ការស្ថាបនាភាពខ្លួនទីពឹងខ្លួន ៖ មេរៀនទី ១៧៧
ការស្ថាបនាភាពខ្លួនទីពឹងខ្លួនតាមរបៀបរបស់ព្រះអម្ចាស់
« ព្រះអម្ចាស់សព្វព្រះទ័យនឹងការខិតខំ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មានប្រព័ន្ធរថភ្លើងក្រោមដីធំៗចំនួនពីរដែលមាន១៣ខ្សែផ្សេងគ្នា និងជាង២៨០ស្ថានីយ ។ ផ្លូវរថភ្លើងនេះមានប្រវែងជាង៣០០គីឡូម៉ែត្រ ( ១៨៨ម៉ាយល៍ ) ។ សូមស្រមៃថា មាននរណាម្នាក់បានដាក់អ្នកចុះពីស្ថានីយមួយ ហើយប្រាប់អ្នកឲ្យជួបពួកគេនៅកន្លែងជាក់លាក់មួយនៅពេលជាក់លាក់ណាមួយ ។ តើអ្នកនឹងមានអារម្មណ៍បែបណា ? តើអ្នកនឹងពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក ឬសុំជំនួយ ?
នៅក្នុងជីវិតនេះ យើងត្រូវបានសុំឲ្យធ្វើរឿងជាច្រើន ដែលរឿងខ្លះយើងមិនធ្លាប់ធ្វើពីមុនមកទេ ។ នៅពេលអ្នកអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នកឲ្យបង្កើតភាពខ្លួនទីពឹងខ្លួនក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នក ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីមូលហេតុដែលការស្ថាបនាភាពខ្លួនទីពឹងខ្លួនមានសារៈសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់អ្នក ។
រៀនអំពីរបៀបធ្វើ
តើភាពខ្លួនទីពឹងខ្លួនគឺជាអ្វី ?
ភាពខ្លួនទីពឹងខ្លួនគឺជា « សមត្ថភាព ការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ដើម្បីផ្ដល់ជូននូវភាពចាំបាច់ខាងវិញ្ញាណ និងទាំងខាងសាច់ឈាមនៃជីវិតសម្រាប់ខ្លួនឯង និងគ្រួសារ » ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ២២.០ នៅក្នុងបណ្ណាល័យដំណឹងល្អ ) ។
ការរីកចម្រើនភាគច្រើនរបស់អ្នកអាស្រ័យលើឆន្ទៈរបស់អ្នកក្នុងការរៀន និងការទទួលខុសត្រូវលើការរីកចម្រើនរបស់អ្នកផ្ទាល់ ។
ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល ទីប្រឹក្សាទីមួយនៃគណៈប៊ីស្សពជាអធិបតី បានពន្យល់ ៖
ព្រះអម្ចាស់ពុំរំពឹងឲ្យយើងធ្វើច្រើនជាងដែលយើងអាចធ្វើបាននោះទេ ប៉ុន្តែទ្រង់រំពឹងឲ្យយើងធ្វើអ្វីដែលយើងអាចធ្វើបាន នៅពេលយើងអាចធ្វើវាបាននោះ ។ ដូចដែលប្រធាន ណិលសុន បានរំឭកយើងកាលពីសន្និសីទទូទៅមុនថា « ព្រះអម្ចាស់សព្វព្រះទ័យនឹងការខិតខំ » ។
… ការត្រៀមខ្លួនខាងសាច់ឈាម និងភាពខ្លួនទីពឹងខ្លួនមានន័យថា « គឺជាការជឿថាតាមរយៈព្រះគុណ ឬព្រះចេស្ដាដែលអាចធ្វើទៅបានរបស់ព្រះយេស៊ូវគ្រីស្ទ និងការខិតខំរបស់យើងផ្ទាល់ នោះយើងអាចទទួលបាននូវអ្វីៗដែលចាំបាច់សម្រាប់ជីវិតទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ដូចដែលយើងចង់បានសម្រាប់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង » ។ ( « There Was Bread » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៤៣ )
ភាពខ្លួនទីពឹងខ្លួន ការទទួលខុសត្រូវផ្ទាល់ខ្លួន កិច្ចខិតខំ
នៅក្នុង ប្រធានបទ និងសំណួរ នៅក្នុងបណ្ណាល័យដំណឹងល្អថ្លែង ៖
ព្រះអង្គសង្គ្រោះអញ្ជើញយើងទាំងអស់គ្នាឲ្យធ្វើសកម្មភាព ឈរដោយឯករាជ្យ និងប្រែក្លាយដូចជាទ្រង់ ។ ទ្រង់នឹងជួយយើង ។ … របៀបរបស់ទ្រង់រួមមាននូវការរៀនសូត្រ និងការរស់នៅតាមគោលការណ៍នៃភាពខ្លួនទីពឹងខ្លួន—« សមត្ថភាព ការតាំងចិត្ត និងការខិតខំផ្គត់ផ្គង់នូវភាពចាំបាច់នៃជីវិត និងគ្រួសារ » ។ ( Topic and Questions « Self-reliance »នៅក្នុងបណ្ណាល័យដំណឹងល្អ )
ការស្ថាបនាភាពខ្លួនទីពឹងខ្លួនជួយអ្នកឲ្យប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ ខាងក្រោមនេះគឺជាផ្នែកមួយចំនួន ដែលអ្នកអាចបង្កើនសមត្ថភាពរបស់អ្នកដើម្បីមានភាពខ្លួនទីពឹងខ្លួន ៖
-
ចំណេះដឹងអំពីដំណឹងល្អ
-
តម្រូវការហិរញ្ញវត្ថុបច្ចុប្បន្ន និងអនាគត
-
ការអប់រំ និងការងារ
-
តម្រូវការខាងរាងកាយ
-
តម្រូវការខាងសតិអារម្មណ៍ និងខាងសង្គម
សូមជញ្ជឹងគិតពីផ្នែកទាំងឡាយនៅក្នុងជីវិតរបស់អ្នក ដែលព្រះអម្ចាស់នឹងឲ្យអ្នកស្ថាបនាសមត្ថភាពរបស់អ្នក ។ សូមកត់ត្រាគំនិត និងអារម្មណ៍ដែលកើតមានក្នុងគំនិត និងដួងចិត្តរបស់អ្នក ។
ការសិក្សាស៊ីជម្រៅ ៖ សូមមើលអ្វីដែលប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ បានចែកចាយអំពីមូលហេតុដែលការធ្វើជាមនុស្សមានភាពខ្លួនទីពឹងខ្លួនគឺសំខាន់នៅក្នុងផែនការរបស់ព្រះ ( « Repentance and Change » Liahona ខែវិច្ឆិកា ឆ្នាំ២០០៣ ) ។
គំរូអំពីភាពខ្លួនទីពឹងខ្លួន
វាអាចងាយស្រួលក្នុងការបំភ្លេចថា ព្រះយេស៊ូវគ្រីស្ទធ្លាប់ជាយុវជនម្នាក់ ។ ព្រះគម្ពីរសញ្ញាថ្មីមានជំពូកមួយចំនួនអំពីការប្រសូតដោយអព្ភូតហេតុរបស់ទ្រង់ និងជំពូកជាច្រើនអំពីព្រះជន្មពេញវ័យរបស់ទ្រង់ ។ ទោះជាយ៉ាងណា យើងអាចរៀនបន្តិចអំពីរបៀបដែលទ្រង់បានចំណាយពេលក្នុងយុវវ័យរបស់ទ្រង់ ។
សូមអាន លូកា ២:៥២ ។ សូមគូសសម្គាល់ផ្នែកដែលព្រះអង្គសង្រ្គោះបានធំលូតលាស់ឡើង និងរីកចម្រើនកាលនៅជាយុវជន ។
សូមចំណាយពេលមួយភ្លែត ហើយជញ្ជឹងគិតអំពីផ្នែកដែលព្រះយេស៊ូវគ្រីស្ទបានរីកចម្រើន និងអភិវឌ្ឍ ។ តើអ្នកមានអារម្មណ៍ថា អ្នកអាចរីកចម្រើននៅផ្នែកណាខ្លះ ?
បុគ្គលផ្សេងទៀតនៅក្នុងព្រះគម្ពីរទទួលបានពរជ័យ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការស្ថាបនាភាពខ្លួនទីពឹងខ្លួន ដើម្បីបំពេញតាមតម្រូវការខាងវិញ្ញាណ និងខាងសាច់ឈាមរបស់ពួកគេ ។
សូមជ្រើសរើសដំណើររឿងមួយ ពីដំណើររឿងក្នុងបទគម្ពីរបីខាងក្រោមនេះ ។ សូមអានវគ្គបទគម្ពីរនេះ ហើយនៅជាប់នឹងខគម្ពីរនេះ សូមកត់ចម្លើយរបស់អ្នកចំពោះសំណួរដែលភ្ជាប់មកជាមួយ ។ អ្នកអាចដាក់ស្លាកវគ្គបទគម្ពីរទាំងបីថា « ភាពខ្លួនទីពឹងខ្លួន » ។
-
ម៉ូសេ ៤:២៣–២៥; ៥:១ ( លោកអ័ដាម និងនាងអេវ៉ាកំពុងចាកចេញពីសួនច្បារអេដែន )
-
តើការដែលព្រះតម្រូវឲ្យលោកអ័ដាម និងនាងអេវ៉ាធ្វើការដើម្បីទទួលបានអាហាររបស់ពួកលោក បានផ្ដល់ពរដល់ពួកលោកលើសពីការដែលព្រះបានធ្វើឲ្យផែនដីបង្កើតផលដោយឯកឯងសម្រាប់ពួកលោកដោយរបៀបណា ?
-
-
លោកុប្បត្តិ ៦:១៤–១៦ ( ណូអេត្រូវការពារគ្រួសាររបស់លោកពីទឹកជំនន់ )
-
តើការរំពឹងឲ្យណូអេធ្វើទូកធំបានផ្ដល់ពរដល់លោក ជាងការដែលព្រះគ្រាន់តែប្រទានឲ្យដោយអព្ភូតហេតុដោយរបៀបណា ?
-
-
និក្ខំមនំ ១៩:១៩–២០ ( ម៉ូសេស្វែងរកសេចក្តីណែនាំមកពីព្រះអម្ចាស់នៅក្នុងទីរហោស្ថាន )
-
តើការរង់ចាំម៉ូសេឡើងភ្នំមុនពេលព្រះបានប្រទានវិវរណៈបន្ថែមទៀតដល់លោកបានផ្ដល់ពរដល់ម៉ូសេយ៉ាងដូចម្ដេច ?
-
សូមមើល « Education for a Better Life » ចាប់ពីនាទីទី ៣:៣៩ ដល់ ៤:៣៣ ។ អែលឌើរ យ៉ូសែប ដបុលយូ ស៊ីតាទី បង្រៀនពីរបៀបដើម្បីយកឈ្នះលើអារម្មណ៍នៃភាពមិនគ្រប់គ្រាន់ក្នុងការខិតខំរបស់យើងដើម្បីប្រែក្លាយជាមានភាពខ្លួនទីពឹងខ្លួន ។
ការសិក្សាស៊ីជម្រៅ ៖ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានប្រឹក្សាអំពី របៀបស្វែងរកជំនួយ នៅពេលអ្នកខិតខំដើម្បីប្រែក្លាយកាន់តែមានភាពខ្លួនទីពឹងខ្លួន ( « Waiting on the Road to Damascus » Liahona ខែឧសភា ឆ្នាំ២០១១ ) ។
ចែកចាយអ្វីដែលអ្នកបានរៀន
សូមស្រមៃថា អ្នកគឺជាអ្នកផ្សព្វផ្សាយសាសនាថ្មីនៅមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ។ គ្រូបង្រៀនរបស់អ្នកណែនាំពីជំនាញសំខាន់ថ្មីមួយដល់មណ្ឌលរបស់អ្នក ហើយអ្នកផ្សព្វផ្សាយសាសនាម្នាក់និយាយថា ៖ « វាពិបាកពេកហើយ ! ខ្ញុំមិនអាចធ្វើរឿងនោះបានទេ ! » សូមសរសេរសំបុត្រខ្លីមួយទៅកាន់អ្នកផ្សព្វផ្សាយសាសនារូបនោះ ដោយចែកចាយអ្វីដែលអ្នកបានរៀនអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយអ្នកឲ្យមានភាពជឿជាក់លើខ្លួនឯង និងរបៀបដែលអ្នកអាចលើកទឹកចិត្តពួកគេឲ្យរៀនជំនាញថ្មីនេះ ។ សូមប្រើដូចខាងក្រោមនេះ ៖
-
ការពិពណ៌នាអំពីអត្ថន័យនៃភាពខ្លួនទីពឹងខ្លួន
-
ហេតុផលដែលការស្ថាបនាភាពខ្លួនទីពឹងខ្លួនគឺសំខាន់ចំពោះព្រះវរបិតាសួគ៌ក្នុងផែនការរបស់ទ្រង់សម្រាប់យើង
-
ឧទាហរណ៍ផ្ទាល់ខ្លួន ឬក្នុងបទគម្ពីរអំពីនរណាម្នាក់ដែលបង្ហាញពីភាពខ្លួនទីពឹងខ្លួន
-
របៀបមួយដែលអ្នកអាចលើកទឹកចិត្តពួកគេឲ្យសាកល្បងជំនាញអ្នកផ្សព្វផ្សាយសាសនាថ្មីនេះ
ការសិក្សាស៊ីជម្រៅ ៖ សូមមើលវីដេអូ « All I Needed » ( ១:៤៤ ) ដើម្បីមើលឃើញគំរូសម័យទំនើបរបស់បុគ្គលទាំងឡាយដែលស្ថាបនាភាពខ្លួនទីពឹងខ្លួន ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីមូលហេតុដែលការស្ថាបនាភាពខ្លួនទីពឹងខ្លួនមានសារៈសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់អ្នក ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
សំបុត្រដែលអ្នកបានសរសេរទៅកាន់អ្នកផ្សព្វផ្សាយសាសនានៅក្នុងមណ្ឌលរបស់អ្នក ។