មីកា; ណាហ៊ុម; ហាបាគុក; សេផានា ៖ មេរៀនទី ១៥៣
ហាបាគុក
រង់ចាំចម្លើយចំពោះសំណួរដ៏ស្មោះរបស់យើង
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅពេលដែលព្យាការីហាបាគុកមានសំណួរពីអំពើទុច្ចរិតនៅជុំវិញលោក លោកបានស្វះស្វែងរក ហើយរង់ចាំចម្លើយពីព្រះអម្ចាស់ ។ ដូចហាបាគុកដែរ យើងអាចងាកទៅរកព្រះអម្ចាស់ជាមួយសំណួររបស់យើង ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីរបៀបរក្សាសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកមានសំណួរដែលហាក់ដូចជាគ្មានចម្លើយ ។
សិក្សាព្រះគម្ពីរ
គ្រូបង្រៀនថ្នាក់សិក្ខាសាលាម្នាក់នៅទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ នៅសហរដ្ឋអាមេរិក បានចែកចាយដូចខាងក្រោមនេះ ៖
កាលខ្ញុំអាយុ១២ឆ្នាំ ខ្ញុំបានចាប់ផ្តើមធ្វើរូបផ្គុំរូបរណារមួយ ដែលខ្ញុំសង្ឃឹមថានឹងបិទជាប់គ្នា ហើយដាក់ព្យួរលើជញ្ជាំងរបស់ខ្ញុំ ។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង ពេលដឹងថារូបផ្គុំ១,០០០បំណែករបស់ខ្ញុំ មានតែ៩៩៩បំណែកប៉ុណ្ណោះ ។ ក្រោយពីដើររកមើលគ្រប់ទីកន្លែងអស់ហើយ ខ្ញុំបានសម្រេចចិត្តទៅទិញរូបផ្គុំដូចគ្នាបេះបិទមួយ ដើម្បីយកបំណែកចុងក្រោយនោះ ។ ជាអកុសល បន្ទាប់ពីដើរមើលនៅច្រើនហាងហើយ ខ្ញុំមិនអាចរកឃើញរូបផ្គុំនោះទេ ។
ដូចរូបផ្គុំនោះដែរ យើងអាចមានបំណែកដំណឹងល្អជាច្រើន ដែលយើងពិបាកនឹងដាក់ឲ្យត្រូវទៅក្នុងការយល់ដឹងរបស់យើងអំពីរូបភាពដ៏ធំនៃជីវិតនេះ ។ នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមរកមើលវិធីដែលអ្នកអាចឆ្ពោះទៅមុខនៅក្នុងសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកខិតខំទទួលបានចម្លើយចំពោះសំណួររបស់អ្នក ។
ព្រះអម្ចាស់បានហៅហាបាគុកឲ្យធ្វើជាព្យាការីដល់នគរយូដា មុនពេលពួកបាប៊ីឡូនឡោមព័ទ្ធក្រុងយេរូសាឡិម ។ ដូចជាព្យាការីដទៃទៀតដែរ ហាបាគុកមានសំណួរ និងស្វះស្វែងរកការយល់ដឹងពីព្រះអម្ចាស់ ( សូមមើល យេរេមា ១២:១; គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:១–៦ ) ។
សូមអាន ហាបាគុក ១:២–៤ ។ សូមសរសេរកំណត់ចំណាំនៅក្បែរខគម្ពីរនីមួយៗ ជាមួយនឹងសេចក្តីសង្ខេបខាងក្រោមនៃសំណួររបស់ហាបាគុក ។
-
ព្រះអម្ចាស់អើយ តើទ្រង់ឮទូលបង្គំទេ ? ( ខទី ២ )
-
ហេតុអ្វីបានជាមានអំពើហិង្សា និងអំពើបាបជាច្រើននៅជុំវិញទូលបង្គំ ? ( ខទី ៣ )
-
ហេតុអ្វីបានជាមនុស្សអាក្រក់រួចខ្លួនពីអំពើអាក្រក់ច្រើនម្ល៉េះ ? ( ខទី ៤ )
ដូចជាហាបាគុកដែរ យើងក៏ប្រហែលជាមានសំណួរផងដែរ ។ សូមសរសេរសំណួរពិបាកដែលអ្នកអាចមាន ដែលអ្នកមានអារម្មណ៍ថាមិនទាន់មានចម្លើយនៅឡើយ ។
ជាការឆ្លើយតបនឹងសំណួររបស់ហាបាគុកអំពីអំពើទុច្ចរិតនៅក្នុងសង្គមរបស់លោក ព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹង « តាំងសាសន៍ខាល់ដេឡើង » ( ពួកបាប៊ីឡូន ) ដើម្បីដាក់ទោសកូនចៅនៃអ៊ីស្រាអែល ( សូមមើល ហាបាគុក ១:៦ ) ។ ហាបាគុកឆ្ងល់ថា ហេតុអ្វីបានជាព្រះអម្ចាស់នឹងអនុញ្ញាតឲ្យពួកបាប៊ីឡូនដ៏ទុច្ចរិតវាយយកដែនដីប្រជារាស្រ្តរបស់ទ្រង់បាន ( សូមមើល ហាបាគុក ១:១២–១៧ ) ។
សូមអាន ហាបាគុក ២:១–៤ ហើយរកមើលអ្វីដែលហាបាគុកបានជ្រើសរើសធ្វើ នៅពេលលោកពុះពារជាមួយនឹងសំណួររបស់លោក និងរបៀបដែលព្រះអម្ចាស់បានឆ្លើយតប ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងកំណត់ចំណាំនៅក្បែរខគម្ពីរទាំងនេះ ។
-
តើអ្នកគិតថា វាមានសភាពដូចម្តេចដើម្បី « ខំមើលទៅដើម្បីឲ្យដឹងជា [ ព្រះ ] នឹងមានបន្ទូលមក » ( ហាបាគុក ២:១ ) ?
-
តើវាមានសភាពដូចម្តេចដើម្បី « រស់នៅដោយសារសេចក្តីជំនឿ [ របស់យើង ] » ( ហាបាគុក ២:៤ ) ?
នៅក្នុង ហាបាគុក ៣:១៧–១៨ ហាបាគុកបានរៀបរាប់ពីហេតុការណ៍ដែលមិនចង់ឲ្យកើតឡើងជាច្រើន ដែលអាចកើតមានឡើង ។ សូមអានវគ្គបទគម្ពីរទាំងនេះ ហើយគូសសម្គាល់របៀប និងមូលហេតុដែលហាបាគុកបានឆ្លើយតប ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
តើវាខុសឬ ប្រសិនបើមានសំណួរអំពីដំណឹងល្អនោះ ?
ការសួរសំណួរគឺជាផ្នែកមួយដ៏សំខាន់នៃការរីកចម្រើនទីបន្ទាល់របស់អ្នក ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ បានបង្រៀន ៖
ការសួរគឺជាដើមកំណើតនៃទីបន្ទាល់ ។ អ្នកខ្លះអាចមានអារម្មណ៍អៀនខ្មាស ឬថាមិនស័ក្ដិសម ដោយសារពួកគេបានរកសំណួរដែលទាក់ទងទៅនឹងដំណឹងល្អ ប៉ុន្ដែពួកគេមិនចាំបាច់មានអារម្មណ៍បែបនោះទេ ។ ការសួរសំណួរមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ វាគឺជាប្រផ្នូលមួយនៃការរីកចម្រើន ។
ព្រះបានបញ្ជាយើងឲ្យស្វែងរកចម្លើយចំពោះសំណួររបស់យើង ហើយសួរតែអ្វីដែលយើងស្វែងរក « ដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ » [ មរ៉ូណៃ ១០:៤ ] ។ នៅពេលយើងធ្វើដូច្នោះ សេចក្ដីពិតនៃការណ៍ទាំងអស់អាចត្រូវបានបង្ហាញដល់យើង « ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » [ មរ៉ូណៃ ១០:៥ ] ។
ចូរកុំខ្លាចសួរសំណួរឡើយ ។ ចូរឆ្ងល់ ប៉ុន្ដែកុំសង្ស័យឡើយ ! សូមកាន់ខ្ជាប់ទៅនឹងសេចក្ដីជំនឿ និងពន្លឺដែលអ្នកបានទទួលរួចហើយនោះជានិច្ច ។ ( « The Reflection in the Water » [ កម្មវិធីជួបជុំប្រព័ន្ធអប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៩ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
ជម្រើស ខ
តើខ្ញុំឆ្ពោះទៅមុខដោយរបៀបណាទៅ នៅពេលខ្ញុំមិនមានចម្លើយទាំងអស់នោះ ?
នៅក្នុងជីវិតនេះ ព្រះបានបង្គាប់ឲ្យយើងរស់នៅដោយសេចក្តីជំនឿ ។ ការណ៍នោះមានន័យថា ជាញឹកញាប់ យើងនឹងមិនមានចម្លើយទាំងអស់នោះទេ ។
ប្រធាន រ័សុល អិម ណិលសុន បានលើកទឹកចិត្តថា ៖
សូមជ្រើសរើស ជឿ លើព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើបងប្អូនសង្ស័យពីព្រះ ជាព្រះវរបិតា និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ ឬពីភាពពិតនៃការស្ដារឡើងវិញ ឬសេចក្ដីពិតពេញលេញនៃការហៅដ៏ទេវភាពរបស់ យ៉ូសែប ស្ម៊ីធ ជាព្យាការី នោះសូម ជ្រើសរើស ជឿ ហើយបន្ដនៅស្មោះត្រង់ ។ សូមយកសំណួររបស់បងប្អូនទូលទៅព្រះអម្ចាស់ និងទៅកាន់ប្រភពដ៏ស្មោះសរផ្សេងទៀត ។ សូមសិក្សាដោយមានបំណងដើម្បី ជឿ ជាជាងបងប្អូនមានបំណងចង់ចាប់កំហុសក្នុងជីវិតរបស់ព្យាការី ឬភាពមិនស្របគ្នានៅក្នុងបទគម្ពីរ ។ សូមឈប់បង្កើនការសង្ស័យរបស់បងប្អូន ដោយទៅពិភាក្សាជាមួយនឹងមនុស្សដែលសង្ស័យផ្សេងទៀត ។ សូមទុកឲ្យព្រះអម្ចាស់ដឹកនាំបងប្អូននៅក្នុងដំណើររុករកខាងវិញ្ញាណរបស់បងប្អូន ។ ( « ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ សេចក្ដីជំនឿលើទ្រង់នឹងរើភ្នំចេញបាន » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ១០៣ )
ប្រសិនបើមាន សូមមើលវីដេអូ « His Grace: Choosing to Believe in God » ( ៤:០៧ ) ។ សូមរកមើលអ្វីដែលអ្នកអាចធ្វើបាន ដើម្បីឆ្ពោះទៅមុខដោយសេចក្ដីជំនឿ នៅពេលអ្នកមានសំណួរដែលគ្មានចម្លើយជាច្រើន ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
នៅចាំរូបផ្គុំពីសេចក្តីផ្ដើមទេ ? គ្រូបង្រៀនបានបន្ដថា ៖
ខ្ញុំស្រឡាញ់រូបផ្គុំនោះ ដូច្នេះជាជាងបោះវាចោល ខ្ញុំបានបិទវាជាប់គ្នានូវអ្វីដែលខ្ញុំមាន ហើយដាក់វានៅក្នុងទូររបស់ខ្ញុំ ហើយសង្ឃឹមថា នៅថ្ងៃមួយ ខ្ញុំនឹងរកឃើញបំណែកចុងក្រោយនោះ ។ ម្ភៃបួនឆ្នាំក្រោយមក ខ្ញុំបានឃើញរូបផ្គុំពេញដោយធូលីនោះ ហើយបច្ចេកវិទ្យាថ្មីបានអនុញ្ញាតឲ្យខ្ញុំរកឃើញទីតាំងបំណែកដូចគ្នាបេះបិទមួយ ហើយរកឃើញបំណែកដែលបានបាត់នោះ ។
សព្វថ្ងៃនេះរូបផ្គុំនោះព្យួរនៅលើជញ្ជាំងរបស់ខ្ញុំ មិនមែនដោយសាររូបភាពដែលវាបង្ហាញនោះទេ ប៉ុន្ដែដោយសារអ្វីដែលវាបង្រៀនខ្ញុំពីសំណួរអំពីដំណឹងល្អ ។ សូមកុំបោះចោលរូបភាពទាំងមូល ដោយសារអ្នកកំពុងបាត់បំណែកមួយ ឬពីរនៃរូបផ្គុំនេះឡើយ ។
សូមឆ្លើយសំណួរខាងក្រោមនេះ នៅជាប់នឹងសំណួរដែលអ្នកបានសរសេរពីមុន ។
-
តើអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីរក្សាសេចក្តីជំនឿលើព្រះគ្រីស្ទ ទោះបីជាអ្នកមិនមានចម្លើយចំពោះសំណួររបស់អ្នកក៏ដោយ ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីរបៀបរក្សាសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកមានសំណួរដែលហាក់ដូចជាគ្មានចម្លើយ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនអំពីការសួរសំណួរអំពីដំណឹងល្អ ។
-
អ្វីដែលអ្នកបានរៀនអំពីរបៀបដើម្បីឆ្ពោះទៅមុខដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកមានសំណួរដែលគ្មានចម្លើយជាច្រើន ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?