យេរេមា ៣១–៣៣; ៣៦–៣៨; បរិទេវ ១; ៣ ៖ មេរៀនទី ១៣៥
យេរេមា ៣៦
ព្រះបន្ទូលរបស់ព្រះ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ព្រះគម្ពីរគឺជាផ្នែកដ៏សំខាន់មួយនៃទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទ ។ ការរៀនពីព្រះគម្ពីរតម្រង់គំនិត និងចិត្តរបស់យើងឆ្ពោះទៅរកទ្រង់ ដែលនឹងយាងអញ្ជើញព្រះចេស្ដារបស់ទ្រង់មកក្នុងជីវិតរបស់យើង ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីរបៀបដែលព្រះបន្ទូលរបស់ព្រះអម្ចាស់អាចបង្វែរអ្នកទៅរកព្រះយេស៊ូវគ្រីស្ទ ដើម្បីទទួលបានការលើកលែងទោសពីអំពើបាប ។
សិក្សាព្រះគម្ពីរ
យុវជន អេលី បាននិយាយកុហកអ្នកដទៃ ។ នៅល្ងាចមួយ អេលីកំពុងអានព្រះគម្ពីររបស់គាត់ គាត់អានចំ នីហ្វៃទី២ ៩:៣៤ ដែលចែងថា « វេទនាដល់ពួកដែលកុហក ដ្បិតអ្នកនោះនឹងត្រូវបោះចោលទៅក្នុងស្ថាននរក » ។
តើអេលីអាចមានប្រតិកម្មយ៉ាងណា ពេលអានវគ្គបទគម្ពីរនេះ ? តើអ្នកបានដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយអេលីបាន ?
អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ ៖
ព្រះខិតខំឲ្យមានទំនាក់ទំនងជាមួយបងប្អូនដោយឥតឈប់ឈរ ។ ទ្រង់ « សព្វព្រះទ័យចង់ឲ្យបុត្រាបុត្រីទ្រង់ជ្រើសរើសត្រឡប់ទៅកាន់ទ្រង់វិញ » ហើយទ្រង់បង្កើតគ្រប់វិធានការតាមដែលអាចធ្វើទៅបានដើម្បីនាំបងប្អូនឲ្យត្រឡប់មកវិញ ។ …
អ្វីៗទាំងអស់អំពីផែនការរបស់ព្រះវរបិតាសម្រាប់បុត្រាបុត្រីជាទីស្រឡាញ់របស់ទ្រង់គឺត្រូវបានរចនាឡើងដើម្បីនាំមនុស្សគ្រប់រូបត្រឡប់ទៅផ្ទះវិញ ។ ( « ព្រះរាជបំណងរបស់ព្រះគឺដើម្បីនាំបងប្អូនទៅផ្ទះវិញ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ៨៧ )
ព្រះគម្ពីរគឺជាឧបករណ៍មួយដែលព្រះវរបិតាសួគ៌ប្រើដើម្បីជួយអ្នកឲ្យងាកទៅរកព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត និងទទួលបានការអត់ទោស ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យចង់ប្រទានអ្វីដែលល្អបំផុតសម្រាប់យើង ហើយទ្រង់ទាំងទ្វេមានព្រះបន្ទូលមកកាន់យើងតាមរយៈព្រះគម្ពីរ ( សូមមើល នីហ្វៃទី២ ៣២:៣; គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧–៣៨ ) ។ នៅពេលអ្នករៀននៅថ្ងៃនេះ សូមជញ្ជឹងគិតពីរបៀបដែលព្រះគម្ពីរអាចផ្ដល់ពរដល់ជីវិតអ្នក ។ សូមពិចារណាពីរបៀបដែលគំនិតទាំងនេះអាចមានឥទ្ធិពលលើការសិក្សាផ្ទាល់ខ្លួនរបស់អ្នក ។
ការបញ្ចេញសំឡេងឈ្មោះពិបាកៗ ។ យើងមិនចេះបញ្ចេញសំឡេងឈ្មោះជាច្រើន ។ វាមិនថ្វីទេ ប្រសិនបើអ្នកមិនចេះបញ្ចេញសំឡេងឈ្មោះទាំងនោះឲ្យបានល្អឥតខ្ចោះនោះ ។ សូមខិតខំធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នក ហើយផ្ដោតលើសេចក្ដីពិតដែលព្រះអម្ចាស់ចង់ឲ្យអ្នកដឹង ។
សូមអាន យេរេមា ៣៦:១–៣ ហើយរកមើលមូលហេតុដែលព្រះអម្ចាស់បានបញ្ជាយេរេមាឲ្យកត់ត្រាព្រះបន្ទូលរបស់ទ្រង់សម្រាប់ប្រជាជនយូដា ។
សូមសរសេរកំណត់ចំណាំមួយជាប់នឹង ខទី ៣ ជាមួយនឹងសេចក្តីពិតដូចតទៅនេះ ៖ ព្រះអម្ចាស់សព្វព្រះទ័យអភ័យទោសឲ្យ ។
តើសេចក្ដីថ្លែងការណ៍របស់អែលឌើរ ខៀរ៉ុន និងសេចក្ដីពិតនៅក្នុងខទី ៣ អាចផ្លាស់ប្ដូរអារម្មណ៍របស់អេលី ចំពោះវគ្គបទគម្ពីរដែលគាត់អានដោយរបៀបណា ?
សូមអានវគ្គបទគម្ពីរខាងក្រោម ហើយរកមើលរបៀបបន្ថែមដែលបទគម្ពីរទាំងនេះជួយយើងឲ្យងាកទៅរកព្រះអម្ចាស់ ហើយទទួលបានការលើកលែងទោសពីអំពើបាបរបស់យើង ។ សូមដាក់ស្លាកវគ្គបទគម្ពីរទាំងនេះនីមួយៗ និង យេរេមា ៣៦:៣ ថា « គោលបំណងរបស់ព្រះគម្ពីរ » ។
-
ធីម៉ូថេ ទី២ ៣:១៦
យេរេមាបានធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់ ហើយបានសុំបុរសម្នាក់ឈ្មោះ បារូក ឲ្យសរសេរព្រះបន្ទូលរបស់ព្រះអម្ចាស់នៅលើក្រាំងមួយ ។ ដោយសារយេរេមាត្រូវបានគេចាប់ដាក់គុក នោះលោកបានសុំបារូកឲ្យអានព្រះបន្ទូលរបស់ព្រះអម្ចាស់ដល់ប្រជាជនយូដា រួមទាំងពួកចៅហ្វាយមួយចំនួនផង ។ បន្ទាប់ពីធ្វើដូច្នេះ បារូកបានប្រគល់ក្រាំងនោះទៅឲ្យពួកចៅហ្វាយអានដល់យេហូយ៉ាគីម ដែលជាស្តេចយូដា ( សូមមើល យេរេមា ៣៦:៤–១០, ១៤–១៥, ២០–២១ ) ។
សូមអាន យេរេមា ៣៦:២០–២៤ ហើយគូសសម្គាល់ភស្ដុតាងដែលបញ្ជាក់ថា ស្ដេចយេហូយ៉ាគីមមិនបានឲ្យតម្លៃដល់ព្រះបន្ទូលដែលនៅលើក្រាំងនោះទេ ។ នៅក្នុង ខទី ២៣ « ទ្រង់ » សំដៅលើស្ដេចយេហូយ៉ាគីម ។ សូមជញ្ជឹងគិតពីអ្វីដែលយេរេមាបានយល់អំពីបទគម្ពីរដែលស្ដេចយេហូយ៉ាគីមមិនបានយល់ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយការអធិស្ឋាន នោះបងប្អូននឹងធ្វើការសម្រេចចិត្តដែលប្រសើរ—រៀងរាល់ថ្ងៃ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនជញ្ជឹងគិតនូវអ្វីដែលបងប្អូនសិក្សា នោះបង្អួចស្ថានសួគ៌នឹងបើកឡើង ហើយបងប្អូននឹងទទួលចម្លើយចំពោះសំណួរផ្ទាល់ខ្លួន និងការដឹកនាំសម្រាប់ជីវិតបងប្អូនផ្ទាល់ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមនរាល់ថ្ងៃ នោះបងប្អូនអាចត្រូវបានការពារឲ្យផុតពីអំពើអាក្រក់នៃថ្ងៃនោះ ។ ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៦២–៦៣ )
សូមសរសេរកំណត់ចំណាំមួយជាប់នឹង ខទី ២៣ ។ សូមរួមបញ្ចូលនូវអ្វីដែលអ្នកប្រហែលជាបានចែកចាយជាមួយស្តេចយេហូយ៉ាគីម ដើម្បីជួយទ្រង់ឲ្យយល់ពីរបៀបដែលបទគម្ពីរអាចបង្វែរទ្រង់ទៅរកព្រះយេស៊ូវគ្រីស្ទ ហើយប្រទានពរដល់ព្រះជន្មរបស់ទ្រង់បាន ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើយើងគួរឆ្លើយតបនឹងព្រះបន្ទូលរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
បន្ទាប់ពីស្ដេចយេហូយ៉ាគីមបានដុតក្រាំងគម្ពីរនោះ ព្រះអម្ចាស់បានផ្ដល់ការណែនាំជាក់លាក់ដល់យេរេមា ។
សូមអាន យេរេមា ៣៦:២៧–២៨, ៣២ ។ សូមគូសសម្គាល់របៀបដែលប្រតិកម្មរបស់បារូក ( ស្មៀនរបស់យេរេមា ) ខុសពីប្រតិកម្មរបស់ស្ដេចយេហូយ៉ាគីម ។
ស្តេចយេហូយ៉ាគីមបានទទួលរងលទ្ធផលសម្រាប់ការបដិសេធព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានមានព្រះបន្ទូលទៅទ្រង់តាមរយៈយេរេមា ។ យេហូយ៉ាគីមត្រូវបានគេចង ហើយចាប់ទៅជាឈ្លើយសឹកនៅក្រុងបាប៊ីឡូន ( សូមមើល យេរេមា ២២:១៨–១៩ ) ។ ទោះជាយ៉ាងណាក៏ដោយ បារូកត្រូវបានប្រទានពរចំពោះភាពស្មោះត្រង់របស់លោកចំពោះព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានមានបន្ទូលតាមរយៈយេរេមា ( សូមមើល យេរេមា ៤៥:៥ ) ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមឆ្លើយសំណួរដូចខាងក្រោមនេះ ៖
-
តើដំណើររឿងរបស់ស្ដេចយេហូយ៉ាគីមអាចនឹងបញ្ចប់ខុសគ្នាយ៉ាងណាទៅ ប្រសិនបើទ្រង់បានយល់ថា ព្រះបន្ទូលរបស់ព្រះអម្ចាស់ជួយយើងឲ្យត្រឡប់ទៅរកព្រះអង្គសង្រ្គោះរបស់យើងវិញ ?
ជម្រើស ខ
តើការសិក្សាព្រះគម្ពីររបស់ខ្ញុំជួយខ្ញុំឲ្យងាកមករកព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
នៅពេលអ្នកចាប់ផ្ដើមថ្នាក់សិក្ខាសាលា អ្នកត្រូវបានអញ្ជើញឲ្យកំណត់គោលដៅសិក្សាផ្ទាល់ខ្លួន ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយ ៖
នៅទីបញ្ចប់ គោលបំណងដ៏សំខាន់នៃព្រះគម្ពីរទាំងអស់គឺដើម្បីបំពេញព្រលឹងរបស់យើងដោយសេចក្ដីជំនឿលើព្រះជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ—ជាសេចក្ដីជំនឿដែលថា ទ្រង់ទាំងទ្វេពិតជាមាន សេចក្ដីជំនឿលើផែនការរបស់ព្រះវរបិតាសម្រាប់ជីវិតរមែងស្លាប់ និងជីវិតអស់កល្បជានិច្ចរបស់យើង ។ ( « The Blessing of Scripture » Liahona ខែឧសភា ឆ្នាំ២០១០ ទំព័រ ៣៤, ៣៥ )
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមឆ្លើយសំណួរដូចខាងក្រោមនេះ ៖
-
តើការដឹងថា ព្រះគម្ពីរអាចជួយអ្នកឲ្យងាកទៅរកព្រះអម្ចាស់ ហើយទទួលបានការអភ័យទោស និងការណែនាំរបស់ទ្រង់ មានឥទ្ធិពលដល់ការសិក្សាផ្ទាល់ខ្លួនរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើព្រះគម្ពីរបានជួយអ្នកឲ្យងាកមករកព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ប្រសិនបើវាមាន សូមមើលវីដេអូ « President Nelson – The Scriptures Teach Us About Jesus Christ (for Youth) » ( ០:៥៩ ) ។
សូមពិនិត្យមើលគោលដៅសិក្សារបស់អ្នក ហើយជញ្ជឹងគិតអំពីការកែតម្រូវណាមួយដែលអ្នកមានអារម្មណ៍ថាត្រូវធ្វើការកែតម្រូវ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីរបៀបដែលព្រះបន្ទូលរបស់ព្រះអម្ចាស់អាចបង្វែរអ្នកទៅរកព្រះយេស៊ូវគ្រីស្ទ ដើម្បីទទួលបានការលើកលែងទោសពីអំពើបាប ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
របៀបដែលដំណើររឿងរបស់ស្ដេចយេហូយ៉ាគីម អាចនឹងបញ្ចប់ខុសគ្នា ប្រសិនបើទ្រង់បានយល់ពីសេចក្តីពិតពីមេរៀននេះ ។
-
គោលដៅថ្មីរបស់អ្នក—ពន្យល់ពីការផ្លាស់ប្តូរណាមួយដែលអ្នកនឹងធ្វើ និងពីរបៀបដែលអ្នកមានអារម្មណ៍ថាវានឹងជួយអ្នកឲ្យចូលមកកាន់តែជិតព្រះអម្ចាស់ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?