« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៥ ៖ នាងរស់–ពង្សាវតារក្សត្រ ទី១ ១១ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៥ ៖ នាងរស់–ពង្សាវតារក្សត្រ ទី១ ១១ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៦–៩; ១១ ៖ មេរៀនទី ៨០
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៥
នាងរស់–ពង្សាវតារក្សត្រ ទី១ ១១
ការពិចារណា និងការវាយតម្លៃពីការរៀនសូត្រខាងវិញ្ញាណរបស់យើង អាចជួយយើងឲ្យខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សគិតពិចារណាពីគោលដៅដែលពួកគេបានដាក់ និងការរីកចម្រើនដែលពួកគេបានដកពិសោធន៍ក្នុងអំឡុងការសិក្សាថ្មីៗរបស់ពួកគេអំពីព្រះគម្ពីរសញ្ញាចាស់ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេនៅអំឡុងថ្នាក់សិក្ខាសាលាឆ្នាំនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យវាយតម្លៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដោយពិនិត្យមើលការសរសេរនៅក្នុងសៀវភៅកំណត់ហេតុ បទគម្ពីរដែលពួកគេបានគូសចំណាំ និងកំណត់ចំណាំដែលពួកគេបានធ្វើ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសិក្សារបស់សិស្សរបស់អ្នកអំពីព្រះគម្ពីរសញ្ញាចាស់ អាចផ្តោតលើលទ្ធផលខុសៗគ្នា ជាងអ្វីដែលបានវាយតម្លៃនៅក្នុងមេរៀននេះ ។ បើដូច្នេះ សូមបត់បែនសកម្មភាពទាំងនេះដើម្បីវាយតម្លៃពីការរីកចម្រើនដែលសិស្សបានដកពិសោធន៍ចេញពីលទ្ធផលដែលបានជ្រើសរើសនៅក្នុងថ្នាក់របស់អ្នក ។
នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសវាយតម្លៃការរៀនសូត្ររបស់ពួកគេស្របតាមលទ្ធផលរៀនសូត្រដូចខាងក្រោម ៖
-
ពន្យល់ពីព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ដែលសិស្សបានសិក្សានៅឆ្នាំនេះ ។ ( ចំណាំ ៖ សកម្មភាពនេះអនុញ្ញាតឲ្យសិស្សប្រើប្រាស់នូវអ្វីដែលពួកគេបានរៀនអំពីព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ដូចជា នំបុ័ងនៃជីវិត ស្តេចនៃស៊ីយ៉ូន អង្គបង្កបង្កើត អង្គជួយសង្គ្រោះ និងព្រះប្រោសលោះ ) ។
-
មាននូវបំណងប្រាថ្នាដើម្បីថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះវិហារបរិសុទ្ធកាន់តែខ្លាំងឡើង ។ ( ចំណាំ ៖ សកម្មភាពរៀនសូត្រមកពីមេរៀនទាំងមេរៀនទី ៥២ ៖ « និក្ខមនំ ២៥, ៣៥–៤០ » និងមេរៀនទី ៧៩ ៖ « ពង្សាវតារក្សត្រ ទី១ ៦–៩ » រៀបចំសិស្សសម្រាប់សកម្មភាពវាយតម្លៃនេះ ) ។
-
បង្កើនសមត្ថភាពរបស់ពួកគេក្នុងការទទួល និងស្គាល់វិវរណៈផ្ទាល់ខ្លួន ។ ( ចំណាំ ៖ សកម្មភាពនេះជួយសិស្សឲ្យគិតពិចារណាអំពីគោលដៅដែលពួកគេបានដាក់នៅក្នុងមេរៀនទី ៧០ ៖ « សាំយូអែល ទី១ ៣ » ហើយលើកទឹកចិត្តសិស្សឲ្យមើលត្រឡប់ក្រោយវិញនូវឱកាសក្នុងថ្នាក់ដើម្បីយាងព្រះវិញ្ញាណបរិសុទ្ធឲ្យបំពេញតួនាទីរបស់ទ្រង់ក្នុងដំណើរការនៃការសិក្សា ) ។
ការវាយតម្លៃលើការលូតលាស់ និងការរីកចម្រើនខាងវិញ្ញាណរបស់យើង
សូមពិចារណាដាក់បង្ហាញរូបភាពខាងលើ ឬអ្វីដែលស្រដៀងគ្នា ដែលបង្ហាញពីការលូតលាស់នៃគ្រាប់ពូជទៅជារុក្ខជាតិ ឬដើមឈើនៅក្នុងមេរៀនទាំងមូល ។ ជាមួយនឹងសកម្មភាពនីមួយៗ សិស្សនឹងយោងទៅរូបភាពនេះ កំឡុងពេលគិតពិចារណា ឬឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ ។
-
ហេតុអ្វីបានជាវាមានប្រយោជន៍ក្នុងការចំណាយពេលពិនិត្យមើលការលូតលាស់របស់រុក្ខជាតិជាទៀងទាត់ ?
-
តើការថែទាំរុក្ខជាតិអាចខុសគ្នានៅដំណាក់កាលនីមួយៗដោយរបៀបណា ? តើអ្វីទៅដែលស្រដៀងគ្នា ?
សិស្សអាចលើកឡើងអំពីការស្រោចទឹក ដកស្មៅ ការប្រើប្រាស់ជី ឬធានាឲ្យបានថា រុក្ខជាតិមានពន្លឺព្រះអាទិត្យ ឬម្លប់ត្រឹមត្រូវ អាស្រ័យលើដំណាក់កាលនៃការលូតលាស់ ។ អ្នកអាចចង្អុលបង្ហាញថា គ្រាប់ពូជដ៏តូចមួយអាចត្រូវការការថែទាំ ពន្លឺព្រះអាទិត្យ និងទឹកផ្សេងគ្នាពីដើមដែលធំៗ ។
-
តើមានវិធីណាខ្លះដែលការលូតលាស់របស់រុក្ខជាតិអាចដូចគ្នាទៅនឹងការលូតលាស់ខាងវិញ្ញាណរបស់យើង ?
សូមចែកចាយជាមួយសិស្សថា គោលបំណងនៃការវាយតម្លៃមេរៀនសិក្សារបស់អ្នកគឺដើម្បីផ្អាក ហើយយាងព្រះវិញ្ញាណបរិសុទ្ធឲ្យជួយពួកគេស្គាល់ការខិតខំ និងការរីកចម្រើនរបស់ពួកគេ ប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។ សិស្សអាចជញ្ជឹងគិតពីការកែសម្រួលដែលពួកគេត្រូវធ្វើ នៅពេលពួកគេរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញាទៅកាន់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចចែកចាយសក្ខីភាពរបស់អ្នកថា ការរីកចម្រើនខាងវិញ្ញាណរបស់យើងពង្រឹងទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់ទាំងទ្វេ ហើយជួយយើងឲ្យកាន់តែប្រែក្លាយដូចជាទ្រង់ទាំងទ្វេ ។
ជញ្ជឹងគិតអំពីកន្លែងដែលអ្នកមានអារម្មណ៍ថា អ្នកនៅខាងវិញ្ញាណ នៅពេលអ្នកចាប់ផ្តើមការសិក្សារបស់អ្នកអំពីព្រះគម្ពីរសញ្ញាចាស់ និងកន្លែងដែលអ្នកនៅសព្វថ្ងៃនេះ ។ សូមប្រដូចការលូតលាស់ខាងវិញ្ញាណរបស់អ្នកទៅនឹងរូបភាពគ្រាប់ពូជដែលកំពុងលូតលាស់ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបំពេញលំហាត់ដូចខាងក្រោម ។
-
នៅទំព័រខាងឆ្វេងក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបរុក្ខជាតិ ( ក, ខ, គ, ឃ ឬ ង ) ដែលតំណាងឲ្យកន្លែងដែលល្អបំផុត ដែលអ្នកមានអារម្មណ៍ខាងវិញ្ញាណនៅដើមឆ្នាំនេះ ។
-
នៅទំព័រខាងស្តាំនៃសៀវភៅសិក្សារបស់អ្នក សូមគូររូបរុក្ខជាតិ ( ក, ខ, គ, ឃ ឬ ង ) ដែលតំណាងឲ្យកន្លែងដែលល្អដែលអ្នកមានអារម្មណ៍ខាងវិញ្ញាណនៅសព្វថ្ងៃនេះ ។
សូមសរសេរកថាខណ្ឌខ្លីមួយដែលពិពណ៌នាអំពីការខិតខំរបស់អ្នកដើម្បីឈានទៅរកព្រះយេស៊ូវគ្រីស្ទក្នុងការរីកចម្រើនខាងវិញ្ញាណរបស់អ្នកនៅក្នុងថ្នាក់សិក្ខាសាលានៅឆ្នាំនេះ ។ បន្ទាប់មក សូមយាងព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយអ្នកឲ្យស្គាល់ការកែតម្រូវមួយ ឬពីរដែលអ្នកអាចធ្វើបាន ដើម្បីខិតកាន់តែជិតព្រះអង្គសង្គ្រោះ ។ សូមសរសេរការកែតម្រូវទាំងនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ប្រសិនបើវាមិនមែនជារឿងផ្ទាល់ខ្លួនពេកទេ ។ សូមពិចារណាលើកទឹកចិត្តសិស្សដែលមិនមានអារម្មណ៍ថា ពួកគេបានរីកចម្រើនខាងវិញ្ញាណដោយប្រាប់ពួកគេថា ដូចជាការបណ្តុះគ្រាប់ពូជដែរ ការលូតលាស់ខាងវិញ្ញាណត្រូវការពេលវេលា និងការខិតខំ ។ សូមធានាដល់សិស្សថា ព្រះអម្ចាស់ស្រឡាញ់ពួកគេ ហើយអញ្ជើញពួកគេឲ្យអត់ធ្មត់ ហើយបន្តព្យាយាម ។
ពន្យល់ព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ
សូមអញ្ជើញសិស្សឲ្យពិនិត្យមើលព្រះគម្ពីររបស់ពួកគេ និងសៀវភៅកំណត់ហេតុការសិក្សាឡើងវិញ ដើម្បីស្វែងរកព្រះបរមងារមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលពួកគេបានសិក្សានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។
ដើម្បីជួយសិស្សឲ្យបង្ហាញការយល់ដឹងរបស់ពួកគេ នោះអ្នកអាចសរសេរនៅលើក្ដារខៀននូវព្រះបរមងារ ឬតួនាទីមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកបានសិក្សានៅឆ្នាំនេះ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការផ្តល់ឲ្យសិស្សនូវឯកសារយោងព្រះគម្ពីរសញ្ញាចាស់ដែលត្រូវគ្នា ។ អ្នកអាចចែកចាយព្រះបរមងារ និងតួនាទីដូចជា ៖
-
ព្រះប្រោសលោះ ( នាងរស់ )
-
ព្រះដ៏ប្រោសគេឲ្យរួច ( ពួកចៅហ្វាយ ២–៤ )
-
អង្គបង្កបង្កើត ( លោកុប្បត្តិ ១:១–២៣ )
-
អង្គតាក់តែងច្បាប់ ( និក្ខមនំ ២០ )
-
ស្តេចនៃស៊ីយ៉ូន ( ម៉ូសេ ៧ )
សូមស្រមៃថា អ្នកត្រូវបានសុំឲ្យបង្ហាញគំនិតខ្លីមួយនៅថ្ងៃអាទិត្យ អំពីរបៀបដែលព្រះអង្គសង្គ្រោះបំពេញតួនាទី ឬព្រះបរមងារនេះ ។ សូមសរសេរគម្រោងខ្លីៗដែលឆ្លើយសំណួរខាងក្រោម ៖
-
តើព្រះបរមងារ ឬតួនាទីនេះបង្រៀនយើងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើព្រះយេស៊ូវគ្រីស្ទបង្ហាញព្រះបរមងារ ឬតួនាទីនោះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដោយរបៀបណា ( រួមទាំងខគម្ពីរ ឬដំណើររឿងដើម្បីបង្ហាញពីតួនាទីរបស់ទ្រង់ ) ?
-
តើក្មេងវ័យជំទង់អាចត្រូវបានប្រទានពរ តាមរយៈការដែលព្រះអង្គសង្គ្រោះបំពេញតួនាទីនេះក្នុងជីវិតរបស់ពួកគេដោយរបៀបណា ?
អ្នកអាចផ្តល់ឱកាសមួយដល់សិស្សដើម្បីចែកចាយគម្រោងរបស់ពួកគេ ។ វាអាចជាការសមរម្យដើម្បីអញ្ជើញសិស្សដែលស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយគំនិតរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
មាននូវបំណងប្រាថ្នាដើម្បីថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះវិហារបរិសុទ្ធកាន់តែខ្លាំងឡើង
ដើម្បីជួយសិស្សរៀបចំខ្លួនសម្រាប់សកម្មភាពវាយតម្លៃនេះ សូមពិចារណាបង្ហាញរូបភាពព្រះវិហារបរិសុទ្ធមួយ ។ វាអាចជាព្រះវិហារបរិសុទ្ធរបស់សាឡូម៉ូន ព្រះវិហារបរិសុទ្ធខឺតឡង់ ឬព្រះវិហារបរិសុទ្ធដែលនៅក្បែរៗ ។
សូមរកមើលតាមរយៈសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវកំណត់ចំណាំដែលអ្នកបានកត់ត្រា ឬព្រះគម្ពីរដែលអ្នកបានគូសសម្គាល់ ដែលជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រះវិហារបរិសុទ្ធ ដែលជាព្រះដំណាក់របស់ព្រះអម្ចាស់ ឬបំណងប្រាថ្នារបស់អ្នកដើម្បីថ្វាយបង្គំទ្រង់នៅទីនោះ ។
ខគម្ពីរមួយចំនួនអំពីព្រះវិហារបរិសុទ្ធដែលសិស្សប្រហែលជាបានសិក្សានាពេលថ្មីៗនេះ រួមមានដូចតទៅ ៖
-
និក្ខមនំ ២៥; ៣៥–៤០
-
សាំយូអែល ទី២ ៧; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៩–១២០
-
ពង្សាវតារក្សត្រ ទី១ ៥–៩; គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:១០–១៨
-
របាក្សត្រ ទី១ ២២; គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧:១០–១៦
-
របាក្សត្រ ទី២ ៧; គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:២–១០
បន្ទាប់ពីសិស្សមើលកំណត់ចំណាំ និងបទគម្ពីររបស់ពួកគេហើយ អ្នកអាចអញ្ជើញពួកគេពីរបីនាក់ឲ្យចែកចាយអ្វីមួយដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ ។ អ្នកអាចដាក់បង្ហាញសំណួរដូចសំណួរទាំងនេះ ។
-
តើអ្នកបានសម្គាល់ឃើញមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងអារម្មណ៍របស់អ្នកអំពីព្រះដំណាក់របស់ព្រះអម្ចាស់នៅក្នុងឆ្នាំនេះ ?
-
ប្រសិនបើអ្នកបានកត់សម្គាល់ការផ្លាស់ប្តូរ តើអ្នកគិតថា អ្វីដែលបាននាំឲ្យមានការផ្លាស់ប្តូរទាំងនេះ ?
សូមពិចារណាផ្តល់ឱកាសមួយសម្រាប់សិស្សដែលស្ម័គ្រចិត្តចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះដំណាក់របស់ព្រះអម្ចាស់ ។
ទទួល និងស្គាល់វិវរណៈផ្ទាល់ខ្លួន
សូមពិចារណាពីការដាក់បង្ហាញរូបភាពព្យាការីសាំយូអែលវ័យក្មេង ដែលបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ។ នៅអំឡុងការសិក្សារបស់ពួកគេនៃ សាំយូអែល ទី១ ៣ សិស្សត្រូវបានអញ្ជើញឲ្យអនុវត្តការស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ក្នុងជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃ ។ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេចងចាំពីដំណើររឿងនេះ ឬដើម្បីពិនិត្យមើលឡើងវិញនូវ សាំយូអែល ទី១ ៣:១–១៦ ។
ការផ្តល់ឱកាសឲ្យសិស្សពិនិត្យមើលឡើងវិញនូវគោលដៅដែលពួកគេបានដាក់ពីមុន អាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីលើកទឹកចិត្តពួកគេឲ្យបន្តការខិតខំប្រឹងប្រែងរបស់ពួកគេ ឬជួយពួកគេធ្វើការកែតម្រូវដែលចាំបាច់ចំពោះគោលដៅនោះ ។ របៀបមួយដើម្បីធ្វើការណ៍នេះគឺផ្តល់ឱកាសឲ្យសិស្សពិនិត្យមើលឡើងវិញនូវគោលដៅដែលពួកគេបានដាក់ ក្នុងអំឡុងមេរៀនទី ៧០ ៖ « សាំយូអែល ទី១ ៣ » ។ ( សម្រាប់ការបណ្តុះបណ្តាលបន្ថែមលើការតាមដានលើការអញ្ជើញដែលបានផ្តល់ឲ្យក្នុងថ្នាក់ សូមមើល « អញ្ជើញសិស្សឲ្យរស់នៅតាមអ្វីដែលពួកគេកំពុងរៀន » នៅក្នុងជំនាញការអភិវឌ្ឍគ្រូបង្រៀន ) ។
នៅក្នុងការសិក្សារបស់អ្នកនៃ សាំយូអែល ទី១ ៣ អ្នកប្រហែលជាបានដាក់គោលដៅមួយដើម្បីកែលម្អសមត្ថភាពរបស់អ្នកក្នុងការស្គាល់ និងទទួលបានវិវរណៈផ្ទាល់ខ្លួនពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមពិនិត្យមើលគោលដៅរបស់អ្នក ហើយឆ្លើយសំណួរខាងក្រោមយ៉ាងហោចណាស់ឲ្យបានពីរសំណួរដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើបទពិសោធន៍ជាមួយវិវរណៈផ្ទាល់ខ្លួនអ្វីខ្លះដែលអ្នកមាននាពេលថ្មីៗនេះ ?
-
តើអ្វីបានជួយអ្នកឲ្យស្គាល់ថាវិវរណៈនេះមកពីព្រះវរបិតាសួគ៌ ?
-
តើអ្វីបានជះឥទ្ធិពលលើសមត្ថភាពរបស់អ្នកក្នុងការស្គាល់ និងទទួលបានវិវរណៈ ?
-
ប្រសិនបើនរណាម្នាក់មានអារម្មណ៍ថា ពួកគេមិនបានទទួលវិវរណៈផ្ទាល់ខ្លួនទេ តើអ្វីដែលអ្នកបានរៀន ឬទទួលអារម្មណ៍អាចជួយពួកគេបាន ?
អ្នកអាចអញ្ជើញសិស្សឲ្យតាំងចិត្តធ្វើគោលដៅរបស់ពួកគេសារជាថ្មី ។ ដើម្បីជួយសិស្សឲ្យចងចាំគោលដៅរបស់ពួកគេ វាអាចមានប្រយោជន៍ដើម្បីឲ្យពួកគេសរសេរវានៅលើអ្វីមួយដែលពួកគេអាចយកទៅផ្ទះបាន ដូចជាកូនក្រដាសកត់ចំណាំបកបិទបាន ឬសន្លឹកក្រដាសតូចមួយ ។ សិស្សក៏អាចផ្ញើសាគោលដៅទៅខ្លួនឯងផងដែរ ។ អ្នកអាចធានាដល់សិស្សថា វាទាមទារពេលវេលា និងការហាត់សមដើម្បីស្គាល់វិវរណៈផ្ទាល់ខ្លួនពីព្រះវរបិតាសួគ៌ ។ សូមសរសើរពួកគេចំពោះការខិតខំ និងឆន្ទៈរបស់ពួកគេដើម្បីបន្តខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។