ដើម្បីកម្លាំងនៃយុវជន ៖ មេរៀនទី ១៧៦
ការទទួលយក និងការបំពេញការហៅ
ការបម្រើដូចជាព្រះអង្គសង្គ្រោះ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
មិត្តរបស់អ្នកឈ្មោះ អាឡេន ហៀបនឹងជួបជាមួយនឹងសមាជិកនៃគណៈប៊ីស្សពហើយ ។ សមាជិកនៃគណៈប៊ីស្សពបានស្នើឲ្យ អាឡេន ជួបគ្នាដើម្បីពិភាក្សាអំពីការហៅដែលគាត់ចង់ឲ្យ អាឡេន ពិចារណា ។ នៅពេល អាឡេន រៀបចំចេញដំណើរទៅការប្រជុំ គាត់និយាយថា « ខ្ញុំភ័យខ្លាំងណាស់ ។ ខ្ញុំមិនដែលមានការហៅពីមុនមកទេ ។ ខ្ញុំពិតជាមិនដឹងថាត្រូវធ្វើអ្វីនោះទេ » ។
-
តើ អាឡេន អាចមានអារម្មណ៍បែបណា ? ហេតុអ្វី ?
-
តើអ្នកនឹងឆ្លើយតបទៅកាន់ អាឡេន ដោយរបៀបណា ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកការណែនាំពីព្រះអម្ចាស់ដើម្បីរៀន ហើយដឹងពីអ្វីដែលនឹងជួយអ្នកបានល្អបំផុតឲ្យទទួលយក និងបម្រើនៅក្នុងការហៅ ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបម្រើដូចជាព្រះអង្គសង្រ្គោះនៅក្នុងការហៅរបស់អ្នក ។
រៀនអំពីរបៀបធ្វើ
ហេតុអ្វីបានជាយើងទទួលយក និងបំពេញការហៅ
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនមូលហេតុមួយដែលយើងទទួលយក និងបំពេញការហៅ ៖
នៅក្នុងកិច្ចការរបស់ព្រះអង្គសង្គ្រោះ ជារឿយៗវាជាកិច្ចការតូចតាច និងងាយដែល « នាំឲ្យកើត [ មាន ] កិច្ចការដ៏ធំៗបាន » [ អាលម៉ា ៣៧:៦ ] ។
យើងដឹងថា វាតម្រូវឲ្យមានការអនុវត្តច្រំដែលៗ ដើម្បីធ្វើឲ្យយើងពូកែខាងផ្នែកអ្វីមួយ ។ ទោះជាការផ្លុំប៉ី ទាត់បាល់ឲ្យចូលទី ជួសជុលឡាន ឬសូម្បីតែការបើកយន្តហោះក្តី មានតែតាមរយៈការអនុវត្តប៉ុណ្ណោះ ទើបយើងអាចបានពូកែឡើង ។
អង្គការដែលព្រះអង្គសង្គ្រោះរបស់យើងបានបង្កើតនៅលើផែនដី—គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ—ជួយយើងឲ្យធ្វើកិច្ចការនោះ ។ សាសនាចក្រនេះផ្តល់កន្លែងមួយឲ្យយើងអនុវត្តការរស់នៅក្នុងរបៀបមួយដែលទ្រង់បានបង្រៀន និងផ្តល់ពរដល់មនុស្សដទៃតាមរបៀបដែលទ្រង់បានប្រទានពរ ។
ក្នុងនាមជាសមាជិកសាសនាចក្រ យើងត្រូវបានផ្តល់ឲ្យនូវការហៅបម្រើ ការទទួលខុសត្រូវ និងឱកាសឲ្យយើងឈោងទៅជួយមនុស្សដទៃដោយក្តីអាណិតអាសូរ និងផ្តល់ការងារបម្រើ ។ ( « Believe, Love, Do » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៤៨ )
ការហៅ តូចតាច និងងាយ
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ជួយយើងឲ្យយល់ថា ការហៅនៅក្នុងសាសនាចក្រគឺជាឱកាសដើម្បីផ្ដល់ពរ និងបម្រើអ្នកដទៃ ដូចជាព្រះអង្គសង្រ្គោះបានធ្វើដែរ ។
ការបម្រើដូចជាព្រះអង្គសង្រ្គោះ
សូមពិនិត្យមើលទំនុកច្រៀងនៃបទ « ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ៤០-៤១ ) ។ សូមគិតអំពីរបៀបដែលទំនុកច្រៀងអាចជួយអ្នកឲ្យបម្រើដូចជាព្រះអង្គសង្គ្រោះ ។
សូមសិក្សាគំរូមួយ ឬពីរ នៅក្នុងសកម្មភាពខាងក្រោម ។ សូមជញ្ជឹងគិតពីរបៀបដែលសកម្មភាពទាំងនេះអាចជួយអ្នកឲ្យទទួលយក និងបំពេញការហៅនៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។
ជម្រើស ក
ប្រសិនបើយើងមានអារម្មណ៍ភ័យខ្លាច ឬមានអារម្មណ៍ថាគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការហៅ
ពេញមួយជីវិតរបស់យើង យើងនឹងមានឱកាសដើម្បីបម្រើនៅក្នុងការហៅផ្សេងៗដែលផ្តល់ដល់យើង ។ យើងអាចមានអារម្មណ៍ភ័យខ្លាច ឬស្ទាក់ស្ទើរ ។ ការសិក្សាពីគំរូរបស់ព្រះអង្គសង្គ្រោះអាចជួយបាន ។
សូមអាន ម៉ូសេ ៤:២ ដើម្បីមើលពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានឆ្លើយតបទៅនឹងតួនាទីរបស់ទ្រង់នៅក្នុងផែនការនៃសេចក្តីសង្គ្រោះដើម្បីប្រោសលោះមនុស្សលោក ។
សូមធ្វើការកត់ចំណាំនៅជាប់នឹង ម៉ូសេ ៤:២ ហើយឆ្លើយសំណួរខាងក្រោម ៖
-
តើអ្នកអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នៅពេលអ្នកទទួលបានការហៅមួយដោយរបៀបណា ?
ពេលខ្លះ យើងអាចមានការព្រួយបារម្ភថា យើងគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ ឬមិនអាចបំពេញការហៅនោះបានទេ ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) ៖
នៅពេលណាដែលយើងធ្វើកិច្ចការរបស់ព្រះអម្ចាស់ នោះយើងមានសិទ្ធិទទួលបានជំនួយរបស់ព្រះអម្ចាស់ ។ សូមចងចាំថា នរណាដែលព្រះអម្ចាស់ហៅ នោះព្រះអម្ចាស់នឹងធ្វើឲ្យគេមានលក្ខណសម្បត្តិគ្រប់គ្រាន់ហើយ ។ ( « Duty Calls » Ensign ខែឧសភា ឆ្នាំ១៩៩៦ ទំព័រ ៤៤ )
នៅពេលត្រូវបានអញ្ជើញឲ្យទទួលយកការហៅ វាជាការត្រឹមត្រូវក្នុងការសួរអ្នកដែលផ្តល់ការហៅនោះនូវសំណួរណាមួយដែលអ្នកមាន និងចែកចាយពីកង្វល់ណាមួយដែលអ្នកមានអំពីការបំពេញការហៅនោះ ។ សូមប្រឹក្សារួមគ្នាជាមួយពួកគាត់ ដោយការយាងអញ្ជើញឲ្យមានការណែនាំពីព្រះអម្ចាស់ ។ ប្រសិនបើអាចធ្វើទៅបាន សូមព្យាយាមទទួលយកការហៅដូចជាព្រះអង្គសង្រ្គោះបានធ្វើដែរ ដោយជឿជាក់ថា ព្រះអម្ចាស់នឹងជួយដល់អ្នក ។
ជម្រើស ខ
ប្រសិនបើអ្នកបារម្ភថា អ្នកប្រហែលជាមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរបាន
របៀបមួយក្នុងចំណោមរបៀបដែលអ្នកអាចធ្វើឲ្យមានភាពខុសគ្នាក្នុងការហៅគឺ ដោយគ្រាន់តែព្យាយាមស្រឡាញ់អ្នកដទៃដូចជាព្រះអង្គសង្គ្រោះធ្វើទៅបានហើយ ។
សូមអានដំណើររឿងខាងក្រោមមកពីស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី អតីតទីប្រឹក្សាទីមួយក្នុងគណៈប្រធានក្រុមយុវនារីទូទៅ ហើយរកមើលគំរូនៃការបម្រើអ្នកដទៃដោយសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ ៖
នៅពេលដែលខ្ញុំមានអាយុ១៤ឆ្នាំ … គ្រួសាររបស់ខ្ញុំបានប្តូរលំនៅកាត់សហរដ្ឋអាមេរិក ហើយបានចូលរួមជាសមាជិកនៅក្នុងវួដថ្មីមួយ ។ ខ្ញុំមិនចាំថានរណាបម្រើនៅក្នុង … គណៈប្រធានថ្នាក់នោះទេ ប៉ុន្តែខ្ញុំចាំច្បាស់ថា ក្រុមយុវនារីមានចិត្តល្អចំពោះខ្ញុំជាពិសេស ។ ពួកគេបានទទួលយកក្មេងស្រីថ្មីដែលភ័យខ្លាច និងស្គមស្គាំងដោយស្មោះត្រង់ទុកដូចជាមិត្តភក្តិដែលខានជួបជាយូរមកហើយ ហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ស្វាគមន៍ ។ …
គំរូរបស់ពួកគេអំពីសេចក្តីស្រឡាញ់ដ៏សប្បុរសរក្សាខ្ញុំឲ្យនៅសកម្មក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅពេលនោះ ច្រើនជាងការនិយាយ ឬមេរៀនដែលបានបង្រៀននៅពេលណាៗទាំងអស់ ។ នៅក្នុងសេចក្តីស្រឡាញ់ និងពន្លឺដែលមានលក្ខណៈដូចជាព្រះគ្រីស្ទរបស់ពួកគេ នោះពួកគេគឺជាសារលិខិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយពួកគេគឺជាអ្នកដែលបានដឹកនាំ និងនាំផ្លូវខ្ញុំឲ្យនៅក្នុងក្រោលរបស់ទ្រង់ ។ ( « Teaching Youth How to Lead in the Savior’s Way » Liahona ខែតុលា ឆ្នាំ២០១៥ ទំព័រ ៨៤ )
ការផ្ដល់ការងារបម្រើ ការហៅទាំងឡាយ ស្រឡាញ់អ្នកជិតខាងរបស់អ្នក
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមកត់ត្រាពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើជាគំរូនៃការពេញដោយក្តីស្រឡាញ់ចំពោះអ្នកដែលទ្រង់បម្រើ ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ព្រះខ្វល់ព្រះទ័យពីការងាររបស់មនុស្ស ។ ការងាររបស់ទ្រង់ និងសិរីរុងរឿងរបស់ទ្រង់គឺដើម្បីជួយសង្គ្រោះបុគ្គលទាំងឡាយ និងក្រុមគ្រួសារ ។ ដូច្នេះ ខ្ញុំក៏គិតផងដែរថា យើងគួរចាប់ផ្ដើមជាមួយមនុស្ស ។ បន្ទាប់មក នៅពេលយើងយកចិត្តទុកដាក់ចំពោះគ្នា និងមានចំណងនៃដំណឹងល្អ នៅពេលយើងមើលឃើញរូបភាពរបស់ព្រះអង្គសង្រ្គោះនៅចំពោះមុខយើង នោះយើងអាចដោះស្រាយជាមួយពិភពលោកបាន ។ ( « Leading as the Savior Would Lead » នៅលើគេហទំព័រ ChurchofJesusChrist.org )
ការហៅទាំងឡាយ ការផ្ដល់ការងារបម្រើ ស្រឡាញ់អ្នកជិតខាងរបស់អ្នក
សូមគិតពិចារណាពីបទពិសោធន៍របស់អ្នកជាមួយនឹងអ្នកដែលបានបម្រើអ្នកនៅក្នុងការហៅរបស់ពួកគេ ។ តើនៅពេលណាដែលនរណាម្នាក់បម្រើអ្នកដូចជាព្រះអង្គសង្គ្រោះ ? តើវាមានឥទ្ធិពលអ្វីខ្លះមកលើអ្នក ?
សូមផ្ញើសំបុត្រ ឬសារអរគុណទៅកាន់មនុស្សដែលបានបម្រើដូចជាព្រះអង្គសង្គ្រោះ ។ អ្នកអាចចែកចាយពីរបៀបដែលការបម្រើរបស់ពួកគេបានជះឥទ្ធិពលដល់អ្នក ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបម្រើដូចជាព្រះអង្គសង្រ្គោះនៅក្នុងការហៅរបស់អ្នក ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនចេញពីមេរៀននេះដែលអាចជួយអ្នកឲ្យស្ម័គ្រចិត្តទទួលយក និងបម្រើនៅក្នុងការហៅ ដូចជាព្រះអង្គសង្រ្គោះដែរ ។