យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ មេរៀនទី ១៣៣
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ៨
អេសាយ–យេរេមា ២០
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ការគិតពិចារណា និងការវាយតម្លៃការអភិវឌ្ឍខាងវិញ្ញាណរបស់យើង ជួយយើងឲ្យក្លាយជាសិស្សដ៏ប្រសើររបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យគិតពិចារណាពីគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធន៍ ក្នុងអំឡុងការសិក្សារបស់អ្នកនាពេលថ្មីៗនេះអំពីព្រះគម្ពីរសញ្ញាចាស់ ។
រំឭកបទគម្ពីរឡើងវិញ
ដំណើររឿងខាងក្រោមមកពីអែលឌើរ ម៉ៃឃើល អេ ដុន នៃពួកចិតសិបនាក់ ។
ក្រុមប្រណាំងកង់ថ្នាក់ជាតិនៃចក្រភពអង់គ្លេសបានក្លាយជាសំណើចនៃពិភពអ្នកប្រណាំងកង់ អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ។ …
នៅឆ្នាំ២០០៣ សឺ ដេវ ប្រេលហ្វដ ត្រូវបានគេជួល ។ មិនដូចជាគ្រូបង្វឹកមុនៗ ដែលខិតខំកែតម្រូវយ៉ាងខ្លាំងក្នុងពេលដ៏ខ្លីនោះទេ សឺ ប្រេលហ្វដ បែរជាប្ដេជ្ញាចិត្តចំពោះយុទ្ធសាស្ដ្រមួយ ដែលលោកហៅថា « ផលសរុបនៃការចំណេញតិចតួច » ។ ការណ៍នេះរួមមាន ការធ្វើឲ្យមានការកែលម្អតូចៗក្នុងគ្រប់អ្វីទាំងអស់ ។ …
… ប្រេលហ្វដ បានថ្លែងថា « គោលការណ៍ទាំងមូលកើតចេញពីគំនិតមួយដែលថា ប្រសិនបើយើងបំបែកអ្វីៗទាំងអស់ ដែលយើងអាចគិតដល់ ដែលស្របនឹងការជិះកង់ រួចហើយកែលម្អវាឲ្យបានត្រឹម ១ ភាគរយ នោះយើងនឹងទទួលបានការកើនឡើងដ៏ច្រើន នៅពេលយើងដាក់វាទាំងអស់បញ្ចូលគ្នា » ។ ( « One Percent Better » Liahona ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ១០៦ )
តើគោលការណ៍នេះអាចអនុវត្តចំពោះការរីកចម្រើនខាងវិញ្ញាណរបស់យើងយ៉ាងដូចម្ដេច នៅពេលយើងធ្វើការដើម្បីប្រែក្លាយជាសិស្សដ៏ប្រសើររបស់ព្រះយេស៊ូវគ្រីស្ទ ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ការអភិវឌ្ឍខាងវិញ្ញាណតូចតាច ខ្ជាប់ខ្ជួន និងកើនឡើង គឺជាជំហានដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងដើរ ។ ការរៀបចំខ្លួនដើម្បីដើរដោយឥតទោសនៅចំពោះព្រះ គឺជាគោលបំណងចម្បងមួយនៃជីវិតរមែងស្លាប់ និងការខិតខំពេញមួយជីវិតនេះ ហើយវាមិនទទួលលទ្ធផលពីសកម្មភាពខាងវិញ្ញាណដែលខំខ្លាំង ប៉ុន្ដែមិនទៀងទាត់នោះទេ ។ ( « Clean Hands and a Pure Heart » Liahona ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ ៨២ )
គោលបំណងនៃមេរៀនការវាយតម្លៃការរៀនសូត្ររបស់អ្នក ដូចជាមេរៀននេះគឺដើម្បីឲ្យអ្នកផ្អាក និងយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកជួយអ្នកឲ្យស្គាល់ពីរបៀបដែលអ្នករៀនសូត្រ និងរីកចម្រើន ។ ការស្គាល់ព្រះសូរសៀងរបស់ព្រះវិញ្ញាណគឺមិនងាយស្រួលទេ ហើយទាមទារពេលវេលា និងការអនុវត្ត ។
សូមគិតអំពីអ្វីដែលអ្នកបានរៀននាពេលថ្មីៗនេះនៅក្នុងការសិក្សារបស់អ្នកអំពីព្រះគម្ពីរសញ្ញាចាស់ ។ អ្នកអាចពិនិត្យមើលបទគម្ពីរដែលអ្នកបានអាន និងគំនិតដែលអ្នកបានកត់ត្រាក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ សូមកត់ត្រាចម្លើយរបស់អ្នក ទៅនឹងសំណួរមួយ ឬច្រើន ដូចខាងក្រោម ៖
-
តើអ្នកបានខិតខំធ្វើអ្វីខ្លះនាពេលថ្មីៗនេះ ដើម្បីទទួល និងស្គាល់ចំណាប់អារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ?
-
តើមានចំណាប់អារម្មណ៍ខាងវិញ្ញាណអ្វីខ្លះ ដែលអ្នកបានទទួលមកពីព្រះវិញ្ញាណបរិសុទ្ធនាពេលថ្មីៗនេះ ? តើអ្នកបានប្រព្រឹត្តយ៉ាងណាចំពោះចំណាប់អារម្មណ៍ខាងវិញ្ញាណទាំងនោះ ?
-
តើអ្នកបានធ្វើការកែលម្អខាងវិញ្ញាណតូចៗមួយចំនួនអ្វីខ្លះ ក្នុងភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើមានចំណុចណាខ្លះ ដែលអ្នកអាចនៅតែត្រូវធ្វើការកែលម្អខាងវិញ្ញាណតូចៗ ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើព្រះបរមងារ និងតួនាទីមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទមានអ្វីខ្លះ ?
ជាផ្នែកមួយនៃ « មេរៀនទី ១១៣ ៖ បុព្វកថានៃគម្ពីរអេសាយ » អ្នកប្រហែលជាបានបង្កើតដ្យាក្រាមអំពីព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទរួចហើយ ។ សូមពិនិត្យមើលដ្យាក្រាមមួយដែលអ្នកបានបង្កើត ឬបង្កើតអ្វីមួយដែលស្រដៀងនឹងដ្យាក្រាមខាងលើនេះនៅក្នុងសៀវភៅកត់ចំណាំ ឬឯកសាររបស់អ្នក ។ សូមសរសេរ ឬវាយពាក្យ « ព្រះយេស៊ូវគ្រីស្ទ » នៅចំកណ្ដាលរង្វង់ធំ ។ សូមអាន អេសាយ ៧:១៤; ៩:៦–៧ ហើយកត់ត្រាព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នករកឃើញ ។ អ្នកប្រហែលជាបានរកឃើញ ឬរៀនអំពីព្រះបរមងារ ឬតួនាទីផ្សេងទៀតរបស់ព្រះយេស៊ូវគ្រីស្ទនាពេលថ្មីៗនេះ ។ សូមបន្ថែមព្រះបរមងារទាំងនេះទៅក្នុងដ្យាក្រាមរបស់អ្នក ។
សូមឆ្លើយសំណួរខាងក្រោមនេះ ពីរ ឬច្រើន នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តាំងពីបានរៀនអំពីព្រះបរមងារ ឬតួនាទីទាំងនេះ តើការគិតអំពីព្រះយេស៊ូវតាមវិធីនេះបានជះឥទ្ធិពលដល់អ្នកយ៉ាងណាដែរ ?
-
តើស្ថានភាពអ្វីខ្លះក្នុងជីវិតរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការចងចាំព្រះបរមងារមួយក្នុងចំណោមព្រះបរមងារទាំងនេះរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកអាចធ្វើអ្វីខ្លះនៅថ្ងៃនេះ ដោយសារអ្នកដឹងអំពីព្រះបរមងារនេះអំពីព្រះយេស៊ូវគ្រីស្ទ ?
ជម្រើស ខ
តើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យយកឈ្នះលើអំពើបាបដោយរបៀបណា ?
ជាផ្នែកមួយនៃ « មេរៀនទី ១១៤ ៖ អេសាយ ១ » អ្នកប្រហែលបានឃើញរូបភាពខាងលើហើយ ។ សូមជញ្ជឹងគិតម្តងទៀតនូវអ្វីដែលរូបភាពនៅក្នុង អេសាយ ១:១៨ បង្រៀនអ្នកអំពីការប្រែចិត្ត ។ សូមមើល អេសាយ ១:១៨ ទុកជាការរំឭក ។
សូមសរសេរកំណត់ចំណាំមួយនៅជិតនឹង អេសាយ ១:១៨ ជាមួយនឹងសេចក្តីពិតដូចតទៅ ៖ ប្រសិនបើយើងប្រែចិត្តដោយចិត្តស្មោះ នោះព្រះយេស៊ូវគ្រីស្ទនឹងសម្អាតយើងពីអំពើបាបរបស់យើង ។
សូមឆ្លើយតបនឹងសកម្មភាពដូចខាងក្រោមនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
សូមស្រមៃថា អ្នកមានមិត្តម្នាក់ដែលមានអារម្មណ៍ថា ព្រះអម្ចាស់មិនអាចអភ័យទោសឲ្យបានឡើយ ។ សូមសរសេរសំបុត្រទៅមិត្តភក្តិរូបនោះ ដោយចែកចាយអ្វីដែលអ្នកបានរៀន ឬមានអារម្មណ៍អំពីព្រះអង្គសង្គ្រោះ និងការប្រែចិត្ត ។ សូមប្រាកដថាបានប្រើខគម្ពីរដែលអ្នកបានសិក្សាថ្មីៗនេះ ។ ឧទាហរណ៍មួយចំនួនអាចរួមមាន អេសាយ ១:១៨; អេសាយ ៥៣:៣–៥ និង យេរេមា ៣:១២–១៥ ។
ចែកចាយការរៀនសូត្ររបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យគិតពិចារណាអំពីគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធន៍ អំឡុងពេលសិក្សាព្រះគម្ពីរសញ្ញាចាស់របស់អ្នកនាពេលថ្មីៗនេះ ។
សូមចែកចាយចំណុចមួយ នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀនរបស់អ្នក ៖
-
ការឆ្លើយតបរបស់អ្នកចំពោះសំណួរអំពីតួនាទី និងព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
សំបុត្រដែលអ្នកសរសេរទៅមិត្តភក្តិរបស់អ្នកអំពីអ្វីដែលអ្នកបានរៀន ឬមានអារម្មណ៍អំពីព្រះអង្គសង្គ្រោះ និងការប្រែចិត្ត ។