ដានីយ៉ែល ១–៧ ៖ មេរៀនទី ១៤៤
ដានីយ៉ែល ៣
« ព្រះនៃយើង … នឹងជួយឲ្យយើងរួច ។ … តែបើមិន »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ពេលខ្លះ ព្រះអម្ចាស់អាចនឹងរំដោះយើងដោយអព្ភូតហេតុចេញពីការសាកល្បងរបស់យើង ។ ពេលខ្លះទៀត ទ្រង់ប្រហែលជាមិនរំដោះយើងតាមរបៀប ឬតាមពេលវេលាដែលយើងសង្ឃឹមនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ យើងអាចព្យាយាមធ្វើដូច សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ហើយទុកចិត្តលើព្រះអម្ចាស់ ទោះជាទ្រង់ជ្រើសរើសប្រទានពរយើងដោយរបៀបណា និងពេលណាក៏ដោយ ។ មេរៀននេះអាចជួយអ្នកឲ្យមានបំណងប្រាថ្នាចង់ទុកចិត្តលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើង មិនថាមានលទ្ធផលអ្វីនោះទេ ។
សិក្សាព្រះគម្ពីរ
សូមពិចារណាអំពីស្ថានភាពខាងក្រោម ៖
ខ្ញុំមានអាយុ១០ឆ្នាំ ពេលម្ដាយរបស់ខ្ញុំប្រាប់ថា ខ្ញុំនឹងមានប្អូនប្រុសម្នាក់ ។ ខ្ញុំសប្បាយចិត្ត ហើយចាប់ផ្តើមរាប់ថយក្រោយដល់ថ្ងៃទី៣១ ខែតុលា ជាថ្ងៃដែលគាត់សម្រាល ។ បន្ទាប់មកភាពស្មុគស្មាញបានកើតឡើង ។ ម្ដាយខ្ញុំបានសម្រាលមុនខែ ហើយប្អូនប្រុសរបស់ខ្ញុំកើតនៅថ្ងៃទី១៦ ខែមិថុនា មិនទាន់គ្រប់ខែបួនខែកន្លះ ។ ដំបូងឡើយ វេជ្ជបណ្ឌិតជួយគាត់ឲ្យស្ថានភាពរបស់គាត់មានស្ថេរភាព ប៉ុន្តែក្រោយពីជំនះបាន១០ថ្ងៃ គាត់ក៏ទទួលមរណភាពទៅ ។
ខ្ញុំដឹងថា ក្រុមគ្រួសារអាចនៅជាមួយគ្នាជារៀងរហូត ប៉ុន្តែមានអ្វីមួយបាននិយាយនៅក្នុងព្រះវិហារដែលធ្វើឲ្យខ្ញុំយល់ច្រឡំ ។ ក្នុងពេលការប្រជុំថ្លែងទីបន្ទាល់ មានស្ត្រីម្នាក់បានពន្យល់ថា ក្មួយស្រីរបស់គាត់ដែលកើតមិនគ្រប់ខែជាច្រើនខែ បានរួចជីវិតដោយអព្ភូតហេតុ ។ គាត់បាននិយាយ ៖ « ខ្ញុំដឹងថា វាគឺដោយសារតែសេចក្ដីជំនឿរបស់គ្រួសារខ្ញុំដែលក្មួយស្រីរបស់ខ្ញុំនៅមានជីវិត ។ ខ្ញុំសប្បាយចិត្តចំពោះលទ្ធផលដែលគាត់ទទួលបាន ប៉ុន្តែឈឺចាប់ដោយសារតែការបញ្ជាក់នោះ ។ តើក្មួយស្រីរបស់គាត់ពិតជារស់ ដោយសារសេចក្ដីជំនឿរបស់គ្រួសាររបស់គាត់ឬ ? បើអ៊ីចឹងមែន តើប្អូនប្រុសខ្ញុំបានស្លាប់ ដោយសារគ្រួសារខ្ញុំមិនមានសេចក្តីជំនឿគ្រប់គ្រាន់ឬ ? ( ប្រេនដុន ស៊ី ទីក្រុងសេន ចច រដ្ឋយូថាហ៍ ស.រ.អា )
នៅពេលអ្នកសិក្សាអំពី សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ នៅថ្ងៃនេះ សូមយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះវិញ្ញាណបង្រៀនអ្នកអំពីការទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ។ តើអ្វីដែលអ្នកបានរៀន អាចជួយក្មេងប្រុសនៅក្នុងដំណើររឿងខាងលើនេះឲ្យយល់ពីសេចក្ដីជំនឿកាន់តែច្បាស់ដោយរបៀបណា?
ស្ដេចស្រុកបាប៊ីឡូន នេប៊ូក្នេសាធ្វើរូប ឬរូបសំណាកមាសមួយដ៏ធំ ។ វាមានកម្ពស់ប្រហែល៩០ហ្វីត ( ២៧.៤ ម៉ែត្រ ) និងទទឹង៩ហ្វីត ( ២.៧៤ ម៉ែត្រ ) ( សូមមើល ដានីយ៉ែល ៣:១ ) ។ ស្តេចបានបញ្ជាឲ្យអ្នករាល់គ្នាក្រាបថ្វាយបង្គំរូបសំណាកនោះ ពេលដែលភ្លេងខ្លះត្រូវបានគេលេង ( សូមមើល ដានីយ៉ែល ៣:៤–៥ ) ។ មនុស្សដែលមិនបានថ្វាយបង្គំរូបមាសនោះនឹងត្រូវបោះចូលទៅក្នុង « គុកភ្លើងដែលកំពុងឆេះយ៉ាងសន្ធៅ » ( ដានីយ៉ែល ៣:៦ ) ។
ដោយពិចារណាអំពីផលវិបាកនៃការមិនថ្វាយបង្គំរូបសំណាកនេះ សូមជញ្ជឹងគិតពីអ្វីដែលអ្នកគិតថា អ្នកនឹងធ្វើ ប្រសិនបើអ្នកនៅទីនោះ ។
សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ បានជ្រើសរើសគោរពព្រះដោយមិនថ្វាយបង្គំរូបនោះឡើយ ( សូមមើល ដានីយ៉ែល ៣:១២ ) ។
សូមមើល ដានីយ៉ែល ៣:១៣–១៨ ។ នៅពេលអ្នកអាន សូមគូសសម្គាល់ភស្តុតាងពីសេចក្តីពិតដូចតទៅនេះ ៖ យើងអាចបង្ហាញសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ដោយការទុកចិត្តលើទ្រង់ មិនថាលទ្ធផលនោះជាយ៉ាងណានោះទេ ។ អ្នកក៏អាចគូសសម្គាល់ឃ្លា « តែបើមិន … » នៅក្នុង ខទី ១៨ ។
អែលឌើរ ឌែនីស អ៊ី ស៊ីមិន្ស នៃពួកចិតសិបនាក់ បានចែកចាយ ៖
យើងត្រូវតែមានសេចក្ដីជំនឿដូចជា សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោដែរ ។
ព្រះរបស់យើងនឹងដោះលែងយើងចេញពីការសើចចំអក និងការបៀតបៀន តែបើមិនដោះលែងទេ ។… ព្រះរបស់យើងនឹងដោះលែងយើងចេញពីការឈឺ និងជំងឺ តែបើមិនដោះលែងទេ ។ … ទ្រង់នឹងដោះលែងយើងចេញពីភាពឯកោ ការបាក់ទឹកចិត្ត ឬភាពភ័យខ្លាច តែបើមិនដោះលែងទេ ។ … ព្រះរបស់យើងនឹងដោះលែងយើងចេញពីការគំរាមកំហែង ការចោទប្រកាន់ និងអសន្តិសុខ តែបើមិនដោះលែងទេ ។ … ទ្រង់នឹងដោះលែងយើងចេញពីសេចក្តីស្លាប់ ឬគ្រោះថ្នាក់នៃមនុស្សជាទីស្រឡាញ់ តែបើមិនដោះលែងទេ … យើងនឹងទុកចិត្តលើព្រះអម្ចាស់ ។
ព្រះរបស់យើងនឹងទតឃើញថា យើងទទួលភាពយុត្តិធម៌ និងត្រឹមត្រូវ តែបើមិនជួយទេ ។ … ទ្រង់នឹងប្រាកដថា យើងត្រូវបានស្រឡាញ់ និងទទួលស្គាល់ តែបើមិនជួយទេ ។ … យើងនឹងទទួលដៃគូដ៏ល្អឥតខ្ចោះ និងសុចរិត ព្រមទាំងកូនៗដែលគោរពប្រតិបត្តិតាម តែបើមិនជួយទេ … យើងនឹងមានសេចក្តីជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដោយដឹងថា ប្រសិនបើយើងធ្វើអស់ពីសមត្ថភាពរបស់យើង នោះតាមពេលវេលា និងរបៀបរបស់ទ្រង់ យើងនឹងត្រូវបានដោះលែង និងទទួលអ្វីៗទាំងអស់ដែលទ្រង់មាន ។ ( « But If Not … » Liahona ខែឧសភា ឆ្នាំ២០០៤ ទំព័រ ៧៥ )
សូមឆ្លើយសំណួរខាងក្រោមនៅក្នុងកំណត់ចំណាំមួយនៅជាប់នឹង « តែបើមិន … » នៅក្នុង ខទី ១៨ ។
-
តើអ្វីជាភាពខុសគ្នារវាងការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ធៀបនឹងការមានសេចក្ដីជំនឿលើលទ្ធផលមួយ ?
-
តើស្ថានភាពក្នុងសម័យទំនើបបែបណា ដែលនរណាម្នាក់ត្រូវបង្ហាញសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ជាជាងសេចក្ដីជំនឿលើលទ្ធផលមួយ ?
ប្រសិនបើមាន សូមមើលវីដេអូ « Shadrach, Meshach, and Abed-nego » ( ១:៣៩ ) ឬអាន ដានីយ៉ែល ៣:១៩–២៨ ដើម្បីមើលទីបញ្ចប់នៃដំណើររឿងនោះ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
ហេតុអ្វីបានជាព្រះតែងតែជួយសង្រ្គោះដល់អ្នកដែលមានសេចក្តីជំនឿឲ្យរួចចេញពីការលំបាក ?
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ បានសង្កត់ធ្ងន់ថា « សេចក្តីជំនឿ និងអំណាចនៃការព្យាបាលរបស់បព្វជិតភាពមិនអាចបង្កើតលទ្ធផលផ្ទុយនឹងឆន្ទៈរបស់ទ្រង់នោះទេ ព្រោះសិទ្ធិអំណាចបព្វជិតភាពគឺជាអំណាចរបស់ទ្រង់ » ( « Healing the Sick » Ensign ឬLiahona ខែឧសភា ឆ្នាំ២០១០ ទំព័រ ៥០ ) ។
សូមអានវគ្គបទគម្ពីរខាងក្រោម និងដាក់ តំណភ្ជាប់ពីរ ឬច្រើនទៅនឹងឃ្លា « តែបើមិន … » នៅក្នុង ដានីយ៉ែល ៣:១៨ ។
-
លូកា ២២:៤២ ( ព្រះយេស៊ូវធ្វើតាមព្រះទ័យរបស់ព្រះវរបិតាទ្រង់ )
-
ហេព្រើរ ១១:៣៦–៤០ ( ប្រជាជនដែលមានសេចក្តីស្មោះត្រង់ត្រូវបានបៀតបៀន )
-
នីហ្វៃទី១ ១៨:១០–១៦ ( នីហ្វៃត្រូវគេចង )
-
ម៉ូសាយ ១៧:៩–២០ ( អ័ប៊ីណាដៃត្រូវគេសម្លាប់ )
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៤៨; ៤៦:៣០ ( សារៈសំខាន់នៃព្រះឆន្ទៈរបស់ព្រះនៅក្នុងការប្រោសឲ្យជា )
-
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥:១ ( យ៉ូសែប និងហៃរុម ស្ម៊ីធ ត្រូវគេធ្វើទុក្ករកម្ម )
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើដំណើររឿងទាំងនេះជួយអ្នកឲ្យទុកចិត្តលើព្រះអម្ចាស់ដោយមិនគិតពីលទ្ធផលដោយរបៀបណា ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលជួយអ្នកឲ្យចង់ទុកចិត្តលើទ្រង់ទាំងទ្វេដោយមិនគិតពីលទ្ធផលនោះ ?
ជម្រើស ខ
តើខ្ញុំអាចបង្កើនសេចក្តីជំនឿរបស់ខ្ញុំលើព្រះគ្រីស្ទ ទោះជាមានលទ្ធផលបែបណាក៏ដោយយ៉ាងដូចម្ដេចទៅ ?
របៀបមួយដើម្បីបង្កើនសេចក្តីជំនឿរបស់យើង គឺការរុករកមូលហេតុដែលយើងទុកចិត្តលើព្រះ ។ នៅពេលយើងយល់ថាតើទ្រង់ជានរណា នោះយើងអាចទុកចិត្តលើផែនការរបស់ទ្រង់ដោយស្មោះត្រង់ទាំងស្រុង ។
សូមអានខគម្ពីរខាងក្រោម ហើយរកមើលឃ្លាដែលបង្ហាញពីមូលហេតុដែលអ្នកគួរតែទុកចិត្តលើព្រះ ។ សូមដាក់ស្លាកបទគម្ពីរនីមួយៗថា « ការទុកចិត្តលើព្រះ » ឬ « សេចក្តីជំនឿ » ។
-
សុភាសិត ៣:៥–៦
-
យ៉ូហាន ១៥:១៣
តើការយល់ដឹងអំពីបុគ្គលិកលក្ខណៈរបស់ព្រះធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការមានសេចក្តីជំនឿដោយមិនគិតពីលទ្ធផលដោយរបៀបណា ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមានបំណងប្រាថ្នាចង់ទុកចិត្តលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើង មិនថាមានលទ្ធផលអ្វីនោះទេ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកគិតថា ក្មេងប្រុសនៅក្នុងសាច់រឿងនោះត្រូវការដើម្បីរៀនអំពីសេចក្តីជំនឿ ។
-
អ្វីដែលអ្នកបានរៀនចេញពីតំណភ្ជាប់ដែលអ្នកបានសិក្សាអំពីការទុកចិត្តលើព្រះ មិនថាមានលទ្ធផលបែបណានោះទេ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?