ដានីយ៉ែលបដិសេធអាហារ និងស្រារបស់ស្ដេច ដោយ ឌេល ផាសុន
ដានីយ៉ែល ១–៧ ៖ មេរៀនទី ១៤២
ដានីយ៉ែល ១
« ដានីយ៉ែល … មិនព្រមឲ្យខ្លួនសៅហ្មង »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅពេលដែលយើងជួបប្រទះនូវស្ថានភាពដែលសាកល្បងនូវការតាំងចិត្តរបស់យើងក្នុងការគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ តើយើងសុខចិត្តចាញ់ ឬឈរយ៉ាងរឹងមាំ ? ក្នុងនាមជាអ្នកបម្រើនៅក្នុងទីលានរបស់ស្តេចនេប៊ូក្នេសា ដានីយ៉ែល និងមិត្តភក្តិរបស់លោកត្រូវបានណែនាំឲ្យធ្វើខុសក្រឹត្យវិន័យសុខភាពរបស់ព្រះអម្ចាស់ដែលបានបើកសម្តែង ប៉ុន្តែពួកលោកឈរយ៉ាងរឹងមាំ ។ មេរៀននេះអាចលើកទឹកចិត្តអ្នកឲ្យពង្រឹងការតាំងចិត្តរបស់អ្នកក្នុងការគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។
សិក្សាព្រះគម្ពីរ
ម៉ាថេអូ គឺជាសមាជិកសកម្មក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គាត់មានឈ្មោះល្បីក្នុងការសាកល្បងអ្វីថ្មីៗ ដូច្នេះមិត្តភក្តិរបស់គាត់តែងតែផ្តល់ឲ្យគាត់នូវបញ្ហាប្រឈម ។ នៅពេលមួយ មិត្តភក្តិម្នាក់បានដាក់ការប្រឈមឲ្យគាត់ជ្រមុជទឹកចូលទៅក្នុងបឹងទឹកកកមួយ ។ ម៉ាថេអូទទួលយកការប្រឈមនោះ ។ នៅពេលដែលមិត្តភក្តិម្នាក់បានដាក់ការប្រឈមមួយឲ្យណែនាំខ្លួនរបស់គាត់ទៅកាន់មនុស្សស្រីថ្មីនៅសាលារៀន ។ ម៉ាថេអូទទួលយកការប្រឈមនោះ ។ នៅថ្ងៃមួយ មិត្តភក្តិរបស់ម៉ាថេអូ បានដាក់ការប្រឈមឲ្យគាត់ផឹកស្រានៅឯពិធីជប់លៀងមួយ ។
តើអ្នកគិតថា ម៉ាថេអូនឹងឆ្លើយតបយ៉ាងដូចម្តេច ? ហេតុអ្វី ? តើអ្នកគិតថា អ្នកនឹងឆ្លើយតបយ៉ាងដូចម្តេច ប្រសិនបើអ្នកត្រូវបានផ្តល់ឲ្យនូវអ្វីមួយដែលទូទៅដូចជា កាហ្វេ ឬតែនោះ ?
នៅពេលអ្នកសិក្សា ដានីយ៉ែល ១ នៅថ្ងៃនេះ សូមស្ដាប់រកគំនិត និងអារម្មណ៍ដែលព្រះវរបិតាសួគ៌អាចប្រទានឲ្យអ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមរកមើលរបៀបដើម្បីពង្រឹងការតាំងចិត្តរបស់អ្នកដើម្បីធ្វើតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។
ប្រហែលឆ្នាំ៦០៦ មុន គ.ស. នេប៊ូក្នេសា ដែលជាស្ដេចនៃបាប៊ីឡូនបានវាយលុកក្រុងយេរូសាឡិម ហើយចាប់ពួកសាសន៍អ៊ីស្រាអែលមួយចំនួនធ្វើជាឈ្លើយនៅបាប៊ីឡូន ។ ស្តេចបានបញ្ជាឲ្យយុវវ័យអ៊ីស្រាអែលមួយចំនួនត្រូវបណ្តុះបណ្តាលសម្រាប់បម្រើនៅក្នុងគ្រួសាររបស់ទ្រង់ ។ នៅក្នុងចំណោមយុវវ័យទាំងនេះ មានយុវជនបួននាក់មានឈ្មោះ ដានីយ៉ែល, ហាណានា, មីសាអែល និង អ័សារា ។ នៅបាប៊ីឡូន ឈ្មោះរបស់ពួកគេត្រូវប្តូរទៅជា បេលថិស្សាសារ, សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោ តាមលំដាប់លំដោយឈ្មោះរបស់ពួកគេ ( សូមមើល ដានីយ៉ែល ១:១–៧ ) ។
បរិបទប្រវត្តិសាស្រ្ត ៖ ក្នុងអំឡុងពេលនេះ កូនចៅអ៊ីស្រាអែលកំពុងតែរស់នៅតាមក្រឹត្យវិន័យលោកម៉ូសេ ។ ការណ៍នេះរួមមានការរឹតបន្តឹងរបបអាហារមួយចំនួនលើអ្វីដែលពួកគេអាចបរិភោគបាន ( សូមមើល ចោទិយកថា ១៤ ) ។ ក្រឹត្យវិន័យនេះត្រូវបានដាក់ឲ្យអនុវត្តរហូតដល់ព្រះអង្គសង្គ្រោះបានយាងមក និងបំពេញក្រឹត្យវិន័យរបស់លោកម៉ូសេ ។ ក្រឹត្យវិន័យថ្មីមួយអំពីសុខភាព ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ត្រូវបានប្រទានឲ្យនៅជំនាន់ដើមនៃសាសនាចក្រដែលបានស្ដារឡើងវិញនេះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩ ) ។
សូមអាន ដានីយ៉ែល ១:៤–៧ ហើយគូសសម្គាល់អ្វីដែលយុវជនទាំងនេះត្រូវបានស្នើសុំឲ្យធ្វើ ។
ឬអ្នកអាចមើលវីដេអូខាងក្រោម « God Gave Them Knowledge » ចាប់ពីនាទីទី ០:៥២ ដល់ ៤:១៨ ។
ហេតុអ្វីបានជាសំណើនេះអាចជាការលំបាកសម្រាប់ដានីយ៉ែល និងមិត្តភក្តិរបស់លោក ? ហេតុអ្វីបានជាអ្នកគិតថា ការមិនស្តាប់តាមការណែនាំរបស់ស្តេចមានតម្លៃសមនឹងហានិភ័យនោះ ?
សូមអាន ដានីយ៉ែល ១:៨–១៥ ដើម្បីមើលអ្វីដែលបានកើតឡើង ។
ឬអ្នកអាចមើលវីដេអូ « God Gave Them Knowledge » ចាប់ពីនាទី ៤:១៨ ដល់ ៥:១៥ ។
សូមអាន ដានីយ៉ែល ១:១៥, ១៧ និង ២០ ។ សូមគូសចំណាំពរជ័យដែលបានកើតឡើងដោយសារតែដានីយ៉ែល និងអ្នកដទៃទៀតបានអនុវត្តតាមក្រឹត្យវិន័យនៃសុខភាពរបស់ព្រះអម្ចាស់ ។ សូមធ្វើការកត់ចំណាំមួយនៅក្បែរខគម្ពីរទាំងនោះដែលបំពេញឃ្លា « ប្រសិនបើខ្ញុំធ្វើតាមក្រឹត្យវិន័យនៃសុខភាពរបស់ព្រះអម្ចាស់ នោះ … »
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
តើខ្ញុំអាចរៀនអ្វីខ្លះអំពីក្រឹត្យវិន័យនៃសុខភាពរបស់ព្រះអម្ចាស់នៅថ្ងៃនេះ ?
សូមស្រមៃថា អ្នកត្រូវបានស្នើសុំឲ្យបង្កើតប័ណ្ណប្រកាសមួយ ដែលពិពណ៌នាអំពីអ្វីដែលពិសេសអំពីសាសនារបស់អ្នក ។ អ្នកបានសម្រេចចិត្តបង្កើតប័ណ្ណប្រកាសរបស់អ្នកអំពីពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។ សូមប្រើធនធានមួយចំនួន ឬទាំងអស់ខាងក្រោមដើម្បីកំណត់អ្វីដែលត្រូវដាក់បញ្ចូល ៖
-
ដានីយ៉ែល ១:១៥–២០
-
« ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ ប្រធានបទ និងសំណួរ ( បណ្ណាល័យដំណឹងល្អ ) ឬផ្នែក « ចុះចំណែក … ? » នៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្ដីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ២០២២ )
-
« The Word of Wisdom: What It Is, What It Isn’t » New Era ខែសីហា ឆ្នាំ២០១៩ ទំព័រ ២៦–២៨
សូមប្រាកដថាបានដាក់បញ្ចូលសេចក្តីថ្លែងការណ៍នៃសេចក្តីពិតអំពីពាក្យសម្តីនៃប្រាជ្ញាវាងវៃនៅលើប័ណ្ណប្រកាសរបស់អ្នក ។ សេចក្តីពិតនេះអាចបានមកពីបទពិសោធន៍របស់ដានីយ៉ែល ឬពីប្រភពផ្សេងទៀត ។
ជម្រើស ខ
តើការគោរពតាមបទបញ្ញត្តិណាមួយអាចជួយខ្ញុំឲ្យទុកចិត្តលើព្រះបានយ៉ាងដូចម្តេច ?
យើងអាចរៀនបានច្រើនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចេញពីរបៀបដែលទ្រង់ទាំងទ្វេប្រព្រឹត្តចំពោះមនុស្សនៅក្នុងព្រះគម្ពីរ ។ សូមអាន ដានីយ៉ែល ១:១៥–២០ ម្តងទៀត ។ សូមជញ្ជឹងគិតអ្វីដែលអ្នកបានរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរកំណត់ចំណាំមួយអំពីអ្វីដែលអ្នកបានរៀនអំពីទ្រង់ទាំងទ្វេ ។
តើនៅចាំ ម៉ាថេអូ នៅដើមមេរៀននេះដែរទេ ? សូមបង្កើតកាលៈទេសៈមួយទៀតដែលនរណាម្នាក់អាចទទួលការប្រឈម ។ សូមសរសេរពីរបៀបដែលការចងចាំដល់របៀបដែលព្រះអម្ចាស់បានមើលថែ ដានីយ៉ែល អាចជួយដល់មនុស្សម្នាក់នោះនៅក្នុងសាច់រឿងរបស់អ្នកបានយ៉ាងដូចម្ដេច ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយប្រសាសន៍របស់ម្ដាយលោក ដែលនិយាយមកកាន់លោកកាលពីក្មេង ៖
គាត់បានមើលចំកែវភ្នែកខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា សម្ដីរបស់គាត់ចាក់ទម្លុះបេះដូងខ្ញុំ ៖ « សន្យានឹងម៉ែថ្ងៃនេះមក រូននី [ គាត់ហៅខ្ញុំថា រូននី ] ថាកូននឹងរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃជានិច្ច » ។ ខ្ញុំបានធ្វើការសន្យានោះជាមួយគាត់យ៉ាងមុតមាំ ហើយខ្ញុំនៅរក្សាសន្យានោះរាប់ឆ្នាំមកទល់ពេលនេះ ។
ការប្តេជ្ញាចិត្តនោះបានជួយខ្ញុំយ៉ាងខ្លាំង នៅពេលខ្ញុំនៅជាមួយមិត្តភក្តិក្នុងយុវវ័យ និងច្រើនឆ្នាំក្រោយមក ពេលខ្ញុំធ្វើជំនួញ ដែលការផឹកស៊ីវាជារឿងធម្មតា ។ ខ្ញុំបានធ្វើការសម្រេចចិត្តជាមុន ដើម្បីធ្វើតាមច្បាប់របស់ព្រះ ហើយខ្ញុំមិនដែលបកក្រោយឡើយ ។ ( « Standing by Our Promises and Covenants » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៥៤–៥៥ )
នៅពេលអ្នកមើលវីដេអូខាងក្រោម សូមស្តាប់រកពរជ័យដែលយុវវ័យទទួលបាន ដោយសារការរស់នៅតាមក្រឹត្យវិន័យនៃសុខភាពរបស់ព្រះអម្ចាស់ ។
-
« A Brand New Year: Physical Health » ចាប់ពីនាទីទី ០:៥៣ ដល់ ៤:១៩
7:29
នៅក្នុងព្រះគម្ពីរ ដានីយ៉ែលបានសម្រេចចិត្តបន្តស្មោះត្រង់ចំពោះបទបញ្ញត្តិរបស់ព្រះអម្ចាស់ ( សូមមើល ដានីយ៉ែល ១:៨ ) ។ ការណ៍នេះបានជួយលោកឲ្យបន្តស្មោះត្រង់ចំពោះព្រះអម្ចាស់ នៅពេលលោកប្រឈមមុខនឹងស្ថានភាពលំបាកនេះ និងស្ថានភាពផ្សេងទៀត ។ ប្រសិនបើអ្នកចង់ធ្វើ នៅក្នុងសៀវភៅកំណត់ចំណាំរបស់អ្នក សូមកត់ត្រាការតាំងចិត្តផ្ទាល់ខ្លួនរបស់អ្នកក្នុងការរស់នៅតាមក្រឹត្យវិន័យនៃសុខភាពរបស់ព្រះអម្ចាស់ ។ អ្នកអាចធ្វើដូច្នេះបាន ដោយការបំពេញសេចក្តីថ្លែងការណ៍មួយក្នុងចំណោមសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ៖
-
ខ្ញុំចង់គោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ដោយសារ …
-
រឿងមួយដែលខ្ញុំអាចធ្វើបាន ដែលនឹងជួយខ្ញុំឲ្យគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃគឺ …
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យពង្រឹងការតាំងចិត្តរបស់អ្នកក្នុងការគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ប័ណ្ណប្រកាសដែលអ្នកបានបង្កើត ។
-
អ្វីដែលពាក្យសម្ដីនៃប្រាជ្ញាវាងវៃ និងបទបញ្ញត្តិផ្សេងទៀតបង្រៀនអ្នកអំពីការទុកចិត្តលើព្រះ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?