ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥៨ ៖ ម៉ាឡាគី ៣—ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺជា​ការបើក​ទ្វារ​ស្ថានសួគ៌


ក្មេងស្រី​កំពុង​បំពេញ​ក្រដាស​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ម៉ាឡាគី ៖ មេរៀន​ទី ១៥៨

ម៉ាឡាគី ៣

ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺជា​ការបើក​ទ្វារ​ស្ថានសួគ៌

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តាំងពី​បុរាណ​កាល​មក ព្រះវរបិតាសួគ៌​បាន​ប្រទាន​ពរ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​សម្រាប់​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការគោរព​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ទ្រង់ ។ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​តាមរយៈ​ព្យាការី​ម៉ាឡាគី ជួយ​យើង​ឲ្យ​រៀន​ពី​របៀប​ដែល​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង ដោយសារ​ការគោរព​ប្រតិបត្តិ​របស់​យើង​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​បំណង​ចង់​គោរព​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ព្រះអម្ចាស់ ។

សិក្សា​ព្រះគម្ពីរ

អែលឌើរ វ៉ាលើរី វី ខ័រដុន នៃ​ពួកចិតសិប​នាក់ បាន​ចែកចាយ​ដំណើររឿង​ដូច​តទៅ​នេះ ៖

12:27
អែលឌើរ វ៉ាលើរី វី ខ័រដុន

បន្ទាប់​ពី … សង្គ្រាម​ស៊ីវិល​មួយ​នៅ​អាមេរិក​កណ្ដាល អាជីវកម្ម​របស់​ឪពុក​ខ្ញុំ​បាន​ក្ស័យធន ។ គាត់​ធ្លាប់​មាន​បុគ្គលិក​ពេញ​ម៉ោង​ចំនួន​២០០​នាក់ ធ្លាក់​មក​សល់​មិន​ដល់ប្រាំ​នាក់ ដែល​បាន​ធ្វើការ​តាម​ការចាំបាច់​នៅក្នុង​ការ៉ាស់​ក្នុង​ផ្ទះ​របស់ [ ពួកយើង ] ។ … អំឡុង​ពេល​ដ៏​លំបាក​ទាំងនេះ ខ្ញុំ​ស្ដាប់​ឮ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​កំពុងពិភាក្សា​គ្នា​ថា តើ​ពួកគាត់​គួរ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ឬ​ត្រូវ​ទិញ​អាហារ​សម្រាប់​កូនៗ ។ ( « The Language of the Gospel » Liahona ខែ​ឧសភា ឆ្នាំ​២០១៧ ទំព័រ ៥៦ )

ដូច​ដែល​អែលឌើរ ខរដុន បាន​រៀន ពេលខ្លះ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​អាច​ជា​ការលំបាក ។

នៅពេល​អ្នក​សិក្សា​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ព្រះអម្ចាស់ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​ពរជ័យ​ដែល​មាន​សម្រាប់​អ្នក ហើយ​ពង្រឹង​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ធ្វើតាម​ច្បាប់​នេះ ។

ទោះជា​មនុស្ស​នៅ​ជំនាន់​របស់​ម៉ាឡាគី​បាន​បន្ត​ថ្វាយ​ដង្វាយ​ដល់​ព្រះអម្ចាស់​ក្ដី ក៏​ពួកគេ​មិន​បាន​គោរព​ដល់​ទ្រង់​ឡើយ ដោយ​បាន​ថ្វាយ « នំបុ័ង​ដែល​មិន​បរិសុទ្ធ » និង​សត្វ​ខ្វាក់ សត្វ​ខ្ញើច និង​សត្វ​ឈឺ ( សូម​មើល ម៉ាឡាគី ១:៧–៨, ១៣ ) ធ្វើ​ជា​ដង្វាយ​ដែល​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអម្ចាស់​បាន​បន្ទោស​ពួកសង្ឃ​ដែល​បាន « ទាស​ចេញពី​ផ្លូវ [ របស់​ព្រះអម្ចាស់ ] » និង « បាន​នាំឲ្យ​មនុស្ស​ជាច្រើន​ជំពប់​ដួល » ( ម៉ាឡាគី ២:៨ ) ដោយសារតែ​គំរូ​អាក្រក់​របស់​ពួកគេ ។ នៅក្នុង ម៉ាឡាគី ៣ ព្រះអម្ចាស់​បាន​បង្រៀន​ពី​វិធី​មួយ​ដែល​យើង​អាច​ថ្វាយ​ដង្វាយ​ដោយ​ស្ម័គ្រចិត្ត​ដល់​ទ្រង់ ។

រូបតំណាង​គូសសម្គាល់សូម​អាន ម៉ាឡាគី ៣:៧–១២ ។ សូម​គូសសម្គាល់​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​ប្រជាជន​ធ្វើ​ដោយ​ពណ៌​មួយ ។ សូម​គូសសម្គាល់​ការសន្យា​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ប្រជាជន ប្រសិនបើ​ពួកគេ​គោរព​ប្រតិបត្តិ​តាម​ដោយ​ពណ៌​មួយ​ទៀត ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិម៉ាឡាគី ៣:៨–១០ គឺជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ជាមួយ​នឹង​ប្រធានបទ​ដែល​វា​បង្រៀន ដើម្បី​អ្នក​អាច​ងាយ​នឹង​រក​វា​ឃើញ​នៅពេល​ក្រោយ ។ សូម​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ « ពរជ័យ​នៃ​ការ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » ។ អ្នក​អាច​ស្រមៃ​ថា កុមារ​អាយុ​ប្រាំបី​ឆ្នាំ​បី​នាក់​ឈ្មោះ ម៉ាឡាគី កំពុង​ថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់​នៃ​ប្រាក់​របស់​ពួកគេ ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនេះ ។

អែលឌើរ ខរដុន បាន​ពន្យល់​ពី​របៀប​ដែល​ឪពុក​របស់​គាត់ បាន​បង្ហាញ​ថា​ការសន្យា​របស់​ព្រះអម្ចាស់​គឺជា​ការពិត ។

12:27
អែលឌើរ វ៉ាលើរី វី ខ័រដុន

នៅ​ថ្ងៃអាទិត្យ ខ្ញុំ​បាន​ដើរ​តាម​ឪពុក​របស់​ខ្ញុំ​ដើម្បី​មើល​នូវ​អ្វី​ដែល​គាត់​នឹង​ធ្វើ ។ បន្ទាប់ពី​ការប្រជុំ​ក្នុង​សាសនាចក្រ​របស់​យើង ខ្ញុំ​បាន​ឃើញ​គាត់​យក​ស្រោម​សំបុត្រ​មួយ​មក ហើយ​ដាក់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ក្នុង​នោះ ។ នោះ​គ្រាន់​តែ​ជា​ចំណែក​មួយ​នៃ​មេរៀន​ប៉ុណ្ណោះ ។ សំណួរ​ដែល​មាន​នៅ​ក្នុង​ខ្លួន​ខ្ញុំ​គឺ​ថា តើ​ពួកយើង​នឹង​បាន​អ្វី​ទទួល​ទានទៅ ។

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​ មាន​មនុស្ស​មួយចំនួន​បាន​មក​គោះ​ទ្វារ​របស់​យើង ។ នៅពេល​ខ្ញុំ​បើក​ទ្វារ ពួកគាត់​បាន​សួរ​រក​ឪពុក​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ស្រែក​ហៅ​ពុក ហើយ​នៅពេល​គាត់​អញ្ជើញ​មក​ដល់ ភ្ញៀវ​ទាំងនោះ​បាន​ប្រាប់​គាត់​អំពី​ការកម៉្មង់​ឲ្យ​ដេរ​អីវ៉ាន់​ជា​ប្រញាប់ ដែល​ពួកគាត់​ត្រូវការ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ពួកគាត់​បាន​ប្រាប់​ទៅ​ពុក​ថា ដោយសារ​ការកម៉្មង់​នេះ​វា​ប្រញាប់​ខ្លាំង នោះ​ពួកគាត់​យល់ព្រម​បង់​ថ្លៃ​ប្រាក់​ជាមុន ។ នៅ​ថ្ងៃនោះ ខ្ញុំ​បាន​រៀន​គោលការណ៍​នៃ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ពរជ័យ​ដែល​កើត​មាន​មក​តាម​ក្រោយ ។ ( « The Language of the Gospel » Liahona ខែ​ឧសភា ឆ្នាំ​២០១៧ ទំព័រ ៥៦ )

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ដើម្បី​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​របៀប​ណា ?

នៅក្នុង ម៉ាឡាគី ៣:១០ ព្រះអម្ចាស់​បាន​អញ្ជើញ​ប្រជាជន​ឲ្យ « ល្បង​ល » ការសន្យា​របស់​ទ្រង់​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដោយ​ការថ្វាយ​ដង្វាយ​នេះ ។ ប្រសិនបើ​អ្នក​ស្ទាក់ស្ទើរ​ដើម្បី​មាន​សេចក្ដី​ជំនឿ​ក្នុង​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ សូម​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអម្ចាស់ ។

ប្រធាន ណិលសុន បាន​បង្រៀន​ថា ៖

ប្រធាន រ័សុល អិម ណិលសុន

ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​តម្រូវ​ឲ្យ​មាន​សេចក្តី​ជំនឿ ហើយ​វា​ក៏ ស្ថាបនា សេចក្តី​ជំនឿ​លើ​ព្រះ និង​ព្រះរាជបុត្រា​ស្ងួនភ្ញា​របស់​ទ្រង់​ផងដែរ ។ ( « គិត​ដល់​សេឡេស្ទាល » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ទំព័រ ១១៩ )

សូម​មើល​វីដេអូ​ពីរ ឬ​ច្រើន នៅ​ខាងក្រោម​នេះ ហើយ​រកមើល​របៀប​ដែល​អ្នកដទៃ​បាន​បង្ហាញ​ថា ការសន្យា​របស់​ព្រះអម្ចាស់​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺជា​ការពិត ។

ដំណើររឿង​ដែល​ស្ថាបនា​សេចក្តី​ជំនឿ​អំពី​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ មិន​មែន​គ្រាន់តែ​សម្រាប់​ពួក​អ្នក​មាន​សិទ្ធ​អំណាច​ទូទៅ​ប៉ុណ្ណោះ​ទេ ។ ប្រសិនបើ​អ្នក​ស្គាល់​នរណាម្នាក់​ដែល​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ សូម​ពិចារណា​សុំឲ្យ​ពួកគេ​ចែកចាយ​មូលហេតុ​ដែល​ពួកគេ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

រូបតំណាង​សៀវភៅ​កត់ចំណាំដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន សូម​កត់ត្រា​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅកាន់​នរណាម្នាក់​ដែល​សួរ​ថា « ហេតុអ្វី​បានជា​នរណាម្នាក់​នឹង​ចំណាយ​១០​ភាគរយ​នៃ​ប្រាក់​របស់​ពួកគេ​សម្រាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ? »

ជម្រើស ខ

ហេតុអ្វី​បានជា​ខ្ញុំ​មិន​មាន​ភាពជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ជានិច្ច នៅពេល​ដែល​ខ្ញុំ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ?

យុវជន​ម្នាក់​អង្គុយ​នៅ​តុ​មួយ កំពុង​បំពេញ​ក្រដាស​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ការក្លាយជា​អ្នកថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ​មិន​ធានា​ថា​នឹង​មាន​សេរីភាព​ពី​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​នោះ​ទេ ។ ពេលខ្លះ វា​អាច​ពិបាក​នឹង​ស្គាល់​ពរជ័យ​ខាង​វិញ្ញាណ​នៃ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

រូបតំណាង​គូសសម្គាល់សូម​អាន ម៉ាឡាគី ៣:១៣–១៥។ សូម​គូសសម្គាល់​ឃ្លា​ទាំងឡាយ ដែល​បង្ហាញ​ពី​របៀប​ដែល​មនុស្ស​សួរ​ថា តើ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ការថ្វាយ​ដង្វាយ​ផ្សេងទៀត​មាន​តម្លៃ​សម​នឹង​លះបង់​ដែរ​ឬទេ ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

អែលឌើរ ដេវីឌ អេ បែដណា

ជាញឹកញាប់ នៅពេល​យើង​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់ យើង​សង្កត់ធ្ងន់​លើ​ពរជ័យ​ខាង​សាច់ឈាម​ដែល​ទទួលបាន​ភ្លាមៗ អស្ចារ្យ ហើយ​ងាយមើល​ដឹង ។ ប្រាកដ​ណាស់ ពរជ័យ​ដូច្នោះ​កើត​មាន​មែន ។ ប៉ុន្តែ​ពរជ័យ​ផ្សេងៗ​មួយចំនួន​ដែល​យើង​ទទួល នៅពេល​យើង​គោរព​តាម​បញ្ញត្តិ​នេះ​គឺ​សំខាន់ តែ​តូចៗ ។ ពរជ័យ​ដូច្នោះ​អាច​ត្រូវបាន​ញែកដឹង​តែ​ពេល​យើង​សង្កេត និង​យក​ចិត្តទុក​ដាក់​ខាង​វិញ្ញាណ​ប៉ុណ្ណោះ ( សូម​មើល កូរិនថូស ទី១ ២:១៤ ) ។ ( « The Windows of Heaven » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ទំព័រ ១៧–១៨ )

បន្ទាប់មក​អែលឌើរ បែដណា បាន​ចែកចាយ​ពរជ័យ « សំខាន់ តែ​តូចៗ » មួយ​ចំនួន​មកពី​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ សូម​ពិចារណា​សិក្សា​សុន្ទរកថា​របស់​លោក « បង្អួច​នៃ​ស្ថានសួគ៌ » ដើម្បី​មើល​ឧទាហរណ៍​ទាំងឡាយ ។

ខណៈ​ដែល​ពរជ័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​អាច​មាន​ភាពមិន​ច្បាស់លាស់ អែលឌើរ បែដណា បាន​សន្យា​ថា យើង​អាច​ស្គាល់​ពរជ័យ​ទាំងនោះ​បាន ប្រសិនបើ​យើង « សង្កេត និង​យក​ចិត្តទុក​ដាក់​ខាង​វិញ្ញាណ » ។

រូបតំណាង​គូសសម្គាល់សូម​អាន ម៉ាឡាគី ៣:១៦–១៨ ។ សូម​គូសសម្គាល់​ឃ្លា​ទាំងឡាយ ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះអម្ចាស់​ទទួល​ស្គាល់​ការលះបង់​របស់​យើង ហើយ​នឹង​ប្រទានពរ​ដល់​យើង ។

រូបតំណាង​កត់​ចំណាំសូម​សង្ខេប​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការសន្យា​របស់​ព្រះអម្ចាស់​នៅក្នុង​កំណត់​ចំណាំ​មួយ​នៅ​ជាប់​នឹង ខទី ១៨ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​បំណង​ចង់​គោរព​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ព្រះអម្ចាស់ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ការឆ្លើយតប​របស់​អ្នក​ទៅកាន់​នរណាម្នាក់ ដែល​មិន​យល់ពី​ពរជ័យ​នៃ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

  • កំណត់​ចំណាំ​ដែល​អ្នក​បាន​សរសេរ​នៅ​ជាប់​នឹង ខទី ១៨ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?