ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥២ ៖ មីកា—« តើ​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូចម្តេច ? »


ព្រះយេស៊ូវ​គ្រីស្ទ​ឱប​កុមារ​ម្នាក់​នៅ​ទ្វីប​អាមេរិក ។

មីកា; ណាហ៊ុម; ហាបាគុក; សេផានា ៖ មេរៀន​ទី ១៥២

មីកា

« តើ​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូចម្តេច ? »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​អ្នក​ធ្លាប់​ងឿង​ឆ្ងល់​ទេ​ថា តើ​ព្រះអម្ចាស់​តម្រូវ​ឲ្យ​អ្នក​ធ្វើ​អ្វីខ្លះ ? ព្យាការី​មីកា​មាន​បំណង​ចង់​ដឹង​ថា តើ​គាត់​អាច​ធ្វើ​អ្វីខ្លះ​បាន ដើម្បី​ត្រូវតាម​ការរំពឹង​ទុក​របស់​ព្រះអម្ចាស់ ។ ជា​ការឆ្លើយតប ព្រះអម្ចាស់​បាន​បង្រៀន​មីកា​ពី​របៀប​ដើម្បី​គោរព​ដល់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ដាក់​ផែនការ​ដើម្បី​គោរព​ដល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

សិក្សា​ព្រះគម្ពីរ

យុវជន​ម្នាក់​ឱប​ម្តាយ​របស់​គាត់ ខណៈ​ដែល​ពួកគេ​នៅ​ខាងក្រៅ

ប្រសិនបើ​អ្នក​ចង់​ឲ្យ​ឪពុក​ម្ដាយ​របស់​អ្នក​សប្បាយ​ចិត្ត តើ​អ្នក​នឹង​ធ្វើ​អ្វី ? ចុះ​គ្រូបង្រៀន​របស់​អ្នក​វិញ ? មិត្តភក្ដិ​របស់​អ្នក ? គ្រូបង្វឹក​របស់​អ្នក ? ហេតុអ្វី​បានជា​អ្នក​អាច​ធ្វើ​សកម្មភាព​ខុសគ្នា​នៅក្នុង​ស្ថានភាព​ទាំងនេះ ?

សូម​ជញ្ជឹងគិត​អ្វី​ដែល​អ្នក​គិត​ថា​នឹង​នាំឲ្យ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​សេចក្ដី​អំណរ ។ សូម​គិត​ពី​អ្វីៗ​ដែល​អ្នក​កំពុង​ធ្វើ​នាពេល​បច្ចុប្បន្ន​នេះ ដែល​អាច​ផ្គាប់ចិត្ត​ទ្រង់​ទាំង​ទ្វេ និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​ខុស​ពីមុន ។ នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ អ្នក​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​ចំណាប់​អារម្មណ៍​ដែល​អ្នក​ទទួល​បាន ។

មីកា​បាន​អង្វរ​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចងចាំ​នូវ​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​ពួកគេ​បាន​ទទួល​ពី​ព្រះអម្ចាស់ ហើយ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​ត្រូវបាន​ប្រមូល​ផ្ដុំ​ទៅកាន់​ទ្រង់ ( សូម​មើល មីកា ២–៥ ) ។

រូបតំណាង​គូសសម្គាល់សូម​អាន មីកា ៦:៤ ហើយ​រកមើល​របៀប​មួយ​ចំនួន ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ៊ីស្រាអែល ។ បន្ទាប់​មក សូម​អាន មីកា ៧:៧–៨, ១៨–២០ ។ សូម​គូសសម្គាល់​ឃ្លា​ដែល​បង្ហាញ​ពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ​សម្រាប់​អ៊ីស្រាអែល ។

នៅពេល​យើង​ទទួល​ស្គាល់​រឿង​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​យើង នោះ​វា​អាច​ជា​រឿង​ធម្មតា​ដែល​យើង​ងឿងឆ្ងល់​ថា តើ​យើង​អាច​បង្ហាញ​ការដឹងគុណ​របស់​យើង ហើយ​គោរព​ដល់​ទ្រង់​ដោយ​របៀប​ណា ។ ព្យាការី​មីកា​មាន​ការលំបាក​ជាមួយ​សំណួរ​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ផ្គាប់ចិត្ត​ព្រះអម្ចាស់ ។

នៅ​ក្នុង មីកា ៦:៦–៧ ព្យាការី​បាន​ប្រើ​ឧទាហរណ៍​ធំៗ​ដើម្បី​បង្ហាញ​ថា ព្រះអម្ចាស់​មិន​តម្រូវ ឬ​មិន​ចង់​បាន​ទ្រព្យសម្បត្តិ​របស់​យើង​នោះ​ទេ ។ ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​បាន ដើម្បី​បង្ហាញ​ការដឹងគុណ​របស់​យើង​ចំពោះ​ព្រះអម្ចាស់ ហើយ​គោរព​ដល់​ទ្រង់ ?

យុវនារី​ម្នាក់​កាន់​រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ

រូបតំណាង​កត់​ចំណាំសូម​អាន មីកា ៦:៨ ហើយ​រកមើល​រឿង​បី​យ៉ាង​ដែល​ព្រះអម្ចាស់​សុំ​ឲ្យ​យើង​ធ្វើ ។ សូម​សរសេរ​កំណត់​ចំណាំ​មួយ ដែល​រួមបញ្ចូល​ការអញ្ជើញ​ទាំងបី​នេះ ។ អ្នក​អាច​ចាប់ផ្តើម​ជាមួយ « ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ … »

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ការប្រព្រឹត្ត​ដោយ​សុចរិត ស្រឡាញ់​ដោយ​សេចក្តី​សប្បុរស ហើយ​ដើរ​ដោយ​សុភាព​រាបទាប​មាន​ន័យ​យ៉ាង​ដូចម្ដេច ?

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ថ្លែង​អំពី​ពាក្យពេចន៍​របស់​មីកា ។ សូម​អាន សេចក្តី​ថ្លែងការណ៍ បី ខាងក្រោម​នេះ ហើយ​រកមើល​អ្វី​ដែល​អែលឌើរ រិនឡាន់ បាន​បង្រៀន​អំពី​ការគោរព​ដល់​ព្រះអម្ចាស់

ឬ​អ្នក​អាច​មើល​សុន្ទរកថា​របស់​អែលឌើរ រិនឡាន់ « ចូរ​ប្រព្រឹត្ត​ដោយ​សុចរិត ស្រឡាញ់​ដោយ​សេចក្តី​សប្បុរស ហើយ​ដើរ​ជាមួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាបទាប » បាន ។

13:27
  1. ប្រព្រឹត្ត​ដោយ​សុចរិត

    អែលឌើរ ឌែល ជី រិនឡាន់

    ឲ្យ ប្រព្រឹត្ត​ដោយ​សុចរិត មាន​ន័យ​ថា ជា​ការប្រព្រឹត្ត​ដោយ​ស្មោះត្រង់​ចំពោះ​ព្រះ និង​មនុស្ស​ឯ​ទៀត ។ …

    ដើម្បី​ក្លាយ​ដូចជា​ព្រះគ្រីស្ទ មនុស្ស​ម្នាក់​ត្រូវ​ប្រព្រឹត្ត​ដោយ​សុចរិត មាន​ឥរិយាបថ​ថ្លៃថ្នូរ​ទាំង​ចំពោះ​ព្រះ និង​អ្នកដទៃ ។ មនុស្ស​សុចរិត​ម្នាក់​គឺ​រាបសា​ទាំង​ពាក្យ​សម្តី និង​សកម្មភាព ហើយ​ទទួល​ស្គាល់​ពី​ភាពខុសគ្នា​ខាង​ទស្សនវិស័យ ឬ​ជំនឿ​ដែល​មិន​រារាំង​ដល់​សណ្ដាន​ចិត្តល្អ និង​មិត្តភាព​ពិត​ទេ ។ បុគ្គល​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត « នឹង​ពុំ​មាន​គំនិត​ចង់​ព្យាបាទ​គ្នាទៅវិញ​ទៅមក​ឡើយ ប៉ុន្តែ​ចង់​រស់នៅ​ដោយ​សុខសាន្ត » [ ម៉ូសាយ ៤:១៣ ] ជាមួយ​គ្នា ។ ( « ចូរ​ប្រព្រឹត្ត​ដោយ​សុចរិត ស្រឡាញ់​ដោយ​សេចក្តី​សប្បុរស ហើយ​ដើរ​ជាមួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាបទាប » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ ១០៩, ១១១ )

  2. ស្រឡាញ់​ដោយ​សេចក្តី​សប្បុរស

    អែលឌើរ ឌែល ជី រិនឡាន់

    ស្រឡាញ់​ដោយ​សេចក្តី​សប្បុរស​មាន​ន័យ​ថា យើង​មិន​ត្រឹមតែ​ស្រឡាញ់​សេចក្ដី​សប្បុរស​ដែល​ព្រះ​ផ្តល់​ឲ្យ​យើង​នោះ​ទេ យើង​អរ​រីករាយ​ដែល​ព្រះ​បាន​ផ្តល់​សេចក្តី​មេត្តា​ដូចគ្នា​នេះ​ដល់​មនុស្ស​ដទៃ​ផងដែរ ។ …

    មនុស្ស​ស្រឡាញ់​សេចក្តី​សប្បុរស ដើម្បី​ក្លាយ​ដូចជា​ព្រះគ្រីស្ទ ។ មនុស្ស​ដែល​ស្រឡាញ់​សេចក្តី​មេត្តា​ករុណា​គឺ​ពុំ​គិត​វិនិច្ឆ័យ​អ្នកដទៃ​ទេ ពួកគេ​បង្ហាញ​ការអាណិត​អាសូរ​ចំពោះ​អ្នកដទៃ ជាពិសេស​ចំពោះ​អ្នក​ទាំងឡាយ​ដែល​មាន​ភ័ព្វ​វាសនា​ទន់ទាប ពួកគេ​មាន​ចិត្ត​ល្អ សប្បុរស និង​ថ្លៃថ្នូរ ។ បុគ្គល​ទាំងនេះ​ប្រព្រឹត្ត​ចំពោះ​អ្នក​គ្រប់គ្នា​ដោយ​ក្តី​ស្រឡាញ់ និង​ការយល់ដឹង ដោយ​មិន​គិតពី​លក្ខណៈ​ផ្សេងៗ​ដូចជា ពូជសាសន៍ ភេទ សម្ព័ន្ធ​សាសនា និន្នាការ​ផ្លូវភេទ ស្ថានភាព​សេដ្ឋកិច្ច​សង្គម និង​កុលសម្ព័ន្ធ បក្ស​សម្ព័ន្ធ ឬ​ជាតិ​សាសន៍​ខុសគ្នា​នោះ​ទេ ។ អ្វីៗ​ទាំងនេះ​ត្រូវបាន​ជំនួស​ដោយ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។ ( « ចូរ​ប្រព្រឹត្ត​ដោយ​សុចរិត ស្រឡាញ់​ដោយ​សេចក្តី​សប្បុរស ហើយ​ដើរ​ជាមួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាបទាប » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ ១១១ )

  3. ដើរ​ជាមួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាបទាប

    អែលឌើរ ឌែល ជី រិនឡាន់

    កាល​យើង​ទទួល និង​ប្រើ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក នោះ​យើង​អាច​រីករាយ​នឹង​ភាពជា​ដៃគូ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​យើង​ត្រូវបាន​បង្រៀន​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​យើង​ត្រូវ​ធ្វើ រួម​ទាំង​របៀប​ដើម្បី​ដើរ​ជាមួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​រាបសា​ផងដែរ ។ …

    ដើម្បី​ក្លាយ​ដូចជា​ព្រះគ្រីស្ទ មនុស្ស​ម្នាក់​ជ្រើសរើស​ព្រះ ដើរ​ជាមួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​រាបសា ព្យាយាម​ផ្គាប់​ព្រះហឫទ័យ​ទ្រង់ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ ។ បុគ្គល​ដែល​ដើរ​ជាមួយ​ព្រះ​ដោយ​រាបសា ចងចាំ​នូវ​អ្វី​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​ពួកគេ ។ ( « ចូរ​ប្រព្រឹត្ត​ដោយ​សុចរិត ស្រឡាញ់​ដោយ​សេចក្តី​សប្បុរស ហើយ​ដើរ​ជាមួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាបទាប » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ ១១០, ១១១ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​នឹង​សំណួរ​មួយ ឬ​ច្រើន នៅ​ខាងក្រោម​នេះ ៖

  1. តើ​ការប្រព្រឹត្ត​ដោយ​សុចរិត ស្រឡាញ់​ដោយ​សេចក្តី​សប្បុរស ហើយ​ដើរ​ដោយ​សុភាព​រាបទាប គឺជា​ការគោរព​ដល់​ព្រះ​យ៉ាង​ដូចម្តេច ?

  2. តើ​ព្រះអម្ចាស់​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​អ្នក ដែល​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ប្រព្រឹត្ត​ដោយ​សុចរិត ស្រឡាញ់​ដោយ​សេចក្តី​សប្បុរស ហើយ​ដើរ​ដោយ​សុភាព​រាបទាប​កាន់តែ​ខ្លាំង​ឡើង ?

ជម្រើស ខ

តើ​ព្រះយេស៊ូវ​គឺជា​គំរូ​នៃ​ការប្រព្រឹត្ត​ដោយ​សុចរិត ស្រឡាញ់​ដោយ​សេចក្តី​សប្បុរស ហើយ​ដើរ​ដោយ​សុភាព​រាបទាប​ដោយ​របៀប​ណា ?

ព្រះគ្រីស្ទ​មាន​បន្ទូល​ជាមួយ​ស្ត្រី​ដែល​ប្រព្រឹត្ត​សហាយ​ស្មន់

រូបតំណាង​គូសសម្គាល់សូម​សិក្សា​បទពិសោធន៍​មួយ ឬ​ច្រើន ក្នុង​ចំណោម​បទពិសោធន៍ បី ខាងក្រោម​នេះ​នៅក្នុង​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​គូសសម្គាល់​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​គោរព​ដល់​ព្រះវរបិតា​សួគ៌ ។

  • ម៉ាថាយ ២៦:៣៩–៤២ – របៀប​ដែល​ព្រះយេស៊ូវ​បាន​យាង​ដោយ​ភាពរាបទាប និង​ចុះចូល​តាម​ព្រះវរបិតា​របស់​ទ្រង់

  • លូកា ១៩:១–១០ – របៀប​ដែល​ព្រះយេស៊ូវ​បាន​ប្រព្រឹត្ត​ចំពោះ​អ្នកមាន​ម្នាក់​ដោយ​យុត្តិធម៌ ( អ្នកយក​ពន្ធ )

  • យ៉ូហាន ៨:១–១១ – របៀប​ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ស្ត្រី​ម្នាក់

សូម​ជ្រើសរើស​របៀប​មួយ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​គោរព​ដល់​ព្រះវរបិតា​សួគ៌ ហើយ​ពិចារណា​ពី​របៀប​ដែល​ក្មេង​ជំទង់​អាច​ធ្វើតាម​គំរូ​របស់​ទ្រង់​បាន នៅឯ​គេហដ្ឋាន កន្លែង​ធ្វើការ សាលារៀន ឬ​កន្លែង​ផ្សេងទៀត ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​សៀវភៅ​កត់ចំណាំនៅ​ថ្ងៃនេះ ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រហែល​ជា​បំផុស​គំនិត​ក្នុង​គំនិត​របស់​អ្នក ឬ​អារម្មណ៍​ក្នុង​ចិត្ត​របស់​អ្នក​អំពី​អ្វីមួយ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ឬ​ឲ្យ​ដើរ​ជាមួយ​ព្រះអម្ចាស់​ដោយ​សុភាព​រាបទាប ។ សូម​ដាក់​ផែនការ​ដើម្បី​ធ្វើ​សកម្មភាព​លើ​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍ ដោយ​ការបំពេញ​ការបំផុស​គំនិត​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។

  • ដើម្បី​គោរព​ដល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​កាន់តែ​ប្រសើរ ខ្ញុំ​ចង់​ផ្តោតលើ​ឃ្លា «  » មកពី មីកា ៦:៨ ។

  • រឿង​ជាក់លាក់​មួយ ឬ​ពីរ​ដែល​ខ្ញុំ​ចង់​ធ្វើ​គឺ ៖  ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ដាក់​ផែនការ​ដើម្បី​គោរព​ដល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ផែនការ​របស់​អ្នក​ដើម្បី​គោរព​ដល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • របៀប​មួយ​ដែល​ក្មេង​ជំទង់​អាច​ធ្វើតាម​គំរូ​របស់​ព្រះគ្រីស្ទ​ក្នុង​ការគោរព​ដល់​ព្រះវរបិតា​សួគ៌​នៅឯ​គេហដ្ឋាន នៅ​កន្លែង​ធ្វើការ នៅ​សាលារៀន ឬ​នៅ​កន្លែង​ផ្សេងទៀត ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?