Thus Saith the Lord [ ព្រះអម្ចាស់មានព្រះបន្ទូលដូច្នោះ ] ដោយ វ៉លធើរ រ៉េន
យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ មេរៀនទី ១៣០
យេរេមា ១
« មុនដែលយើងបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះយើងស្គាល់ឯងហើយ … យើងបានញែកឯងជាបរិសុទ្ធផង »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកធ្លាប់ឆ្ងល់ទេថា មានអ្វីកើតឡើងនៅក្នុងជីវិតមុនជីវិតមុនផែនដីនេះ ដែលបានរៀបចំអ្នកសម្រាប់ការទទួលខុសត្រូវរបស់អ្នកក្នុងជីវិតរមែងស្លាប់ ? នៅក្នុងជីវិតមុនជីវិតផែនដី ព្រះវរបិតាសួគ៌បានប្រទានការទទួលខុសត្រូវដ៏ទេវភាពដល់បុត្រាបុត្រីទ្រង់ដើម្បីអនុវត្តក្នុងជីវិតរមែងស្លាប់ ។ ឧទាហរណ៍នៃការណ៍នេះរួមមាន ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ពេត្រុស ទី១ ១:១៩–២០ ) និងយេរេមា ( សូមមើល យេរេមា ១:៥ ) ។ មេរៀននេះអាចជួយអ្នកឲ្យមានបំណងចង់បំពេញគោលបំណងដ៏ទេវភាពរបស់អ្នក ។
សិក្សាព្រះគម្ពីរ
អាមីរ៉ា បាននៅជាមួយគ្រូបង្វឹករត់ដដែលអស់រយៈពេលប្រាំបីឆ្នាំ ។ នៅពេលអាមីរ៉ាបានធ្វើតាមដំបូន្មានរបស់គាត់ គាត់បានជួយនាងឲ្យកែលម្អម៉ោងរត់របស់នាងរាល់ពេលប្រកួតម្តងៗ ។ នៅថ្ងៃមួយនៅឯការហាត់សម គ្រូបង្វឹករបស់នាងនាំនាងទៅម្ខាង ហើយប្រាប់នាងថា គាត់មានទំនុកចិត្តថា នាងអាចបំបែកកំណត់ត្រាល្អបំផុតរបស់ខ្លួននាងផ្ទាល់ក្នុងរយៈពេលលើសពី១០វិនាទីនៅខែក្រោយ ។
តើបទពិសោធន៍របស់អាមីរ៉ាជាមួយគ្រូបង្វឹករបស់នាងអាចជះឥទ្ធិពលដល់ទំនុកចិត្តរបស់នាងយ៉ាងដូចម្តេច ? ប្រសិនបើគ្រូបង្វឹកម្នាក់ដែលមិនដឹងពីសក្ដានុពលរបស់អាមីរ៉ាបានផ្តល់ឲ្យនាងនូវការប្រឈមដូចគ្នានេះ តើវានឹងខុសគ្នាយ៉ាងណាដែរ ?
ដូចជាគ្រូបង្វឹករបស់អាមីរ៉ាដែរ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់អ្នក និងសក្តានុពលដ៏ទេវភាពរបស់អ្នក ។ សូមចំណាយពេលបន្តិច ដើម្បីគិតពិចារណាពីសេចក្តីជំនឿរបស់អ្នក អំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់អ្នក និងសក្តានុពលដ៏ទេវភាពរបស់អ្នក ។ តើអ្នកនឹងវាយតម្លៃខ្លួនរបស់អ្នកដោយរបៀបណា ( ១ – ពិតអំពីខ្ញុំ ដល់ ១០ – មិនពិតអំពីខ្ញុំ ) អំពីសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ?
-
ខ្ញុំជឿថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់ខ្ញុំច្បាស់ជាងអ្នកដទៃស្គាល់ខ្ញុំ ។
-
ខ្ញុំជឿថា ទ្រង់បានប្រទានឲ្យខ្ញុំនូវគោលបំណងដ៏ទេវភាពដែលខ្ញុំអាចសម្រេចបានដោយមានជំនួយពីទ្រង់ទាំងទ្វេ ។
-
ខ្ញុំចង់ដឹង និងបំពេញបេសកកម្មដ៏ទេវភាពដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានដល់ខ្ញុំ ។
នៅពេលអ្នកសិក្សា យេរេមា ១ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យស្គាល់ទំនួលខុសត្រូវដ៏ទេវភាព ដែលអ្នកអាចសម្រេចបាន ដោយមានជំនួយពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
យេរេមា ១:៤–៥ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ សូមទន្ទេញសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះ « មុនដែលយើងបានបង្កើតឯងនៅក្នុងពោះ… យើងក៏បានតាំងឯងឡើងជាហោរាដល់អស់ទាំងសាសន៍ » ។ អ្នកអាចប្រើសកម្មភាពទន្ទេញទាំងនេះនៅក្នុងកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយដល់អ្នក ។
សូមអាន យេរេមា ១:៤–៥ និងសេចក្ដីថ្លែងការណ៍ដូចតទៅនេះមកពីប្រធាន រ័សុល អិម ណិលសុន ។ អ្នកអាចដាក់តំណភ្ជាប់ យេរេមា ១:៤–៥ ទៅនឹងសេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុន ។
វិញ្ញាណអ្នកគឺជាអង្គអស់កល្បមួយ ។ ព្រះអម្ចាស់បានមានបន្ទូលទៅព្យាការីរបស់ទ្រង់ អ័ប្រាហាំថា ៖ « អ្នកត្រូវបានរើសតាំងពីមុនអ្នកចាប់កំណើតមកម្ល៉េះ » [ អ័ប្រាហាំ ៣:២៣ ] ។ ព្រះអម្ចាស់មានបន្ទូលអ្វីមួយស្រដៀងគ្នាអំពីយេរេមា និងអ្នកដទៃជាច្រើនទៀត ។ ទ្រង់ក៏បានមានបន្ទូលអំពីអ្នកដែរ ។
ព្រះវរបិតាសួគ៌អ្នកស្គាល់អ្នកជាយូរមកហើយ ។ អ្នកជាបុត្រា ឬបុត្រីទ្រង់ ដែលត្រូវបានរើសតាំងដោយទ្រង់ឲ្យមកផែនដី នៅក្នុងជំនាន់អស្ចារ្យនេះ ដើម្បីធ្វើជាអ្នកដឹកនាំក្នុងកិច្ចការដ៏មហិមារបស់ទ្រង់លើផែនដី ។ អ្នកត្រូវបានរើសតាំង ពុំមែន ដោយសារអត្តចរិតខាងរូបកាយរបស់អ្នកទេ ប៉ុន្តែដោយសារលក្ខណៈ ខាងវិញ្ញាណ អ្នក ។ ( « Decisions for Eternity » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ១០៧ )
សូមបង្កើតកំណត់ចំណាំមួយនៅជាប់នឹង ខទី ៥ ជាមួយនឹងសេចក្តីពិតដូចតទៅនេះ ៖ មុនពេលខ្ញុំកើត ព្រះអម្ចាស់បានស្គាល់ខ្ញុំ ហើយបានផ្តល់ឲ្យខ្ញុំនូវទំនួលខុសត្រូវជាក់លាក់ដើម្បីបំពេញ ។
សូមអាន យេរេមា ១:៦–៩, ១៧–១៩ ហើយគូសសម្គាល់ដំបូន្មាន និងការសន្យាដែលព្រះអម្ចាស់បានប្រទានមកជាការឆ្លើយតបចំពោះអារម្មណ៍នៃការគ្មានសមត្ថភាពរបស់យេរេមា ។ តើការសន្យារបស់ព្រះអម្ចាស់ចំពោះយេរេមា អាចជួយលោកឲ្យមើលឃើញការហៅរបស់លោកតាមទស្សនវិស័យដ៏អស់កល្បមួយយ៉ាងដូចម្ដេច ?
សូមជញ្ជឹងគិតថា តើដំបូន្មានរបស់ព្រះអម្ចាស់ចំពោះយេរេមាអាចជួយដល់យុវវ័យនៅសព្វថ្ងៃនេះ ជាមួយនឹងការទទួលខុសត្រូវដែលព្រះអម្ចាស់បានប្រទានដល់ពួកគេដោយរបៀបណា ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
ហេតុអ្វីបានជាវាសំខាន់ ប្រសិនបើខ្ញុំដឹងពីគោលបំណងដ៏ទេវភាពរបស់ខ្ញុំឬអត់នោះ ?
សូមសិក្សាវគ្គបទគម្ពីរពីរ ឬច្រើន នៃវគ្គបទគម្ពីរដូចខាងក្រោម ។ សូមរកមើលពីរបៀបដែលការដឹងពីគោលបំណងដ៏ទេវភាពរបស់អ្នកអាចជះឥទ្ធិពលដល់គំនិត និងជម្រើសរបស់អ្នក ។
-
រ៉ានឌល អិល រិដ « ពូជជម្រើស » ( សន្និសីទទូទៅខែមេសា ឆ្នាំ២០១៤ ) ចាប់ពីនាទីទី ៥:៤៣ ដល់ ៧:១៤
11:24 -
រ័សុល អិម ណិលសុន « សង្ឃឹមអ៊ីស្រាអែល » ( ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ) ចាប់ពីនាទីទី ៣២:៤០ ដល់ ៣៣:៣៦
61:35 -
លូកា ១:១៣–១៧
ដោយប្រើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ សូមសរសេរសារទៅកាន់អនាគតខ្លួនឯងនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ តើអ្នកចង់ចងចាំអ្វីខ្លះ អំពីចំណេះដឹងពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរបស់អ្នក និងការទទួលខុសត្រូវដ៏ទេវភាពដែលទ្រង់ទាំងទ្វេបានប្រទានដល់អ្នក ?
ជម្រើស ខ
តើខ្ញុំអាចរៀនអំពីការទទួលខុសត្រូវដ៏ទេវភាពដែលព្រះអម្ចាស់បានប្រទានមកខ្ញុំដោយរបៀបណា ?
អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ នៃពួកចិតសិបនាក់ បានចែកចាយរឿងបួនយ៉ាងដែលយើងអាចធ្វើបាន ដើម្បីយល់ពីការទទួលខុសត្រូវអ្វីខ្លះដែលព្រះអម្ចាស់បានប្រទានដល់យើង ៖
ទីមួយ ផ្តោតចិត្តទុកដាក់លើអ្នកដទៃ ។ …
ទីពីរ ស្វែងរក និងអភិវឌ្ឍអំណោយទានខាងវិញ្ញាណ ។ …
ទីបី ប្រើប្រាស់ទុក្ខលំបាក ។ …
ហើយទីបួន គឺពឹងផ្អែកលើព្រះ នៅពេលយើងទូលសូមទ្រង់ដោយសេចក្តីជំនឿដោយចិត្តស្មោះ នោះទ្រង់នឹងបើកសម្តែងការចាត់តាំងពីព្រះដល់ពួកយើង ។ ( « I Have a Work for Thee » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៣៣–៣៤ )
អែលឌើរ អេឡាន ធី ហ្វីលីប នៃពួកចិតសិបនាក់ បានថ្លែងទីបន្ទាល់ ៖
សូមកុំយល់ខុស ឬគិតថាបងប្អូនពុំសំខាន់ចំពោះព្រះវរបិតាសួគ៌នោះឡើយ ។ បងប្អូនពុំមែនជាផលពីធម្មជាតិដែលកើតមកដោយចៃដន្យ ឬជបចេញមក ឬកើតមកពីពេលវេលារួមផ្សំនឹងឱកាសនោះទេ ។ កន្លែងណាមានការតុបតែង ទីនោះមានអ្នកតុបតែង ។
ជីវិតរបស់បងប្អូនមានអត្ថន័យ និងគោលបំណង ។ … បងប្អូនគឺជាបុត្រសំណព្វរបស់ព្រះវរបិតាសួគ៌ ។ ( « ព្រះស្គាល់ ហើយស្រឡាញ់បងប្អូន » លីហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៤៩ )
សូមបង្កើតប័ណ្ណប្រកាសឌីជីថលមួយ ឬប័ណ្ណប្រកាសជាក្រដាសដែលមានសេចក្តីថ្លែងការណ៍ពីមេរៀននេះ ឬស្វែងរកសេចក្តីថ្លែងការណ៍ដែលបង្រៀនអំពីគោលបំណងដ៏ទេវភាពរបស់អ្នក ។ សូមដាក់វានៅកន្លែងណាមួយនៅក្នុងផ្ទះរបស់អ្នក ឬនៅលើទូរសព្ទរបស់អ្នក ដែលអ្នកនឹងឃើញវាជាប្រចាំ ។
រាល់ពេលដែលអ្នកអានវា សូមពិចារណាថាតើអំណោយទាន និងទេពកោសល្យអ្វីខ្លះ ដែលអ្នកបានទទួលពីព្រះអម្ចាស់ ។ តើវាអាចជួយអ្នកឲ្យស្គាល់ទំនួលខុសត្រូវដ៏ទេវភាពដែលព្រះអម្ចាស់មានចំពោះអ្នកដោយរបៀបណា ? សូមរកមើលរបៀបដើម្បីប្រើអំណោយទានដ៏ទេវភាពរបស់អ្នក ដើម្បីជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ហើយធ្វើសេចក្តីសញ្ញាជាមួយទ្រង់ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមានបំណងចង់បំពេញគោលបំណងដ៏ទេវភាពរបស់អ្នក ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សារលិខិតដែលអ្នកបានសរសេរសម្រាប់ខ្លួនឯងនាពេលអនាគត ។
-
ប័ណ្ណប្រកាសជាឌីជីថល ឬក្រដាសដែលអ្នកបានបង្កើត ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?