ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៣២ ៖ យេរេមា ១៦—« យើង​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ »


យុវជន និង​យុវនារី​កំពុង​និយាយ​អំពី​ព្រះគម្ពីរ​មរមន​ជា​មួយ​គ្នា

យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ មេរៀន​ទី ១៣២

យេរេមា ១៦

« យើង​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ព្រះអង្គ​សង្គ្រោះ​បង្គាប់​យើង​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត​នៅលើ​ផែនដី​នា​សព្វថ្ងៃ​នេះ ៖ គឺ​ការប្រមូល​សាសន៍​អ៊ីស្រាអែល ដែល​រួម​មាន​ការចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ។ ការប្រមូល​សាសន៍​អ៊ីស្រាអែល​គឺ​មាន​សារៈ​សំខាន់​ណាស់ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បំផុស​គំនិត​ព្យាការី​ពី​បុរាណ​ដូចជា យេរេមា​ឲ្យ​ព្យាករ​អំពី​ការណ៍​នេះ​កាលពី​រាប់ពាន់​ឆ្នាំ​មុន ។ មេរៀន​នេះ​អាច​ជួយ​ឲ្យ​អ្នក​ចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ដោយ​ការចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

សិក្សា​ព្រះគម្ពីរ

ប្រសិនបើ​នរណា​ម្នាក់​សុំ​ឲ្យ​អ្នក​ពិពណ៌នា​អំពី​ឧទាហរណ៍​នៃ​ព្រះចេស្ដា​របស់​ព្រះ តើ​អ្នក​នឹង​ប្រើ​ឧទាហរណ៍​អ្វី ?

រចនារូបភាព​ម៉ូសេ​ញែក​សមុទ្រ​ក្រហម

នៅក្នុង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ម៉ូសេ​បានញែក​សមុទ្រ​ក្រហម​ដោយ​ព្រះចេស្ដា​របស់​ព្រះ ។ តើ​អ្នក​អាច​ស្រមៃឃើញ​អព្ភូតហេតុ​នេះ​ដែរ​ឬ​ទេ ? អស់​ជាច្រើន​សតវត្សរ៍​ក្រោយមក មនុស្ស​បានយោង​ទៅ​អព្ភូតហេតុ​នេះ នៅពេល​បង្រៀន​អំពី​ព្រះចេស្ដា​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល ហេព្រើរ ១១:២៩; នីហ្វៃទី១ ៤:២; ហេលេមិន ៨:១១ ) ។

សូម​គិត​អំពី​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​កាលពី​អតីតកាល នៅពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

ប្រធាន រ័សុល អិម ណិលសុន

មាន​រឿង​ដ៏​អស្ចារ្យ​ជា​ច្រើន​នា​ពេល​ខាង​មុខ ។ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ យើង​នឹង​ឃើញ​ការបើក​សម្តែង ដ៏​មហិមា អំពី​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​លោកិយ​នេះ​មិន ធ្លាប់ បាន​ឃើញ​ពីមុន​មក ។ ( « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៩៥ )

រូបតំណាង​គូសសម្គាល់សូម​អាន យេរេមា ១៦:១៤–១៥ ។ សូម​គូសសម្គាល់​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ចុងក្រោយ ដែល​គួរ​ឲ្យ​ចងចាំ​ជាង​ការញែក​សមុទ្រ​ក្រហម​ទៅ​ទៀត ។

តើ​អ្នក​អាច​យល់​ពី​អ្វី​ដែល​យេរេមា​កំពុងតែ​និយាយ​ដែរ​ឬ​ទេ ? លោក​បាន​សំដៅ​ទៅ​លើ​ព្រះអម្ចាស់​ដែល​បាន​ប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ គឺជា​សម័យ​របស់​យើង ។

រូបតំណាង​កត់​ចំណាំសូម​កត់ចំណាំ​នៅជាប់​នឹង​ខគម្ពីរ​ទាំងនេះ ដែល​ពន្យល់​ពី​មូលហេតុ​ដែល​អព្ភូតហេតុ​នៅ​សម័យ​ទំនើប​នេះ​មាន​សារៈសំខាន់ ដូច​ដែល​ព្រះអម្ចាស់​បាន​ប្រកាស​ទៅកាន់​យេរេមា​អ៊ីចឹង ។

ដូចដែល​ទ្រង់​បាន​ធ្វើ​តាមរយៈ​ម៉ូសេ​ដែរ ព្រះអង្គសង្គ្រោះ​អាច​បង្ហាញ​ព្រះចេស្តា អព្ភូតហេតុ​របស់​ទ្រង់​តាមរយៈ​អ្នក នៅពេល​អ្នក​ចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។ សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ប្រើ​អ្នក​នៅ​ក្នុង​ការប្រមូល​សាសន៍​ដ៏អស្ចារ្យ​នេះ ។

នៅ​ក្នុង យេរេមា ១៦:១០–១៨ ព្រះអម្ចាស់​បាន​បំផុសគំនិត​យេរេមា​ឲ្យ​ព្យាករ​អំពី​ការ​បំផ្លិចបំផ្លាញ​របស់​សាសន៍​អ៊ីស្រាអែល ដែល​បាន​កើត​ឡើង​ដោយ​សារ​ការបះបោរ​របស់​ពួកគេ ។ ព្រះអម្ចាស់​បាន​បង្រៀន​ពួកគេ​ថា « អំពើ​ទុច្ចរិត​របស់​គេ ក៏​មិន​[ ត្រូវ ]​បិទ​បាំង​ពី​ភ្នែក​[ ទ្រង់ ] » ដែរ ( ខ​ទី ១៧ ) ហើយ​ថា​ទ្រង់​នឹង​ចាត់​ទណ្ឌកម្ម​ដ៏​ត្រឹមត្រូវ​មួយ​ឲ្យ​ធ្លាក់លើ​ពួកគេ ប្រសិនបើ​ពួកគេ​បន្ត​បះបោរ ។ ប៉ុន្តែ​នៅ​ទី​បំផុត ដោយសារ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ព្រះអម្ចាស់​នឹង​ប្រមូល​ពួកគេ​មក​ជាមួយ​គ្នា​ម្ដងទៀត ។

ប្រធាន រ័សុល អិម ណិលសុន បានពន្យល់​ពី​សារៈសំខាន់​នៃ​ការប្រមូល​ផ្ដុំ​នេះ ៖

ប្រធាន រ័សុល អិម ណិលសុន

ប្អូនៗ​ត្រូវបាន​បញ្ជូន​មក​កាន់​ផែនដី​នៅគ្រា​ដ៏ជាក់នេះ … ដើម្បី​ជួយ​ប្រមូល​វង្ស​អ៊ីស្រាអែល ។ គ្មានអ្វី កើត​ឡើង​នៅលើ​ផែនដី​នេះ​ក្នុង​ពេល​នេះ ដែល​សំខាន់​ជាង​កិច្ចការ​នេះ​ទេ ។ …

ការប្រមូល​ផ្តុំ​នេះ​គួរតែ​មានអត្ថន័យ ទាំងស្រុង ចំពោះ​ក្មួយៗ ។ ( រ័សុល អិម ណិលសុន និង វេនឌី ដ័បុលយូ ណិលសុន « Hope of Israel » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០១៨ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ដោយ​របៀប​ណា ?

ខណៈ​ការប្រមូល​សាសន៍​អ៊ីស្រាអែល​រួមមាន​នូវ​ការជួយ​មនុស្ស​នៅ​ទាំង​សងខាង​វាំងនន នោះ​ផ្នែក​នៃ​មេរៀន​នេះ​នឹង​ផ្តោតលើ​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ពី​ក្នុង​ចំណោម​អ្នក​ដែល​នៅរស់ ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម ក្នុង​អំឡុង​សម័យ​ប្រជុំ​បព្វជិតភាព​នៃ​សន្និសីទ​ទូទៅ ។ ប៉ុន្តែ​សមាជិក​ទាំងអស់​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការផ្ដល់​យោបល់​របស់​លោក ។ ប្រសិនបើ​មាន សូមមើល​វីដេអូ « Called to the Work » ចាប់ពី​នាទីទី ១៣:០៨ ដល់ ១៣:៣៩ ។

16:13
អែលឌើរ ដេវីឌ អេ បែដណា

ប្អូន​ម្នាក់ៗ​គឺជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ឥឡូវ​នេះ ។ មនុស្ស​ទាំងអស់​នៅជុំវិញ​ប្អូនៗ ជា​រៀង​រាល់​ថ្ងៃ ដែល​ជា​មិត្តភក្ដិ និង​ជា​អ្នក​ជិត​ខាង « ជា​ពួក​អ្នក​ដែល​លាក់ពី​សេចក្ដីពិត ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅរក​សេចក្ដីពិត​ឯណា​ទេ » ។ នៅពេល​ប្អូនៗ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ប្អូនៗ​អាច​ចែកចាយ​គំនិត ការអញ្ជើញ សារ​ជា​អក្សរ ឬ​សារ​ធ្វីត ដែល​នឹង​ណែនាំ​ដល់​មិត្ត​របស់​ប្អូន​ទៅ​កាន់​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ។ ប្អូនៗ​ពុំ​ចាំ​បាច់ ហើយ​ពុំ​គួរ​រង់ចាំ​ការ​ហៅ​ជា​ផ្លូវ​ការ​ដើម្បី​ចូល​រួម​យ៉ាង​សកម្ម​នៅក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​សាសនា​នោះទេ ។ ( « Called to the Work » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៧០ )

សូម​បំពេញ​សកម្មភាព​មួយ ឬ​ច្រើន នៅ​ខាង​ក្រោម​នេះ​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រមូល​សាសន៍​អ៊ីស្រាអែល ។

  1. សូម​អាន « ស្រឡាញ់ ចែកចាយ អញ្ជើញ » មកពី​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

  2. សូម​ស្រាវជ្រាវ​ក្នុង​គេហទំព័រ​របស់​សាសនាចក្រ​រកមើល​ពាក្យ​ដូចជា « ការប្រមូល​សាសន៍​អ៊ីស្រាអែល » « ស្រឡាញ់ » « ចែកចាយ » « អញ្ជើញ » និង « ចែកចាយ​ដំណឹងល្អ » ។

  3. សូម​និយាយ​ជាមួយ​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ។ សូម​សួរ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា អ្នក​ដឹកនាំ​សាសនាចក្រ ឬ​ឪពុក ឬ​ម្តាយ​ពី​របៀប​ដែល​អ្នក​អាច​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។

ជម្រើស ខ

តើ​ខ្ញុំ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដោយ​របៀប​ណា​ទៅ បើ​វា​ពិបាក ឬ​បើ​ខ្ញុំ​ខ្លាច​នោះ ?

យុវជន​ម្នាក់​មាន​ទឹក​មុខ​ព្រួយ​បារម្ភ

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ភ័យខ្លាច ឬ​មាន​អារម្មណ៍​ថា​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ នោះ​មិន​ថ្វី​ទេ ។ ពួកព្យាការី​ជា​ច្រើន​នាក់​នៅក្នុង​ព្រះគម្ពីរ​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ ។

រូបតំណាង​គូសសម្គាល់សូម​សិក្សា​វគ្គបទគម្ពីរ​ពីរ ឬ​ច្រើន នៅ​ខាងក្រោម​នេះ​ដើម្បី​រៀន​ពី​របៀប​ដែល​អ្នក​អាច​យក​ឈ្នះ​លើ​កង្វល់​របស់​អ្នក ។ សូម​គូសសម្គាល់​ឃ្លា​ដែល​អាច​បំផុសគំនិត​អ្នក នៅពេល​អ្នក​មាន​អារម្មណ៍​ភ័យខ្លាច ឬ​នៅពេល​វា​ពិបាក​ក្នុង​ការចែកចាយ​ដំណឹងល្អ ។ សូម​ធ្វើ​ការកត់ចំណាំ​នៅជាប់​នឹង​ឃ្លា​ដែល​អ្នក​បានគូសសម្គាល់ ។ នៅក្នុង​កំណត់ចំណាំ​នីមួយៗ សូម​ពន្យល់​ពី​អ្វី​ដែល​ឃ្លា​នោះ​បង្រៀន​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ និង​ពី​របៀប​ដែល​ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​មាន​ភាពក្លាហាន​ក្នុង​ការចែកចាយ​ដំណឹងល្អ ។

  1. សូម​អាន យេរេមា ១:៦–៩ ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល នៅពេល​ទ្រង់​បាន​ហៅ​យេរេមា​ឲ្យ​ចែកចាយ​ដំណឹងល្អ ។

  2. សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៣:១២, ១៦–១៧ ហើយ​រកមើល​អ្វី​ដែល យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​សម័យ​មុន ទាក់ទង​នឹង​ការចែកចាយ​ដំណឹងល្អ ។

  3. សូម​អាន ម៉ូសេ ៦:៣២–៣៤ ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល នៅពេល​ទ្រង់​បាន​ហៅ​ហេណុក​ឲ្យ​ចែកចាយ​ដំណឹងល្អ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

ប្រសិនបើ​មាន សូមមើល​វីដេអូ « Simple Ways to Love, Share, and Invite for Youth » ( ២:៥២ ) ។

2:52

ប្រធាន រ័សុល អិម ណិលសុន បាន​ផ្ដល់​ការអញ្ជើញ​ដូច​ខាង​ក្រោម​នេះ ៖

ប្រធាន រ័សុល អិម ណិលសុន

ចំពោះ​ទ្រង់ គ្មាន​អ្វី​កើតឡើង​នៅលើ​ផែនដី​នេះ​សំខាន់​ជាង​ការប្រមូលផ្ដុំ​នៃ​អ៊ីស្រាអែល​ឡើយ ។ ចូរ​អនុញ្ញាត​ឲ្យ​ព្រះវរបិតា​សួគ៌​របស់​ក្មួយៗ​ដឹង​ថា ក្មួយៗ​ចង់​ជួយ ។ ចូរ​សូម​ឲ្យ​ទ្រង់​ដាក់​ក្មួយៗ​ឲ្យ​ទៅ​ធ្វើការ​នៅក្នុង​បុព្វហេតុ​ដ៏​រុងរឿង​នេះ ។ ( « ការជ្រើសរើស​ដែល​ជះ​ឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​ធ្វើ​ផែនការ​ផ្ទាល់ខ្លួន​មួយ​សម្រាប់​ការ​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​ជាមួយ​អ្នកដទៃ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​ឲ្យ​អ្នក​ចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ដោយ​ការចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​ចែកចាយ សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ផែនការ​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។

  • អ្វីមួយ​ដែល​អ្នក​បានរៀន​ដើម្បី​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​កង្វល់​អំពី​ការចែកចាយ​ដំណឹងល្អ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?