនេះ ទាក់ទងនឹងសុខុមាលភាពផ្ទាល់ខ្លួនរបស់អ្នក នឹងជះឥទ្ធិពលលើអ្នកទាំងខាងសាច់ឈាម និងខាងវិញ្ញាណអស់មួយជីវិតរបស់អ្នក ។ ការផ្តោតអារម្មណ៍របស់អ្នកមិនគួរផ្តោតលើការដើរតាមនិន្នាការជាអសារឥតការនៃពិភពលោកនោះទេ ។ វាមិនមែនគ្រាន់តែជាសំណួរនៃការសម្រកគីឡូទីនេះបន្តិច ឬទីនោះបន្តិច ឬការលើកទម្ងន់ម្ភៃផោនបន្ថែមទៀតដើម្បីមើលទៅដូចមិត្តរួមបន្ទប់របស់អ្នកនោះទេ ! គោលដៅគឺដើម្បីមានអារម្មណ៍ប្រសើរឡើង និងស្វែងរកលំនឹងខាងសាច់ឈាម និងខាងវិញ្ញាណ ។ ( « Harmony of Body and Spirit: A Key to Happiness » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ] ទំព័រ ៥ នៅលើគេហទំព័រ speeches.byu.edu )
សូមរកមើលបញ្ជីដែលអ្នកបានបង្កើតនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ សូមបន្ថែមចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ៖
-
ចេញពីអ្វីដែលអ្នកបានសិក្សា តើជម្រើសមួយណាដែលអ្នកអាចកែសម្រួលដើម្បីធ្វើឲ្យសុខភាពខាងរាងកាយ និងខាងសតិអារម្មណ៍របស់អ្នកបានប្រសើរឡើង ?
-
តើអ្នកនឹងឲ្យព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចូលរួមក្នុងការខិតខំរបស់អ្នកដោយរបៀបណា ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីរបៀបដែលការជ្រើសរើសរបស់អ្នកជះឥទ្ធិពលដល់សុខភាពខាងរាងកាយ និងខាងសតិអារម្មណ៍របស់អ្នក ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
រឿងមួយដែលអ្នកចង់ចងចាំ នៅពេលអ្នកធ្វើការជ្រើសរើសដែលជះឥទ្ធិពលលើសុខភាពខាងរូបកាយ និងខាងសតិអារម្មណ៍របស់អ្នក ។