ការស្ថាបនាភាពខ្លួនទីពឹងខ្លួន ៖ មេរៀនទី ១៧៨
ការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន
ព្រះអម្ចាស់អាចជួយយើងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីមានភាពខ្លួនទីពឹងខ្លួន
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
សាលម៉ា រំភើបចិត្តនឹងបញ្ចប់ការសិក្សាពីថ្នាក់វិទ្យាល័យក្នុងរយៈពេលពីរឆ្នាំ ។ ប៉ុន្ដែ នាងមានអារម្មណ៍ភ័យខ្លាចអំពីចំនួនទឹកប្រាក់ដែលនាងត្រូវតែសន្សំសម្រាប់ពេលអនាគត ។
តើអ្នកនឹងផ្តល់ដំបូន្មានអ្វី ប្រសិនបើ ៖
-
សាលម៉ា សម្រេចចិត្តអធិស្ឋានជារៀងរាល់ថ្ងៃឲ្យព្រះប្រទានប្រាក់ដែលនាងនឹងត្រូវការបន្ទាប់ពីបញ្ចប់ការសិក្សា ។ នាងគ្មានគម្រោងស្វែងរកការងារទេ ដោយជឿជាក់ថាព្រះនឹងផ្គត់ផ្គង់នាង ។
-
សាលម៉ា មានអារម្មណ៍ថា ដោយសារលុយមិនមែនជា « រឿងខាងវិញ្ញាណ » នោះព្រះនឹងមិនចាប់អារម្មណ៍នឹងរឿងនេះនោះទេ ។ នាងសម្រេចចិត្តស្វែងរកការងារជារៀងរាល់ថ្ងៃដែលត្រូវនឹងកាលវិភាគសាលារៀនរបស់នាង ។ នាងដាក់ផែនការជួបជាមួយម្ចាស់អាជីវកម្ម ដាក់ប្រវត្តិរូបសង្ខេប និងរៀនជំនាញថ្មីៗដែលនឹងធ្វើឲ្យនាងកាន់តែមានតម្លៃសម្រាប់ហាងនៅក្នុងមូលដ្ឋាន ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកអនុវត្តសេចក្ដីជំនឿដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងប្រទានពរដល់អ្នកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន ។
រៀនអំពីរបៀបធ្វើ
ការផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ
ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល ទីប្រឹក្សាទីមួយនៃគណៈប៊ីស្សពជាអធិបតី បានពន្យល់ ៖
បន្ទាប់មក រឿងគ្រប់យ៉ាងចង្អុលទៅរកព្រះយេស៊ូវគ្រីស្ទ ជាគ្រឹះដែលយើងត្រូវសង់លើ ទោះជាការបម្រុងទុកខាងសាច់ឈាមក្ដី ។
ការត្រៀមខ្លួនខាងសាច់ឈាម និងភាពខ្លួនទីពឹងខ្លួនមានន័យថា « គឺជាការជឿថាតាមរយៈព្រះគុណ ឬព្រះចេស្ដាដែលអាចធ្វើទៅបានរបស់ព្រះយេស៊ូវគ្រីស្ទ និងការខិតខំរបស់យើងផ្ទាល់ នោះយើងអាចទទួលបាននូវអ្វីៗដែលចាំបាច់សម្រាប់ជីវិតទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ដូចដែលយើងចង់បានសម្រាប់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង » ។ ( « There Was Bread » Liahona ខែតុលា ឆ្នាំ២០២០ ទំព័រ ៤៤ )
តើការផ្តោតលើព្រះយេស៊ូវគ្រីស្ទនឹងផ្លាស់ប្តូរអារម្មណ៍របស់ សាលម៉ា យ៉ាងដូចម្តេច ? តើដំបូន្មាននេះមានឥទ្ធិពលលើអ្វីដែលអ្នកនឹងនិយាយទៅកាន់ សាលម៉ា យ៉ាងដូចម្តេច ?
ភាពខ្លួនទីពឹងខ្លួនគឺជា « សមត្ថភាព ការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ដើម្បីផ្ដល់ជូននូវភាពចាំបាច់ខាងវិញ្ញាណ និងទាំងខាងសាច់ឈាមនៃជីវិតសម្រាប់ខ្លួនឯង និងគ្រួសារ » ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ២២.០ នៅក្នុងបណ្ណាល័យដំណឹងល្អ ) ។ សូមគិតពិចារណាពីប្រភេទខាងក្រោម និងអំពីតម្រូវការរបស់អ្នកសម្រាប់ជំនួយរបស់ព្រះអង្គសង្គ្រោះ ដើម្បីកាន់តែមានភាពខ្លួនទីពឹងខ្លួន ។ សូមចំណាយពេលមួយភ្លែតដើម្បីសរសេរការណ៍ទាំងនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ នៅជិតនឹងប្រភេទដ៏លំបាកបំផុតមួយ ឬពីរ សម្រាប់អ្នក សូមសរសេរនូវឧបសគ្គទាំងឡាយដែលអ្នកត្រូវការជំនួយពីព្រះអង្គសង្គ្រោះ ។
-
ចំណេះដឹងអំពីដំណឹងល្អ
-
តម្រូវការហិរញ្ញវត្ថុបច្ចុប្បន្ន និងអនាគត
-
ការអប់រំ និងការងារ
-
តម្រូវការខាងរាងកាយ
-
តម្រូវការខាងសតិអារម្មណ៍ និងខាងសង្គម
នៅពេលអ្នកបន្តសិក្សានៅថ្ងៃនេះ សូមចងចាំនូវផ្នែកដែលអ្នកត្រូវការជំនួយខ្លាំងបំផុត ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីពង្រឹងសេចក្តីជំនឿរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នកនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន ។
ពរជ័យនៃភាពខ្លួនទីពឹងខ្លួន
តើអ្នកដឹងអំពីរឿងរបស់យ៉ូសែប ដែលត្រូវបានលក់ឲ្យធ្វើជាទាសករ និងនាំទៅប្រទេសអេស៊ីព្ទដែរឬទេ ? លោកបានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនពេញមួយជីវិតរបស់លោក ។ លោកបានជ្រើសរើសធ្វើសកម្មភាពដោយសេចក្តីជំនឿ ហើយអនុញ្ញាតឲ្យព្រះអម្ចាស់ធ្វើការនៅក្នុងជីវិតរបស់លោក ។ សូមអានបទពិសោធន៍របស់លោក ។ នៅពេលអ្នកសិក្សាផ្នែកខ្លះនៃជីវិតរបស់លោក សូមគូសសម្គាល់ពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់យ៉ូសែប នៅពេលដែលលោកបានអនុវត្តសេចក្តីជំនឿលើទ្រង់ ។
ការធ្វើការឲ្យប៉ូទីផារ
ទោះបីជាយ៉ូសែបត្រូវបានបងប្អូនរបស់លោកលក់ទៅឲ្យធ្វើជាទាសករនៅអាយុ១៧ឆ្នាំក៏ដោយ ក៏ប៉ូទីផារបានតែងតាំងឲ្យលោកធ្វើជាអ្នកត្រួតត្រានៅផ្ទះរបស់លោកដែរ ។
សូមអាន លោកុប្បត្តិ ៣៩:១–៦ ។
ការធ្វើការឲ្យមេភូឃុំ
យ៉ូសែបជួបប្រទះការបរាជ័យម្តងទៀត នៅពេលដែលប៉ូទីផារបានបញ្ជូនលោកទៅដាក់គុក ដោយសារការចោទប្រកាន់មិនពិត ។
សូមអាន លោកុប្បត្តិ ៣៩:២១–២៣ ។
ការបកស្រាយសុបិនរបស់បាវបម្រើរបស់ស្ដេចផារ៉ោន
នៅក្នុងគុកជាមួយយ៉ូសែប នាយពិសេសថ្វាយពែង និងអ្នកដុតនំរបស់ផារ៉ោនមានសុបិនដែលពួកគេមិនយល់ ។
សូមអាន លោកុប្បត្តិ ៤០:៧–៨, ១២–១៤, ១៨–១៩, ២១–២៣ ។
ការធ្វើការឲ្យផារ៉ោន
ខណៈពេលដែលដំបូងឡើយត្រូវបានបំភ្លេចចោលនៅក្នុងគុក ទីបំផុតយ៉ូសែប ត្រូវបានហៅឲ្យបកស្រាយសុបិនរបស់ផារ៉ោន ។ សុបិននេះតំណាងឲ្យរយៈពេលប្រាំពីរឆ្នាំនៃការប្រមូលផលល្អ ដែលបន្ទាប់ពីនោះនឹងមានគ្រោះអំណត់រយៈពេលប្រាំពីរឆ្នាំនៅក្នុងប្រទេសអេស៊ីព្ទ ។ យ៉ូសែបបានស្នើនូវដំណោះស្រាយដល់ផារ៉ោនទាក់ទងនឹងរបៀបដែលប្រទេសអេស៊ីព្ទទាំងមូលអាចរៀបចំខ្លួនបាន ។
សូមអាន លោកុប្បត្តិ ៤១:៣៧–៤៣, ៤៩, ៥៤–៥៥ ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកគិតថា ដំណើររឿងនេះអាចបញ្ចប់ដោយរបៀបណា ប្រសិនបើយ៉ូសែបគ្មានសេចក្ដីជំនឿលើព្រះទេនោះ ? ប្រសិនបើយ៉ូសែបគ្មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងទេនោះ ?
-
តើអ្នកគិតថា ដំណើររឿងនេះអាចអនុវត្តចំពោះជីវិតរបស់ក្មេងជំទង់ម្នាក់ដោយរបៀបណា ?
ការសិក្សាស៊ីជម្រៅ ៖ សម្រាប់ព័ត៌មានបន្ថែមអំពីភាពខ្លួនទីពឹងខ្លួន និងពរជ័យដែលបានសន្យារបស់ព្រះអម្ចាស់ សូមមើលវីដេអូ « I Will Provide for My Saints » ( ៣:០៨ ) ។
ភាពខ្លួនទីពឹងខ្លួន និងជំនួយដ៏ទេវភាពរបស់ព្រះអម្ចាស់
នៅពេលដែលពួកបរិសុទ្ធបានរងទុក្ខនឹងការបៀតបៀនក្នុងក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី យ៉ូសែប ស្ម៊ីធ បានជាប់គុកនៅក្នុងគុកលិបើទី ។ លោកបានសរសេរសំបុត្រមួយដើម្បីលើកទឹកចិត្តពួកគេឲ្យពឹងផ្អែកលើព្រះអម្ចាស់ ។ ដំបូន្មានរបស់លោកបង្ហាញពីរបៀប យើងអាចធ្វើសកម្មភាពដោយស្មោះត្រង់ និងពឹងផ្អែកលើជំនួយដ៏ទេវភាពរបស់ព្រះអម្ចាស់ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៣:១៧ ។ សូមគូសសម្គាល់ឃ្លាដែលបង្ហាញពីសេចក្តីពិតនេះ ។
សូមគិតមួយភ្លែតអំពីជីវិតរបស់អ្នក ។ សូមមើលទៅប្រភេទដែលអ្នកមានអារម្មណ៍ថា អ្នកត្រូវការជំនួយខ្លាំងបំផុតនៅពេលនេះ ។ សូមពន្យល់តាមពាក្យពេចន៍ផ្ទាល់ខ្លួនរបស់អ្នកដូចខាងក្រោម ៖
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីធ្វើសកម្មភាពដោយស្មោះត្រង់ ?
-
តើអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីពឹងផ្អែកលើព្រះអម្ចាស់ និងព្រះសមត្ថភាព និងព្រះរាជបំណងរបស់ទ្រង់ដើម្បីដឹកនាំ និងប្រទានពរដល់ជីវិតរបស់អ្នក ?
ការសិក្សាស៊ីជម្រៅ ៖ តើអ្នកធ្វើអ្វីខ្លះ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកបរាជ័យក្នុងការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីប្រែក្លាយជាមានភាពខ្លួនទីពឹងខ្លួន ? សូមអាន « Tomorrow the Lord Will Do Wonders Among You » ( Liahona ខែមេសា ឆ្នាំ២០១៦ ) ដោយប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកអនុវត្តសេចក្ដីជំនឿដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងប្រទានពរដល់អ្នកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
ប្រភេទដែលអ្នកបានគិត ។ សូមរួមបញ្ចូលពីរបៀបដែលអ្នកអាចមានភាពខ្លួនទីពឹងខ្លួន និងរបៀបដែលព្រះអម្ចាស់អាចប្រទានពរដល់អ្នក ។