អេម៉ុស; អូបាឌា; យ៉ូណាស ៖ មេរៀនទី ១៤៩
អេម៉ុស ៣; ៧
ព្រះអម្ចាស់បង្ហាញសេចក្តីពិតតាមរយៈពួកព្យាការីរបស់ទ្រង់
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅក្នុងពិភពលោកដែលមានសំឡេងបញ្ចុះបញ្ចូលជាច្រើន វាអាចពិបាកក្នុងការដឹងថាសំឡេងណាដែលត្រូវទុកចិត្ត ។ ជាសំណាងល្អ ព្រះវរបិតាដែលពេញដោយក្តីស្រឡាញ់របស់យើងដែលគង់នៅស្ថានសួគ៌ និងព្រះអង្គសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ បើកសម្ដែងផែនការរបស់ទ្រង់ទាំងទ្វេដល់យើងតាមរយៈពួកព្យាការីដែលមានជីវិតរស់នៅរបស់ទ្រង់ទាំងទ្វេ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបើកសម្តែងដំបូន្មាន និងសេចក្តីពិតតាមរយៈពួកព្យាការីរបស់ទ្រង់ទាំងទ្វេ ។
សិក្សាព្រះគម្ពីរ
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤ ការរញ្ជួយដីដ៏ធំមួយនៅជិតប្រទេសឥណ្ឌូនេស៊ីបានបណ្តាលឲ្យមានរលកស៊ូណាមីដ៏សាហាវ ដែលបានសម្លាប់មនុស្សជាង២០០,០០០នាក់ ។ ប្រជាជនម៉ុកខិន ដែលរស់នៅលើកោះក្បែរប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា មិនបានបាត់បង់អាយុជីវិតនរណាម្នាក់ទេ ។ បុព្វបុរសរបស់ពួកគេបានបង្រៀនពួកគេថា នៅពេលដែលមហាសមុទ្រស្រកទឹកទៅ នោះនឹងមានរលកដ៏ធំមកដល់ ។ មនុស្សចាស់ក្នុងភូមិបានឃើញទីសម្គាល់ទាំងនេះ ហើយបានប្រាប់មនុស្សគ្រប់គ្នាឲ្យរត់ឡើងទៅទីទួលខ្ពស់ ( សូមមើល យ៉ូសែប ប៊ី វើស្លីន « Journey to Higher Ground » Liahona ខែវិច្ឆិកា ឆ្នាំ២០០៥ ទំព័រ ១៦ ) ។
គឺដូចជាប្រជាជនម៉ុកខិន ដែលបានជឿជាក់លើមនុស្សចាស់របស់ពួកគេដែរ ហើយបានរកឃើញសុវត្ថិភាព នោះអ្នកអាចរកឃើញការណែនាំ និងការការពារបាន ដោយការស្តាប់តាមព្យាការីរបស់ព្រះអម្ចាស់នៅសព្វថ្ងៃនេះ ។
សូមចំណាយពេលបន្តិច ដើម្បីគិតពិចារណាពីទស្សនៈរបស់អ្នកចំពោះព្យាការីរបស់ព្រះអម្ចាស់នៅលើផែនដីនាសព្វថ្ងៃនេះ ។ អ្នកអាចពិចារណាពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ៖
-
តើខ្ញុំមានអារម្មណ៍យ៉ាងណាអំពីឱវាទរបស់ព្យាការី ? តើអារម្មណ៍របស់ខ្ញុំប្រែប្រួល អាស្រ័យលើឱវាទដែលលោកផ្ដល់ឲ្យឬ ?
-
តើខ្ញុំអាចផ្តល់ហេតុផលអ្វីខ្លះ សម្រាប់ការធ្វើតាមឱវាទរបស់ព្យាការី ? តើមានរបៀបណាខ្លះដែលខ្ញុំពុះពារដើម្បីធ្វើតាមឱវាទរបស់ព្យាការី ?
នៅពេលអ្នកសិក្សានៅក្នុងគម្ពីរអេម៉ុសនៅថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យរៀនបន្ថែមទៀតអំពីសារៈសំខាន់នៃការធ្វើតាមព្យាការីរបស់ព្រះ ។
នៅពេលជំនាន់របស់អេម៉ុស រាស្ដ្រនៃសេចក្ដីសញ្ញារបស់ព្រះជាច្រើនបានបោះបង់ចោលទ្រង់ ហើយបានដើរតាមផ្លូវដ៏ទុច្ចរិតនៃប្រជាជាតិជិតខាង ( សូមមើល អេម៉ុស ២:៦–១២ ) ។ ប្រជាជនបានបដិសេធអេម៉ុស ហើយចង់ឲ្យលោកព្យាករនៅកន្លែងផ្សេង ( សូមមើល អេម៉ុស ៧:១២ ) ។ តើអ្នកគិតថា ហេតុអ្វីបានជាព្យាការីរបស់ព្រះនៅតែបន្តបង្រៀន—សូម្បីតែនៅពេលមនុស្សមួយចំនួនមើលឃើញថា ពួកលោកជាមនុស្សមិនពេញនិយម មិនយល់ ឬមិនត្រូវការក៏ដោយ ?
ប្រធាន រ័សុល អិម ណិលសុន បានបន្ថែមការយល់ដឹងទាំងនេះ ៖
ពេលខ្លះក្នុងនាមជាថ្នាក់ដឹកនាំសាសនាចក្រ យើងត្រូវបានគេរិះគន់ដោយសារការកាន់ខ្ជាប់យ៉ាងហ្មត់ចត់ទៅនឹងក្រឹត្យវិន័យរបស់ព្រះ ការការពារគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ និងការទប់ទល់នឹងសម្ពាធខាងសង្គមនៅជំនាន់របស់យើង ។ ប៉ុន្ដែការចាត់តាំងរបស់យើងក្នុងនាមជាសាវកដែលបានតែងតាំងគឺត្រូវ « ទៅពេញសព្វទាំងពិភពលោក ដើម្បីទៅផ្សាយដំណឹងល្អរបស់ [ ទ្រង់ ] ដល់សត្វលោកគ្រប់រូប » ។ នេះមានន័យថា យើងត្រូវបានបញ្ជាឲ្យបង្រៀននូវសេចក្ដីពិត ។
នៅពេលធ្វើដូច្នោះ ពេលខ្លះយើងត្រូវបានគេចោទប្រកាន់ថាមិនខ្វល់ខ្វាយ កាលយើងបង្រៀនពីតម្រូវការរបស់ព្រះបិតា ដើម្បីបានភាពតម្កើងឡើងនៅក្នុងនគរសេឡេស្ទាល ។ ប៉ុន្ដែ តើវាមិនរឹតតែជាការមិនខ្វល់ខ្វាយកាន់តែខ្លាំងទេឬ ប្រសិនបើយើង មិន ប្រាប់ពីសេចក្ដីពិតនោះ—មិន បង្រៀនអ្វីដែលព្រះបានបើកសម្ដែងនោះ ? ( « The Love and Laws of God » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ] ទំព័រ ៣ នៅលើគេហទំព័រ speeches.byu.edu )
នៅជំពូកពីរបីមុននេះ ព្រះអម្ចាស់បានបើកសម្ដែងសេចក្ដីពិតដ៏មានឥទ្ធិពលអំពីព្រះអង្គផ្ទាល់ និងពួកព្យាការីរបស់ទ្រង់តាមរយៈអេម៉ុស ។
សូមអាន អេម៉ុស ៣:៧–៨ ។ សូមគូសសម្គាល់អ្វីដែលព្រះអម្ចាស់នឹងធ្វើជានិច្ចតាមរយៈព្យាការីរបស់ទ្រង់ ។ កំណត់ចំណាំ ៖ ពាក្យផ្សេងទៀតសម្រាប់លាក់កំបាំងរួមមាន ប្រឹក្សា ឬ ដាក់ផែនការ ។
អេម៉ុស ៣:៧ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ សូមទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះឲ្យចាំ « ព្រះយេហូវ៉ាទ្រង់ … សម្តែងឲ្យពួកហោរា ជាអ្នកបម្រើទ្រង់ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង » ។ នៅលើក្រដាសមួយសន្លឹក ឬជាឌីជីថល សូមកត់សេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនេះបីដង ។ បន្ទាប់មក សូមក្រោកឈរឡើង ឬដើរជុំវិញមួយនាទី ខណៈដែលសូត្រសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះឡើងវិញ ។
នៅក្នុងកំណត់ចំណាំមួយនៅជាប់នឹង អេម៉ុស ៣:៧ សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើសេចក្ដីពិតនេះបង្ហាញថា ព្រះស្រឡាញ់យើងយ៉ាងដូចម្តេច ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចឆ្លើយតបយ៉ាងដូចម្តេច នៅពេលអ្នកដទៃរិះគន់ព្យាការីនោះ ?
សូមស្រមៃថាបានឃើញឃ្លាខាងក្រោមនេះ ជាការឆ្លើយតបទៅនឹងការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ព្យាការី ៖
« គាត់អត់មានរឿងអ្វីត្រូវនិយាយអំពីការណ៍នេះទេ ។ គាត់មិនយល់ទេ » ។
« គាត់មិនយល់ពីអ្វីដែលកំពុងកើតឡើងនោះទេ » ។
« ជាមួយនឹងអ្វីៗផ្សេងទៀតដែលខ្ញុំត្រូវធ្វើ ខ្ញុំមើលមិនឃើញពីរបៀបដែលខ្ញុំអាចអនុវត្តការប្រឹក្សានេះចំពោះជីវិតដ៏មមាញឹករបស់ខ្ញុំនោះទេ » ។
សូមអានឡើងវិញក្នុង អេម៉ុស ៣:៧ ហើយជញ្ជឹងគិតពីរបៀបដែលវាអាចជួយបុគ្គលនោះ ដែលបានបញ្ចេញមតិយោបល់នោះ ។ សូមអានផងដែរនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិខាងក្រោម ហើយរកមើលរបៀបដែលវាអាចជួយបាន ។ សូមដាក់តំណភ្ជាប់បទគម្ពីរទាំងនេះទៅនឹង អេម៉ុស ៣:៧ ។
-
អេសេគាល ៣:១៦–១៧
សូមកត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកនូវការឆ្លើយតបមួយចំពោះការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ។ សូមបញ្ចូលយ៉ាងហោចណាស់ពរជ័យពីរដែលអាចកើតមាន នៅពេលអ្នកស្តាប់តាមព្យាការីរបស់ព្រះ ។ អ្នកអាចស្វែងរកឧទាហរណ៍នៅក្នុងព្រះគម្ពីរ ដំណើររឿងចេញមកពីប្រវត្តិសាសនាចក្រ ឬការបង្រៀនមកពីព្យាការីសព្វថ្ងៃនេះ ។ សូមព្យាយាមចែកចាយឧទាហរណ៍មួយ ដែលពាក្យសម្តីរបស់ព្យាការីបានធ្វើឲ្យមានភាពខុសគ្នាជាវិជ្ជមាននៅក្នុងជីវិតរបស់អ្នក ។
ជម្រើស ខ
តើខ្ញុំអាចធ្វើអ្វីបានខ្លះ ដើម្បីធ្វើតាមព្យាការីនៅពេលខ្ញុំអាចពិបាកធ្វើតាមការបង្រៀនមួយ ?
មានយុវវ័យម្នាក់បានសួរអែលឌើរ រ៉ូណល អេ រ៉ាសបាន និងស៊ីស្ទើរ មេឡានី រ៉ាសបាន ពីរបៀបដោះស្រាយស្ថានភាពបែបនេះ ។ សូមមើល « Face to Face with Elder and Sister Rasband » ចាប់ពីនាទីទី ១៨:២៥ ដល់ ២១:៣៤ ។
សូមសម្ភាសនរណាម្នាក់ដែលអ្នកស្គាល់ ដែលមានទីបន្ទាល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបើកសម្តែងព្រះឱវាទ និងសេចក្តីពិតតាមរយៈព្យាការីរបស់ទ្រង់ទាំងទ្វេ ។ សូមឲ្យពួកគេឆ្លើយសំណួរពីរ ឬច្រើន នៅខាងក្រោមនេះ ។
-
តើអ្នកបានទទួលទីបន្ទាល់ថា ព្យាការីត្រូវបានហៅដោយព្រះដោយរបៀបណា ?
-
តើអ្នកទទួលបានពរជ័យ ដោយសារការណែនាំរបស់ព្រះតាមរយៈព្យាការីរបស់ទ្រង់នៅពេលណាដែរ ?
-
តើអ្នកគិតថា ការស្តាប់តាមព្យាការីម្នាក់ដោយមាន « សេចក្ដីអត់ធន់ និងសេចក្ដីជំនឿ » មានលក្ខណៈដូចម្តេច ?
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរអ្វីមួយដែលអ្នកចង់ចងចាំដើម្បីជួយអ្នក និងអ្នកដទៃឲ្យធ្វើតាមព្យាការីរបស់ព្រះអម្ចាស់ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបើកសម្តែងដំបូន្មាន និងសេចក្តីពិតតាមរយៈពួកព្យាការីរបស់ទ្រង់ទាំងទ្វេ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ការឆ្លើយតបរបស់អ្នកចំពោះការចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
-
អ្វីដែលអ្នកបានរៀនអំពីការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់នៅអំឡុងគ្រាដ៏លំបាក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?