អេសាយ ១–១២ ៖ មេរៀនទី ១១៥
អេសាយ ៥
« វេទនាដល់ពួកអ្នកដែលរាប់សេចក្តីអាក្រក់ថាជាល្អ ហើយសេចក្តីល្អថាជាអាក្រក់វិញ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅក្នុងពិភពលោកសព្វថ្ងៃនេះ វាអាចពិបាកនឹងកំណត់ថា តើអ្វីទៅដែលល្អ និងអ្វីទៅដែលអាក្រក់ ។ មានគំនិតបំផ្លិចបំផ្លាញ និងការអនុវត្តជាច្រើនដែលហាក់ដូចជាល្អ ។ ប៉ុន្តែការព្រមានរបស់ព្រះអម្ចាស់ទៅកាន់អ៊ីស្រាអែលប្រឆាំងនឹងការរាប់ « សេចក្តីអាក្រក់ថាជាល្អ ហើយសេចក្តីល្អថាជាអាក្រក់វិញ » ( អេសាយ ៥:២០ ) នៅតែអនុវត្តដដែល ។ មេរៀននេះអាចជួយអ្នកឲ្យចេះបែងចែករវាងល្អ និងអាក្រក់ ។
សិក្សាព្រះគម្ពីរ
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានប្រើមេតាផ័រមួយដើម្បីពន្យល់ពីសារៈសំខាន់នៃការមើលអ្វីៗតាមសភាពជាក់ស្ដែងរបស់វា ៖
រោមពណ៌លឿងលាយស្នាមអុជខ្មៅរបស់ខ្លារខិនជួយឲ្យវាងាយលាក់ខ្លួន ដែលធ្វើឲ្យសត្វទាំងនេះស្ទើរតែបំបាំងខ្លួនបាន នៅពេលវាលបចាប់ចំណីរបស់វានៅលើវាលស្មៅទ្វីបអាហ្វ្រិក ។
ស្រដៀងគ្នានេះដែរ គំនិត និងសកម្មភាពដ៏គ្រោះថ្នាក់ខាងវិញ្ញាណ ជារឿយៗអាចមានភាពគួរឲ្យទាក់ទាញ គួរឲ្យចង់បាន ឬគួរឲ្យរីករាយ ។ ដូច្នេះហើយនៅក្នុងពិភពលោកបច្ចុប្បន្នរបស់យើង យើងម្នាក់ៗចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះការក្លែងបន្លំរឿងអាក្រក់ថាជារឿងល្អ ។ ( « Watchful unto Prayer Continually » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៣៣ )
វាអាចពិបាកក្នុងការស្គាល់គំនិត និងសកម្មភាពបោកបញ្ឆោតទាំងនេះ ជាពិសេសនៅពេលដែលយើងអាចរងឥទ្ធិពលពីវា ។ ជាញឹកញាប់ សាតាំងព្យាយាមគ្រប់គ្រងលើរបៀបដែលយើងមើលទៅគំនិតសំខាន់ៗ ដូចជាគោលលទ្ធិអំពីគ្រួសារ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ និងច្បាប់ព្រហ្មចារីភាព ។ សំណាងល្អ ព្រះអម្ចាស់បញ្ជូនព្យាការីឲ្យមកព្រមានប្រជាជនរបស់ទ្រង់អំពីវិធីសាស្រ្តប្រកបដោយល្បិចកលរបស់សាតាំង ។
អេសាយបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីគ្រោះថ្នាក់នៃការមិនស្គាល់ការបោកបញ្ឆោត ។ លោកបានប្រើពាក្យ « វេទនា » ដើម្បីពិពណ៌នាអំពីទុក្ខវេទនា ដែលយើងនឹងមាន ប្រសិនបើយើងធ្វើតាមការកុហករបស់សាតាំងនោះ ។ សូមអានត្រួសៗក្នុង អេសាយ ៥:៨–២៣ ។ សូមគូសសម្គាល់ពាក្យ « វេទនា » ដែលព្រះអម្ចាស់បានប្រើចំនួនប្រាំមួយដង ។
សូមអាន អេសាយ ៥:២០ ។ សូមកត់ត្រាសេចក្តីពិតនេះនៅក្បែរ ខទី ២០ ៖ ប្រសិនបើយើងរាប់សេចក្តីអាក្រក់ថាជាល្អ ហើយសេចក្តីល្អថាជាអាក្រក់វិញ នោះនៅទីបំផុត យើងនឹងដកពិសោធន៍ទុក្ខព្រួយ និងការរងទុក្ខ ។ តាមរយៈការស្គាល់វិធីសាស្ដ្ររបស់សាតាំង អ្នកអាចចៀសវាងពីគំនិត និងសកម្មភាពដ៏គ្រោះថ្នាក់ខាងវិញ្ញាណបាន ។
អេសាយ ៥:២០ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ សូមទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ « វេទនាដល់ពួកអ្នកដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ » ឲ្យចាំ ។ ដើម្បីជួយអ្នកទន្ទេញចាំ អ្នកអាចច្របល់ឃ្លាបទគម្ពីរគន្លឹះនេះបាន ៖ « ពួកអ្នកវេទនាដល់សេចក្ដីដែលអាក្រក់ថាជាល្អរាប់ ហើយអាក្រក់សេចក្ដីល្អថាជាវិញ » ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យស្គាល់សេចក្ដីពិត ហើយចៀសវាងសេចក្ដីអាក្រក់បានយ៉ាងដូចម្តេច ?
សូមអាន យ៉ូហាន ១៤:៦ ។ សូមជញ្ជឹងគិតពីអ្វីដែលព្រះយេស៊ូវចង់ប្រាប់ កាលទ្រង់មានព្រះបន្ទូលថា ទ្រង់ជាសេចក្តីពិត ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានឧបករណ៍នានា ដើម្បីជួយអ្នកឲ្យស្គាល់គំនិត និងសកម្មភាពបោកបញ្ឆោត ។ សូមអានខគម្ពីរខាងក្រោមនេះ ហើយគូសសម្គាល់ឧបករណ៍ដែលខគម្ពីរនេះលើកឡើង ។ សូមដាក់ស្លាកវគ្គបទគម្ពីរទាំងនេះថា « ការចៀសវាងការបោកបញ្ឆោត » ។
-
ធីម៉ូថេ ទី២ ៣:១៥–១៧
សូមជ្រើសរើសគំនិតមួយ ឬសកម្មភាពមួយដែលសេចក្ដីអាក្រក់សម្តែងធ្វើជាល្អ ឬសេចក្ដីល្អត្រូវបានបង្ហាញជាសេចក្ដីអាក្រក់ ឬដាក់ស្លាកថាអាក្រក់ ។ ឧទាហរណ៍ អ្នកអាចពិចារណាពីសារលិខិតបោកបញ្ឆោតមួយចំនួនរបស់សាតាំង ដែលទាក់ទងនឹងគ្រួសារ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ឬច្បាប់ព្រហ្មចារីភាព ។ សូមសិក្សាសេចក្ដីណែនាំនៅក្នុង ដើម្បីកម្លាំងនៃយុវជន ។ សូមរកមើលការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ និងរបស់ពួកព្យាការីរបស់ទ្រង់ ដែលអាចជួយអ្នកឲ្យជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទ ជំនួសឲ្យសារលិខិតបោកបញ្ឆោតរបស់សាតាំង ។ សូមកត់ត្រារបៀបដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះ កែតម្រូវគំនិតមិនពិតទាំងឡាយនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
ជម្រើស ខ
តើខ្ញុំអាចដឹងថា តើប្រភពមួយអាចទុកចិត្តបានដោយរបៀបណា ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ បានបង្រៀន ៖
យើងរស់នៅក្នុងជំនាន់ដែលមាននូវព័ត៌មានសម្បូរបែប និងចែកចាយគ្នា ។ ប៉ុន្តែមិនមែនព័ត៌មានទាំងអស់សុទ្ធតែពិតប្រាកដទេ ។ យើងត្រូវតែប្រុងប្រយ័ត្ន នៅពេលយើងស្វែងរកសេចក្ដីពិត និងជ្រើសរើសប្រភពសម្រាប់ការស្រាវជ្រាវនោះ ។ ( « Truth and the Plan » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ២៥ )
ប្រសិនបើមាន សូមមើលវីដេអូ « In Search of Truth » ( ៣:០៣ ) ។ សូមរកមើលការយល់ដឹងបន្ថែមអំពីការស្វែងរកសេចក្ដីពិត ។
សូមគូសពណ៌ចំណាំសំណួរខាងក្រោមនេះ ហើយដាក់ស្លាកវាថា « ប្រភពដែលទុកចិត្តបាន » ឬចម្លងវាដាក់ក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ លើកក្រោយនៅពេលអ្នកឃើញប្រភពដែលគួរឲ្យសង្ស័យមួយ សូមយោងទៅប្រភពដែលទុកចិត្តបានរបស់អ្នក ដើម្បីកំណត់ថា តើវាត្រឹមត្រូវដែរឬទេ ។
-
តើអ្វីខ្លះជាគុណសម្បត្តិ គោលបំណង និងទំនោរដែលអាចមានរបស់អ្នកនិពន្ធ ?
-
តើអ្នកនិពន្ធមានទំនាក់ទំនងជិតដិតប៉ុនណា ទៅនឹងព្រឹត្តិការណ៍ដែលបានពិពណ៌នានោះ ?
-
តើអ្នកនិពន្ធមានចេតនារំលងភស្តុតាង ដើម្បីនាំឲ្យយល់ខុសដែរឬទេ ?
-
តើការបង្រៀន និងព្រឹត្តិការណ៍ដែលបានលើកឡើងក្នុងប្រភពនេះ បង្ហាញក្នុងបរិបទត្រឹមត្រូវនៃពេលវេលា ទីកន្លែង និងកាលៈទេសៈរបស់វាដែរឬទេ ?
-
តើការបង្រៀន និងព្រឹត្តិការណ៍ទាំងនេះបានគាំទ្រដោយប្រភពដែលអាចទុកចិត្តបានផ្សេងទៀតដែរឬទេ ?
សូមពិចារណាអំពីសាច់រឿងខាងក្រោម ៖
ខណៈដែលស្រាវជ្រាវអំពីប្រវត្តិសាសនាចក្រជំនាន់ដើមនៅលើអ៊ីនធឺណិត អ្នករកឃើញទិនានុប្បវត្តិមួយ ដែលមានឈ្មោះថា « The Journey West » ។ នរណាម្នាក់លើអ៊ីនធឺណិតអះអាងថា ទិនានុប្បវត្តិនេះត្រូវបានសរសេរដោយបុព្វការីជនម្នាក់របស់ពួកគេ ដែលបានពិពណ៌នាអំពីបញ្ហាប្រឈម អព្ភូតហេតុ និងគ្រាខាងវិញ្ញាណជាច្រើន ដែលពួកគាត់បានប្រឈមមុខ ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់វាលទំនាប ។
សូមកត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកនូវរបៀបដែលអ្នកអាចប្រើសំណួរទាំងប្រាំខាងលើ ដើម្បីជួយអ្នកឲ្យវាយតម្លៃកម្រិតអាចជឿជាក់បាននៃប្រភពនេះ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យចេះបែងចែករវាងល្អ និងអាក្រក់ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សេចក្ដីពិតដែលអ្នកបានរកឃើញមកពីការសិក្សារបស់អ្នកនៅក្នុងសេចក្តីណែនាំសម្រាប់ ដើម្បីកម្លាំងនៃយុវជន ។
-
អ្វីមួយដែលអ្នកបានរៀនមកពីគម្ពីរអេសាយ ដែលអាចជួយអ្នកឲ្យចេះបែងចែកកាន់តែច្បាស់រវាងល្អ និងអាក្រក់ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?