អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ មេរៀនទី ១៣៨
អេសេគាល ១–៣; ៣៣
« យើងបានតាំងឯងឲ្យជាអ្នកយាម »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើយើងអាចរក្សាសុវត្ថិភាពបានយ៉ាងដូចម្តេច បើគ្រោះថ្នាក់ខាងវិញ្ញាណមានច្រើននៅក្នុងពិភពលោកនេះ ? ព្រះអម្ចាស់ហៅពួកព្យាការីឲ្យបម្រើជាអ្នកយាមដើម្បីព្រមាន និងការពារយើង ។ ព្រះអម្ចាស់បានហៅអេសេគាលឲ្យធ្វើជាអ្នកយាមសម្រាប់ពួកសាសន៍អ៊ីស្រាអែល ខណៈជាប់ជាឈ្លើយរបស់សាសន៍បាប៊ីឡូន ( សូមមើល អេសេគាល ៣:១៦–១៧ ) ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ចង់ស្តាប់តាមការព្រមាននៃព្យាការីរបស់ព្រះអម្ចាស់កាន់តែខ្លាំងឡើង ។
សិក្សាព្រះគម្ពីរ
ដោយមាន១៦៥ជាន់ និងកម្ពស់៨២៨ម៉ែត្រ ( ២,៧១៧ ហ្វីត ) អគារ ប៊ឺជ ខាលីហ្វា ក្នុងទីក្រុងឌូបៃ ផ្តល់នូវទិដ្ឋភាពដ៏វិសេសវិសាល ។ ចេញពីកន្លែងសង្កេតមើលរបស់អគារនេះ អ្នកអាចមើលឃើញរហូតដល់៩៥គីឡូម៉ែត្រ ( ៥៩ ម៉ាយល៍ ) ឆ្ងាយជាងចម្ងាយដែលអាចមើលឃើញឈរនៅលើដីរាបស្មើ២០ដង ។
ខណៈពេលដែលអគារ ប៊ឺជ ខាលីហ្វា គឺជាឧទាហរណ៍ដ៏អស្ចារ្យមួយ មនុស្សបានប្រើប៉មដើម្បីទទួលបានទិដ្ឋភាពដ៏ល្អប្រសើររាប់ពាន់ឆ្នាំមកហើយ ។ ព្រះអម្ចាស់បានប្រើគំនិតនេះ ដើម្បីបង្រៀនអេសេគាលនូវមេរៀនដ៏មានតម្លៃអំពីពួកព្យាការី ។
អេសេគាលត្រូវបានចាប់យកទៅក្រុងបាប៊ីឡូនជាមួយនឹងពួកសាសន៍អ៊ីស្រាអែលឯទៀត ។ ខណៈជាប់ជាឈ្លើយ ព្រះអម្ចាស់បានយាងមកជួបលោក ហើយបានហៅលោកឲ្យធ្វើជាព្យាការី ( សូមមើល អេសេគាល ១–២ ) ។
សូមអាន អេសេគាល ៣:១៦–១៧ ហើយគូសសម្គាល់អ្វីដែលព្រះអម្ចាស់បានប្រៀបធៀបអេសេគាលទៅ ។
នៅសម័យបុរាណ អ្នកយាមមានទីតាំងឈរនៅលើប៉ម ដើម្បីឲ្យពួកគេអាចមើលឃើញនូវអ្វីដែលអ្នកនៅខាងក្រោមពួកគេមិនអាចមើលឃើញ ។ ការងាររបស់ពួកគេគឺដើម្បីព្រមានប្រជាជនពីពួកសត្រូវចូលមកជិត ភ្លើង សត្វសាហាវ ឬការគំរាមកំហែងផ្សេងទៀត ។
អេសេគាល ៣:១៦–១៧ នេះគឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ សូមទន្ទេញឃ្លាសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ « ព្យាការីគឺជាអ្នកយាមដល់ពូជពង្សអ៊ីស្រាអែល » ។ សូមអានឃ្លានេះប្រាំដង ហើយបន្ទាប់មកព្យាយាមសូត្រឃ្លានេះ១០ដងដោយមិនមើល ។
នៅក្នុង អេសេគាល ៣៣ ព្រះអម្ចាស់បានបង្រៀនអេសេគាលម្តងទៀតអំពីការទទួលខុសត្រូវរបស់លោកក្នុងការបម្រើជាអ្នកយាម និងការចែកចាយសារលិខិតរបស់ព្រះជាមួយអ៊ីស្រាអែល ( សូមមើល អេសេគាល ៣៣:១–៧ ) ។
សូមដាក់តំណភ្ជាប់ អេសេគាល ៣:១៦–១៧ ទៅនឹង អេសេគាល ៣៣:១–៧ ។ បន្ទាប់មក សូមអាន អេសេគាល ៣៣:១–៧ ហើយរកមើលការពន្យល់របស់ព្រះអម្ចាស់អំពីរបៀបដែលព្យាការីដូចជាអ្នកយាម ។
ឥឡូវនេះ ដោយសារអ្នកបានសិក្សាអំពីអ្នកយាមរួចហើយ សូមធ្វើការកត់ចំណាំនៅក្បែរ អេសេគាល ៣:១៧ ហើយពន្យល់ពីមូលហេតុដែលការមានអ្នកយាមខាងវិញ្ញាណមានសារៈសំខាន់យ៉ាងខ្លាំង ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើការព្រមានអ្វីខ្លះដែលអ្នកយាមបានផ្ដល់ឲ្យក្នុងព្រះគម្ពីរ ?
ពេញមួយវគ្គសិក្សានេះ អ្នកត្រូវបានអញ្ជើញឲ្យគូសសម្គាល់ និងដាក់ស្លាកពាក្យរបស់ព្យាការី ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ពួកព្យាការីមើលឃើញការណ៍នានាជាមុន ។ ពួកលោកមើលឃើញគ្រោះថ្នាក់ ដែលបច្ចាមិត្តបានដាក់ ឬនឹងដាក់នៅតាមផ្លូវរបស់យើង ។ ពួកព្យាការីក៏មើលឃើញទុកជាមុននូវការទទួលខុសត្រូវ និងអភ័យឯកសិទ្ធិដែលរង់ចាំសម្រាប់អ្នកដែលស្ដាប់តាម ដោយមានចិត្តស្មោះក្នុងការគោរពប្រតិបត្តិផងដែរ ។ ( « Stand as True Millennials » Liahona ខែតុលា ឆ្នាំ២០១៦ ទំព័រ ៥៣ )
ការពិនិត្យចំណារពន្យល់ឡើងវិញ ។ កម្មវិធីឧបករណ៍ចល័តរបស់បណ្ណាល័យដំណឹងល្អអនុញ្ញាតឲ្យអ្នកមើលចំណារពន្យល់ទាំងអស់នៅកន្លែងតែមួយ ។ ដើម្បីប្រើមុខងារនេះ សូមចូលទៅកាន់ផ្នែក Study Tools នៃទំព័រដើម និងចុចលើរូបតំណាង Annotations ។ ប្រសិនបើអ្នកប្រើបណ្ណាល័យដំណឹងល្អជាកំណែនៅលើអនឡាញ សូមគ្រាន់តែចុចថត Notes ទៅបានហើយ ។
សូមចំណាយពេលពីរបីនាទីដើម្បីពិនិត្យមើលចំណារពន្យល់ដែលអ្នកបានកត់ត្រាក្នុងអំឡុងវគ្គសិក្សានេះ ដោយរកមើលដូចខាងក្រោម ៖
-
ការព្រមាន និងការទូន្មានដែលព្រះអម្ចាស់បានប្រទានមកតាមរយៈព្យាការីពីបុរាណ និងសម័យទំនើប
-
ពរជ័យដែលយើងអាចទទួលបាន ឬបញ្ហាប្រឈមនានាដែលយើងអាចចៀសវាងបានដោយការធ្វើតាមការព្រមានទាំងនេះ
ប្រសិនបើអ្នកមិនបានធ្វើការគូសសម្គាល់ណាមួយទេ សូមចាប់ផ្តើមឥឡូវនេះដោយដាក់ស្លាកការព្រមានដែលអ្នកឃើញនៅក្នុងខគម្ពីរខាងក្រោមថា « ការព្រមានរបស់ព្យាការី » ។
-
អេសាយ ៥:២០
-
កូរិនថូស ទី១ ៦:១៨–២០
ហេតុអ្វីបានជាព្រះបានប្រទានការព្រមានទាំងនេះ ? តើវានឹងផ្ដល់ពរជ័យដល់ជីវិតអ្នកដោយរបៀបណា ពេលធ្វើតាមការព្រមានទាំងនេះ ?
ជម្រើស ខ
តើអ្នកយាមរបស់ព្រះកំពុងព្រមានអ្វីខ្លះនៅសព្វថ្ងៃនេះ ?
ដូចព្រះអម្ចាស់បានហៅអេសេគាលឲ្យធ្វើជាអ្នកយាមដែរ នោះទ្រង់ក៏បានហៅអ្នកយាមនៅសព្វថ្ងៃនេះដែរ ។ ដូចជាអ្នកសង្កេតមើលនៅលើកំពូលអគារ ប៊ឺជ ខាលីហ្វា នោះដែរ ពួកគេអាចមើលឃើញអ្វីៗដែលយើងមិនអាចមើលឃើញ ។
តើអ្នកដឹងពីការព្រមាន និងដំបូន្មានអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានតាមរយៈអ្នកយាមរបស់ទ្រង់នាពេលថ្មីៗនេះ ?
សូមសិក្សាសុន្ទរកថាពីសន្និសីទទូទៅនាពេលថ្មីៗនេះ ពីសមាជិកម្នាក់នៅក្នុងគណៈប្រធានទីមួយ ឬកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមអានសុន្ទរកថានោះ ហើយគូសសម្គាល់ ឬដាក់ស្លាកការព្រមាន ឬដំបូន្មានណាមួយ ។
នៅពេលអ្នកសិក្សា សូមពិចារណាពីរបៀបដែលការព្រមានរបស់ពួកលោកគឺជាភស្តុតាងនៃសេចក្តីស្រឡាញ់របស់ព្រះ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមានអារម្មណ៍ចង់ស្តាប់តាមការព្រមាននៃព្យាការីរបស់ព្រះអម្ចាស់កាន់តែខ្លាំងឡើង ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ការព្រមាន ឬការសន្យាចំនួនបីដែលអ្នកបានគូសសម្គាល់ ឬដាក់ស្លាកពីមុន ។
-
ការព្រមានមួយពីសន្និសីទទូទៅ និងរបៀបដែលវាគឺជាភស្តុតាងនៃសេចក្តីស្រឡាញ់របស់ព្រះ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?