Nebuchadnezzar’s Dream [ សុបិនរបស់ស្ដេចនេប៊ូក្នេសា ] ដោយ រ៉ូប៊ើត ធី បារ៉ែត
ដានីយ៉ែល ១–៧ ៖ មេរៀនទី ១៤៣
ដានីយ៉ែល ២
« តាំងនគរមួយឡើង ដែលមិនត្រូវបំផ្លាញឡើយ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ព្រះអម្ចាស់បានបើកសម្ដែងដល់ដានីយ៉ែលនូវការនិមិត្តមួយអំពីថ្ងៃចុងក្រោយ ដោយគូសបញ្ជាក់អំពីការស្ថាបនានគររបស់ទ្រង់នៅលើផែនដី ។ នគរនេះ ដែលត្រូវបានស្គាល់ថាជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នឹងមានពាសពេញផ្ទៃផែនដីជារៀងរហូត ។ មេរៀននេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងទីបន្ទាល់របស់អ្នកអំពីការស្តារឡើងវិញដ៏ទេវភាពនៃសាសនាចក្រនេះ ។
សិក្សាព្រះគម្ពីរ
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានស្តារឡើងវិញជាផ្លូវការនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៨៣០ ។ មានតែព្រះវិហារបរិសុទ្ធចំនួនបីប៉ុណ្ណោះដែលត្រូវបានឧទ្ទិសឆ្លងនៅ៥០ឆ្នាំដំបូង ។ ប៉ុន្តែនៅឆ្នាំ១៩៨០ មានព្រះវិហារបរិសុទ្ធចំនួន១៩ ។ គិតមកត្រឹមដំណាច់ឆ្នាំ២០២៣ យើងមានព្រះវិហារបរិសុទ្ធចំនួន៣៣៥ ដែលត្រូវបានប្រកាស ដែលកំពុងសាងសង់ ឬដែលកំពុងដំណើរការ ។ ការស្តារឡើងវិញមិនបន្ថយល្បឿននោះទេ ។
នៅក្នុងវគ្គបញ្ចប់នៃសន្និសីទទូទៅពាក់កណ្តាលឆ្នាំលើកទី១៨៩ ប្រធាន រ័សុល អិម ណិលសុន បានអានបញ្ជីសំណួរដែលសមាជិកសាសនាចក្រនឹងត្រូវបានសួរ នៅពេលទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ( សូមមើល « Church Updates Temple Recommend Interview Questions » Newsroom ខែមករា ឆ្នាំ២០២០ ) ។
សូមគិតអំពីរបៀបដែលអ្នកនឹងឆ្លើយទៅនឹងសំណួរសម្រាប់ប័ណ្ណចូលព្រះវិហារបរិសុទ្ធដូចតទៅនេះ ៖
-
តើអ្នកមានទីបន្ទាល់អំពីការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
ស្ដេចនេប៊ូក្នេសានៃក្រុងបាប៊ីឡូនបានមានសុបិនមួយ ដែលបានអំពល់ដល់ទ្រង់ ។ គ្មានអ្នកប្រាជ្ញណាម្នាក់របស់ទ្រង់អាចប្រាប់ទ្រង់ពីអត្ថន័យនៃសុបិន ឬរបៀបបកស្រាយវាបានឡើយ ។ ជាលទ្ធផល ស្តេចអង្គនេះបានបង្គាប់ឲ្យសម្លាប់អ្នកប្រាជ្ញរបស់ទ្រង់ទាំងអស់ រួមទាំងដានីយ៉ែលដែរ ។ មុនពេលរឿងនោះអាចកើតឡើង ព្រះបានបង្ហាញសុបិននោះ និងការបកស្រាយរបស់វាទៅដល់ដានីយ៉ែល ( សូមមើល ដានីយ៉ែល ២:១–២៦ ) ។ សូមមើលវីដេអូខាងក្រោម « God Gave Them Knowledge » ចាប់ពីនាទីទី ៦:១៧ ដល់ ១៣:០០ ។ វាមាននូវព័ត៌មានលម្អិតអំពីសុបិនរបស់ស្ដេចនេប៊ូក្នេសា ។
មុនពេលចែកចាយអ្វីដែលព្រះបានបើកបង្ហាញអំពីសុបិននោះ ដានីយ៉ែលបានបង្រៀនស្តេចថា ព្រះគឺជាប្រភពនៃការបកស្រាយនោះ ។ ដានីយ៉ែលក៏បានបើកសម្ដែងថា សុបិន្តនោះគឺអំពី « ការដែលត្រូវកើតមកនៅថ្ងៃក្រោយ » ( ដានីយ៉ែល ២:២៨ ) ។
សូមអាន ដានីយ៉ែល ២:៣១–៣៥ ដើម្បីរៀនពីសុបិនរបស់ស្តេច ។
នៅក្នុង ដានីយ៉ែល ២:៣៦–៤៥ ដានីយ៉ែលពន្យល់អំពីការបកស្រាយសុបិន ។ លោកបានពន្យល់ថា ក្បាលមាសនោះជានិមិត្តរូបនៃនេប៊ូក្នេសា ។ ផ្នែកផ្សេងទៀតនៃរូបសំណាកនោះគឺជានិមិត្តរូបនៃជាតិសាសន៍ផ្សេងទៀត ។ ( ការណ៍ទាំងនេះអាចជាប្រជាជាតិដូចជា ពើស៊ី ឬរ៉ូមជាដើម ) ។ នៅពេលដែលនគររបស់ព្រះកំពុងរីកចម្រើនទៅមុខ វារីកចម្រើនដើម្បីបំពេញផែនដីទាំងមូល ។
សូមអាន ដានីយ៉ែល ២:៤៤–៤៥ ។ សូមគូសសម្គាល់ពាក្យ និងឃ្លាដែលពិពណ៌នាអំពីថ្ម ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីអ្វីដែលតំណាងឲ្យថ្មនោះ ៖
សាសនាចក្រ [ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ] គឺជានគរនៅថ្ងៃចុងក្រោយ ដែលបានព្យាករទុកនោះពុំបានបង្កើតឡើងដោយមនុស្សទេ ប៉ុន្តែបានតាំងឡើងដោយព្រះនៃស្ថានសួគ៌ ហើយនឹងរមៀលចេញទៅដូចជាថ្ម « ដែលដាប់ផ្ដាច់ចេញពីភ្នំឥតដៃណាធ្វើ » ដើម្បីមានពាសពេញផែនដី ( ដានីយ៉ែល ២:៤៥; សូមមើលផងដែរ ខទី ៣៥ ) ។ ( « Why the Church » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ១១១ )
ដានីយ៉ែលបានពន្យល់ថា ថ្មនឹងមិនអាចបំផ្លាញបានឡើយ ( សូមមើល ខទី ៤៤ ) ។ ការណ៍នេះមានន័យថា នៅថ្ងៃចុងក្រោយ សាសនាចក្ររបស់ព្រះនឹងមិនអាចបំផ្លាញបានឡើយ ។ សូមរកមើលកិច្ចការផ្សេងទៀតដែលអ្នកអាចរៀនអំពីថ្មនេះ ។ តើវាអាចមានអតន្ថន័យដូចម្តេចសម្រាប់សាសនាចក្ររបស់ព្រះ ? សូមធ្វើការកត់ចំណាំនៅជាប់នឹង ខទី ៤៤–៤៥ នៅក្នុងព្រះគម្ពីររបស់អ្នក ។
ដានីយ៉ែល ២:៤៤–៤៥ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ សូមទន្ទេញសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះនេះ « ព្រះនឹង ‹ តាំងនគរមួយឡើង ដែលមិនត្រូវបំផ្លាញឡើយ › » ។ សូមធ្វើប័ណ្ណពាក្យមួយសន្លឹកដែលមានឃ្លាបទគម្ពីរគន្លឹះនៅម្ខាង និងសេចក្ដីយោងនៅម្ខាងទៀត ។ សូមប្រើកាតដូចនេះដើម្បីជួយអ្នកឲ្យទន្ទេញឃ្លានេះ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
ហេតុអ្វីការស្ដារឡើងវិញនៃសាសនាចក្រសព្វថ្ងៃនេះសំខាន់ម្ល៉េះ ?
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
មែនហើយ សារលិខិតរបស់យើងប្រាកដណាស់គឺដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងអ្វីទាំងអស់ដែលវាតំណាងឲ្យ ប៉ុន្តែយើងមិនមានវិធីដើម្បីធ្វើឲ្យអំណោយទានដែលមិនអាចពិពណ៌នាបាននោះអាចចូលប្រើបាន ឬប្រោសលោះ ឬមានប្រសិទ្ធភាពនៅក្នុងជីវិតរបស់មនុស្សទេ លុះត្រាតែយើងប្រកាសការស្តារឡើងវិញថ្ងៃចុងក្រោយនៃសេចក្តីពិតដ៏ទេវភាព និងបព្វជិតភាពសួគ៌ា ។ ប្រសិនបើដកយក យ៉ូសែប ស្ម៊ីធ និងការនិមិត្តដំបូង ដកចេញព្រឹត្តិការណ៍បន្ទាប់ៗ ដកការស្តារឡើងវិញដោយផ្ទាល់ពីស្ថានសួគ៌ តើយើងមានសល់អ្វីខ្លះ ? យើងមិនមានច្រើនទេ—យ៉ាងហោចណាស់គឺមិនគ្រប់គ្រាន់ដើម្បីបែងចែកយើងចេញពីក្រុមមនុស្សល្អមួយពាន់ផ្សេងទៀតឡើយ ។ ( « Testify of the Restoration » New Era ខែមេសា ឆ្នាំ២០១៧ ទំព័រ ៣–៤ )
សូមសរសេរកំណត់ចំណាំមួយនៅជាប់នឹង « ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរមួយឡើង » ចេញពី ដានីយ៉ែល ២:៤៤ ។ សូមពិពណ៌នានៅក្នុងការកត់ចំណាំរបស់អ្នកពីរបៀបដែលជីវិតរបស់អ្នកបានទទួលឥទ្ធិពល ដោយសារតែការស្ដារឡើងវិញនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សូមបន្ថែមទៅក្នុងការកត់ចំណាំរបស់អ្នកនូវសេចក្តីសញ្ញាទាំងឡាយដែលអ្នកបានធ្វើ ឬបទពិសោធន៍ដែលអ្នកមានទាក់ទងនឹងព្រះវិញ្ញាណ ។
ជម្រើស ខ
តើខ្ញុំអាចទទួលបាន ឬពង្រឹងទីបន្ទាល់របស់ខ្ញុំអំពីសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអង្គសង្រ្គោះដោយរបៀបណា ?
បន្ទាប់ពីបកស្រាយសុបិនរបស់ស្តេចនេប៊ូក្នេសាមក ដានីយ៉ែលបានចែកចាយទីបន្ទាល់របស់លោកថា វាជា « ប្រាកដហើយ ឯសេចក្តីសំរាយក៏ជាពិតដែរ » ( ដានីយ៉ែល ២:៤៥ ) ។ នៅពេលយើងអភិវឌ្ឍទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើង សេចក្តីពិតនៃសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះអង្គសង្គ្រោះអាចក្លាយជាប្រាកដ ហើយពិតចំពោះយើងតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយនូវអ្វីដែលយើងត្រូវធ្វើដើម្បីអភិវឌ្ឍទីបន្ទាល់ពិតសម្រាប់ខ្លួនឯង ៖
ឥឡូវ ក្នុងនាមជាប្រធានសាសនាចក្ររបស់ទ្រង់ ខ្ញុំសូមអង្វរដល់បងប្អូន ។ … សូមធ្វើនូវកិច្ចការខាងវិញ្ញាណដើម្បីស្វែងយល់ដោយខ្លួនឯង [ ថាសាសនាចក្ររបស់ព្រះអង្គសង្គ្រោះត្រូវបានស្ដារឡើងវិញ ] ហើយសូមធ្វើវាឥឡូវនេះ ។ ជិតអស់ម៉ោងហើយ ។ ( « Come, Follow Me » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៩១ )
-
តើការងារខាងវិញ្ញាណអ្វីខ្លះដែលអ្នកអាចធ្វើបាន ដើម្បីពង្រឹងទីបន្ទាល់របស់អ្នកអំពីការស្តារឡើងវិញដ៏ទេវភាពនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីពង្រឹងទីបន្ទាល់របស់អ្នកអំពីការស្ដារឡើងវិញដ៏ទេវភាពនៃសាសនាចក្រនេះ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
របៀបដែលការស្តារឡើងវិញជះឥទ្ធិពលដល់ជីវិតរបស់អ្នក ។
-
កិច្ចការខាងវិញ្ញាណអ្វីខ្លះដែលអ្នកអាចធ្វើបាន ដើម្បីពង្រឹងទីបន្ទាល់របស់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?