« ពង្សាវតារក្សត្រ ទី១ ៣ ៖ ព្រះអម្ចាស់ប្រទានពរដល់យើងឲ្យសម្រេចកិច្ចការរបស់ទ្រង់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ពង្សាវតារក្សត្រ ទី១ ៣ ៖ ព្រះអម្ចាស់ប្រទានពរដល់យើងឲ្យសម្រេចកិច្ចការរបស់ទ្រង់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៦–៩; ១១ ៖ មេរៀនទី ៧៨
ពង្សាវតារក្សត្រ ទី១ ៣
ព្រះអម្ចាស់ប្រទានពរដល់យើងឲ្យសម្រេចកិច្ចការរបស់ទ្រង់
តើអ្នកធ្លាប់ពិចារណាអំពីរបៀបដែលពរជ័យដែលអ្នកទទួលបានពីព្រះវរបិតាសួគ៌ជួយអ្នកឲ្យសម្រេចកិច្ចការរបស់ទ្រង់ដែរឬទេ ? សាឡូម៉ូនត្រូវបានព្រះអម្ចាស់តែងតាំងឲ្យធ្វើជាស្ដេចថ្មីនៃអ៊ីស្រាអែល ក្រោយពីការសុគតរបស់ដាវីឌ ជាបិតារបស់ទ្រង់ ។ ដោយចង់គោរពព្រះអម្ចាស់ សាឡូម៉ូនបានស្វែងរកពរជ័យដោយរាបទាបដែលនឹងបង្កើនសមត្ថភាពរបស់ទ្រង់ដើម្បីបម្រើព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែលដោយសុចរិត ។ មេរៀននេះអាចជួយសិស្សយល់ថា ព្រះអម្ចាស់នឹងប្រទានពរដល់យើងនូវសមត្ថភាពដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសរសេរអ្វីដែលពួកគេកំពុងព្យាយាមធ្វើ ដើម្បីចូលរួមក្នុងកិច្ចការរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សឲ្យទូលសួរព្រះវរបិតាសួគ៌ដោយការអធិស្ឋាននូវពរជ័យអ្វីដែលពួកគេត្រូវការដើម្បីជួយទ្រង់ឲ្យសម្រេចកិច្ចការរបស់ទ្រង់
សកម្មភាពរៀនសូត្រដែលអាចមាន
ការស្គាល់ភាពទន់ខ្សោយរបស់យើងដោយរាបទាប
ដើម្បីចាប់ផ្តើមថ្នាក់ សូមគូររូបភាពដូចរូបខាងក្រោមនៅលើក្តារខៀន ។ សិស្សអាចចម្លងគំនូរនោះចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យពិភាក្សាសំណួរខាងក្រោមនេះ ៖
-
តើរបៀបមួយចំនួនអ្វីខ្លះដែលព្រះអង្គសង្គ្រោះបានអញ្ជើញយើងឲ្យចូលរួមនៅក្នុងកិច្ចការរបស់ទ្រង់ ?
-
តើរបៀបណាខ្លះដែលក្មេងវ័យជំទង់អាចមានអារម្មណ៍ថាមិនគ្រប់គ្រាន់ដើម្បីបម្រើព្រះអម្ចាស់ ?
សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យសរសេរ ក្នុងចន្លោះរវាងរូបភាពទាំងនេះ នូវរបៀបមួយចំនួនដែលក្មេងវ័យជំទង់អាចនឹងមានអារម្មណ៍ថាមិនមានលក្ខណៈគ្រប់គ្រាន់ ។ សិស្សអាចរកឃើញពីការព្រួយបារម្ភ ដូចជាការថប់បារម្ភ ខ្មាសអៀន មានអារម្មណ៍លើសលុប ឬមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ ។ រួចមកសូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតនូវសំណួរដូចខាងក្រោមនេះ ។
សូមគិតអំពីការអញ្ជើញមួយចំនួនដែលព្រះអម្ចាស់បានប្រទានដល់អ្នកឲ្យចូលរួមក្នុងកិច្ចការរបស់ទ្រង់ ។
-
តើអ្នកមានកង្វល់អ្វីខ្លះអំពីសមត្ថភាពរបស់អ្នកក្នុងការសម្រេចការអញ្ជើញរបស់ទ្រង់ ?
-
តើអ្នកមានទំនុកចិត្តប៉ុនណាចំពោះសមត្ថភាពរបស់ព្រះអម្ចាស់ដើម្បីជួយអ្នកយកឈ្នះលើកង្វល់ដែលអ្នកមាន ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមយាងព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកយល់ពីរបៀបដែលព្រះអម្ចាស់នឹងជួយអ្នកឲ្យសម្រេចកិច្ចការរបស់ទ្រង់ ។
ស្តេចសាឡូម៉ូនចង់សោយរាជ្យដោយសុចរិត
សូមចែកចាយជាមួយសិស្សថា នៅពេលស្តេចដាវីឌសុគត ព្រះរាជបុត្ររបស់ទ្រង់គឺសាឡូម៉ូន ត្រូវបានព្រះអម្ចាស់ជ្រើសរើសឲ្យគ្រងរាជ្យជាស្តេចអ៊ីស្រាអែល ( សូមមើល ពង្សាវតារក្សត្រ ទី១ ១:១១–១៣ ) ។ សាឡូម៉ូនស្រឡាញ់ព្រះអម្ចាស់ ហើយចង់ធ្វើជាស្ដេចដ៏សុចរិត ( សូមមើល ពង្សាវតារក្សត្រ ទី១ ៣:៣ ) ។ អ្នកអាចផ្លាស់ប្តូរស្លាកនៃរូបមនុស្សចង្កឹះនៅលើក្ដារខៀនទៅជា សាឡូម៉ូន និងប្តូរផ្នែកម្ខាងទៀតទៅជា ស្តេចសុចរិត ។
-
តើស្ដេចសុចរិតត្រូវបានរំពឹងថានឹងធ្វើសកម្មភាពបែបណាខ្លះ ?
-
តើសាឡូម៉ូនអាចមានអារម្មណ៍យ៉ាងណាក្នុងការធ្វើជាស្តេចជំនួសបិតារបស់ទ្រង់នោះ ?
សូមពិចារណាដាក់បង្ហាញវគ្គបទគម្ពីរ និងសំណួរដូចខាងក្រោម ។ អ្នកអាចរៀបចំសិស្សជាដៃគូ ។ សូមឲ្យដៃគូមួយអាន ពង្សាវតារក្សត្រ ទី១ ៣:៥–៩ និងដៃគូផ្សេងទៀតអាន ពង្សាវតារក្សត្រ ទី១ ៣:១០–១៤ បន្ទាប់មកចែកចាយចម្លើយរបស់ពួកគេទៅគ្នាទៅវិញទៅមក ។
សូមអាន ពង្សាវតារក្សត្រ ទី១ ៣:៥–៩ ដោយរកមើលពរជ័យដែលសាឡូម៉ូនទូលសុំពីព្រះអម្ចាស់ ។
-
តើបងប្អូនចាប់អារម្មណ៍អ្វីខ្លះចំពោះសំណើរបស់សាឡូម៉ូន ? តើសាឡូម៉ូនបង្ហាញលក្ខណៈដូចជាព្រះគ្រីស្ទយ៉ាងណា ?
សូមអាន ពង្សាវតារក្សត្រ ទី១ ៣:១០–១៤ ដោយរកមើលពរជ័យដែលព្រះអម្ចាស់បានសន្យាជាមួយសាឡូម៉ូន ។
-
តើ « មានចិត្តប្រកបដោយប្រាជ្ញា និងយោបល់ » ( ខទី ១២ ) និង « ទ្រព្យសម្បត្តិនឹងកេរ្តិ៍ឈ្មោះ » ( ខទី ១៣ ) បង្កើនសមត្ថភាពរបស់សាឡូម៉ូនដើម្បីបម្រើព្រះអម្ចាស់ដោយសុចរិតដោយរបៀបណា ?
-
តើព្រះអម្ចាស់បានតម្រូវអ្វីខ្លះពីសាឡូម៉ូន ដើម្បីមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ពរជ័យទាំងនេះ ? ( ខទី ១៤ ) ។
សូមសង្ខេបបទពិសោធន៍របស់សាឡូម៉ូនជាមួយនឹងព្រះអម្ចាស់ជាសេចក្តីថ្លែងការណ៍នៃសេចក្តីពិត ។
សិស្សអាចរកឃើញសេចក្តីពិតមួយដូចជា ៖ នៅពេលយើងស្គាល់ភាពទន់ខ្សោយរបស់យើងដោយរាបទាប ហើយស្វែងរកជំនួយពីព្រះអម្ចាស់ ដើម្បីផ្ដល់ពរដល់អ្នកដទៃ នោះទ្រង់នឹងបង្កើនសមត្ថភាពរបស់យើង ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការសរសេរសេចក្តីពិតនេះនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យគូសចំណាំឃ្លាដែលបង្រៀនសេចក្ដីពិតនេះ ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះមកពីប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) ដោយរកមើលសេចក្តីសន្យាដែលបានផ្ដល់ឲ្យមនុស្សទាំងអស់ដែលស្ម័គ្រចិត្តចូលរួមនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។
ឥឡូវនេះ ពួកអ្នកមួយចំនួនអាចអៀនខ្មាសពីធម្មជាតិ ឬគិតថាខ្លួនឯងខ្វះសមត្ថភាពដើម្បីឆ្លើយតបដោយវិជ្ជមានទៅនឹងការហៅបម្រើ [ ព្រះអម្ចាស់ ] ។ ចូរចាំថា កិច្ចការនេះពុំគ្រាន់តែជារបស់អ្នក និងខ្ញុំតែប៉ុណ្ណោះនោះទេ ។ វាជាកិច្ចការរបស់ព្រះអម្ចាស់ ហើយពេលយើងស្ថិតនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ នោះយើងនឹងទទួលបានជំនួយពីព្រះអម្ចាស់ ។ សូមចងចាំថា ព្រះអម្ចាស់នឹងរៀបចំ ដើម្បីជួយទទួលបន្ទុកដែលបានដាក់លើកិច្ចការនេះ ។ ( « To Learn, to Do, to Be » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៦២ )
-
តើការបង្រៀនរបស់ប្រធាន ម៉នសុន អាចជួយនរណាម្នាក់ដែលបារម្ភអំពីសមត្ថភាពរបស់ពួកគេក្នុងការបម្រើព្រះអម្ចាស់យ៉ាងដូចម្ដេច ?
អ្នកអាចគូររូបស្ពានរវាងផ្នែកនីមួយៗនៃរូបភាពនៅលើក្តារខៀន ហើយដាក់ស្លាកថា ជំនួយរបស់ព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សឲ្យគូរអ្វីដែលស្រដៀងគ្នានេះក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
ព្រះអម្ចាស់បង្កើនសមត្ថភាពរបស់យើងដើម្បីបម្រើទ្រង់
អ្នកអាចនឹងចង់ជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីសេចក្ដីពិតនេះ ។ របៀបមួយដើម្បីធ្វើការណ៍នេះគឺត្រូវប្រើសំណៅមេរៀន « ចូលរួមក្នុងកិច្ចការរបស់ព្រះអម្ចាស់ » ។ អ្នកអាចកាត់សំណៅមេរៀនជាពីរ ហើយអញ្ជើញសិស្សឲ្យជ្រើសរើសផ្នែកមួយដែលផ្តោតលើផ្នែកនៃសេចក្តីពិតដែលពួកគេចង់ស្វែងយល់បន្ថែមអំពី ។ សិស្សអាចធ្វើការជាបុគ្គល ឬជាមួយសិស្សពីរ ឬបីនាក់ផ្សេងទៀតដែលបានជ្រើសរើសផ្នែកដូចគ្នា ។
បន្ទាប់ពីសកម្មភាពសិក្សានេះ សូមអញ្ជើញសិស្សឲ្យឆ្លើយតបនឹងការអញ្ជើញខាងក្រោម ។
សូមយោងទៅលើគំនូរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកតាំងពីចាប់ផ្តើមថ្នាក់ ។ សូមសរសេរប្រកបដោយការអធិស្ឋាននូវភាពទន់ខ្សោយមួយ ឬពីរដែលអ្នកមានអារម្មណ៍ថា អាចនឹងបង្អាក់អ្នកពីការបម្រើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរឡើង ។ សូមយាងព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកស្គាល់ពរជ័យដែលអ្នកអាចស្វែងរកពីព្រះអម្ចាស់ ដែលអាចជួយអ្នកយកឈ្នះលើភាពទន់ខ្សោយទាំងនេះ ។
បង្ហាញការយល់ដឹង
សូមផ្តល់ឱកាសឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរៀន ។ ការណ៍នេះអាចយាងព្រះវិញ្ញាណបរិសុទ្ធឲ្យថ្លែងទីបន្ទាល់ថាអ្វីដែលពួកគេកំពុងចែកចាយគឺជាការពិត ។ សកម្មភាពខាងក្រោមគឺជាវិធីមួយដើម្បីជួយសិស្សឲ្យចែកចាយ ។
សូមស្រមៃថា មិត្តម្នាក់ចែកចាយការថប់បារម្ភរបស់នាងអំពីការទទួលការហៅថ្មីនៅក្នុងវួដ ឬសាខារបស់អ្នក ។ ចេញពីអ្វីដែលអ្នកបានសិក្សានៅថ្ងៃនេះ តើអ្នកនឹងចែកចាយអ្វីខ្លះដែលអាចជួយមិត្តរបស់អ្នក ?
អ្នកអាចអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយជាមួយថ្នាក់ ។ សូមពិចារណាពីការលើកទឹកចិត្តសិស្សឲ្យយកសំណៅមេរៀនរបស់ពួកគេទៅផ្ទះ ហើយចែកចាយអ្វីដែលពួកគេបានរៀនជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ។ អ្នកអាចថ្លែងទីបន្ទាល់អំពីព្រះចេស្ដា និងព្រះឆន្ទៈរបស់ព្រះអម្ចាស់ដើម្បីប្រទានពរដល់យើងនូវអ្វីដែលយើងត្រូវការដើម្បីធ្វើការដោយស្មោះត្រង់ជាមួយទ្រង់ក្នុងកិច្ចការដ៏អស្ចារ្យនេះ ។