He Comes Again to Rule and Reign [ ទ្រង់យាងមកម្តងទៀតដើម្បីគ្រប់គ្រង និងសោយរាជ្យ ] ដោយ ម៉ារី អ័រ សៅអើរ
ហាកាយ ១–២; សាការី ១–៤; ៧–១៤ ៖ មេរៀនទី ១៥៧
សាការី ១០–១៤
« ថ្ងៃនៃព្រះយេហូវ៉ានឹងមកដល់ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តាមរយៈពួកព្យាការីរបស់ទ្រង់ ព្រះអម្ចាស់បើកសម្ដែងព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍នាពេលអនាគត ដើម្បីយើងអាចដឹង ហើយទន្ទឹងរង់ចាំទ្រង់ដោយទំនុកចិត្ត ។ សាការីបានព្យាករពីពេលវេលាដែលព្រះអង្គសង្គ្រោះនឹងយាងមកផែនដីវិញ ហើយការពាររាស្ដ្ររបស់ទ្រង់ពីជាតិសាសន៍នានា ដែលបានប្រមូលផ្ដុំគ្នាវាយទាស់នឹងពួកគេ ។ មេរៀននេះអាចជួយអ្នកឲ្យមានទំនុកចិត្តកាន់តែខ្លាំងថា ព្រះអង្គសង្គ្រោះនឹងគង់នៅជាមួយអ្នក នៅអំឡុងព្រឹត្តិការណ៍មុនការយាងមកជាលើកទីពីរ ។
សិក្សាព្រះគម្ពីរ
ខណៈដែលពិភពលោកបានរៀបចំដើម្បីផ្លាស់ប្តូរពីឆ្នាំ១៩៩៩ ទៅឆ្នាំ២០០០ មនុស្សមួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំង ។ ការភ័យខ្លាចបានរីករាលដាលថា កំហុសកុំព្យូទ័រដែលគេស្គាល់ថាជា Millennium Bug ( កំហុសសហស្សវត្សរ៍ ) អាចបណ្តាលឲ្យមានបរាជ័យផ្នែកបច្ចេកវិទ្យាយ៉ាងធំ ។ មនុស្សជាច្រើនគិតថា ពិភពលោកអាចនឹងមកដល់ទីបញ្ចប់ ។ មនុស្សផ្សេងទៀតបានរៀបចំខ្លួនដើម្បីអបអរសាទរ ។
ព្រឹត្តិការណ៍មួយទៀតដែលបង្កឲ្យមានការរំជួលអារម្មណ៍ខ្លាំងសម្រាប់មនុស្ស គឺការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើមានពាក្យពេចន៍អ្វីខ្លះ ដែលពិពណ៌នាពីអារម្មណ៍របស់អ្នកអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ?
-
តើមានអ្វីខ្លះដែលមានឥទ្ធិពលលើអារម្មណ៍របស់អ្នកអំពីព្រឹត្តិការណ៍នេះ ?
សាការីបានព្យាករថា នៅថ្ងៃចុងក្រោយ ការប្រយុទ្ធដ៏ធំមួយដែលត្រូវបានស្គាល់ថាជាសមរភូមិអើម៉ាគេដូន នឹងកើតឡើងនៅជិតក្រុងយេរូសាឡិម ។ ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងប្រមូលផ្តុំគ្នាប្រឆាំងនឹងក្រុងយេរូសាឡិម ( សូមមើល សាការី ១២:២–៣ ) ។ ជាផ្នែកមួយនៃចម្បាំងនេះ ក្រុងយេរូសាឡិមនឹងត្រូវឡោមព័ទ្ធ ខណៈដែលកងទ័ពឡោមព័ទ្ធទីក្រុង ( សូមមើល សាការី ១៤:២ និង លូកា ២១:២០ ) ។ បន្ទាប់មក ព្រះអង្គសង្គ្រោះនឹងបង្ហាញអង្គទ្រង់នៅលើភ្នំដើមអូលីវ ( សូមមើល សាការី ១៤:៤ ) ។
ការអានអំពីព្រឹត្តិការណ៍នាពេលអនាគតជាមួយពួកកងទ័ព ការប្រយុទ្ធ និងការហ៊ុមព័ទ្ធអាចស្ដាប់ទៅគួរឲ្យភ័យខ្លាច ។ ប៉ុន្តែព្រះអង្គសង្គ្រោះនឹងគង់នៅជាមួយយើង ។ នៅពេលអ្នកសិក្សាអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ សូមអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធជួយអ្នកឲ្យទទួលអារម្មណ៍ពីការលួងលោម និងសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។
របៀបមួយដែលយើងអាចដកពិសោធន៍សេចក្តីអំណរបាន នៅពេលយើងគិតពីការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ គឺតាមរយៈការបន្ដផ្តោតចិត្តយើងលើទ្រង់ និងរៀនពីអ្វីដែលទ្រង់នឹងធ្វើសម្រាប់យើងនៅឯការយាងមករបស់ទ្រង់ ។
ការយាងមកជាលើកទីពីរ ដោយ ហារី អាន់ឌើរសិន
សូមអានវគ្គបទគម្ពីរខាងក្រោមនេះ ដើម្បីរៀនពីអ្វីដែលព្រះអង្គសង្គ្រោះនឹងធ្វើសម្រាប់ប្រជាជននៅអំឡុងការយាងមកជាលើកទីពីររបស់ទ្រង់ ។ សូមគូសសម្គាល់ពាក្យ ឬឃ្លាដែលអ្នកចង់ចងចាំ ។
អ្វីដែលព្រះអង្គសង្គ្រោះនឹងធ្វើសម្រាប់ …
-
រាស្រ្តនៃសេចក្តីសញ្ញារបស់ទ្រង់ មុនពេលការយាងមកជាលើកទីពីររបស់ទ្រង់ ? សាការី ១០:៦, ៨–៩, ១២ ( ចំណាំ ៖ នៅក្នុង ខទី ៨ ពាក្យ ហួច មានន័យថា « ហៅ » ) ។
-
ប្រជាជនដែលរងការវាយប្រហារនៅទីក្រុងយេរូសាឡិម ? សាការី ១២:៨–៩; ១៤:២–៥, ៨–៩
-
ពួកសាសន៍យូដាដែលទទួលស្គាល់ទ្រង់ជាព្រះមែស៊ី ? សាការី ១២:១០; ១៣:៦, ៨–៩ ( សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៥១–៥៣ )
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមកត់ត្រាសេចក្ដីពិតនេះ ព្រះយេស៊ូវគ្រីស្ទនឹងយាងត្រឡប់មកវិញនៅថ្ងៃចុងក្រោយ ហើយប្រមូលផ្តុំ សង្គ្រោះ និងការពារប្រជាជនរបស់ទ្រង់ ។ សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ៖
-
តើការដឹងពីសេចក្តីពិតនេះអំពីព្រះយេស៊ូវគ្រីស្ទ ជួយយើងប្រឈមមុខនឹងការយាងមកជាលើកទីពីររបស់ទ្រង់ដោយទំនុកចិត្តយ៉ាងដូចម្ដេច ?
-
តើព្រះយេស៊ូវគ្រីស្ទប្រមូលផ្តុំ សង្គ្រោះ និងការពារប្រជារាស្ដ្ររបស់ទ្រង់នាសព្វថ្ងៃនេះតាមរបៀបណាខ្លះ ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចទន្ទឹងរង់ចាំការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
ហើយពេលអ្នករស់នៅដោយសុចរិតពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំគិតថា បទពិសោធន៍របស់អ្នកនឹងបញ្ជាក់ដល់អ្នកម្ដងហើយម្ដងទៀតថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ។ សិលាខាងវិញ្ញាណដែលស្ថិតនៅក្រោមជើងអ្នក នឹងរឹងមាំ ហើយនឹងមានសុវត្ថិភាព ។ អ្នកនឹងរីករាយ ដែលព្រះបានដាក់អ្នកនៅទីនេះ ដើម្បីជាផ្នែកមួយនៃការរៀបចំចុងក្រោយសម្រាប់ការយាងមកដ៏រុងរឿងរបស់ទ្រង់ ។ ( « Spiritual Whirlwinds » Liahona ខែឧសភា ឆ្នាំ២០១៤ ទំព័រ ២១ )
សូមមើលវីដេអូ « Come, O Thou King of Kings » ( ៣:៤៣ ) ។
សូមអានទំនុកច្រៀងនៃទំនុកតម្កើង « សូមយាង ឱ ស្តេចនៃស្តេច » ( ទំនុកតម្កើង ល.រ. ២៣ ) ។
ទំនុកបទ សូមយាង ឱ ស្ដេចនៃស្តេច
សូមយាងឱស្ដេចនៃស្តេច !
យើងរង់ចាំទ្រង់ជាយូរ
រង់ចាំចំអេងស្លាបទ្រង់
មកលោះរាស្ត្រទ្រង់ផុតភ័យ
មកអស់ទាំងសាសន៍ដែលប្រាថ្នាមក
ចូរអ៊ីស្រាអែលមកជុំគ្នាវិញ ។
សូមយាងមកបញ្ឈប់បាប
ហើយលាងផែនដីដោយភ្លើង
ហើយនាំក្តីសុចរិតមក
ឲ្យពួកបរិសុទ្ធឮ
ពិណបទអំណររីករាយអរក្រៃ
ស្វាគមន៍រាជ្យដ៏សុខសាន្តនៃទ្រង់ ។
សូមសរសេរវគ្គបន្ថែមមួយទៅកាន់ទំនុកតម្កើងនេះ ដោយឆ្លុះបញ្ចាំងពីការបង្រៀនរបស់សាការីអំពីអ្វីដែលព្រះអង្គសង្គ្រោះបានសន្យាថានឹងធ្វើសម្រាប់ប្រជាជនរបស់ទ្រង់ នៅអំឡុងការយាងមកជាលើកទីពីររបស់ទ្រង់ ។ សូមរួមបញ្ចូលរបៀបដែលការសន្យាទាំងនេះអាចជួយអ្នកឲ្យមានទំនុកចិត្តថា ព្រះអង្គសង្គ្រោះនឹងគង់នៅជាមួយប្រជាជនរបស់ទ្រង់នៅថ្ងៃចុងក្រោយ ។
ជម្រើស ខ
តើព្រះគម្ពីរអាចបង្រៀនខ្ញុំអ្វីខ្លះ អំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ?
ការយាងមកជាលើកទីពីរ ដោយ ហារី អាន់ឌើរសិន
តើអ្នកចង់ដឹងបន្ថែមទៀតអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះដែរឬទេ ? ខណៈដែលព្រះគម្ពីរមិនបានផ្ដល់ព័ត៌មានលម្អិតទាំងអស់ឲ្យយើងក្ដី ក៏ព្រះអម្ចាស់បានបើកសម្ដែងរឿងជាច្រើន ដែលអាចឆ្លើយសំណួររបស់យើងបានដែរ ។ សូមជ្រើសរើសសំណួរពីរ ឬច្រើន នៅខាងក្រោមនេះដែលអ្នកចាប់អារម្មណ៍ ។ សូមសិក្សាបទគម្ពីរខាងក្រោមនេះ ដើម្បីស្វែងរកចម្លើយចំពោះសំណួរទាំងនេះ ។ នៅពេលអ្នកអានវគ្គបទគម្ពីរទាំងនេះ សូមដាក់ស្លាកវាថា « ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ » ។
-
តើនឹងមានអ្វីកើតឡើងចំពោះមនុស្សសុចរិត និងមនុស្សទុច្ចរិតនៅឯការយាងមកជាលើកទីពីរ ?
-
សាការី ១៤:១២–១៣, ១៦
-
ម៉ាឡាគី ៣:១–៣; ៤:១–៣
-
តើខ្ញុំនឹងនៅទីនោះទេ ពេលព្រះអង្គសង្គ្រោះយាងមកវិញ ?
-
សាការី ១៤:៥
-
ថែស្សាឡូនីចទី១ ៤:១៤–១៧
-
-
តើយើងដឹងថា ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះនឹងមកដល់នៅពេលណា ?
-
តើមានសញ្ញាអ្វីខ្លះទៀតនៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ?
-
យ៉ូអែល ២:៣០–៣២
-
សាការី ១៤:៨
-
អេសេគាល ៤៧:១, ៨–៩
-
លូកា ២១:២៥–២៨
-
សូមសរសេរកំណត់ចំណាំមួយនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកអំពីអ្វីដែលអ្នកបានរៀន ។ សូមរួមបញ្ចូលខគម្ពីរដែលអ្នកចង់ចងចាំ ។ សូមកត់ត្រារបៀបដែលចម្លើយទាំងនេះមានឥទ្ធិពលលើទស្សនៈ និងអារម្មណ៍របស់អ្នកអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមទៀត អ្នកក៏អាចសិក្សា « ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុងប្រធានបទ និងសំណួរនៅក្នុងបណ្ណាល័យដំណឹងល្អបានផងដែរ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមានទំនុកចិត្តកាន់តែខ្លាំងថា ព្រះអង្គសង្គ្រោះនឹងគង់នៅជាមួយអ្នក នៅអំឡុងព្រឹត្តិការណ៍មុនការយាងមកជាលើកទីពីរ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ទំនុកបទនៃបទចម្រៀងដែលអ្នកបាននិពន្ធ ។
-
ចម្លើយចំពោះសំណួរដែលអ្នកបានមានអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?