អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ មេរៀនទី ១៤០
អេសេគាល ៣៧
ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
អេសេគាលត្រូវបានអនុញ្ញាតឲ្យមើលឃើញពីអនាគត រួមទាំងរបៀបដែលព្រះនឹងជួយវង្សអ៊ីស្រាអែលឲ្យត្រឡប់មករកព្រះយេស៊ូវគ្រីស្ទវិញនៅថ្ងៃចុងក្រោយបង្អស់ផងដែរ ។ ឧបករណ៍មួយដែលទ្រង់នឹងប្រើគឺព្រះគម្ពីរ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីរបៀបដែលព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនធ្វើការរួមគ្នា ក្នុងនាមជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
សិក្សាព្រះគម្ពីរ
សូមស្រមៃថា អ្នកមើលឃើញការចុះផ្សាយមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលសួរថា « ហេតុអ្វីបានជាអ្នកត្រូវការព្រះគម្ពីរមរមន ប្រសិនបើអ្នកជឿលើព្រះគម្ពីរប៊ីបហើយនោះ ? » តើអ្នកមានទំនុកចិត្តកម្រិតណាលើសមត្ថភាពរបស់អ្នកក្នុងការឆ្លើយសំណួរនេះ ?
នៅចុងបញ្ចប់នៃមេរៀននេះ អ្នកនឹងមានឱកាសដើម្បីអនុវត្តការឆ្លើយតបចំពោះសំណួរនេះ ។
ក្នុងសម័យអេសេគាល វង្សអ៊ីស្រាអែលត្រូវបានគេវាយយក ហើយបានខ្ចាត់ខ្ចាយ ។ ព្រះអម្ចាស់បានបង្ហាញអេសេគាលពីការប្រមូលផ្ដុំនៃអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។ នៅក្នុងការនិមិត្តទាំងនេះ ព្រះអម្ចាស់បានពន្យល់ពីរបៀបដែលព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រះគម្ពីរនឹងជួយប្រមូលសាសន៍អ៊ីស្រាអែល ។ ពេលអ្នកសិក្សា អេសេគាល ៣៧ នៅថ្ងៃនេះ សូមយាងអញ្ជើញព្រះវិញ្ញាណឲ្យជួយអ្នកដឹងពីរបៀបដែលព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនធ្វើជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
សូមអាន អេសេគាល ៣៧:១–៦ ។ សូមគូសសម្គាល់អ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យវង្សអ៊ីស្រាអែលដឹង ។
ជាផ្នែកមួយនៃការប្រោសលោះរាស្ដ្រទ្រង់ ព្រះអង្គសង្គ្រោះបានសន្យាថានឹងនាំពួកគេទៅកាន់ដែនដីអ៊ីស្រាអែល ( សូមមើល ខទី ១២ ) ។ ការនិមិត្តរបស់អេសេគាលអាចតំណាងឲ្យបំណងប្រាថ្នារបស់ព្រះអម្ចាស់ដើម្បីប្រមូលរាស្រ្តរបស់ទ្រង់ និងការរស់ឡើងវិញរបស់អ៊ីស្រាអែលនាពេលអនាគត ។
សូមអាន អេសេគាល ៣៧:១៥–២០ ហើយរកមើលការសន្យារបស់ព្រះអម្ចាស់អំពីព្រះគម្ពីរនៅសម័យចុងក្រោយនេះ ។
ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ៖
ជាការពិតណាស់ បន្ទះឈើគឺជាកំណត់ត្រា ឬសៀវភៅ ។ នៅអ៊ីស្រាអែលពីសម័យបុរាណ កំណត់ត្រាត្រូវបានសរសេរលើបន្ទះឈើ ឬក្រាំងដែលរមូរជុំវិញបន្ទះឈើ។ …
បន្ទះឈើ ឬកំណត់ត្រារបស់យូដា—ដែលជាព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី—និងបន្ទះឈើ ឬកំណត់ត្រារបស់អេប្រាអិម—ដែលជាព្រះគម្ពីរមរមន ដែលជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ—ឥឡូវនេះត្រូវបានគេត្បាញចូលគ្នាតាមរបៀបមួយដែលថា កាលណាអ្នកពេញចិត្តព្រះគម្ពីរមួយនេះ នោះអ្នកក៏នឹងពេញចិត្តព្រះគម្ពីរមួយនោះដែរ ពីព្រោះអ្នករៀនពីព្រះគម្ពីរមួយ អ្នកក៏ត្រូវបានបំភ្លឺដោយព្រះគម្ពីរមួយទៀតដែរ ។ ( « Scriptures » Ensign ខែតុលា ឆ្នាំ១៩៨២ ទំព័រ ៥១, ៥៣ )
អេសេគាល ៣៧:១៥–១៧ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ សូមទន្ទេញឲ្យចាំនូវសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ « ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនធ្វើជាបន្ទះតែមួយដើម្បីឲ្យបានជាប់ជាមួយគ្នានៅដៃឯង » ។ របៀបមួយដែលអ្នកអាចទន្ទេញឃ្លានេះគឺការធ្វើចលនាដៃ ។ អ្នកអាចលើកដៃម្ខាងឡើង នៅពេលនិយាយថា « ព្រះគម្ពីរប៊ីប » ។ សូមលើកដៃរបស់អ្នកម្ខាងទៀតឡើង នៅពេលអ្នកនិយាយថា « និងព្រះគម្ពីរមរមន » ។ បន្ទាប់មកយកដៃភ្ជាប់គ្នា នៅពេលអ្នកនិយាយថា « ដើម្បីឲ្យបានជាប់ជាមួយគ្នានៅដៃឯង » ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនទាំងពីរក្បាលថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ។ ព្រះគម្ពីរទាំងពីរបង្រៀនថា ទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះ ថាទ្រង់បានរស់នៅក្នុងព្រះជន្មដ៏ជាគំរូមួយ ថាទ្រង់បានធ្វើដង្វាយធួនសម្រាប់មនុស្សទាំងអស់ ថាទ្រង់បានសុគតនៅលើឈើឆ្កាង ហើយបានរស់ឡើងវិញម្ដងទៀត ជាព្រះអម្ចាស់ដ៏មានព្រះជន្មរស់ ។ វាបង្រៀនថា ទ្រង់គឺជាព្រះអង្គសង្រ្គោះនៃពិភពលោក ។
សាក្សីជាព្រះគម្ពីរទាំងនេះបញ្ជាក់ភាពពិតដល់គ្នាទៅវិញទៅមក ។ គំនិតនេះត្រូវបានពន្យល់ជាយូរយារមកហើយ នៅពេលដែលព្យាការីម្នាក់បានសរសេរថា ព្រះគម្ពីរមរមនគឺ ‹ ត្រូវបានសរសេរឡើងក្នុងគោលបំណងដើម្បីឲ្យអ្នករាល់គ្នាជឿដល់ [ ព្រះគម្ពីរប៊ីប ] ហើយបើសិនជាអ្នករាល់គ្នាជឿដល់ [ ព្រះគម្ពីរប៊ីប ] នោះអ្នកនឹងជឿដល់ [ ព្រះគម្ពីរមរមន ] ផងដែរ › ( មរមន ៧:៩ ) ។ ( « Scriptural Witnesses » Liahona ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ ៤៣–៤៤ )
សូមកត់ចំណាំនៅជិតនឹង អេសេគាល ៣៧:១៥–២០ ដែលសង្ខេបអ្វីដែលអ្នកបានរៀនពីប្រធាន ផាកកឺ និងប្រធាន ណិលសុន ។ អ្នកក៏អាចភ្ជាប់សេចក្តីថ្លែងការណ៍របស់ពួកលោកទៅនឹង ខទី ១៥ បានផងដែរ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចជួយអ្នកដទៃឲ្យឃើញថា ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
The Prophet Ezekiel [ ព្យាការីអេសេគាល ] ដោយ លីល បែដឌីស
សូមសិក្សាប្រធានបទពីរ ឬច្រើន នៃប្រធានបទដូចខាងក្រោម ។ សូមដាក់ស្លាកបទគម្ពីរដែលអ្នកសិក្សាជាមួយប្រធានបទដែលពួកលោកមានប្រសាសន៍ ។
|
ប្រធានបទដំណឹងល្អ |
ដៃគូព្រះគម្ពីរ |
|---|---|
ប្រធានបទដំណឹងល្អ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ | ដៃគូព្រះគម្ពីរ ព្រះគម្ពីរប៊ីប ៖ អេសាយ ៥៣:៣–៥ ព្រះគម្ពីរមរមន ៖ អាលម៉ា ៧:១១–១៣ |
ប្រធានបទដំណឹងល្អ ការរស់ឡើងវិញរបស់មនុស្សទាំងអស់ដោយសារតែព្រះយេស៊ូវគ្រីស្ទ | ដៃគូព្រះគម្ពីរ ព្រះគម្ពីរប៊ីប ៖ កូរិនថូស ទី១ ១៥:២០–២២ ព្រះគម្ពីរមរមន ៖ អាលម៉ា ១១:៤២–៤៥ |
ប្រធានបទដំណឹងល្អ ព្រះអង្គសង្គ្រោះសន្យាថានឹងប្រមូល និងប្រោសលោះប្រជារាស្រ្តរបស់ទ្រង់ | ដៃគូព្រះគម្ពីរ ព្រះគម្ពីរប៊ីប ៖ អេសេគាល ៣៧:២១–២៣, ២៦–២៧ ព្រះគម្ពីរមរមន ៖ នីហ្វៃទី១ ១០:១៤ |
ប្រធានបទដំណឹងល្អ គុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ | ដៃគូព្រះគម្ពីរ ព្រះគម្ពីរប៊ីប ៖ អេសាយ ៦៣:៧ ព្រះគម្ពីរមរមន ៖ ម៉ូសាយ ៤:១១ |
ប្រសិនបើមាន សូមមើលវីដេអូ « What Is the Book of Mormon? » ( ០:៥៧ ) ។
សូមបង្កើតការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលឆ្លើយតបទៅនឹងសំណួរដែលមាននៅដើមមេរៀននេះ « ហេតុអ្វីបានជាអ្នកត្រូវការព្រះគម្ពីរមរមន ប្រសិនបើអ្នកជឿលើព្រះគម្ពីរប៊ីបហើយនោះ ? » សូមរួមបញ្ចូលឧទាហរណ៍មួយចំនួននៃរបៀបដែលព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
ជម្រើស ខ
ហេតុអ្វីយើងត្រូវការទាំងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ?
សូមកត់សម្គាល់នៅក្នុងរូបភាពខាងក្រោមពីរបៀបដែលអ្នកអាចបង្កើតបន្ទាត់ជាច្រើនតាមរយៈចំណុចមួយ ។ នៅពេលអ្នកមានចំណុចពីរ អ្នកអាចបង្កើតបានតែបន្ទាត់មួយប៉ុណ្ណោះ ដែលឆ្លងកាត់ចំណុចទាំងពីរ ។
តើចំណុចទាំងនេះអាចតំណាងឲ្យព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនយ៉ាងដូចម្ដេច ?
ខណៈដែលបម្រើក្នុងគណៈប្រធាននៃពួកចិតសិបនាក់ អែលឌើរ ថាត អរ ខាលីស្ទើរ បានបង្រៀន ៖
តើអ្នកធ្លាប់ឆ្ងល់ទេថា តើហេតុអ្វីបានជាមានព្រះវិហារគ្រិស្តសាសនាជាច្រើននៅលើពិភពលោកនាសព្វថ្ងៃនេះ កាលដែលពួកគេទទួលបានគោលលទ្ធិរបស់ខ្លួនចេញពីព្រះគម្ពីរប៊ីបតែមួយនោះ ? នោះគឺបណ្ដាលមកពីពួកគេបកស្រាយព្រះគម្ពីរប៊ីបតាមរបៀបដោយឡែកពីគ្នា ។ ប្រសិនបើពួកគេបកស្រាយព្រះគម្ពីរតាមរបៀបដូចៗគ្នានោះ ពួកគេនឹងក្លាយជាព្រះវិហារតែមួយ ។ នេះមិនមែនជាស្ថានភាពដែលព្រះអម្ចាស់សព្វព្រះទ័យនោះទេ ដ្បិតសាវកប៉ុលបានប្រកាសថា មាន ‹ ព្រះអម្ចាស់តែមួយ សេចក្តីជំនឿតែមួយ បុណ្យជ្រមុជតែមួយ › ( អេភេសូរ ៤:៥ ) ។ ដើម្បីនាំឲ្យមានភាពតែមួយនេះកើតឡើងបាន ព្រះអម្ចាស់បានបង្កើតច្បាប់ដ៏ទេវភាពនៃសាក្សីភាពឡើង ។ ប៉ុលបានបង្រៀនថា « គ្រប់ការទាំងអស់នឹងបានសម្រេច ដោយនូវមាត់ស្មរបន្ទាល់២ ឬ៣នាក់ » ( កូរិនថូស ទី២ ១៣:១ ) ។
ព្រះគម្ពីរប៊ីបគឺជាសាក្សីមួយអំពីព្រះយេស៊ូវគ្រីស្ទ ហើយព្រះគម្ពីរមរមនគឺជាសាក្សីមួយទៀត ។ ( « The Book of Mormon—a Book from God » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ ៧៥ ) ។
ដោយប្រើអ្វីដែលអ្នកបានរៀនចេញពី អេសេគាល ៣៧ និងអែលឌើរ ខាលីស្ទើរ សូមសរសេរក្នុងសៀវភៅកត់ចំណាំរបស់អ្នកអំពីមូលហេតុដែលយើងត្រូវការទាំងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីរបៀបដែលព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនធ្វើការរួមគ្នា ក្នុងនាមជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានកត់ត្រាអំពីរបៀបដែលព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
-
ការចុះផ្សាយប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកអំពីព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?