The Prophet Isaiah Foretells Christ’s Birth [ ព្យាការីអេសាយព្យាករអំពីការប្រសូតរបស់ព្រះគ្រីស្ទ ]ដោយ ហារី អាន់ឌើរសុន
អេសាយ ១–១២ ៖ មេរៀនទី ១១៣
បុព្វកថានៃគម្ពីរអេសាយ
« ពាក្យពេចន៍របស់អេសាយជាពាក្យដ៏មហិមា »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ព្យាការីអេសាយមានការទទួលខុសត្រូវដ៏សំខាន់ក្នុងការបង្រៀនអំពីការប្រោសលោះតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ សារលិខិតនេះត្រូវបានបម្រុងទុកសម្រាប់មនុស្សនៅសម័យអេសាយ ក៏ដូចជាសម្រាប់យើងនៅសម័យយើងដែរ ។ វាមានតម្លៃដើម្បីខិតខំសិក្សាដោយឧស្សាហ៍ព្យាយាមនូវការបង្រៀនរបស់អេសាយអំពីព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយបង្កើនបំណងប្រាថ្នារបស់អ្នក ដើម្បីរៀនអំពីព្រះយេស៊ូវគ្រីស្ទតាមរយៈការសិក្សាគម្ពីរអេសាយ ។
សិក្សាព្រះគម្ពីរ
តើចំណុចមួយណាក្នុងចំណោមចំណុចខាងក្រោមនេះ ទំនងជាបញ្ចុះបញ្ចូលអ្នកឲ្យអានសៀវភៅខ្លាំងបំផុត ?
-
មើលទៅគួរឲ្យចាប់អារម្មណ៍ណាស់
-
ត្រូវបានណែនាំដោយសមាជិកគ្រួសារ ឬមិត្តភក្តិ
-
ត្រូវបានចាត់តាំងឲ្យអាននៅក្នុងថ្នាក់នៅសាលារៀន
-
មានការបញ្ចេញមតិល្អៗលើអនឡាញ
សូមអាន នីហ្វៃទី៣ ២៣:១–៣ ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានអញ្ជើញយើងឲ្យសិក្សា ។
សូមភ្ជាប់ នីហ្វៃទី៣ ២៣:១ ទៅនឹងពាក្យ « អេសាយ » នៅខាងលើក្បាលជំពូក អេសាយ ១ ។
តើបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះអាចមានឥទ្ធិពលយ៉ាងណា ទៅលើរបៀបដែលអ្នកសិក្សាគម្ពីរអេសាយ ? នៅពេលអ្នកសិក្សាពាក្យសម្ដីរបស់អេសាយ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
ដោយប្រើក្រាហ្វិចព័ត៌មានខាងក្រោម សូមចំណាយពេលបន្តិចដើម្បីកំណត់ទីតាំងរបស់អេសាយ និងនគរដែលលោកបានរស់នៅ ។ តើអ្នកកត់សម្គាល់ឃើញអ្វីខ្លះ ?
ព្យាការីជាច្រើនបានទទួលឥទ្ធិពលពីពាក្យសម្ដីរបស់អេសាយ រួមទាំងព្យាការីនីហ្វៃផងដែរ ដែលបានដកស្រង់សម្តីអេសាយជាញឹកញាប់ ។ សូមកត់ចំណាំថា យូដាត្រូវបានចាប់ជាទាសករដោយក្រុងបាប៊ីឡូនប្រហែលជាមួយសតវត្សរ៍ ក្រោយពីអេសាយបានព្យាករអំពីការណ៍នេះ ( សូមមើល អេសាយ ៣៩:៣–៧; ពង្សាវតាក្សត្រ ទី២ ២៤–២៥ ) ។
ពេញមួយជីវិតរបស់លោក ព្យាការីអេសាយបានផ្សព្វផ្សាយដល់មនុស្សដែលបានងាកចេញពីសេចក្ដីជំនឿលើព្រះយេហូវ៉ា ( ព្រះយេស៊ូវគ្រីស្ទ ) ។ សារលិខិតរបស់អេសាយទៅកាន់ពួកគេត្រូវបានឆ្លុះបញ្ចាំងក្នុងឈ្មោះរបស់លោកផ្ទាល់ ដែលមានន័យថា « ព្រះអម្ចាស់គឺជាសេចក្ដីសង្គ្រោះ » ។
សូមសរសេរកំណត់ចំណាំមួយអំពីអត្ថន័យនៃឈ្មោះរបស់អេសាយនៅដើមគម្ពីរ អេសាយ ១ ។
ការបង្រៀនរបស់អេសាយក៏អនុវត្តចំពោះសម័យផ្សេងទៀត ដែលមនុស្សងាកចេញពីព្រះយេស៊ូវគ្រីស្ទផងដែរ—ដូចជាសម័យរបស់ព្រះគ្រីស្ទ និងសម័យបច្ចុប្បន្ននេះ នៅពេលយើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។
ការបកស្រាយគម្ពីរអេសាយ ។ « ព្រះយេស៊ូវទ្រង់តែងតែស្រង់ពាក្យអេសាយជាងព្យាការីណាៗទាំងអស់ ។ ពេត្រុស យ៉ូហាន និងប៉ុល នៅក្នុងព្រះគម្ពីរសញ្ញាថ្មីក៏តែងតែដកស្រង់ពាក្យពេចន៍របស់អេសាយផងដែរ ។ ព្រះគម្ពីរមរមន និងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា មានសម្រង់ពីអេសាយ ច្រើនជាងសម្រង់ពីព្យាការីណាៗទាំងអស់ ហើយផ្ដល់នូវជំនួយក្នុងការបកស្រាយពាក្យពេចន៍របស់អេសាយ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អេសាយ » នៅលើបណ្ណាល័យដំណឹងល្អ ) ។
សូមអាន នីហ្វៃទី១ ១៩:២៣ ។ សូមគូសសម្គាល់មូលហេតុ ដែលនីហ្វៃបានអានពាក្យសម្ដីរបស់អេសាយទៅកាន់ពួកបងប្រុសរបស់លោក ។
សូមសរសេរកំណត់ចំណាំមួយជាមួយសេចក្តីពិតដូចតទៅនេះ ៖ ការសិក្សាពាក្យពេចន៍របស់អេសាយអាចជួយខ្ញុំឲ្យជឿលើព្រះយេស៊ូវគ្រីស្ទកាន់តែពេញលេញជាងមុន ។ អ្នកក៏អាចរួមបញ្ចូលរបៀបដែលអ្នកនឹងបញ្ចប់សេចក្ដីថ្លែងការណ៍ដូចតទៅនេះផងដែរ ៖ « ការជឿកាន់តែខ្លាំងលើព្រះយេស៊ូវគ្រីស្ទអាចមានឥទ្ធិពលលើជីវិតរបស់ខ្ញុំបាន តាមរយៈ … » ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើអេសាយបង្រៀនអ្វីខ្លះដែលបង្ហាញថា តើព្រះយេស៊ូវគ្រីស្ទគឺជានរណា ?
ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ដោយ វ៉លធើរ រ៉េន
របៀបមួយក្នុងចំណោមរបៀបដែលអេសាយនាំយើងឲ្យជឿកាន់តែពេញលេញលើព្រះយេស៊ូវគ្រីស្ទ គឺតាមរយៈការបង្រៀនអំពីព្រះបរមងារ និងតួនាទីរបស់ទ្រង់ ។
សូមគូសដ្យាក្រាមខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
សូមសរសេរ « ព្រះយេស៊ូវគ្រីស្ទ » នៅចំកណ្ដាលរង្វង់ធំ ។
សូមអានខគម្ពីរខាងក្រោម ហើយស្វែងរកព្រះបរមងារ ឬតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមដាក់ស្លាកខគម្ពីរនីមួយៗថា « ព្រះបរមងាររបស់ព្រះគ្រីស្ទ » ឬស្លាកមួយដែលអ្នកបង្កើត ។ បន្ទាប់មក សូមបន្ថែមព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នករកឃើញដាក់នៅក្នុងរង្វង់ផ្សេងទៀត ។
-
អេសាយ ៧:១៤ ( សូមមើលលេខយោងជាភាសាអង់គ្លេស ១៤ e )
-
អេសាយ ៩:៦–៧
-
អេសាយ ៣៣:២២
-
អេសាយ ៤០:២៨
សូមជ្រើសរើសព្រះបរមងារមួយដែលអ្នកបានរកឃើញ ហើយស្វែងយល់បន្ថែមទៀតអំពីព្រះបរមងារនោះ ។ សូមប្រើលេខយោង ឬរកមើលពាក្យ « ព្រះយេស៊ូវគ្រីស្ទ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ។ ឧទាហរណ៍ ព្រះបរមងារអេម៉ាញូអែល ( សូមមើល អេសាយ ៧:១៤ ) មានន័យថា « ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ » ( សូមមើល ម៉ាថាយ ១:២៣ ) ។ សូមបន្ថែមការយល់ដឹងទៅកាន់ដ្យាក្រាមរបស់អ្នក ដោយការគូសរង្វង់ដែលបែកសាខាចេញពីព្រះបរមងារ ឬតួនាទីដែលអ្នកផ្តោតលើ ។
ជម្រើស ខ
តើអេសាយបង្រៀនអ្វីខ្លះ អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំបាន ?
ជាញឹកញាប់ ពាក្យសម្ដីរបស់អេសាយអាចពិបាកនឹងយល់ ។
បងប្រុស ប្រាដលី អរ វីលខក់ ដែលកាលនោះជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានយុវជនទូទៅ បានបង្រៀន ៖
ប្អូនៗមានពរជ័យដើម្បីរស់នៅក្នុងជំនាន់មួយ នៅពេលដែលប្អូនៗអាចធ្វើជាសាក្សីនៃការបំពេញពាក្យព្យាករជាច្រើនរបស់ព្យាការីអេសាយ ។ … នីហ្វៃបាននិយាយថា ពាក្យសម្ដីរបស់អេសាយអាច « ច្បាស់ដល់អ្នកណាដែលពោរពេញទៅដោយវិញ្ញាណនៃការព្យាករ » ( នីហ្វៃទី២ ២៥:៤ ) ។ នោះប្រហែលជាស្តាប់ទៅគួរឲ្យខ្លាចនៅពេលដំបូង ប៉ុន្តែនេះមិនមែនមានន័យថា មានតែពួកព្យាការីដែលអាចយល់ពីពាក្យសម្ដីអេសាយបាននោះទេ ។ ហើយព្រះគម្ពីរបង្រៀនថា « ការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយ » ( វិវរណៈ ១៩:១០ ) ។ ឬនិយាយម៉្យាងទៀតថា ប្រសិនបើប្អូនៗជឿលើព្រះយេស៊ូវគ្រីស្ទ នោះប្អូនៗបានចាប់ផ្ដើមធ្វើនូវអ្វីដែលជួយប្អូនៗឲ្យយល់ពីអេសាយរួចទៅហើយ ! … ជាមួយនឹងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ នោះព្រះវិញ្ញាណអាចធ្វើទីបន្ទាល់ចំពោះប្អូនៗអំពីសារៈសំខាន់នៃពាក្យសម្ដីរបស់អេសាយ និងរបៀបដែលពាក្យរបស់លោកអាចជួយ និងផ្ដល់ពរជ័យដល់ជីវិតប្អូនៗនៅសព្វថ្ងៃនេះបាន ។ ( « គន្លឹះទាំងបួនរបស់នីហ្វៃដើម្បីយល់ពីគម្ពីរអេសាយ » ដើម្បីកម្លាំងនៃយុវជន ខែកញ្ញា ឆ្នាំ២០២២ ទំព័រ ១២ )
ប្រសិនបើយើងជឿលើព្រះយេស៊ូវគ្រីស្ទ ហើយផ្ដោតលើអ្វីដែលអេសាយបង្រៀនអំពីទ្រង់ នោះយើងនឹងយល់កាន់តែច្បាស់អំពីការសរសេររបស់អេសាយ ។ រាល់ពេលដែលអ្នកអានវគ្គបទគម្ពីរមួយនៅក្នុងអេសាយ សូមសួរខ្លួនឯងថា « តើខ្ញុំកំពុងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? »
សូមអានខគម្ពីរខាងក្រោម ហើយស្វែងរកគុណលក្ខណៈដែលអ្នករៀនអំពីព្រះអង្គសង្គ្រោះ ឬរបៀបដែលទ្រង់ជួយដល់យើង ។ សូមដាក់ស្លាកខគម្ពីរនីមួយៗថា « គុណលក្ខណៈដូចព្រះគ្រីស្ទ» ឬស្លាកដែលអ្នកបង្កើត ។
-
អេសាយ ១២:២
-
អេសាយ ៤៣:២៥
-
អេសាយ ៤៩:១៥–១៦
-
អេសាយ ៥៣:៣–៥
សូមស្វែងរករូបភាពរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកមានអារម្មណ៍ថាតំណាងឲ្យគុណលក្ខណៈទាំងនេះមួយ ។ សូមពិចារណាចែកចាយរូបភាពនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់ ។ សូមរួមបញ្ចូលអារម្មណ៍របស់អ្នកដែលថា ព្រះយេស៊ូវគ្រីស្ទតំណាងឲ្យគុណលក្ខណៈដែលអ្នកជ្រើសរើស ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយបង្កើនបំណងប្រាថ្នារបស់អ្នក ដើម្បីរៀនអំពីព្រះយេស៊ូវគ្រីស្ទតាមរយៈការសិក្សាគម្ពីរអេសាយ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ដ្យាក្រាមដែលអ្នកបានគូសជាមួយនឹងព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
គុណលក្ខណៈដូចព្រះគ្រីស្ទ និងរូបភាពព្រះគ្រីស្ទដែលអ្នកបានរកឃើញ ។ សូមរួមបញ្ចូលរបៀបដែលព្រះយេស៊ូវគ្រីស្ទតំណាងឲ្យគុណលក្ខណៈនេះនៅក្នុងជីវិតរបស់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?