ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥៥ ៖ ហាកាយ—« ចូរ​ឯងរាល់គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ »


យុវជន​ម្នាក់​ឱប​ដៃ; ប្រអប់​ការ៉េ​ជាច្រើន​ដែល​បង្ហាញ​និមិត្តសញ្ញា​ផ្សេងៗ​គ្នា​នៃ​សកម្មភាព​ដូចជា​តន្ត្រី សៀវភៅ ខ្មៅដៃ និង​ក្រដាស និង​ទូរសព្ទ​នៅ​ជុំវិញ​គាត់

ហាកាយ ១–២; សាការី ១–៤; ៧–១៤ ៖ មេរៀន​ទី ១៥៥

ហាកាយ

« ចូរ​ឯងរាល់គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ក្នុង​ជីវិត​ដ៏​មមាញឹក​របស់​យើង តើ​យើង​អាច​ទុក​ពេល​សម្រាប់​ព្រះអម្ចាស់ និង​កិច្ចការ​ដែល​ទ្រង់​បង្គាប់​ឲ្យ​យើង​ធ្វើ​ដោយ​របៀប​ណា ? យើង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ធ្វើ​តាម​ការ​អញ្ជើញ​របស់​ព្រះអម្ចាស់​ដល់​ពួកសាសន៍​យូដា​ឲ្យ « ពិចារណា​អំពី​ផ្លូវ [ របស់​យើង ] » ( ហាកាយ ១:៥ ) ទាក់ទង​នឹង​របៀប​ដែល​យើង​ចំណាយ​ពេល​សម្រាប់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​បំផុស​គំនិត​ឲ្យ​អ្នក​ដាក់​ព្រះ​ជា​អាទិភាព​ទីមួយ​នៅក្នុង​ជីវិត​របស់​អ្នក ។

សិក្សា​ព្រះគម្ពីរ

ប្រធាន រ័សុល អិម ណិលសុន នៅក្នុង​សន្និសីទ​ទូទៅ

សូម​ជញ្ជឹង​គិត​ពី​អ្វី​ដែល​ប្រធាន រ័សុល អិម ណិលសុន អាច​ចង់​មាន​ប្រសាសន៍ នៅពេល​លោក​ថ្លែង ៖ « ពេល​ដែល​បងប្អូន​ផ្ដល់​ពេលវេលា​ទៀងទាត់​មួយ​ផ្នែក​របស់​បងប្អូន​ដោយ​សប្បុរស​ទៅ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​គុណ​អ្វី​ដែល​នៅសល់ » ( « ក្រោក​ឈរ​ឡើង​ជា បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្សរ៍ » លីអាហូណា ខែ​តុលា ឆ្នាំ​២០១៦ ទំព័រ ៥១ ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំ នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​កត់ត្រា​គំនិត​របស់​អ្នក​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ចំណាយ​ពេល​ធ្វើ​អ្វី​ខ្លះ​ក្នុង​មួយ​ថ្ងៃ ?

  • តើ​ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​ម្នាក់ៗ​ឲ្យ​ដាក់​អាទិភាព​លើ​អ្វី​ខ្លះ ?

  • តើ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ?

នៅពេល​អ្នក​សិក្សា​គម្ពីរ​ហាកាយ សូម​រកមើល​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ប្រទានពរ​ដល់​ជីវិត​អ្នក នៅពេល​អ្នក​ចំណាយ​ពេល​សម្រាប់​ទ្រង់ ។

បន្ទាប់ពី​ពួកសាសន៍​យូដា​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ពី​ការ​ជាប់ជា​ឈ្លើយ​នៅ​បាប៊ីឡូន ពួកគេ​បាន​លះបង់​ពេលវេលា​របស់​ពួកគេ​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ទីក្រុង ផ្ទះ និង​ជីវិត​របស់​ពួកគេ​ឡើង​វិញ ( សូម​មើល អែសរ៉ា ១:១–៦ ) ។ ប៉ុន្តែ​បន្ទាប់​ពី​ប្រហែល​១៥​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ព្រះអម្ចាស់​មិន​សព្វ​ព្រះទ័យ​ឡើយ ដែល​ពួកគេ​មិន​បាន​ដាក់​អាទិភាព​ឲ្យ​កាន់តែ​ខ្ពស់​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើង​វិញ ( សូម​មើល អែសរ៉ា ៤:២៤; ហាកាយ ១:៣–៤ ) ។ ទ្រង់​បាន​ចាត់​ព្យាការី​របស់​ទ្រង់ ហាកាយ ឲ្យ​ទៅ​បង្គាប់​ប្រជាជន​ឲ្យ​សាងសង់​ដំណាក់​របស់​ព្រះអម្ចាស់ ។

សូម​អាន ហាកាយ ១:២–៤ ។ នៅក្នុង​ខគម្ពីរ​ទាំងនេះ យើង​រៀន​ថា ពួកសាសន៍​យូដា​មិន​បាន​ផ្តោតលើ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ​ឡើយ ។ នៅក្នុង ខទី ៤ សូម​កត់​សម្គាល់​ពាក្យ បិទ‌ភ្ជិត ។ វា​មាន​ន័យ​ថា បិទ​គ្រប​លម្អ ។ ការណ៍​នេះ​អាច​បង្ហាញ​ថា ខណៈ​ដែល​ពួកគេ​ទុក​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​សាងសង់​មិន​ហើយ​រួចរាល់ មនុស្ស​បែរជា​សង់​ផ្ទះ​ដ៏​មានផាសុកភាព និង​បាន​បំពាក់​គ្រឿង​សង្ហារិម​ល្អៗ​សម្រាប់​ផ្ទះ​របស់​ពួកគេ​ទៅ​វិញ ។

រូបតំណាង​គូសសម្គាល់សូម​អាន ហាកាយ ១:៥–១១ ។ សូម​គូសសម្គាល់​លទ្ធផល​ដែល​ពួកសាសន៍​យូដា​បាន​ជួបប្រទះ ដោយសារ​ពួកគេ​បាន​ផ្តល់​អាទិភាព​លើ​កិច្ចការ​ផ្សេងទៀត ជាជាង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ ។

នៅ​ទីបញ្ចប់ ពួកសាសន៍​យូដា និង​មេដឹកនាំ​របស់​ពួកគេ​បាន​ស្តាប់​តាម​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ។ សូរ៉ូបាបិល ( ចៅហ្វាយ​ស្រុក ) និង យ៉ូស្វេ ( សង្ឃ​ជាន់​ខ្ពស់ ) បាន​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើង​វិញ ( សូម​មើល ហាកាយ ១:១២–១៤ ) ។ ព្យាការី​ហាកាយ​ក៏​បាន​ជួយ​ផង​ដែរ ( សូម​មើល អែសរ៉ា ៥:១–២ ) ។ នៅពេល​ពួកគេ​បាន​ចំណាយ​ពេល​ធ្វើការ​លើ​ព្រះវិហារ​បរិសុទ្ធ នោះ​ព្រះអម្ចាស់​បាន​ប្រទាន​ពាក្យ​លើក​ទឹកចិត្ត ។

រូបតំណាង​កត់​ចំណាំសូម​អាន​វគ្គ​បទគម្ពីរ​ដូច​ខាងក្រោម​នេះ ។ សូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅជាប់​នឹង​វគ្គ​បទគម្ពីរ​នេះ ដោយ​បំពេញ​ប្រយោគ​ដូច​តទៅ​នេះ ៖ ប្រសិនបើ​យើង​ដាក់​ព្រះ​ជាមុន​នៅក្នុង​ជីវិត​របស់​យើង …

  • ហាកាយ ២:៤–៥

  • ហាកាយ ២:៩

  • ហាកាយ ២:១៨–១៩

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

ហេតុអ្វី​បានជា​ខ្ញុំ​គួរ​ដាក់​ព្រះអម្ចាស់​ជា​អាទិភាព​ទីមួយ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ?

ប្រធាន រ័សុល អិម ណិលសុន បាន​ទូន្មាន ៖

ប្រធាន រ័សុល អិម ណិលសុន

ឥទ្ធិពល និង​សម្ពាធ​ពីខាង​ពិភពលោក​នេះ​មាន​ភាពទាក់ទាញ និង​មាន​ចំនួន​យ៉ាងច្រើន ។ ប៉ុន្តែ​ឥទ្ធិពល​ជាច្រើន គឺជា​ទម្រង់​បោក​បញ្ឆោត ប្រលោមចិត្ត និង​អាច​នាំ​យើង​ឲ្យ​ដើរខុស​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។ ដើម្បី​ចៀសវាង​ពី​ការខូចចិត្ត​ដែល​នឹង​កើតឡើង​យ៉ាងពិត​ប្រាកដ​នេះ ខ្ញុំ​សូម​អង្វរ​បងប្អូន​នៅ​ថ្ងៃនេះ ឲ្យ​ប្រឆាំង​នឹង​ការល្បួង​ខាង​ពិភពលោក​នេះ តាមរយៈ​ការមាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​បងប្អូន—ជា​រៀង​រាល់​ថ្ងៃ ។

… ខ្ញុំ​សូម​អង្វរ​បងប្អូន សូម​ឲ្យ​មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ ! សូម​ធ្វើ​ឲ្យ​គ្រឹះ​ខាងវិញ្ញាណ​ផ្ទាល់ខ្លួន​របស់​បងប្អូន​រឹងមាំ ហើយ​អាចទប់ទល់​នឹង​ការសាកល្បង ដោយ​ការធ្វើ​នូវ​រឿងទាំងឡាយ​ដែល​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​បងប្អូន ជានិច្ច ។ ( « មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទំព័រ ១២០ )

រូបតំណាង​សៀវភៅ​កត់ចំណាំ សូម​មើល « The Soul’s Sincere Desire » ( ៣:២៨ ) ។ សូម​រកមើល​វិធី​ដែល​អ្នក​អាច​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងក្រោម​នេះ ហើយ​កត់ត្រា​ចម្លើយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  • តើ​ដំបូន្មាន​ណា​ទៀត ដែល​អ្នក​នឹង​ផ្តល់​ដល់​មនុស្ស​ដែល​មាន​អារម្មណ៍​ថា ពួកគេ​មិន​អាច​ដាក់​ព្រះ​ជា​អាទិភាព​នៅក្នុង​ជីវិត​របស់​ពួកគេ ?

  • តើ​ព្រះ​បាន​ប្រទាន​ពរ​ដល់​អ្នក ឬ​មនុស្ស​ដទៃ​ទៀត​ដែល​អ្នក​ស្គាល់​យ៉ាង​ដូចម្ដេច ដោយសារ​ការដាក់​ទ្រង់​ជា​អាទិភាព ?

3:29

ជម្រើស ខ

តើ​ខ្ញុំ​អាច​ផ្ដោតលើ​ការដាក់​ព្រះ​ជា​អាទិភាព​នៅក្នុង​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់ ៖

ប្រធាន រ័សុល អិម ណិលសុន

ចូរ​អនុញ្ញាត​ឲ្យទ្រង់​ដឹង​តាមរយៈ​ការអធិស្ឋាន និង​សកម្មភាព​របស់​បងប្អូន​ថា បងប្អូន​ពិតជា​ចង់​ឈ្នះ​លោកិយ​នេះ​មែន ។ ចូរ​ទូល​សូម​ទ្រង់​ឲ្យ​បំភ្លឺ​គំនិត ហើយ​ប្រទាន​ជំនួយ​ដែល​បងប្អូន​ត្រូវការ ។ សូម​កត់ត្រា​គំនិត​ដែល​ផុស​ឡើង​ដល់​បងប្អូន នៅពេល​បងប្អូន​អធិស្ឋាន​ជា​រៀងរាល់​ថ្ងៃ បន្ទាប់​មក​សូម​ធ្វើតាម​ការបំផុស​គំនិត​នោះ​ទាំងស្រុង​ដោយ​ឧស្សាហ៍​ព្យាយាម ។ ( « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ ៩៧–៩៨ )

យុវនារី​ម្នាក់​ធ្វើ​មុខ​ក្រមិចក្រមើម

មិត្ត​របស់​អ្នក​ឈ្មោះ អាឡិច មាន​ការរវល់​ណាស់ ។ នាង​លេង​កីឡា​ឲ្យ​ក្រុម cricket ក្នុង​ស្រុក​មួយ ចូលរួម​ក្នុង​ការសម្ដែង​សហគមន៍ និង​រីករាយ​ក្នុង​ការចំណាយ​ពេល​ជាមួយ​អ្នក និង​មិត្តភក្តិ​ដទៃ​ទៀត ។ នាង​ខិតខំ​ប្រឹង​រៀន​ណាស់​ដើម្បី​ទទួល​បាន​ពិន្ទុ​ល្អ ហើយ​កំពុង​ដាក់​ពាក្យសុំ​ចូល​កម្មវិធី​សាលា​រដូវ​ក្តៅ​កម្រិត​ខ្ពស់​មួយ ។ អាឡិច​មិន​មាន​ពេលវេលា​សល់​ច្រើន​ទេ ហើយ​ជាមួយ​នឹង​ពេលវេលា​ដែល​នាង​មាន នាង​ធ្វើការ​ជា​អ្នកថតរូប ។ នាង​បាន​លើកឡើង​ពី​ការពិបាក​របស់​នាង ដើម្បី​ដាក់​ថាមពល​ដែល​នៅសល់​ទៅលើ​រឿង​ខាង​វិញ្ញាណ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​កត់ត្រា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  • តើ​មាន​សេចក្ដីពិត​អ្វី​មកពី​គម្ពីរ​ហាកាយ ដែល​អាច​បំផុស​គំនិត​ដល់​អាឡិច​បាន ?

  • តើ​អ្នក​នឹង​ផ្តល់​ដំបូន្មាន​អ្វី​ដល់​អាឡិច ដើម្បី​ជួយ​នាង​ឲ្យ​ដាក់​ព្រះ​ជា​អាទិភាព ?

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​គូសសម្គាល់នៅក្នុង ហាកាយ ១:៥, ៧ ព្រះអម្ចាស់​បាន​ប្រឹក្សា​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ « ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » ។ សូម​គូសសម្គាល់​ឃ្លា​នោះ​នៅក្នុង ខទី ៥ និង​ទី ៧ ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

13:56
អែលឌើរ ដេវីឌ អេ បែដណា

យើង​ម្នាក់ៗ​គួរតែ​វាយតម្លៃ​អាទិភាព​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​របស់​យើង​ដោយ​ស្មោះសរ និង​ដោយ​ការអធិស្ឋាន ដើម្បី​ស្គាល់​នូវ​អ្វីៗ​ដែល​អាច​រារាំង​ពរជ័យ​ដ៏​ច្រើន​ក្នុង​ជីវិតយើង​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្រ្គោះ​មាន​ព្រះ​ឆន្ទៈ​ប្រទាន​ដល់​យើង ។ ហើយ​ប្រាកដ​ណាស់ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ​មើលឃើញ​ខ្លួនឯង ជា​បុគ្គល​បែបណា​ពិត​ប្រាកដ ។ ( « ឱ ! ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​ឯង » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ ៩៤ )

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​អ្នក ហើយ​ចង់​ជួយ​អ្នក ។ សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី « ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » ( ហាកាយ ១:៥, ៧ ) ។ សូម​ពិចារណា​ពី​អាទិភាព​របស់​អ្នក ហើយ​ពិចារណា​ថា តើ​មាន​អ្វី​ដែល​អ្នក​ត្រូវ​ផ្តល់​អាទិភាព ឬ​ដក​ចេញពី​ជីវិត​របស់​អ្នក​ដែរ​ឬ​ទេ ដើម្បី​ស្វាគមន៍​ពរជ័យ​ដែល​ទ្រង់​ទាំងទ្វេ​សព្វ​ព្រះទ័យ​ចង់​ប្រទាន​ដល់​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​បំផុស​គំនិត​ឲ្យ​អ្នក​ដាក់​ព្រះ​ជា​អាទិភាព​ទីមួយ​នៅក្នុង​ជីវិត​របស់​អ្នក ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ដំបូន្មាន​ដែល​អ្នក​នឹង​ផ្តល់​ឲ្យ​នរណាម្នាក់​ដូចជា អាឡិច ដែល​មាន​អារម្មណ៍​ថា ពួកគេ​មិន​អាច​ដាក់​ព្រះ​ជា​អាទិភាព​នៅក្នុង​ជីវិត​របស់​ពួកគេ​បាន​ទេ ។

  • អត្ថន័យ​នៃ​ដំបូន្មាន​របស់​ព្រះអម្ចាស់​ឲ្យ « ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » ( ហាកាយ ១:៥, ៧ ) ចំពោះ​អ្នក​នៅ​ថ្ងៃនេះ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?