ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៣៤ ៖ យេរេមា ៣១—ទ្រង់​នឹង​ចារឹក​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ក្នុង​ចិត្ត​របស់​យើង


ក្មេងស្រី​ម្នាក់​កំពុងអាន​ព្រះគម្ពីរ​នៅលើ​កៅអី និង​រូបភាព​របស់​ព្រះយេស៊ូវ

យេរេមា ៣១–៣៣; ៣៦–៣៨; បរិទេវ ១; ៣ ៖ មេរៀន​ទី ១៣៤

យេរេមា ៣១

ទ្រង់​នឹង​ចារឹក​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ក្នុង​ចិត្ត​របស់​យើង

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​សកម្មភាព​របស់​យើង​ផ្លាស់ប្តូរ​យ៉ាង​ដូចម្ដេច នៅពេល​យើង​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ចិត្ត​របស់​យើង ? យេរេមា ៣១ សន្យា​នឹង​យើង​ថា នៅពេល​យើង​ងាក​ទៅរក​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ចារឹក​ក្រឹត្យវិន័យ​របស់​ទ្រង់​នៅក្នុង​ចិត្ត​របស់​យើង ( សូម​មើល យេរេមា ៣១:១៨, ៣៣ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការចារឹក​ដំណឹងល្អ​នៅក្នុង​ចិត្ត​របស់​អ្នក ។

សិក្សា​ព្រះគម្ពីរ

ស្ករ​មួយ​ស្លាបព្រា

ព្រះគម្ពីរ​ប៊ីប​តូច​បំផុត​របស់​ពិភពលោក​ត្រូវ​បានផលិត​ដោយ​ប្រើ​កាំ​អ៊ីយ៉ុង ។ អ្នក​វិទ្យាសាស្ត្រ​បាន​ឆ្លាក់​តួអក្សរ​ទាំងអស់​១.២​លាន នៃ​ព្រះគម្ពីរ​សញ្ញាចាស់​ទៅ​លើ​ផ្ទៃ​ដែល​មាន​ទំហំ​ប៉ុន​គ្រាប់​ស្ករ ។ អត្ថបទ​នេះ​គឺ​តូច​ណាស់​ដែល​វា​ត្រូវតែ​ពង្រីក ១០,០០០ ដង​ដើម្បី​អាច​មើល​ឃើញ ។

ទម្រង់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ទៀត​សម្រាប់​ព្រះបន្ទូល​របស់​ព្រះ រួមមាន បន្ទះ​ដី​ឥដ្ឋ បន្ទះ​មាស ឯកសារ​ក្រាំង​ប្របុស និង​ទម្រង់​ឌីជីថល ដូចជា​បណ្ណាល័យ​ដំណឹងល្អ ។ ទោះ​យ៉ាង​ណា​ក៏​ដោយ យេរេមា​បានបង្រៀន​ថា ព្រះ​ចាប់​អារម្មណ៍​ក្នុង​ការចារឹក​ព្រះបន្ទូល​របស់​ទ្រង់​នៅ​កន្លែង​ផ្សេង ។

បន្ទាប់​ពី​ការ​ព្រមាន​អំពី​ផលវិបាក​ដែល​មនុស្ស​ទុច្ចរិត​នឹង​រង​ទុក្ខ​នៅ​ថ្ងៃ​ចុង​ក្រោយ ( សូមមើល យេរេមា ៣០:២៣–២៤ ) យេរេមា​បាន​ព្យាករ​ថា ព្រះអម្ចាស់​នឹង​ប្រមូល​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់​ម្ដង​ទៀត ។

សូម​អាន យេរេមា ៣១:៣១–៣៣ ហើយ​រកមើល​កន្លែង​ដែល​ព្រះអម្ចាស់​បានសន្យា​ថា​នឹង​ចារឹក​ក្រឹត្យវិន័យ​របស់​ទ្រង់ នៅពេល​ទ្រង់​ប្រមូល​រាស្រ្ត​របស់​ទ្រង់ ។

រូបតំណាង​តំណ​ភ្ជាប់អ្នក​អាច​ចង់​ដាក់​តំណភ្ជាប់​អ្វី​ដែល​អ្នក​បាន​រកឃើញ ទៅនឹង កូរិនថូស ទី២ ៣:៣ ដើម្បី​មើល​របៀប​ដែល​ប៉ុល​បានបង្រៀន​សេចក្តីពិត​ស្រដៀង​គ្នា​នេះ ។

អតីត​ប្រធាន​យុវនារី​ទូទៅ បូនី អិល អូស្ការសុន បានបង្រៀន​ដូច​ខាងក្រោម ៖

11:31
ប្រធាន បូនី អិល អូស្ការសុន

យើង​ចាំបាច់​ត្រូវ​ដកយក​ដំណឹងល្អ​ចេញពី​គំនិត​របស់​យើង​មក​ដាក់​នៅក្នុង​ដួងចិត្ត​របស់​យើង ! វា​ស្រួល​ទេ បើ​គ្រាន់​តែ​រស់នៅ​តាម​ដំណឹងល្អ​ដោយ​គ្មាន​អារម្មណ៍​នោះ ដោយសារ​វា​ត្រូវ​បាន​រំពឹង​ទុក​ដូច្នោះ ឬ​ដោយសារ​វា​ជា​វប្បធម៌​ដែល​យើង​ធំ​ឡើង​ជា​មួយ ឬ​ដោយសារ​តែ​វា​ជា​ទម្លាប់​មួយ ។…

យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ដួងចិត្ត និង​ធម្មជាតិ​របស់​យើង​បាន​ផ្លាស់ប្ដូរ ដើម្បី​យើង​ឈប់​មាន​បំណង​ធ្វើ​តាម​ផ្លូវ​របស់​លោកិយ ប៉ុន្ដែ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ទ័យ​វិញ ។ ( « Do I Believe? » Liahona ខែ​ឧសភា ឆ្នាំ​២០១៦ ទំព័រ ៨៨ )

រូបតំណាង​កត់​ចំណាំសូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​ដោយ​មាន​កំណត់ចំណាំ​នៅ​ជិត​នឹង យេរេមា ៣១:៣៣ ៖

  • តើ​ការស្គាល់​ក្រឹត្យវិន័យ​របស់​ព្រះ ខុស​ពី​ការ​ចារឹក​ក្រឹត្យវិន័យ​របស់​ព្រះ​ក្នុង​ចិត្ត​យ៉ាង​ដូច​ម្ដេច ?

ជម្រើស ក

តើ​មាន​ឧទាហរណ៍​អ្វីខ្លះ ពី​មនុស្ស​ដែល​បាន​ចារឹក​ក្រឹត្យវិន័យ​របស់​ព្រះ​ក្នុង​ចិត្ត​របស់​ពួកគេ ?

ពេល​មនុស្ស​ចារឹក​ក្រឹត្យវិន័យ​របស់​ព្រះ​នៅក្នុង​ចិត្ត​របស់​ពួកគេ នោះ​គេ​ប្រព្រឹត្ត​ខុស​ពីមុន ។

អែលឌើរ គីម ប៊ី ក្លាក នៃ​ពួក​ចិតសិប​នាក់​បានបង្រៀន ៖

10:55
អែលឌើរ គីម ប៊ី ក្លាក

នៅពេល​យើង​រស់​នៅ​តាម​សេចក្ដី​សញ្ញា​របស់​យើង វា​ជះឥទ្ធិពល​ដល់​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​និយាយ និង​ធ្វើ ។ យើង​រស់នៅក្នុង​ជីវិតនៃ​សេចក្ដី​សញ្ញា​មួយ ពោរពេញ​ដោយ​សកម្មភាព​នៃ​សេចក្ដី​ជំនឿ​ដ៏​សាមញ្ញ​ជា​រៀង​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យយើង​ផ្តោតលើ​ព្រះយេស៊ូវ​គ្រីស្ទ ៖ ការអធិស្ឋាន​ចេញពី​ចិត្ត​នៅក្នុងព្រះនាម របស់​ទ្រង់ ការ​ទទួល​ទាន​បន្ទូល របស់​ទ្រង់ ការ​ងាក​ទៅ​រក ទ្រង់ ដើម្បី​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង ការ​រក្សា​បទបញ្ញត្តិ របស់​ទ្រង់ ការ​ទទួល​ទាន​សាក្រាម៉ង់ និង​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក របស់​ទ្រង់ ឲ្យ​បរិសុទ្ធ ការ​ថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ របស់ទ្រង់ ឲ្យបាន​ញឹក​ញាប់​តាម​ដែល​យើង​អាច​ធ្វើ​បាន និង​ការអនុវត្ត​បព្វជិតភាព​ដ៏​បរិសុទ្ធ របស់​ទ្រង់ ដើម្បី​បម្រើ​បុត្រា​បុត្រី​របស់​ព្រះ ។

ទង្វើ​នៃ​ការលះបង់​ខាង​សេចក្ដី​សញ្ញា​ទាំង​នេះ​បើក​ដួង​ចិត្ត និងគំនិត​របស់​យើង​ទៅ​រក​ព្រះចេស្ដា​ដ៏​ប្រោស​លោះ​របស់​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្ដា​បន្សុទ្ធ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មួយ​បន្ទាត់​ម្តងៗ ព្រះអង្គ​សង្គ្រោះ​ផ្លាស់​ប្ដូរ​និស្ស័យ​របស់​យើង យើង​កាន់​តែ​មាន​ការប្រែចិត្ត​ជឿ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទ្រង់ ហើយ​សេចក្ដី​សញ្ញា​របស់​យើង​មាន​ភាពរស់រវើក​នៅក្នុង​ដួងចិត្ត​របស់​យើង ។ ( « Look unto Jesus Christ » Liahona ខែ​ឧសភា ឆ្នាំ​២០១៩ ទំព័រ ៥៥ )

តើ​អ្នក​ស្គាល់​នរណា​ម្នាក់​ពី​ព្រះគម្ពីរ ឬ​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​ត្រូវ​តាម​បទដ្ឋាន​នេះ​ដែរ​ទេ ?

បន្ទាប់មក សូម​ចំណាយពេល​មួយ​នាទី​ដើម្បី​គិត​អំពី​អ្វី​ដែល​បុគ្គល​នេះ​បាន​ធ្វើ​ដើម្បី​ឧទ្ទិស​ខ្លួន​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់ ហើយ​បន្ទាប់មក សិក្សា​ដំណើររឿង​មួយ ឬ​ច្រើន នៃ​ដំណើររឿង​ទាំងនេះ ៖

  • ពួក​សិស្ស​នៅ​ក្រុង​យេរូសាឡិម​បន្ទាប់​ពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ ( សូម​មើល កិច្ចការ ២:៣៧–៤២ )

  • ពួក​សាសន៍​លេមិន​នៅ​សម័យ​ស្ដេច​ឡាម៉ូណៃ ( សូម​មើល អាលម៉ា ២៣:៥–៨ )

  • ពួក​សាសន៍​នីហ្វៃ​បន្ទាប់​ពី​ការ​បង្ហាញ​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល នីហ្វៃទី៤ ១:២, ១៥–១៨ )

តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​អែលឌើរ ក្លាក និង​គំរូ​ក្នុង​ព្រះគម្ពីរ​អំពី​អត្ថន័យ​នៃ​ការ​ចារឹក​ក្រឹត្យវិន័យ​របស់​ព្រះ​នៅក្នុង​ចិត្ត​អ្នក ?

ជម្រើស ខ

ហេតុអ្វី​បានជា​ខ្ញុំ​ចង់​ចារឹក​ក្រឹត្យវិន័យ​របស់​ព្រះ​ក្នុង​ចិត្ត​របស់​ខ្ញុំ ?

ពេល​ខ្លះ យើង​អាច​ត្រូវ​បានល្បួង​ឲ្យ​គិត​ថា ក្រឹត្យវិន័យ​របស់​ព្រះ​គឺជា​បន្ទុក ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​ពេលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​ចែកចាយ​ទស្សនវិស័យ​ខុស​គ្នា​មួយ​ដូច​ខាងក្រោម ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

រាល់​ព្រះបញ្ញត្តិ​ទ្រង់​ត្រូវ​បាន​ប្រទាន​មក​ដើម្បី​ឲ្យ​ពរជ័យ​អាច​កើត​មាន​ដល់​យើង ។ ព្រះបញ្ញត្តិ​ជា​ឱកាស​ដើម្បី​អនុវត្ត​សិទ្ធិជ្រើសរើស​យើង និង​ដើម្បី​ទទួល​ពរជ័យ ។ ( « Grateful in Any Circumstances » Liahona ខែ​មេសា ឆ្នាំ​២០១៤ ទំព័រ ៧០ )

រូបតំណាង​គូសសម្គាល់សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ហើយ​គូសសម្គាល់​ពរជ័យ​ដែល​ព្រះអម្ចាស់​បានសន្យា​ចំពោះ​ជន​សុចរិត ។

  • យេរេមា ៣១:១៣–១៤

  • យេរេមា ៣១:១៦–១៧

  • យេរេមា ៣១:៣៤

  • យេរេមា ៣២:១៧–១៩

  • យេរេមា ៣២:២៦–២៧

  • យេរេមា ៣៣:៦–៨

តើ​ការសន្យា​ដែល​បាន​ចារឹក​នៅក្នុង​ចិត្ត​របស់​អ្នក​ទាំងនេះ ផ្លាស់ប្តូរ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ដូច​ម្តេច ?

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​កត់ត្រា​ចម្លើយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

តើ​អ្នក​អាច​ធ្វើ​ឲ្យ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មិន​គ្រាន់តែ​ជា​ឥទ្ធិពល​ក្នុង​ជីវិត​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ឥទ្ធិពល​នៃ​ការ​គ្រប់​គ្រង ហើយ​ជា​ចំណុច​សំខាន់​របស់អ្នក​ដោយ​របៀបណា ? ( « When Thou Art Converted » Liahona ខែ​ឧសភា ឆ្នាំ​២០០៤ ទំព័រ ១១ )

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការចារឹក​ដំណឹងល្អ​នៅក្នុង​ចិត្ត​របស់​អ្នក ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​ចំណុច​មួយ នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន​របស់​អ្នក ៖

  • គំរូ​ដែល​អ្នក​ចូលចិត្ត​បំផុត​អំពី​នរណា​ម្នាក់​ដែល​បាន​ចារឹក​ក្រឹត្យវិន័យ​របស់​ព្រះ​នៅក្នុង​ចិត្ត​របស់​ពួកគេ ។

  • ការសន្យា​ដែល​អ្នក​ចូល​ចិត្ត​ពី​ក្រឹត្យវិន័យ​របស់​ព្រះ និង​របៀប​ដែល​វា​ចារឹក​នៅក្នុង​ចិត្ត​របស់​អ្នក នឹង​ផ្លាស់ប្តូរ​របៀប​ដែល​អ្នក​ប្រព្រឹត្ត ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?