ម៉ាឡាគី ៖ មេរៀនទី ១៥៩
ម៉ាឡាគី ៤
អំណាចនៃការផ្សារភ្ជាប់
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ ព្រះអង្គសង្គ្រោះបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច តាមរយៈកូនសោនៃការផ្សារភ្ជាប់ ។ ម៉ាឡាគីបានព្យាករថា ព្រះអង្គសង្គ្រោះនឹងស្ដារកូនសោទាំងនេះឡើងវិញដើម្បី « បង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ » ( ម៉ាឡាគី ៤:៦ ) ។ មេរៀននេះអាចជួយអ្នកឲ្យបង្វែរចិត្តរបស់អ្នកទៅឯឪពុកម្តាយ បុព្វការីជន និងកូនចៅជំនាន់ក្រោយរបស់អ្នក ។
សិក្សាព្រះគម្ពីរ
ដើមស្រល់ពូជ Great Basin bristlecone ( Pinus longaeva ) នៅរដ្ឋកាលីហ្វ័រញ៉ាដែលមានឈ្មោះថា Methuselah ត្រូវបានគេចាត់ទុកថាជាដើមឈើចំណាស់ជាងគេបំផុតនៅលើផែនដីនេះជាយូរមកហើយ ។ យោងតាមទិន្នន័យ Methuselah មានអាយុ៤,៨៥៣ឆ្នាំហើយ—ដែលមានន័យថា វាបានដុះឡើងយ៉ាងល្អនៅជំនាន់ពួកសាសន៍អេស៊ីព្ទពីបុរាណសាងសង់ពីរ៉ាមីតនៅឯគីហ្សា ។ វាមានកម្ពស់១៨ម៉ែត្រ ( ប្រហែលជា៦០ហ្វីត ) ។
តើនឹងមានអ្វីកើតឡើង ប្រសិនបើឫស ឬមែករបស់វាងាប់នោះ ? ហេតុអ្វីបានជាទាំងពីរនេះចាំបាច់សម្រាប់សុខភាពរបស់ដើមឈើនេះ ?
នៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់តែងតែប្រើប្រាស់ពាក្យប្រៀបប្រដូចអំពីដើមឈើមួយដើមដែលមានឫស និងមែកធាង ដើម្បីបង្រៀនអំពីគ្រួសារ ។ ប្រសិនបើអ្នកគឺជាដើមឈើ តើឫស និងមែកតំណាងឲ្យអ្នកណានៅក្នុងគ្រួសាររបស់អ្នក ?
សូមមើលវីដេអូ « By the Hand of Elijah the Prophet » ( ៣:៣២ ) ចាប់ពីនាទីទី ០:០០ ដល់ ០:៥៦ ដើម្បីទទួលបានការយល់ដឹងអំពីមែកធាងគ្រួសារ ។
ដើម្បីឲ្យដើមឈើមួយរស់ និងលូតលាស់បាន វាត្រូវការទាំងឫស ( បុព្វការីជន ) និងមែក ( កូនចៅជំនាន់ក្រោយ ) ។
នៅពេលអ្នកសិក្សា ម៉ាឡាគី ៤ សូមពិចារណាពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើដើម្បីពង្រឹង និងការពារឫស និងមែកនៃមែកធាងគ្រួសាររបស់អ្នក ។ អ្នកអាចធ្វើការអធិស្ឋានស្ងាត់ៗ ដោយទូលសូមព្រះវរបិតាសួគ៌ឲ្យជួយអ្នកយល់ពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីពង្រឹងគ្រួសាររបស់អ្នក ។
ក្រុមគ្រួសារ ។ ក្រុមគ្រួសារទាំងអស់គឺខុសៗគ្នា ។ ព្រះអង្គសង្គ្រោះញាណដឹងទាំងស្រុងអំពីកាលៈទេសៈរបស់អ្នក ។ ទ្រង់អាចប្រទាននូវសេចក្តីសង្ឃឹម និងការព្យាបាលដែលចាំបាច់សម្រាប់ក្រុមគ្រួសារនាពេលអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់អ្នកបានតាមរយៈដង្វាយធួនរបស់ទ្រង់ ។
សូមអាន ម៉ាឡាគី ៤:១ ហើយរកមើលអ្វីដែលនឹងកើតឡើងទៅកាន់ឫស និងមែករបស់មនុស្សអាក្រក់នៅឯការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ។
សូមដាក់តំណភ្ជាប់សេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ទៅនឹង ម៉ាឡាគី ៤:១ ។
បើគ្មានការផ្សារភ្ជាប់ដែលបង្កើតក្រុមគ្រួសារដ៏អស់កល្បជានិច្ច ហើយភ្ជាប់ជំនាន់នេះ និងជំនាន់ក្រោយៗទៀតទេ នោះយើងនឹងត្រូវបានទុកចោលនៅក្នុងភាពអស់កល្បជានិច្ច ដោយគ្មានទាំងឫស ឬមែក—ដែលគ្មានទាំងបុព្វការីជន ឬកូនចៅទេ ។ ( « អំណាចនៃការផ្សារភ្ជាប់ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ២១ )
សូមអាន ម៉ាឡាគី ៤:៥–៦ ។ សូមគូសសម្គាល់អ្វីដែលព្រះអង្គសង្គ្រោះបានសន្យាថានឹងធ្វើ ដើម្បីឲ្យក្រុមគ្រួសារអាចត្រូវបានផ្សារភ្ជាប់ជាមួយគ្នា ។
ព្រះអង្គសង្គ្រោះបានបញ្ជូនអេលីយ៉ាឲ្យមកដើម្បីស្ដារកូនសោនៃការផ្សារភ្ជាប់ ហើយបង្វែរចិត្តរបស់ក្រុមគ្រួសារមកឯគ្នាទៅវិញទៅមក ។ ការសន្យានេះត្រូវបានបំពេញនៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៨៣៦ នៅពេលដែលអេលីយ៉ាបានបង្ហាញខ្លួនដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:១៣–១៦ ) ។ កូនសោនៃការផ្សារភ្ជាប់ដែលអេលីយ៉ាបានស្ដារឡើងវិញ ធ្វើឲ្យពិធីបរិសុទ្ធដ៏ពិសិដ្ឋមានសុពលភាពទាំងនៅលើផែនដី និងនៅស្ថានសួគ៌ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៤៧–៤៨ ) ។
ម៉ាឡាគី ៤:៥–៦ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ សូមទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនេះ « អេលីយ៉ា ‹ … នឹងបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ › » ។ សូមប្រើអក្សរដំបូងនៃពាក្យនីមួយៗ ៖ អនបចពឪមកនចកមឪវ ។ សូមសូត្រឃ្លានេះឡើងវិញ ដោយប្រើអក្សរទាំងនេះ រហូតដល់អ្នកទន្ទេញឃ្លានេះចាំ ។
សូមអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះដោយអែលឌើរ គ្រីស្តូហ្វឺសិន ។ សូមរកមើលរបៀបដែលព្រះអង្គសង្គ្រោះប្រទានពរដល់យើងជាមួយនឹងអំណាចនៃការផ្សារភ្ជាប់របស់ទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ ៖
[ នៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ ] យើងឃើញពីភាពអស្ចារ្យ និងភាពពិសិដ្ឋនៃអំណាចនៃការផ្សារភ្ជាប់—វាធ្វើឲ្យបុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ទទួលបានសេចក្តីសង្គ្រោះ និងភាពលើកតម្កើងដែលវាមានជាសកលសម្រាប់បុត្រាបុត្រីរបស់ព្រះនៅគ្រប់ទីកន្លែង និងគ្រប់ពេលខណៈពេលរស់នៅលើផែនដី ។ គ្មានទ្រឹស្ដី ឬទស្សនវិជ្ជា ឬសិទ្ធិអំណាចណាផ្សេងអាចប្រៀបផ្ទឹមនឹងឱកាសដែលរួមបញ្ចូលពិធីការទាំងអស់នេះទេ ។ អំណាចនៃការផ្សារភ្ជាប់នេះគឺជាការបង្ហាញដ៏ឥតខ្ចោះអំពីសេចក្ដីយុត្តិធម៌ ក្តីមេត្តា និងក្តីស្រឡាញ់របស់ព្រះ ។ ( « អំណាចនៃការផ្សារភ្ជាប់ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ២០, ២១ )
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ចេញពីសេចក្តីថ្លែងការណ៍នេះ ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចបង្វែរចិត្តរបស់ខ្ញុំទៅឯបុព្វការីជនរបស់ខ្ញុំដោយរបៀបណា ?
សូមបំពេញសេចក្ដីណែនាំមួយ ឬច្រើន នៅខាងក្រោមនេះ ។ នៅពេលអ្នកសិក្សា សូមគិតពិចារណាពីរបៀបដែលព្រះអង្គសង្គ្រោះ និងព្រះចេស្ដានៃការផ្សាភ្ជាប់របស់ទ្រង់ពង្រឹងបុព្វការីជនរបស់អ្នក និងទំនាក់ទំនងរបស់អ្នកជាមួយពួកគាត់ ។
-
សូមសរសេរការចងចាំវិជ្ជមានមួយ ដែលអ្នកមានអំពីឪពុក ឬម្តាយ ឬជីដូន ឬជីតារបស់អ្នក ឬសូមអានអំពីបុព្វការីជនម្នាក់នៅក្នុង ផ្នែក « អង្គចងចាំ » នៅលើគេហទំព័រ FamilySearch.org ឬនៅក្នុងកម្មវិធីមែកធាងគ្រួសារនៃកម្មវិធី FamilySearch ។ សូមគិតអំពីមូលហេតុដែលព្រះអង្គសង្គ្រោះអាចនឹងសព្វព្រះទ័យឲ្យអ្នកភ្ជាប់ជាមួយបុព្វការីជនរូបនេះ ។
-
សូមសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១៦–១៨ ហើយរកមើលមូលហេតុដែលការធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ និងកិច្ចការព្រះវិហារបរិសុទ្ធផ្សេងទៀតសម្រាប់បុព្វការីជនរបស់អ្នក គឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះ ។
-
សូមស្វែងរក « ពង្សប្រវត្តិ » នៅក្រោមប្រធានបទនៅក្នុងផ្នែកសន្និសីទទូទៅនៅក្នុងបណ្ណាល័យដំណឹងល្អ ។ សូមជ្រើសរើសសុន្ទរកថាមួយ ហើយសិក្សាវាខ្លះៗ ឬទាំងអស់ ។
ជម្រើស ខ
តើខ្ញុំអាចបង្វែរចិត្តរបស់ខ្ញុំទៅឯកូនចៅជំនាន់ក្រោយរបស់ខ្ញុំដោយរបៀបណា ?
សូមបំពេញសេចក្ដីណែនាំមួយ ឬច្រើន នៅខាងក្រោមនេះ ។ នៅពេលអ្នកសិក្សា សូមជញ្ជឹងគិតពីរបៀបដែលព្រះអង្គសង្គ្រោះ និងព្រះចេស្ដានៃការផ្សារភ្ជាប់របស់ទ្រង់ជួយអ្នកឲ្យពង្រឹងកូនចៅជំនាន់ក្រោយរបស់អ្នក ។
-
សូមពិនិត្យមើលសំណួរដែលបានសួរនៅក្នុងការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ហើយគិតពិចារណាពីរបៀបដែលចម្លើយរបស់អ្នកអាចផ្តល់ពរដល់គ្រួសាររបស់អ្នកនាពេលឥឡូវនេះ និងគ្រួសាររបស់អ្នកនាពេលអនាគត ។ សំណួរទាំងនេះអាចរកបាននៅក្នុងឧបសម្ព័ន្ធនៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ។
-
សូមស្វែងរក បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ហើយរកមើលឃ្លាដែលអាចរៀបចំអ្នកដើម្បីផ្ដល់ពរដល់អនាគតស្វាមី ឬភរិយា និងកូនៗរបស់អ្នក ។
-
សូមសរសេរសំបុត្រមួយច្បាប់ទៅអនាគតស្វាមី ឬភរិយា ឬកូនៗរបស់អ្នក ហើយពន្យល់ពីអ្វីដែលអ្នកកំពុងធ្វើឥឡូវនេះ ដើម្បីមានភាពស័ក្តិសមក្នុងការចូលព្រះវិហារបរិសុទ្ធ និងដើម្បីរៀបចំសម្រាប់គ្រួសារដ៏អស់កល្បជានិច្ច ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបង្វែរចិត្តរបស់អ្នកទៅឯឪពុកម្តាយ បុព្វការីជន និងកូនចៅជំនាន់ក្រោយរបស់អ្នក ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែល ម៉ាឡាគី ៤ បានជួយអ្នកឲ្យយល់ពីក្រុមគ្រួសារ ឬអំណាចនៃការផ្សារភ្ជាប់ ។
-
អ្វីដែលអ្នកបានធ្វើ ដើម្បីបង្វែរចិត្តរបស់អ្នកទៅឯបុព្វការីជនរបស់អ្នក ឬទៅឯកូនចៅជំនាន់ក្រោយរបស់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?