ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស ៖ មេរៀនទី ១៧៥
ពរជ័យអយ្យកោ
ការបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ និងការប្រកាសអំពីពូជពង្ស
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅឆ្នាំ១៩១៨ ការិយាល័យប្រៃសណីយ៍របស់អាមេរិកបានចាប់ផ្តើមប្រើយន្តហោះដើម្បីដឹកជញ្ជូនសំបុត្រ ។ ដោយគ្មាន GPS ដើម្បីជួយអ្នកបើកយន្តហោះរុករកផ្លូវ ពួកគេបានបង្កើតប្រព័ន្ធរុករកពិសេសមួយ ។ ពួកអ្នកធ្វើការបានដំឡើងព្រួញដែលធ្វើពីស៊ីម៉ង់ដ៏ធំដើម្បីសម្គាល់ទិសដៅទៅកាន់ទីតាំងនីមួយៗ ។ ពីខាងលើ អ្នកបើកយន្តហោះបានប្រើព្រួញដើម្បីកែតម្រូវផ្លូវហោះហើររបស់ពួកគេ និងទៅដល់គោលដៅរបស់ពួកគេ ។
ព្រះអម្ចាស់បានប្រទានអំណោយស្រដៀងគ្នានេះដល់យើង ។ ពរជ័យអយ្យកោអាចជួយយើងឲ្យរុករកផ្លូវចេញពីបញ្ហាប្រឈមក្នុងជីវិត ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីរបៀបដែលពរជ័យអយ្យកោគឺជាការបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះ និងការប្រកាសពីពូជពង្សនៅក្នុងវង្សនៃអ៊ីស្រាអែល ។
រៀនអំពីរបៀបធ្វើ
ពរជ័យអយ្យកោគឺជាផ្នែកមួយនៃផែនការរបស់ព្រះ
យ៉ាកុបប្រសិទ្ធពរដល់យ៉ូសែប ដោយ ហារី អាន់ឌើរសិន
មុនពេលលោកស្លាប់ ព្យាការី និងលោកអយ្យកោយ៉ាកុបបានប្រមូលផ្តុំគ្រួសាររបស់លោក ។ យ៉ាកុប ( ក៏ត្រូវបានគេស្គាល់ថាជាអ៊ីស្រាអែលផងដែរ ) ផ្ដល់ពរ និងផ្ដល់ដំបូន្មានដល់កូនចៅរបស់លោក ។
សូមអាន លោកុប្បត្តិ ៤៨:៨–៩ និង លោកុប្បត្តិ ៤៩:១–២ ហើយដាក់ស្លាកវគ្គបទគម្ពីរទាំងនេះថា « ពរជ័យអយ្យកោ » ។ នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមប្រើស្លាក « ពរជ័យអយ្យកោ » ដើម្បីរក្សាទុកសេចក្តីថ្លែងការណ៍ និងបទគម្ពីរដែលអ្នកបានអាន ។
នៅក្នុងជំនាន់របស់យើង « រាល់សមាជិកដែលបានទទួលពិធីបុណ្យជ្រមុជទឹក និងមានភាពស័ក្តិសមគ្រប់រូបមានសិទ្ធិទទួលពរជ័យអយ្យកោ ដែលផ្តល់ការដឹកនាំដ៏បំផុសគំនិតមកពីព្រះវរបិតាសួគ៌ » ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១៨.១៧ ) ។
ដើម្បីជួយអ្នកឲ្យយល់ពីលក្ខណៈដ៏ពិសិដ្ឋនៃពរជ័យអយ្យកោ និងសារៈសំខាន់នៃការរក្សាវាជាលក្ខណៈផ្ទាល់ខ្លួន សូមពិនិត្យមើលសេចក្តីថ្លែងការណ៍ដូចខាងក្រោម ៖
រាល់ពរជ័យអយ្យកោនីមួយៗគឺពិសិដ្ឋ សម្ងាត់ និងផ្ទាល់ខ្លួន ។ ហេតុដូច្នោះហើយ ពរនេះត្រូវផ្តល់ឲ្យជាលក្ខណៈឯកជន លើកលែងតែសមាជិកគ្រួសារ ប៉ុន្ដែការចូលរួមត្រូវមានកំណត់ ។
បុគ្គលដែលទទួលពរជ័យអយ្យកោគួរតែឲ្យតម្លៃដល់ពាក្យពេចន៍ក្នុងពរជ័យនេះ ជញ្ជឹងគិតពីពរជ័យនេះ ហើយរស់នៅឲ្យមានភាពស័ក្តិសមតាមការសន្យារបស់ពរជ័យនេះនៅក្នុងជីវិតនេះ និងភាពអស់កល្បជានិច្ច ។
សមាជិកសាសនាចក្រមិនគួរប្រៀបធៀបពរជ័យនេះ និងមិនគួរចែកចាយពរជ័យនេះឡើយ លើកលែងតែសមាជិកគ្រួសារដែលជិតដិតប៉ុណ្ណោះ ។ ពរជ័យអយ្យកោមិនគួរយកមកអាននៅក្នុងការប្រជុំក្នុងសាសនាចក្រ ឬទីកន្លែងជួបជុំជាសាធារណៈឡើយ ។ ( ក្បួនខ្នាតទូទៅ ១៨.១៧.១ )
ពរជ័យអយ្យកោគឺជាការបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះ
ពរជ័យអយ្យកោមានគោលបំណងជាច្រើន ។ គោលបំណងមួយគឺដើម្បីផ្តល់ឲ្យអ្នកនូវដំបូន្មានពេញដោយក្តីស្រឡាញ់ពីព្រះវរបិតាសួគ៌ ។ អែលឌើរ កាស្សូហីកូ យ៉ាម៉ាស្ស៊ីតា នៃពួកចិតសិបនាក់ បានពន្យល់ ៖
ពរជ័យអយ្យកោបងប្អូនជាសារលិខិតមកពីព្រះវរបិតាសួគ៌ ហើយសេចក្ដីសន្យា និងការប្រឹក្សាដ៏បំផុសគំនិតនានាដែលមាននៅក្នុងនោះជួយដឹកនាំបងប្អូនពេញមួយជីវិត ។ ពរជ័យអយ្យកោមិនកំណត់ទិសដៅជីវិត ឬឆ្លើយតបរាល់សំណួរទាំងអស់របស់បងប្អូននោះទេ ។ បើពរជ័យអយ្យកោមិនប្រាប់អំពីព្រឹត្តិការណ៍ជីវិតដ៏សំខាន់ទេ សូមកុំកាត់យល់ថា បងប្អូននឹងគ្មានឱកាសនោះឡើយ ។ ដូចគ្នានោះដែរ អ្វីៗដែលមានក្នុងពរជ័យអយ្យកោគ្មានការធានាអះអាងថា វានឹងកើតឡើងក្នុងជីវិតរបស់បងប្អូននោះទេ ។ ពររបស់លោកអយ្យកោគឺអស់កល្ប ហើយបើបងប្អូនរស់នៅដោយមានភាពស័ក្ដិសម នោះសេចក្ដីសន្យានានាដែលមិនទាន់បានបំពេញនៅក្នុងជីវិតនេះ នឹងប្រទានឲ្យនៅក្នុងជីវិតខាងមុខ ។ ( « ពេលដែលត្រូវទទួលពរជ័យអយ្យកោរបស់បងប្អូន » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៨៩ )
ពរជ័យអយ្យកោ វិវរណៈ ទស្សនវិស័យដ៏នៅអស់កល្ប
សូមប្រៀបធៀបពរជ័យអយ្យកោទៅនឹងប្រព័ន្ធគូសសម្គាល់ផ្លូវអាកាសដែលបានពិភាក្សានៅដើមមេរៀននេះ ។ តើអ្នកមើលឃើញមានភាពស្រដៀងគ្នាអ្វីខ្លះ ?
ការសិក្សាស៊ីជម្រៅ ៖ អែលឌើរ រែនដល ឃេ បិនណិត នៃពួកចិតសិបនាក់ បានចែកចាយនៅក្នុង « ពរជ័យអយ្យកោរបស់បងប្អូន—ជាការដឹកនាំដ៏បំផុសគំនិតមកពីព្រះវរបិតាសួគ៌ » ពីរបៀបដែលពរជ័យអយ្យកោបានជួយលោកឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ( លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៤២ ) ។
ពរជ័យអយ្យកោប្រកាសអំពីពូជពង្សរបស់យើង
គោលបំណងមួយទៀតនៃពរជ័យអយ្យកោគឺដើម្បីជួយយើងឲ្យយល់ថា តើយើងគឺជានរណា ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
មូលហេតុចម្បងមួយ ដែលយើងបានទទួលពររបស់លោកអយ្យកោគឺដើម្បីជួយយើងឲ្យយល់កាន់តែច្បាស់ថា តើយើងជាអ្នកណាក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំ ហើយទទួលស្គាល់ការទទួលខុសត្រូវដែលកើតមានចំពោះយើង ។ …
យើងត្រូវបានតែងតាំងជាមុនពីមុនឆាកជីវិតនេះ និងបានកើតនៅក្នុងជីវិតរមែងស្លាប់ដើម្បីបំពេញតាមសេចក្ដីសញ្ញា និងសេចក្ដីសន្យាដែលព្រះបានធ្វើជាមួយនឹងអ័ប្រាហាំ ។ ( « Becoming a Missionary » Liahona ខែវិច្ឆិកា ឆ្នាំ២០០៥ ទំព័រ ៤៧ )
ពរជ័យអយ្យកោ ការតែងតាំងពីមុន សេចក្តីសញ្ញាអ័ប្រាហាំ
ព្រះបានធ្វើសេចក្ដីសញ្ញាជាមួយនឹងព្យាការីអ័ប្រាហាំ ដែលហៅថាសេចក្ដីសញ្ញាអ័ប្រាហាំ ។ ព្រះបានរំឭកសេចក្ដីសញ្ញានេះជាមួយអ៊ីសាក និងយ៉ាកុប ( ដែលត្រូវបានហៅថាអ៊ីស្រាអែលដែរ សូមមើល លោកុប្បត្តិ ២៦:៣–៤; ២៨:១២–១៥ ) ។ ពួកកូនប្រុសរបស់យ៉ាកុបត្រូវបានគេស្គាល់ថាជាកុលសម្ព័ន្ធអ៊ីស្រាអែល ។ ពរជ័យអយ្យកោប្រកាសអំពីពូជពង្សរបស់យើង ទាំងពូជពង្សពិតប្រាកដ និងការយកមកចិញ្ចឹមជាកូននៅក្នុងវង្សអ៊ីស្រាអែល និងគ្រួសាររបស់អ័ប្រាហាំ ។ កុលសម្ព័ន្ធទាំងអស់អាចទទួលបានពរជ័យ និងការទទួលខុសត្រូវនៃសេចក្តីសញ្ញារបស់អ័ប្រាហាំ ។
សូមអាន អ័ប្រាហាំ ២:៩–១១ ។ សូមគូសសម្គាល់ពរជ័យ និងការទទួលខុសត្រូវដែលព្រះអម្ចាស់បានសន្យាដល់អ័ប្រាហាំ និងកូនចៅរបស់លោក ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើពរជ័យ និងការទទួលខុសត្រូវអ្វីខ្លះដែលយើងមានក្នុងនាមជាកូនចៅរបស់អ័ប្រាហាំ ?
-
តើពរជ័យអយ្យកោជួយយើងឲ្យយល់ពីការទទួលខុសត្រូវរបស់យើងដោយរបៀបណា ?
ការសិក្សាស៊ីជម្រៅ ៖ អែលឌើរ កាស្សូហីកូ យ៉ាម៉ាស្ស៊ីតា បានរៀបរាប់ពីសេចក្តីសន្យានៃសេចក្តីសញ្ញាអ័ប្រាហាំនៅក្នុងសុន្ទរកថារបស់លោក « ពេលដែលត្រូវទទួលពរជ័យអយ្យកោរបស់បងប្អូន » ( លីអាហូណា ខែមេសា ឆ្នាំ២០២៣ ទំព័រ៨៨ ) ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
ស៊ីស្ទើរ ប៊ូនី អេច ខ័រឌុន ដែលនៅពេលនោះជាប្រធានយុវនារីទូទៅ បានលើកទឹកចិត្តដូចខាងក្រោម ៖
ចូរស្វែងរកពររបស់លោកអយ្យកោរបស់អ្នក ផ្លុំធូលីចេញ ប្រសិនបើអ្នកត្រូវធ្វើដូច្នោះ ហើយសិក្សាវាឲ្យបានញឹកញាប់ ។ ប្រសិនបើអ្នកមិនទាន់មានវាទេ សូមទទួលបានមួយ—ឆាប់ៗនេះ ។ ចូរកុំបង្អង់ពេលយូរក្នុងការស្វែងរកអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យប្រាប់អ្នកឥឡូវនេះអំពីអ្នក ។ ( « ចូរមករកព្រះគ្រីស្ទ ហើយសូមកុំមកតែម្នាក់ឯងឡើយ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ១០ )
ពរជ័យអយ្យកោ
ប្រសិនបើអ្នកបានទទួលពរជ័យអយ្យកោហើយ សូមធ្វើតាមដំបូន្មានរបស់ស៊ីស្ទើរ ខ័រឌុន ដើម្បីស្រាវជ្រាវ និងសិក្សាពរជ័យនោះ ។ សូមកត់ត្រាការយល់ដឹងណាមួយដែលអ្នកមាននៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ ប្រសិនបើអ្នកបាត់ពរជ័យអយ្យកោរបស់អ្នក សូមស្នើសុំច្បាប់ចម្លងនៅលើគេហទំព័រ pb.ChurchofJesusChrist.org/pbrequest ។
ប្រសិនបើអ្នកមិនទាន់ទទួលបានពរជ័យរបស់អ្នកទេ សូមពិចារណាស្នើសុំដើម្បីទទួលវា ។ ការណែនាំខាងក្រោមអាចជួយអ្នកឲ្យចាប់ផ្តើមដំណើរការនេះ ៖
ប៊ីស្សព ឬទីប្រឹក្សាម្នាក់ដែលបានចាត់តាំង សម្ភាសសមាជិកដែលចង់ទទួលពរជ័យអយ្យកោ ។ ប្រសិនបើសមាជិកមានភាពស័ក្តិសម នោះអ្នកសម្ភាសរៀបចំចេញប័ណ្ណពរជ័យអយ្យកោឲ្យ ។ …
បន្ទាប់ពីទទួលប័ណ្ណនេះហើយ សមាជិកទាក់ទងទៅលោកអយ្យកោដើម្បីធ្វើការណាត់ជួបទទួលពរជ័យអយ្យកោ ។ ដល់ថ្ងៃណាត់ជួប សមាជិកគួរទៅជួបលោកអយ្យកោដោយមានឥរិយាបថពោរពេញដោយការអធិស្ឋាន និងស្លៀកសម្លៀកបំពាក់ថ្ងៃអាទិត្យ ។ សមាជិកអាចតមអាហារបាន ប៉ុន្តែមិនមែនជាតម្រូវការនោះទេ ។ ( ក្បួនខ្នាតទូទៅ ១៨.១៧; ១៨.១៧.១ នៅលើបណ្ណាល័យដំណឹងល្អ ) ។
ពរជ័យអយ្យកោ
ការសិក្សាស៊ីជម្រៅ ៖ សូមអានអត្ថបទ « Ready for My Patriarchal Blessing » ( For the Strength of Youth ខែសីហា ឆ្នាំ២០២៣ ) ដើម្បីមើលឃើញពីរបៀបដែលយុវវ័យផ្សេងទៀតបានដឹងថា ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីទទួលពរជ័យរបស់ពួកគេ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីរបៀបដែលពរជ័យអយ្យកោគឺជាការបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះ និងការប្រកាសពីពូជពង្សនៅក្នុងវង្សនៃអ៊ីស្រាអែល ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
អ្វីមួយដែលអ្នកបានរៀនអំពីពរជ័យអយ្យកោ ឬការយល់ដឹងដែលអ្នកមានពេលសិក្សា ។