ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស ៖ មេរៀនទី ១៧២
ការដាក់គោលដៅ
ការដាក់គោលដៅប្រកបដោយប្រសិទ្ធភាព និងសមិទ្ធផល
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ប៉ុន្មានឆ្នាំមុននេះ មានការខ្វះខាតលុយកាក់ខ្លាំងណាស់ ។ ឡានដែលខ្ញុំប្រើដើម្បីទៅធ្វើការខូចស្ទើរអស់ទៅហើយ ។ ជាពិសេស ប្រអប់លេខដាក់លេខថយក្រោយមិនបានឡើយ ។ ដោយគ្មានជម្រើសក្នុងការថយក្រោយ ខ្ញុំបានចាប់ផ្ដើមរៀបចំគម្រោងរាល់ការធ្វើដំណើរដើម្បីប្រាកដថា ខ្ញុំមានរបៀបដើម្បីបន្តដំណើរទៅមុខជានិច្ច ។ ខ្ញុំបានឆ្លងកាត់ស្ថានភាពមួយចំនួន ប៉ុន្តែអ្វីដែលខ្ញុំភ្ញាក់ផ្អើល គឺផែនការដំណើរការបានល្អណាស់ !
ទីបំផុត ខ្ញុំបានជួសជុលឡាននោះ ប៉ុន្តែមុននឹងធ្វើ ខ្ញុំបានរៀនមេរៀនដ៏មានតម្លៃមួយគឺ ជីវិតប្រៀបដូចឡានដែលមិនអាចថយក្រោយបាន ។ ប្រសិនបើអ្នកចង់បន្តទៅមុខ អ្នកត្រូវតែរៀបចំផែនការសម្រាប់អនាគត ។ ( ឆាដ អូ អាយុ៣៧ឆ្នាំ រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក )
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះអម្ចាស់ នៅពេលអ្នករៀនដាក់ និងសម្រេចគោលដៅផ្ទាល់ខ្លួនរបស់អ្នកដោយមានជំនួយរបស់ទ្រង់ ។
រៀនអំពីរបៀបធ្វើ
ការក្លាយជាបុគ្គលដ៏ប្រសើរបំផុតសម្រាប់ខ្លួនឯង
ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទ្ទេសន៍ចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ បង្រៀនដូចខាងក្រោម ៖
ការរៀនដាក់គោលដៅ និងបង្កើតផែនការអាចផ្តល់ពរដល់អ្នកពេញមួយជីវិតរបស់អ្នក ។ វាអាចជួយអ្នកចុះ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះ បម្រើដោយស្មោះត្រង់ក្នុងសាសនាចក្រ បន្តការសិក្សា រីកចម្រើនក្នុងការងាររបស់អ្នក និងស្ថាបនាគ្រួសារដ៏រឹងមាំ ។ ( ប្រកាសដំណឹងល្អរបស់យើង [ ឆ្នាំ២០២៣ ] ទំព័រ ១៤៧ )
គោលដៅ សេចក្តីសញ្ញា ការអប់រំ ការប្រែក្លាយ
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យអ្នកក្លាយជាបុគ្គលដ៏ប្រសើរបំផុត—នៅទីបំផុតក្លាយដូចជាទ្រង់ទាំងទ្វេ ( សូមមើល នីហ្វៃទី៣ ១២:៤៨ ) ។ នៅក្នុងមេរៀនថ្ងៃនេះ សូមស្វែងរកការណែនាំមកពីព្រះវិញ្ញាណ ដើម្បីមើលឃើញពីរបៀបដែលទ្រង់ទាំងទ្វេអាចជួយអ្នកឲ្យដាក់ និងសម្រេចគោលដៅផ្ទាល់ខ្លួនរបស់អ្នក ។
ជំនួយរបស់ព្រះអម្ចាស់
គំរូមួយរបស់ព្រះអម្ចាស់ដែលជួយបុត្រាបុត្រីរបស់ទ្រង់ឲ្យឆ្ពោះទៅមុខ ហើយសម្រេចបាននូវគោលដៅរបស់ពួកគេ គឺដំណើររឿងរបស់អ័ប្រាហាំ ។ ជាច្រើនឆ្នាំមុនពេលការហៅរបស់លោកជាព្យាការីរបស់ព្រះអម្ចាស់ អ័ប្រាហាំ ត្រូវបានចិញ្ចឹមបីបាច់នៅក្នុងដែនដីនៃសេចក្ដីទុច្ចរិត និងការថ្វាយបង្គំរូបព្រះ ។ សូម្បីតែឪពុករបស់លោកផ្ទាល់បានព្យាយាមដើម្បី « ផ្ដាច់ជីវិត [ លោក ] បង់ » ( សូមមើលវត្ថុចម្លង១ខាងក្រោម អ័ប្រាហាំ ១:៣០ ) ។
សូមអាន អ័ប្រាហាំ ១:១–២, ៤ ហើយគូសសម្គាល់គោលដៅដែលអ័ប្រាហាំបានដាក់សម្រាប់ខ្លួនលោក ។
តើគោលដៅទាំងនោះអាចជួយអ័ប្រាហាំឲ្យប្រែក្លាយកាន់តែដូចព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍អំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ក្នុងការជួយយើងឲ្យយកឈ្នះលើកាលៈទេសៈទាំងឡាយ និងឈានដល់គោលដៅរបស់យើង ។
ជំនួយដែលយើងទទួលបានមកពីព្រះអម្ចាស់នៅក្នុងគោលដៅ និងការស្វែងរកដ៏សុចរិតរបស់យើងគឺគ្មានដែនកំណត់ឡើយ ហើយទ្រង់គាំទ្រយើងនៅគ្រប់ការខិតខំប្រឹងប្រែងល្អៗ និងសុចរិតនានា ។ …
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាវិធីដើម្បីស្វែងរកការខិតខំប្រឹងប្រែងសុចរិតនៅក្នុងជីវិតរបស់បងប្អូនផ្ទាល់ មិនថាកាលៈទេសៈរបស់បងប្អូនយ៉ាងណានោះទេ ។ ខ្ញុំសូមអះអាងនឹងបងប្អូនថា ព្រះអម្ចាស់ស្រឡាញ់យើងម្នាក់ៗ ហើយទ្រង់តែងតែគង់នៅទីនោះដើម្បីជួយយើង ដោយមិនគិតពីស្ថានភាពដែលយើងកំពុងប្រឈមមុខឡើយ ។ ( « Goals, Growth, and Progress—Recent Messages from Prophets and Apostles » [ អត្ថបទមានតែឌីជីថលប៉ុណ្ណោះ ] Liahona ខែមករា ឆ្នាំ២០២៣ នៅក្នុងបណ្ណាល័យដំណឹងល្អ )
គោលដៅ ការគាំទ្រ ការយកឈ្នះកាលៈទេសៈទាំងឡាយ
សូមអាន អ័ប្រាហាំ ១:១៥–១៦, ១៨ ។ សូមគូសសម្គាល់អ្វីដែលអ័ប្រាហាំបានធ្វើដើម្បីទទួលបានជំនួយរបស់ព្រះ ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទធ្លាប់ជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ឲ្យដាក់ ឬសម្រេចគោលដៅដ៏សុចរិតមួយដោយរបៀបណា ?
-
តើអ្នកអាចធ្វើអ្វីទៀតដើម្បីស្វែងរកជំនួយរបស់ព្រះអម្ចាស់ជាមួយនឹងគោលដៅរបស់អ្នក ?
ការសិក្សាស៊ីជម្រៅ ៖ ពេលខ្លះ អ្នកប្រហែលជាមិនអាចសម្រេចគោលដៅរបស់អ្នកបានទេ ។ សូមអាន នីហ្វៃទី២ ៤:១៧–២១, ២៦–២៨ ហើយរកមើលតួនាទីរបស់ព្រះសម្រាប់នីហ្វៃ នៅពេលលោកបរាជ័យ ។ ឬអានផ្នែក « ចុះបើយើងបរាជ័យវិញ ? » មកពី « គ្រាដ៏ល្អបំផុតដើម្បីដាំដើមឈើ » នៅក្នុងសុន្ទរកថាដោយប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលនៅពេលនោះនៅក្នុងគណៈប្រធានទីមួយ ( Liahona ខែមករា ឆ្នាំ២០១៤ ទំព័រ ៦ ) ។
គោលការណ៍សម្រាប់ការដាក់ និងសម្រេចគោលដៅ
នៅពេលអ្នកដាក់គោលដៅ វាអាចមានប្រយោជន៍ក្នុងការធ្វើតាមជំហាននៅក្នុងផ្ទាំងព័ត៌មានខាងក្រោមនេះ ៖
-
ដាក់គោលដៅ និងធ្វើផែនការប្រកបដោយការអធិស្ឋាន ។ សូមដាក់គោលដៅដែលប្រាកដនិយម ប៉ុន្តែវានឹងធ្វើឲ្យអ្នកខិតខំ និងទាមទារឲ្យមានសេចក្តីជំនឿ ។ សូមចៀសវាងការដាក់គោលដៅខ្ពស់ពេក ឬទាបពេក ។ សូមដាក់ផែនការពីរបៀបដែលអ្នកនឹងសម្រេចវាបាន ។
-
កត់ត្រា និងដាក់កាលវិភាគ ។ សូមកត់ត្រាគោលដៅ និងផែនការរបស់អ្នកក្នុងកាលវិភាគលម្អិតមួយ ។
-
អនុវត្តតាមផែនការរបស់អ្នក ។ សូមខិតខំសម្រេចគោលដៅរបស់អ្នកដោយឧស្សាហ៍ព្យាយាម ។ សូមអនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់ ដើម្បីជួយអ្នក ។
-
ពិនិត្យមើលឡើងវិញ ហើយតាមដាន ។ សូមវាយតម្លៃការរីកចម្រើន និងកត់ត្រាការខិតខំប្រឹងប្រែងរបស់អ្នកជាប្រចាំ ។ សូមសម្រេចចិត្តថាត្រូវធ្វើអ្វីផ្សេងឬទេ និងរបៀបកែលម្អ ។ សូមកែសម្រួលផែនការតាមតម្រូវការ ។
រួមជាមួយនឹងការជួយអ្នកដាក់គោលដៅ ជំហានទាំងនេះអាចជួយអ្នកឲ្យវាយតម្លៃលើការរីកចម្រើនរបស់អ្នក និងកែតម្រូវគោលដៅរបស់អ្នក ។ ឧទាហរណ៍ សូមកត់សម្គាល់ពីរបៀបដែល ជេដិន ប្រើជំហានទាំងនេះដើម្បីជួយសម្រេចគោលដៅរបស់គាត់ ។
-
ជេដិន ទូលសូមជំនួយពីព្រះវរបិតាសួគ៌ក្នុងការដាក់គោលដៅ ។ គាត់សម្រេចចិត្តសិក្សាព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃរយៈពេល១០នាទី ។
-
គាត់សម្រេចចិត្តក្រោកពីគេងពីព្រលឹមដើម្បីសិក្សាមុនពេលទៅសាលារៀន ។
-
បន្ទាប់ពីមួយសប្តាហ៍ ជេដិន បានសង្កេតឃើញថា គាត់ក្រោកពីគេងយឺត ។ គាត់អធិស្ឋានទូលសូមជំនួយ ។
-
បន្ទាប់ពីពីរសប្តាហ៍ ជេដិន មានអារម្មណ៍ថា គាត់មិនបានសម្រេចគោលដៅនោះទេ ។ គាត់ទូលសូមព្រះវរបិតាសួគ៌ឲ្យជួយគាត់ទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ទ្រង់ និងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទចំពោះគាត់ ។ គាត់មានអារម្មណ៍លើកទឹកចិត្ត ហើយសម្រេចចិត្តព្យាយាមម្តងទៀត ដោយទុកចិត្តថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយគាត់ ។ គាត់សម្រេចចិត្តចូលគេងឲ្យបានលឿនជារៀងរាល់យប់ ដើម្បីឲ្យគាត់ក្រោកពីដំណេកបានស្រួលជាងមុន ។
អនុវត្តការដាក់គោលដៅ
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរគោលដៅមួយ ឬពីរ ដែលអ្នកចង់សម្រេចបាន ។ សូមបង្កើតផែនការលម្អិតដែលរៀបរាប់ពីជំហានដែលអ្នកចង់ធ្វើដើម្បីសម្រេចគោលដៅទាំងនោះ ។ ដូច ឆាដ នៅក្នុងរឿងនៅខាងដើមមេរៀនដែរ សូមពិចារណាពីអ្វីដែលអាចបញ្ឈប់អ្នកពីការឆ្ពោះទៅមុខ ហើយដាក់ផែនការដើម្បីដោះស្រាយបញ្ហាទាំងនោះ ។ សូមប្រាកដថា នៅក្នុងផែនការរបស់អ្នក អ្នកបានរួមបញ្ចូលរបៀបដែលអ្នកអាចឲ្យព្រះអម្ចាស់ជួយសម្រេចគោលដៅរបស់អ្នក ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះអម្ចាស់ នៅពេលអ្នករៀនដាក់ និងសម្រេចគោលដៅផ្ទាល់ខ្លួនរបស់អ្នកដោយមានជំនួយរបស់ទ្រង់ ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
គោលដៅដែលអ្នកដាក់ផែនការដើម្បីសម្រេចបាន និងរបៀបដែលអ្នកនឹងរួមបញ្ចូលព្រះអម្ចាស់ដើម្បីសម្រេចគោលដៅនោះ ។