យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ មេរៀនទី ១៣១
យេរេមា ២–៣
« ចូរវិលមកវិញចុះ … ដ្បិតយើងមានសេចក្តីមេត្តា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ស្រដៀងគ្នានឹងសព្វថ្ងៃនេះដែរ ឥទ្ធិពលខាងលោកិយនៅសម័យយេរេមាមានឥទ្ធិពលខ្លាំង ។ រាស្ដ្ររបស់ព្រះអម្ចាស់ជាច្រើនបានប្រាសចាកពីការបង្រៀនរបស់ទ្រង់ ហើយមិនយូរប៉ុន្មានត្រូវបានវាយផ្ចាញ់ដោយសត្រូវរបស់ពួកគេ ។ ទោះជាពួកគេប្រព្រឹត្តអំពើទុច្ចរិតក៏ដោយ ក៏យេរេមាត្រូវបានបញ្ជូនឲ្យទៅបង្រៀនថា ព្រះនៅតែអញ្ជើញពួកគេឲ្យងាកមករកទ្រង់ ហើយប្រោសឲ្យជាដែរ ។ មេរៀននេះអាចជួយអ្នកឲ្យបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីងាកទៅរកព្រះអង្គសង្គ្រោះដើម្បីទទួលបានសេចក្ដីមេត្តាករុណា និងប្រោសឲ្យជា ។
សិក្សាព្រះគម្ពីរ
អាងផ្ទុកទឹកគឺជាតំបន់ក្រោមដីដែលបង្កើតឡើងដើម្បីស្តុកទឹក ។ បាស៊ីលីកា ស៊ីស្តិន ដែលត្រូវបានស្គាល់ថាជា Yerebatan Sarayı ( ឬ « វាំងលិចទឹក » ) ជាភាសាតួកគី គឺជាអាងដ៏ធំបំផុតនៅលើពិភពលោក ហើយមានទីតាំងនៅទីក្រុងអ៊ីស្ដានប៊ុល ប្រទេសតួកគី ។ វាមានប្រវែង ១៤០ ម៉ែត្រ ( ៤៥៩ ហ្វីត ) និងទទឹង ៧០ ម៉ែត្រ ( ២២៩ ហ្វីត ) ដែលមានសមត្ថភាពអាចផ្ទុកទឹកបាន ៨០,០០០ តោន ។ ( សូមមើលគេហទំព័រ https://yerebatan.com/en/basilica-cistern/about-us/ ) ។
តើអាចនឹងមានបញ្ហាអ្វីកើតឡើង ប្រសិនបើអាងមួយមានស្នាមប្រេះ ? តើនឹងមានលទ្ធផលអ្វីទៅ បើអាងមួយប្រេះបែក ?
នៅក្នុង យេរេមា ២:១៣ យើងរៀនថា ប្រជាជនបានបោះបង់ចោលព្រះយេស៊ូវគ្រីស្ទជា « ក្បាលទឹករស់ » ។ ពួកគេបានងាកទៅរករឿងដែលមិនអាចផ្តល់នូវកម្លាំង ឬការប្រោសឲ្យជាអ្វីបានឡើយ ( « អាងដែលប្រេះបែក » ) ។
សូមគិតពិចារណាមួយភ្លែតថា តើអ្នកមានចេតនាចង់ងាកទៅរកព្រះយេស៊ូវគ្រីស្ទប៉ុនណាដែរ ដើម្បីទទួលបានគោលបំណង និងកម្លាំងក្នុងជីវិតរបស់អ្នក ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមបើកចិត្តចំពោះចំណាប់អារម្មណ៍ ឬអារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ទាក់ទងនឹងការងាកទៅរកព្រះអង្គសង្គ្រោះដើម្បីទទួលបានពរជ័យ និងការព្យាបាល ជាជាងការងាកទៅរកប្រភពផ្សេងទៀត ។
នៅក្នុងថ្នាក់សិក្ខាសាលារបស់អ្នក យុវជនម្នាក់ឈ្មោះ អាដាន មានអារម្មណ៍ថា ជីវិតរបស់គាត់គឺដូចជាអាងដែលប្រេះបែកដោយសារតែជម្រើសមិនល្អដែលគាត់បានធ្វើកាលពីអតីតកាល ។ គាត់មានអារម្មណ៍ឃ្លាតឆ្ងាយពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ គាត់គ្មានសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងទេ ។
សូមអាន យេរេមា ៣:១២, ២២ ។ នៅពេលអ្នកអាន សូមគូសសម្គាល់ឃ្លាដែលអាចបំពេញសេចក្តីពិតនេះ « ដ្បិតអស់អ្នកដែលប្រែចិត្ត និងត្រឡប់មករកព្រះអម្ចាស់វិញ នោះទ្រង់នឹង ( ឬទ្រង់អាចនឹង ) … » ឧទាហរណ៍អ្នកអាចគូសបន្ទាត់ពីក្រោមពាក្យ « សេចក្តីមេត្តា » នៅក្នុង ខទី ១២ ។
កំណត់និយមន័យពាក្យ ។ ការដឹងពីអត្ថន័យនៃពាក្យពិបាកៗអាចជួយអ្នកឲ្យយល់ពីបទគម្ពីរបានកាន់តែច្បាស់ ។ ឧទាហរណ៍ វាអាចនឹងមានប្រយោជន៍ក្នុងការដឹងថា « រាថយ » នៅក្នុងខគម្ពីរទាំងនេះមានន័យថា « គ្មានជំនឿ ឬវង្វេង » ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចមានទំនុកចិត្តកាន់តែខ្លាំងឡើងលើចំណេះដឹងដែលថា ព្រះអម្ចាស់សព្វព្រះទ័យចង់ប្រទានពរ និងប្រោសឲ្យខ្ញុំជាដោយរបៀបណា ?
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនដូចខាងក្រោមអំពីព្រះវរបិតាសួគ៌ និងបំណងប្រាថ្នារបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីប្រោសអស់អ្នកដែលប្រែចិត្ត ៖
តើមានអ្នកណាក្នុងចំណោមពួកយើងដែលមិនបានចាកចេញពីផ្លូវនៃបរិសុទ្ធភាព ដោយគិតល្ងិតល្ងង់ថា យើងអាចស្វែងរកសុភមង្គលតាមវិធីផ្ទាល់ខ្លួនបានច្រើនជាងនោះ ?
តើមានអ្នកណាម្នាក់ក្នុងចំណោមពួកយើង ដែលពុំមានអារម្មណ៍រាបសា សោកសង្រេង ហើយចង់បានការអភ័យទោស និងក្ដីមេត្តាករុណាជាខ្លាំងឬទេ ?
ប្រហែលជាមនុស្សខ្លះធ្លាប់ឆ្ងល់ថា « តើអាចត្រឡប់ទៅវិញបានឬ ? តើខ្ញុំនឹងត្រូវគេថាស្តីឲ្យ បដិសេធ ហើយមិត្តចាស់ៗគេចមុខជារៀងរហូតដែរឬទេ ? តើនៅវង្វេងជារៀងរហូតល្អជាងឬ ? តើព្រះនឹងតបយ៉ាងណា បើខ្ញុំព្យាយាមត្រឡប់មកវិញ ? » …
… ខ្ញុំសូមថ្លែងជាសាក្សីថា ពេលបងប្អូនសម្រេចចិត្តត្រឡប់មកវិញ ដើរតាមមាគ៌ានៃព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់បងប្អូន នោះព្រះចេស្ដាទ្រង់នឹងយាងចូលមកក្នុងជីវិតបងប្អូន ហើយនឹងធ្វើការផ្លាស់ប្រែជីវិត ។ ( « មនុស្សខ្ជះខ្ជាយ និងផ្លូវដែលដឹកនាំទៅផ្ទះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៨៨ )
ប្រសិនបើមានវីដេអូនេះ សូមមើល « The Miracle of the Atonement » ដោយអែលឌើរ ស៊ី ស្កត ហ្គ្រូ នៃពួកចិតសិបនាក់ចាប់ពីនាទីទី ០:២០ ដល់ ២:១២ ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមរៀបចំអ្វីមួយដែលអ្នកនឹងចែកចាយជាមួយ អាដាន ប្រសិនបើគាត់នៅក្នុងថ្នាក់សិក្ខាសាលារបស់អ្នក ។ សូមពិចារណារួមបញ្ចូលដូចខាងក្រោម ៖
-
ការយល់ដឹងដែលអ្នកទទួលបានពីសេចក្តីថ្លែងការណ៍ ឬវីដេអូនេះ
-
អ្វីមួយមកពី យេរេមា ៣ បទគម្ពីរមួយទៀត ឬដំណើររឿងក្នុងព្រះគម្ពីរដែលបង្ហាញពីពរជ័យនៃការប្រែចិត្ត ។ អ្នកអាចរកមើលពាក្យ ប្រែចិត្ត, ការប្រែចិត្ត នៅក្នុង Topical Guide ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
-
អារម្មណ៍របស់អ្នកអំពីសេចក្តីស្រឡាញ់ និងព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយមនុស្សទាំងអស់ដែលត្រឡប់មករកទ្រង់វិញ
ជម្រើស ខ
តើពរជ័យអ្វីខ្លះអាចកើតមាន មកពីការត្រឡប់មករកព្រះយេស៊ូវគ្រីស្ទវិញ ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
តាមរយៈការផ្ដោតចិត្តរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ នោះអ្វីៗដែលនៅជុំវិញយើង—ដែលកំពុងមានវត្តមាន—ត្រូវបានមើលឃើញដោយក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ។ ការរំខានដែលមិនសូវសំខាន់ត្រូវសាបសូន្យ ហើយយើងដករឿងដែលមិនស្របទៅនឹងពន្លឺ និងបុគ្គលិកលក្ខណៈរបស់ទ្រង់ចេញ ។ ពេលបងប្អូនបន្តយកចិត្តទុកដាក់នឹកគិតអំពីព្រះយេស៊ូវគ្រីស្ទ ទុកចិត្តលើទ្រង់ ហើយគោរពបទបញ្ញត្តិទ្រង់ ខ្ញុំសន្យាថា បងប្អូនមិនត្រឹមតែទទួលបានការណែនាំពីសួគ៌ាប៉ុណ្ណោះទេ តែបងប្អូននឹងទទួលបានព្រះចេស្តាពីសួគ៌ាផងដែរ—ពោលគឺព្រះចេស្តាដែលពង្រឹងដល់សេចក្តីសញ្ញារបស់បងប្អូន ភាពសុខសាន្តក្នុងគ្រាលំបាក និងអំណរនៅក្នុងពរជ័យរបស់បងប្អូន ។ ( « ចិត្តខ្ញុំនឹកគិតទៅលើរឿងនេះអំពីព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ៩៣ )
បទគម្ពីរខាងក្រោមនីមួយៗបង្រៀនអំពីការងាកទៅរកព្រះអម្ចាស់ ។ សូមដាក់ស្លាកបទគម្ពីរនីមួយៗថា « ការប្រែចិត្ត » ឬ « ការងាកទៅរកព្រះគ្រីស្ទ » ៖
សូមចែកចាយអ្វីដែលអ្នកបានរកឃើញជាមួយមិត្តភក្តិ ។ សូមពន្យល់ពីរបៀបដែលវានឹងជួយមនុស្សម្នាក់ឲ្យងាក ឬត្រឡប់ទៅរកព្រះអម្ចាស់វិញ ។ សូមរួមបញ្ចូលពរជ័យណាមួយដែលអ្នកបានរកឃើញ ឬបានដកពិសោធ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីងាកទៅរកព្រះអង្គសង្គ្រោះដើម្បីទទួលបានសេចក្ដីមេត្តាករុណា និងប្រោសឲ្យជា ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
របៀបដែលអ្នកនឹងជួយ អាដាន ។
-
អ្វីដែលអ្នកបានចែកចាយជាមួយមិត្តភក្តិរបស់អ្នកអំពីការងាកទៅរក ឬការត្រឡប់ទៅកាន់ព្រះអម្ចាស់វិញ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?