ម៉ាឡាគី ៖ មេរៀនទី ១៦០
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១០
អេម៉ុស–ម៉ាឡាគី
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ការគិតពិចារណា និងការវាយតម្លៃពីការអភិវឌ្ឍខាងវិញ្ញាណរបស់យើង ជួយយើងឲ្យក្លាយជាសិស្សដ៏ប្រសើររបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យគិតពិចារណាពីគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធន៍ ក្នុងអំឡុងការសិក្សារបស់អ្នកនាពេលថ្មីៗនេះអំពីព្រះគម្ពីរសញ្ញាចាស់ ។
រំឭកបទគម្ពីរឡើងវិញ
សូមគិតពីរបៀបដែលអ្នកបានរីកចម្រើនខាងវិញ្ញាណ ហើយខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទពេញមួយឆ្នាំនេះ ។ ហេតុអ្វីវាជាការណ៍ល្អដើម្បីផ្អាកម្តងម្កាល ហើយស្គាល់នូវអ្វីដែលយើងបានរៀន ឬរបៀបដែលយើងរីកចម្រើន ?
សូមបង្កើតប្រអប់ពីរដូចខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
នៅក្នុងប្រអប់នីមួយៗសូមគូរ ឬសរសេររបៀបមួយដែលអ្នកមានអារម្មណ៍ថា អ្នកបានរីកចម្រើន ឬខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទពេញមួយឆ្នាំនេះ ។ វាអាចមានដូចជា « រូបភាព » មួយអំពីបទពិសោធន៍របស់អ្នក ។ វាអាចរួមមាន ៖
-
របៀបដែលអ្នកកំពុងព្យាយាមប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ របៀបទាំងនេះអាចរួមបញ្ចូលនូវគោលដៅ និងផែនការដែលអ្នកបានដាក់ពេញមួយឆ្នាំ ។ ប្រសិនបើអ្នកបានដាក់ផែនការមួយ កាលអ្នកបានសិក្សាព្រះគម្ពីរ សូមពិចារណាបញ្ចូលបទគម្ពីរទាំងនោះ ។
-
បទគម្ពីរ ឬការបង្រៀនដែលបានជួយ ឬពង្រឹងអ្នក ។ អ្នកប្រហែលជាចង់បញ្ចូលខគម្ពីរ ឬជំពូកនានាដើម្បីចែកចាយជាមួយអ្នកដទៃ ។
-
បទពិសោធន៍របស់អ្នក ។ បទពិសោធន៍ទាំងនេះរួមមាននូវការទទួលបានចម្លើយចំពោះការអធិស្ឋាន ការបម្រើអ្នកដទៃ និងការទទួលបានអារម្មណ៍ថាមានជំនួយរបស់ព្រះអម្ចាស់នៅក្នុងការសាកល្បងមួយ ។
សូមផ្អាក ហើយយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នករៀនស្គាល់របៀបដែលអ្នកកំពុងរៀន និងរីកចម្រើន ។ ការស្គាល់ព្រះសូរសៀងរបស់ព្រះវិញ្ញាណគឺមិនងាយស្រួលទេ ហើយទាមទារពេលវេលា និងការអនុវត្ត ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើព្យាការីរបស់ព្រះអម្ចាស់មានតួនាទីអ្វីខ្លះ ?
អ្នកប្រហែលជាបានរៀនអំពីតួនាទីរបស់ព្យាការីនៃព្រះអម្ចាស់នៅក្នុង « មេរៀនទី ១៣៨ ៖ អេសេគាល ១–៣; ៣៣ » និង « មេរៀនទី ១៤៩ ៖ អេម៉ុស ៣; ៧ » ។ សូមចំណាយពេលពីរបីនាទី ដើម្បីពិនិត្យមើលបទគម្ពីរខាងក្រោមនេះ រួមជាមួយនឹងកំណត់ចំណាំណាមួយអំពីតួនាទីរបស់ព្យាការី ។
-
អេសេគាល ៣:១០–១១, ១៦–១៧
-
អេម៉ុស ៣:៧
សាសនាចក្រដាក់ធនធានលើអនឡាញសម្រាប់អ្នកដែលចង់រៀនអំពីប្រធានបទមួយចំនួន ។ ធនធានមួយគឺ ប្រធានបទ និងសំណួរ នៅក្នុងបណ្ណាល័យដំណឹងល្អ ។
សូមប្រើការណែនាំខាងក្រោម ដើម្បីសរសេរអត្ថបទមួយដែលមានបីប្រយោគអំពីព្យាការី ដែលអាចប្រើបាននៅក្នុងបណ្ណាល័យដំណឹងល្អ ។ សូមកត់ត្រាសកម្មភាពនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
សូមសរសេរប្រយោគដំបូងរបស់អ្នក ដោយប្រើអ្វីដែលអ្នកដឹងអំពីតួនាទីរបស់ព្យាការីមកពី អេសេគាល ៣:១០–១១, ១៦–១៧ ។
-
សូមសរសេរប្រយោគទីពីរ ដោយផ្អែកលើអ្វីដែលអ្នកដឹងអំពីតួនាទីរបស់ព្យាការីមកពី អេម៉ុស ៣:៧ ។
-
សូមសរសេរប្រយោគទីបី ដោយផ្អែកលើអ្វីផ្សេងទៀតដែលអ្នកបានរៀនមកពីការសិក្សារបស់អ្នកនៅក្នុងព្រះគម្ពីរសញ្ញាចាស់អំពីតួនាទីរបស់ព្យាការី ។
ជម្រើស ខ
តើអ្វីជាព្រះបរមងារ តួនាទី និងនិមិត្តសញ្ញានៃព្រះយេស៊ូវគ្រីស្ទ ?
សូមពិចារណាពីព្រឹត្តិការណ៍បទគម្ពីរនៅក្នុងព្រះគម្ពីរសញ្ញាចាស់នៅក្នុងរូបភាពខាងលើនេះ ។ ព្រឹត្តិការណ៍ទាំងនេះបង្ហាញពីព្រះអង្គសង្គ្រោះ ឬព្រះចេស្ដារបស់ទ្រង់ ។ តើរូបភាពទាំងនេះនីមួយៗបង្រៀនយើងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេររឿង ពីរ ដែលអ្នកបានរៀនអំពីព្រះអង្គសង្គ្រោះនៅឆ្នាំនេះ ដែលមានសារៈសំខាន់ចំពោះអ្នក ។ រឿងទាំងនេះអាចមកពីដំណើររឿងក្នុងព្រះគម្ពីរសញ្ញាចាស់ ឬវាអាចជាព្រះបរមងារមួយរបស់ព្រះអង្គសង្គ្រោះ និមិត្តសញ្ញាមួយអំពីទ្រង់ ឬតួនាទីមួយរបស់ទ្រង់ ។ សូមបញ្ចូលសេចក្តីយោងបទគម្ពីរជាមួយការយល់ដឹងរបស់អ្នក ។ សូមពន្យល់ពីមូលហេតុដែលការយល់ដឹងនេះមានអត្ថន័យចំពោះអ្នក ។
ជម្រើស គ
ហេតុអ្វីបានជាវាសំខាន់ដើម្បីគោរពប្រតិបត្តិតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃរបស់ព្រះអម្ចាស់ ?
សូមពិចារណាពីរូបភាពខាងលើនេះ ។ តើអ្នកនៅចងចាំអ្វីខ្លះ មកពីដំណើររឿងដែលមាននៅក្នុង ដានីយ៉ែល ១ ? សូមរំឭកឡើងវិញនៅក្នុងបដា ឬកំណត់ចំណាំដែលអ្នកបានសរសេរអំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃនៅក្នុង មេរៀនទី ១៤២ ៖ « ដានីយ៉ែល ១ » ។
« មេរៀនទី ១៤២ ៖ ដានីយ៉ែល ១ » បានបង្រៀនថា ការគោរពប្រតិបត្តិតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃរបស់ព្រះអម្ចាស់ នាំឲ្យមានពរជ័យខាងសាច់ឈាម និងខាងវិញ្ញាណ ។ ជាផ្នែកមួយនៃមេរៀននោះ អ្នកប្រហែលបានបំពេញប្រយោគខាងក្រោមនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖ « រឿងមួយដែលខ្ញុំអាចធ្វើបាន ដែលនឹងជួយខ្ញុំឲ្យគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃគឺ … »
បន្ទាប់ពីរំឭកឡើងវិញនូវរបៀបដែលអ្នកបានបំពេញសេចក្តីថ្លែងការណ៍នោះហើយ សូមឆ្លើយសំណួរខាងក្រោមនេះ មួយ ឬច្រើន នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកបានខិតខំធ្វើអ្វីខ្លះ ដើម្បីគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ?
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះ ពេលព្យាយាមគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ?
-
តើអ្នកបានឃើញព្រះប្រទានពរដល់អ្នក ឬអ្នកដទៃខាងរូបកាយ ឬខាងវិញ្ញាណតាមរយៈការគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃដែរឬទេ ?
ចែកចាយការរៀនសូត្ររបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យគិតពិចារណាអំពីគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធន៍ អំឡុងពេលសិក្សាព្រះគម្ពីរសញ្ញាចាស់របស់អ្នកនាពេលថ្មីៗនេះ ។
សូមចែកចាយចំណុចមួយ នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀនរបស់អ្នក ៖
-
សំណេរបីប្រយោគរបស់អ្នកអំពីព្យាការីសម្រាប់បណ្ណាល័យដំណឹងល្អ ។
-
រឿងពីរដែលអ្នកបានរៀនអំពីព្រះអង្គសង្គ្រោះនៅឆ្នាំនេះ ដែលមានសារៈសំខាន់សម្រាប់អ្នក ។
-
ការឆ្លើយតបរបស់អ្នកចំពោះសំណួរអំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។