អេម៉ុស; អូបាឌា; យ៉ូណាស ៖ មេរៀនទី ១៥១
យ៉ូណាស
« ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ព្រះអម្ចាស់បានលាព្រះហស្ដនៃសេចក្តីមេត្តាករុណារបស់ទ្រង់ទៅកាន់យ៉ូណាស និងពួកបណ្តាជននៅក្រុងនីនីវេ ទោះជាពួកគេបានធ្វើកំហុសដ៏ធំក៏ដោយ ។ ពេលយើងដឹងថាសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណាដូចគ្នានេះត្រូវបានប្រទានឲ្យយើង នោះយើងក៏អាចប្រកាសថា ព្រះអម្ចាស់គឺជា « ព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសជាបរិបូរ » ផងដែរ ( យ៉ូណាស ៤:២ ) ។ មេរៀននេះអាចជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់សម្រាប់អ្នក និងមនុស្សដទៃ ។
សិក្សាព្រះគម្ពីរ
សូមស្រមៃមើលពីមាត្រដ្ឋាននេះ ដែលតំណាងឲ្យរបៀបដែលនរណាម្នាក់អាចគិតអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ហេតុអ្វីមនុស្សមួយចំនួនអាចចាត់ទុកទ្រង់ទាំងទ្វេថាជាសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា និងសេចក្តីសប្បុរស ខណៈដែលអ្នកផ្សេងទៀតមិនគិតបែបនោះ ? តើអ្នកនឹងដាក់ទស្សនៈរបស់អ្នកអំពីទ្រង់ទាំងទ្វេនៅលើបន្ទាត់នេះខាងណា ?
សូមមើលមាត្រដ្ឋាននេះម្តងទៀត ។ លើកនេះ សូមស្រមៃថា វាតំណាងឲ្យរបៀបដែលអ្នកប្រព្រឹត្តដាក់អ្នកដទៃ ។ តើហេតុផលអ្វីខ្លះដែលយើងអាចប្រព្រឹត្តចំពោះមនុស្សមួយចំនួនតាមរបៀបមួយ និងមនុស្សផ្សេងទៀតតាមរបៀបខុសគ្នាទាំងស្រុងផ្សេងទៀត ?
នៅពេលអ្នកសិក្សាដំណើររឿងរបស់យ៉ូណាស សូមស្វែងរកព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យមើលឃើញពីនិស្ស័យពិតប្រាកដរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាពីរបៀបដែលអ្នករៀនអំពីទ្រង់ទាំងទ្វេអាចជះឥទ្ធិពលដល់របៀបដែលអ្នកមើលឃើញ គិតអំពី ឬប្រព្រឹត្តចំពោះអ្នកដទៃ ។
យ៉ូណាសបានរស់នៅអ៊ីស្រាអែលក្នុងរជ្ជកាលស្តេចយេរ៉ូបោម ទី II ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៣–១៥ ជាពិសេស ១៤:២៣–២៥ ) ។ ព្យាការីអេម៉ុស និងហូសេក៏បានព្យាករនៅគ្រានេះផងដែរ ។ អ្នកប្រហែលជាធ្លាប់ឮឈ្មោះ យ៉ូណាស ។ លោកគឺជាមនុស្សដែលត្រូវបានលេបដោយត្រីធំ !
ការរៀនសូត្រពីសាវតា ។ ការដឹងពីព័ត៌មានសាវតាអាចជួយអ្នកឲ្យយល់ពីដំណើររឿងបានកាន់តែច្បាស់ និងរៀនពីសេចក្ដីពិតដ៏មានតម្លៃ ។ នៅពេលអ្នកសិក្សាអំពីយ៉ូណាស វាអាចមានប្រយោជន៍ក្នុងការដឹង ៖
-
នីនីវេ គឺជាទីក្រុងដ៏ធំមួយរបស់ពួកសាសន៍អាសស៊ើរ ។
-
ពួកស្តេចអាសស៊ើរ និងពួកទាហានត្រូវបានស្គាល់ថាមានភាពឃោរឃៅ ដែលរួមមានការធ្វើទារុណកម្ម និងការសម្លាប់មនុស្សដែលពួកគេបានយកឈ្នះជាដើម ។
-
ក្រុងតើស៊ីស ដែលជាកន្លែងយ៉ូណាសបានរត់គេចខ្លួនទៅនោះ អាចស្ថិតនៅក្នុងប្រទេសអេស្ប៉ាញនាពេលបច្ចុប្បន្ន ។
សូមអាន យ៉ូណាស ១:១–៣ ហើយគូសសម្គាល់សេចក្ដីណែនាំរបស់ព្រះអម្ចាស់ទៅកាន់យ៉ូណាស និងរបៀបដែលយ៉ូណាសបានឆ្លើយតប ។
តើការឆ្លើយតបរបស់យ៉ូណាសបង្ហាញអ្វីដល់អ្នកអំពីអារម្មណ៍របស់លោកពីការណែនាំរបស់ព្រះអម្ចាស់ដើម្បីផ្សព្វផ្សាយដល់ពួកបណ្តាជននៅក្រុងនីនីវេ ?
សូមបំពេញសកម្មភាពនៅក្នុងសំណៅចែកខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ អ្នកក៏អាចមើលវីដេអូ « Jonah the Prophet » ( ២:៣០ ) ដើម្បីជួយអ្នកឲ្យស្រមៃឃើញបទពិសោធន៍របស់យ៉ូណាសផងដែរ ។
ដំណើររឿងរបស់យ៉ូណាស
សូមស្រមៃថា អ្នកកំពុងបង្រៀនដំណើររឿងរបស់យ៉ូណាសទៅកាន់នរណាម្នាក់ផ្សេងទៀត ។ សូមអានខគម្ពីរទាំងនេះ និងសង្ខេបផ្នែកនីមួយៗនៃដំណើររឿងនេះជាពាក្យពេចន៍ផ្ទាល់ខ្លួនរបស់អ្នក ។
|
យ៉ូណាស ១:៤–៥, ១០–១៥ |
|
|
យ៉ូណាស ១:១៧; ២:១–៤; ៧–១០ |
|
|
យ៉ូណាស ៣:១–៥, ១០ ( សំពត់ធ្មៃ សំដៅទៅលើសម្លៀកបំពាក់ដែលតំណាងឲ្យការកាន់ទុក្ខ ការប្រែចិត្ត ឬការបន្ទាបខ្លួន ) ។ |
|
|
យ៉ូណាស ៤:១–១១ ( ពាក្យថា ដើមវល្លិ គឺជាដើមឈើធំមួយ ) ។ |
|
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមបំពេញសេចក្ដីពិតដែលដិតទាំងនេះ ដោយផ្អែកលើការអានរបស់អ្នក ៖
-
ព្រះអម្ចាស់គឺ …
-
ដើម្បីប្រែក្លាយដូចជាព្រះអម្ចាស់ យើងត្រូវតែ …
-
ហេតុអ្វីបានជាវាអាចពិបាកសម្រាប់យើងនៅពេលខ្លះ ដើម្បីស្រឡាញ់ ឬប្រកបដោយសេចក្តីមេត្តាករុណាចំពោះអ្នកដទៃ ?
-
តើការរៀនពីសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់អាចជះឥទ្ធិពលដល់របៀបដែលយើងមើលឃើញ គិតអំពី ឬប្រព្រឹត្តចំពោះអ្នកដទៃយ៉ាងដូចម្ដេច ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
ចុះបើនរណាម្នាក់មិនយល់ពីធម្មជាតិពិតរបស់ព្រះវិញនោះ ?
សូមពិចារណាអំពីសាច់រឿងខាងក្រោម ៖
សូមស្រមៃថា អ្នកមានមិត្តភក្តិម្នាក់ដែលមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឃោរឃៅ គ្មានសេចក្តីមេត្តាករុណា ឬមិនចេះប្រទានការអភ័យទោសទេ ។
សូមសិក្សាធនធានពីរ ឬច្រើន នៃធនធានទាំងប្រាំមួយនៅខាងក្រោមនេះ ។ សូមរកមើលអ្វីដែលអ្នកនឹងចែកចាយជាមួយមិត្តភក្តិរបស់អ្នក ។
-
អេសាយ ១:១៨ – អេសាយនិយាយអំពីព្រះយេស៊ូវគ្រីស្ទ
-
អេធើរ ១២:២៧ – ព្រះយេស៊ូវគ្រីស្ទមានបន្ទូលទៅកាន់ព្យាការីអេធើរ
-
លូកា ២៣:៣៣–៣៤ – ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង
-
« វាពុំទាន់ហួសពេលសម្រាប់ឱកាសទីពីរឡើយ »
-
អែលឌើរ រ៉ូប៊ឺត អឹម ដេននិស ក្នុងពួកចិតសិបនាក់ បានថ្លែងទីបន្ទាល់ ៖
10:22ដូចប្រធាន ណិលសុន បានបង្រៀនថា « កាលណាបងប្អូនរៀនពីព្រះអង្គសង្គ្រោះកាន់តែច្រើន នោះវាកាន់តែងាយស្រួលដើម្បីទុកចិត្តលើសេចក្ដីមេត្តារបស់ទ្រង់ សេចក្ដីស្រឡាញ់ដ៏និរន្ដរ៍របស់ទ្រង់ » ។ ហើយបងប្អូននឹងកាន់តែទុកចិត្ត ហើយស្រឡាញ់ព្រះវរបិតាសួគ៌របស់បងប្អូនថែមទៀត ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនយើងថា ព្រះយេស៊ូវបានយាងមកដើម្បីបង្ហាញ « យើងថា ព្រះជាព្រះវរបិតាអស់កល្បរបស់យើងជានរណា និងមានលក្ខណៈយ៉ាងណា ថាតើទ្រង់លះបង់ទាំងស្រុងយ៉ាងណា ដើម្បីកូនចៅរបស់ទ្រង់នៅគ្រប់វ័យ និងគ្រប់ជាតិសាសន៍ » ។
ប៉ុលបាននិយាយថា ព្រះគឺជា « ព្រះវរបិតានៃក្ដីមេត្តាករុណា [ ទាំងអស់ ] ហើយព្រះនៃការលួងលោមទាំងអស់ » ។
ប្រសិនបើបងប្អូនឃើញទ្រង់ខុសពីនេះ សូមបន្តព្យាយាម ។ ( « លោកម្ចាស់ យើងចង់ឃើញព្រះយេស៊ូវ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ១៤ )
-
« Moving On from Past Mistakes » ( ៣:៤៣ )
3:43
ជម្រើស ខ
តើខ្ញុំអាចកាន់តែមានចិត្តមេត្តាករុណា និងពេញដោយក្ដីស្រឡាញ់ថែមទៀត ដូចជាព្រះអម្ចាស់ដោយរបៀបណា ?
សូមស្រមៃថា អ្នកមានមិត្ដភក្ដិម្នាក់ដែលពុះពារដើម្បីមានចិត្តមេត្តាករុណា សប្បុរស ឬចិត្តអភ័យទោសឲ្យនរណាម្នាក់ទៀត ។
តើមានហេតុផលណាខ្លះ ដែលពេលខ្លះយើងអាចពិបាកមានចិត្តមេត្តា សេចក្ដីសប្បុរស និងការអភ័យទោសចំពោះអ្នកដទៃ ?
យ៉ូណាសពិបាកនឹងយល់ពីមូលហេតុ ដែលព្រះអម្ចាស់មានសេចក្ដីមេត្តាករុណាចំពោះប្រជាជននៃក្រុងនីនីវេ ។ លោកប្រហែលជាមានអារម្មណ៍ច្រណែននឹងរបៀបដែលព្រះអម្ចាស់បានអភ័យទោសឲ្យពួកគេ ( សូមមើល យ៉ូណាស ៤:១–៤ ) ។
សូមសិក្សាប្រភពពីរ ឬច្រើន នៅខាងក្រោមនេះ ហើយស្វែងរកសេចក្ដីពិតដែលអាចជួយយ៉ូណាសឲ្យអភ័យទោសឲ្យប្រជាជនក្រុងនីនីវេ ដូចដែលព្រះអម្ចាស់បានធ្វើដែរ ។
-
មរ៉ូណៃ ៧:៤៥–៤៨ – ព្យាការីមរមនបង្រៀនអំពីសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:៩–១១ – ព្រះអម្ចាស់មានបន្ទូលអំពីការអភ័យទោស
-
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេលនោះនៅក្នុងគណៈប្រធានទីមួយ – « The Merciful Obtain Mercy »
0:43សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ អាចដកចេញនូវអារម្មណ៍នៃការអន់ចិត្ត និងកំហឹងចេញពីភ្នែករបស់យើង ហើយអនុញ្ញាតឲ្យយើងសម្លឹងមើលទៅអ្នកដទៃតាមរបៀបដែលព្រះវរបិតាសួគ៌មើលមកយើងដែរ ៖ ថាយើងទាំងអស់គ្នាមានកំហុស និងមានជីវិតខាងសាច់ឈាមដែលមិនឥតខ្ចោះ ដែលមានសក្ដានុពល និងតម្លៃលើសពីសមត្ថភាពដែលយើងអាចស្រមៃបាន ។ ដោយសារព្រះទ្រង់ស្រឡាញ់យើងដល់ម្ល៉េះ យើងត្រូវតែស្រឡាញ់ និងអភ័យទោសឲ្យគ្នាទៅវិញទៅមកដែរ ។ ( « The Merciful Obtain Mercy » Liahona ខែឧសភា ឆ្នាំ២០១២ ទំព័រ ៧៦ )
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរសារខ្លីមួយទៅកាន់មិត្តភក្តិរបស់អ្នក ឬមនុស្សម្នាក់ដែលអ្នកគិតដល់ ។ សូមរួមបញ្ចូល ( ១ ) វគ្គបទគម្ពីរមួយមកពីគម្ពីរយ៉ូណាស ( ២ ) សេចក្ដីពិតមួយមកពីប្រភពដែលអ្នកបានសិក្សា និង ( ៣ ) ព័ត៌មានលម្អិតនៃគ្រាមួយដែលព្រះអម្ចាស់បានបង្ហាញសេចក្តីស្រឡាញ់ និងសេចក្ដីមេត្តាករុណាទៅកាន់អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់សម្រាប់អ្នក និងមនុស្សដទៃ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនមកពីដំណើររឿងរបស់យ៉ូណាសអំពីសេចក្ដីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ការឆ្លើយតបរបស់អ្នកចំពោះមិត្តភក្តិរបស់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?