ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣៩ ៖ អេសេគាល ៣៤—« គាត់​នឹង … ធ្វើ​ជា​អ្នក​គង្វាល​ដល់​ហ្វូង »


ព្រះយេស៊ូវ​លី​កូន​ចៀម​នៅ​លើ​ស្មា​របស់​ទ្រង់

អ្នកគង្វាល​ល្អ ដោយ ឌែល ផាសិន

អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ មេរៀន​ទី ១៣៩

អេសេគាល ៣៤

« គាត់​នឹង … ធ្វើ​ជា​អ្នក​គង្វាល​ដល់​ហ្វូង »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

យើង​ទាំងអស់គ្នា​មាន​អារម្មណ៍​ថា​វង្វេង ខូចចិត្ត ឈឺ ឬ​ខ្វះខាត នៅ​ពេលខ្លះ ។ ព្រះវរបិតា​សួគ៌​បានចាត់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​មក​ជួយ « សត្វ​ណា​ដែល​បាក់​ជើង … នឹង​រុំ​អប​ឲ្យ » និង « ចម្រើន​កម្លាំង​ដល់​ណា​ដែល​ឈឺ » ( អេសេគាល ៣៤:១៦ ) ។ នៅក្នុង អេសេគាល ៣៤ ព្យាការី​អេសេគាល​ប្រដូច​របៀប​ដែល​អ្នក​គង្វាល​ល្អ​មើល​ថែ​ហ្វូង​ចៀម​របស់​គាត់ ទៅ​នឹង​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​មើល​ថែ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ស្វែងរក និង​មើល​ថែ​ដល់​អ្នក​ដទៃ ។

សិក្សា​ព្រះគម្ពីរ

ចៀម

នៅពេល​អ្នកឡើងភ្នំ​បាន​រកឃើញ គ្រីស ជា​ចៀម​នៅ​កន្លែង​ដាច់​ស្រយាល​មួយ​នៃ​ប្រទេស​អូស្ត្រាលី ជីវិត​របស់​វា​កំពុង​ស្ថិត​នៅក្នុង​គ្រោះថ្នាក់ ។ អ្នកគង្វាល​ជា​ធម្មតា​កាត់​រោម​ចៀម​ពី​២ ទៅ​៥​គីឡូក្រាម ( ៥ ទៅ ១០ ផោន ) រាល់​ពេល​កាត់​ម្ដងៗ ប៉ុន្តែ​អ្នក​គង្វាល​មិន​បាន​កាត់​រោម​របស់ គ្រីស ទេ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ការធ្វេសប្រហែស​នេះ​បាន​ធ្វើ​ឲ្យ​វា​មាន​រោម​ក្រាស់​រហូត​ដល់​គំរាមកំហែង​អាយុ​ជីវិត​វា​ថែម​ទៀត​ផង ។ នៅពេល​ដែល​ពួក​អ្នក​ជួយសង្គ្រោះ​បាន​កាត់​រោម​ចៀម​ចេញ ពួកគេ​បាន​បំបែក​កំណត់ត្រា​កាត់​រោមចៀម​បាន​ចំនួន​៤១​គីឡូក្រាម ( ៩០.៥ ផោន ) ចេញពី​ខ្លួន​របស់​វា ។

រឿង​នេះ​បានជំរុញ​ឲ្យ​មាន​ការសន្ទនា​អំពី​ទំនួលខុសត្រូវ​របស់​មនុស្ស​ក្នុង​ការថែរក្សា​សត្វ​ដូចជា គ្រីស ជា​កូន​ចៀម​នេះ​ជាដើម ។ ជាច្រើន​ឆ្នាំ​មុន ព្រះអម្ចាស់​បាន​មាន​ការសន្ទនា​ស្រដៀង​គ្នា​នេះ​ជា​មួយ​អេសេគាល ។

នៅក្នុង អេសេគាល ៣៤ ព្រះអម្ចាស់​បាន​ប្រៀបធៀប​ថ្នាក់ដឹកនាំ​នៃ​អ៊ីស្រាអែល​ទៅ​នឹង​អ្នកគង្វាល ដែល​មិន​បាន​មើលថែ​ហ្វូង​ចៀម​របស់​ខ្លួន ។

រូបតំណាង​គូសសម្គាល់សូម​អាន អេសេគាល ៣៤:១–៦ ។ សូម​ជ្រើសរើស​ពណ៌​ដើម្បី​គូសសម្គាល់​ឃ្លា​ដែល​ព្រះអម្ចាស់​បានប្រើ​ដើម្បី​ពិពណ៌នា​អំពី​អ្នកដឹកនាំ​អ៊ីស្រាអែល ។ ដើម្បី​ជួយ​អ្នកដឹកនាំ​របស់​អ៊ីស្រាអែល​ឲ្យ​មើលថែ​ហ្វូងចៀម​របស់​ពួកគេ​បាន​ល្អប្រសើរ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ពិពណ៌នា​ពី​របៀប​ដែល​ទ្រង់​មើលថែ​ដល់​ហ្វូងចៀម​របស់​ទ្រង់ ។

ឥឡូវ​សូម​អាន អេសេគាល ៣៤:១១–១៦ ។ សូម​ជ្រើសរើស​ពណ៌​ផ្សេង​គ្នា​មួយ ហើយ​គូសសម្គាល់​ឃ្លា​ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​សម្រាប់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ។

ព្រះយេស៊ូវ​កាន់​ដំបង​របស់​អ្នក​គង្វាល​ដោយ​មាន​ហ្វូង​ចៀម​នៅ​វាល​មួយ​នៅ​ពី​ក្រោយ​ទ្រង់

ព្រះអម្ចាស់​ជា​អ្នក​គង្វាល​ខ្ញុំ ដោយ ស៊ីម៉ូន ឌូវី

ព្រះបរមងារ​របស់​ព្រះគ្រីស្ទ ។ ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះបរមងារ​ច្រើន​នៅក្នុង​ព្រះគម្ពីរ ។ ព្រះបរមងារ​នីមួយៗ​ឆ្លុះ​បញ្ចាំង​ពី​តួនាទី​មួយ​របស់​ទ្រង់​នៅក្នុង​ផែនការ​របស់​ព្រះ ហើយ​បង្រៀន​យើង​អំពី​គុណ​លក្ខណៈ​ដ៏​ទេវភាព​របស់​ទ្រង់ ។ នៅក្នុង យ៉ូហាន ១០:១១, ១៤ ព្រះយេស៊ូវ​ពិពណ៌នា​ទ្រង់​ផ្ទាល់​ថា​ជា « អ្នក​គង្វាល​ល្អ » ។

រូបតំណាង​កត់​ចំណាំ សូម​ប្រៀបធៀប​អ្វី​ដែល​អ្នក​បាន​គូសសម្គាល់​អំពី​អ្នក​គង្វាល​ល្អ និង​អ្នក​គង្វាល​អាក្រក់ ។ សូម​សរសេរ​កំណត់ចំណាំ​មួយ​នៅ​ជិត​នឹង​ខគម្ពីរ​មកពី អេសេគាល ៣៤:១១–១៦ ជាមួយគំនិត​របស់​អ្នក ទៅនឹង​សំណួរ​យ៉ាង​ហោចណាស់​មួយ​ក្នុង​ចំណោម​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​បាន​កត់សម្គាល់​អ្វីខ្លះ ពេល​ប្រៀបធៀប​បណ្ដុំ​ខគម្ពីរ​ទាំងនេះ ?

  • ហេតុអ្វី​បានជា « អ្នក​គង្វាល​ល្អ » ជា​ព្រះបរមងារ​ដ៏​សមរម្យ​មួយ​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​នឹង​បញ្ចប់​ឃ្លា « ក្នុង​នាមជា​អ្នកគង្វាល​ដ៏ល្អ ព្រះអង្គ​សង្គ្រោះ … » យ៉ាង​ដូចម្ដេច ?

នៅពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​រៀន​ពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ការមើលថែ​ដល់​បុត្រា​បុត្រី​របស់​ព្រះវរបិតា​សួគ៌ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ធ្វើ​ជា​អ្នក​គង្វាល​ល្អ​ដូច​ព្រះយេស៊ូវគ្រីស្ទ ?

យុវជន​បីនាក់​អង្គុយ​នៅលើ​រានហាល ហើយ​និយាយ​ជាមួយ​បុរស​ចំណាស់ម្នាក់

រូបតំណាង​កត់​ចំណាំ ដោយ​ប្រើអ្វី​ដែល​អ្នក​បានរកឃើញ​នៅក្នុង អេសេគាល ៣៤:១១–១៦ សូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅក្បែរ​វគ្គ​បទគម្ពីរ​មួយ ឬ​ច្រើន​ដែលអ្នក​បាន​គូស​ចំណាំ អំពី​វិធី​ដែលអ្នក​អាច​មើលថែ​មនុស្ស​ដទៃ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ដែរ ។ ឧទាហរណ៍ នៅក្បែរ ខទី ១១ ( « យើង … នឹង​ស្វែង​រក​ចៀម​របស់​យើង​ទាំង​ស៊ើបសួរ​រក​ទាល់​តែ​ឃើញ​ផង » ) អ្នក​អាច​សរសេរ « ទៅលេង​នរណា​ម្នាក់​ដែល​ខ្ញុំ​មិនធ្លាប់​បាន​ជួប​យូរហើយ » ។

សូម​ដាក់​បញ្ចូល​ក្នុង​កំណត់​ចំណាំ​របស់​អ្នក​នូវ ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ពីរ ឬច្រើន ដូចខាងក្រោម​នេះ ៖

  • តើ​អ្វី​ខ្លះដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំង​នេះ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ការលំបាក​ទាំង​នេះ​ដោយ​របៀបណា ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទានពរ​ដល់​អ្នក ឬ​គ្រួសារ​របស់​អ្នក​ដោយ​ចាត់​នរណា​ម្នាក់​ឲ្យ​ស្វែងរក និង​មើលថែ​អ្នក​ដោយ​របៀបណា ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​អ្នក ឬ​គ្រួសារ​របស់​អ្នក​ដើម្បី​ស្វែងរក និង​មើលថែ​អ្នកដទៃ​ដោយ​របៀបណា ?

ជម្រើស ខ

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​កូនចៀម​របស់​ព្រះអង្គ​សង្គ្រោះ ?

ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ដែល​ពេលនោះ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បានបង្រៀន ៖

13:4
ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ

ពេល​ខ្លះ យើង​គិត​ថា​យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ធំដុំ និង​អស្ចារ្យ « ដើម្បី​រាប់​ថា » ជា​ការបម្រើ​ដល់​អ្នក​ជិត​ខាង​របស់​យើង ។ ប៉ុន្ដែ​ទង្វើ​សាមញ្ញៗ​នៃ​ការ​បម្រើ​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ទៅលើ​អ្នក​ដទៃ— ក៏​ដូចជា​ទៅលើ​ខ្លួន​របស់​យើង​ផងដែរ ។ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អ្វី​ខ្លះ ? តាមរយៈ​អំណោយទាន​ដ៏​វិសេស​របស់​ទ្រង់​នៃ​ដង្វាយធួន និង ការ​រស់​ឡើងវិញ … « ពុំ​មាន​នរណា ដែល​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​មហិមា [ មក​លើ ] មនុស្ស​ដែល​បាន​រស់នៅ ហើយ​ដែល​នឹង​រស់នៅ​លើ​ផែនដី​នេះ​ដូចជា​ទ្រង់​ឡើយ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ) ។ ប៉ុន្តែ​ទ្រង់​ក៏​បាន​ញញឹម​ដាក់ មាន​បន្ទូល​ជាមួយ យាង​ជាមួយ ស្ដាប់ ចំណាយ​ពេល លើក​ទឹក​ចិត្ត បង្រៀន ប្រទាន​អាហារ និង​អភ័យទោស​ផងដែរ ។ ទ្រង់​បាន​បម្រើ​ដូចគ្នា​ទៅដល់​គ្រួសារ និង​មិត្តភក្ដិ អ្នក​ជិតខាង និង​មនុស្ស​ប្លែក​មុខ ហើយ​ទ្រង់​បាន​អញ្ជើញ​អ្នក​ដែល​ស្គាល់ និង​មនុស្ស​ជា​ទីស្រឡាញ់​ឲ្យ​រីករាយ​នឹង​ពរជ័យ​ដ៏​បរិបូរ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ ទង្វើ​នៃ​ការ​បម្រើ « សាមញ្ញៗ » ទាំង​នោះ និង​សេចក្ដី​ស្រឡាញ់​ផ្ដល់​ជា​ខ្នាត​គំរូ​សម្រាប់​ការងារបម្រើ​របស់​យើង​សព្វថ្ងៃ​នេះ ។ ( « Ministering as the Savior Does » Liahona ខែ​ឧសភា ឆ្នាំ​២០១៨ ទំព័រ ១០៤ )

សូម​ចំណាយ​ពេល​មួយភ្លែត​ដើម្បី​គិត​អំពី​មនុស្ស​ក្នុង​ជីវិត​របស់អ្នក ដែល​អាច​ដូចជា​ចៀម​នេះ ( ដែល​វង្វេង ខ្ចាត់ខ្ចាយ បាក់​ឆ្អឹង ខ្សោយ ) នៅក្នុង អេសេគាល ៣៤ ។ មនុស្ស​ទាំងនេះ​អាច​ជា​អ្នក​នៅក្នុង​ថ្នាក់ ឬ​កូរ៉ុម​របស់​អ្នក ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​អ្នក ឬ​មនុស្ស​នៅ​សាលារៀន ។ សូម​ស្វែងរក​ជំនួយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ការពិចារណា​ថា តើ​នរណា​អាច​ត្រូវការ​ជំនួយ​របស់អ្នក ។

រូបតំណាង​សៀវភៅ​កត់ចំណាំចេញ​ពី​គោលការណ៍​ដែល​បាន​បង្រៀន ឬ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គំនិត​ផ្សេង​ទៀត​ដែល​បំផុស​គំនិត​អ្នក សូម​ធ្វើ​ផែនការ​មួយ​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ស្វែងរក និង​មើល​ថែ​បុគ្គល​ទាំងនេះ ។ ដើម្បី​រំឭក​ខ្លួន​អ្នក​ពី​ផែនការ​របស់​អ្នក នោះ​អ្នក​អាច​សរសេរ​នៅលើ​ក្រដាស ឬ​ដាក់​វា​ជា​ការរំឭក​មួយ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងការ​ស្វែងរក និង​មើលថែ​អ្នកដទៃ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • កិច្ចការ​ជាក់ស្តែង​មួយចំនួន​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។

  • ផែនការ​របស់អ្នក​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?