« សាំយូអែល ទី២ ១១–១២ ៖ យើងពុំអាចលាក់អំពើបាបរបស់យើងពីព្រះអម្ចាស់បានឡើយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« សាំយូអែល ទី២ ១១–១២ ៖ យើងពុំអាចលាក់អំពើបាបរបស់យើងពីព្រះអម្ចាស់បានឡើយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៦–៩; ១១ ៖ មេរៀនទី ៧៧
សាំយូអែល ទី២ ១១–១២
យើងពុំអាចលាក់អំពើបាបរបស់យើងពីព្រះអម្ចាស់បានឡើយ
ដោយមានព្រះអម្ចាស់គង់នៅក្បែរទ្រង់ ដាវីឌបានយកឈ្នះកូលីយ៉ាត ឈ្នះក្នុងចម្បាំង ហើយបានឡើងជាស្តេចនៃសាសន៍អ៊ីស្រាអែល ។ ទោះជាយ៉ាងណា នៅក្នុងការធ្វើតាមតណ្ហារបស់ទ្រង់លើនាងបាតសេបា ដាវីឌបានបែរចេញពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយបាត់បង់នូវភាពតម្កើងឡើងរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:៣៩ ) ។ មេរៀននេះអាចជួយសិស្សឲ្យដឹងថា ពួកគេមិនអាចលាក់អំពើបាបរបស់ពួកគេពីព្រះអម្ចាស់បាននោះទេ ប៉ុន្តែពួកគេអាចងាកទៅរកទ្រង់ដើម្បីយកឈ្នះលើការល្បួង ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីនៃការកុហកដែលសាតាំងប្រើដើម្បីល្បួងយើងឲ្យមានបាប ( ឧទាហរណ៍ សិស្សអាចមើល នីហ្វៃទី២ ២៨:៦–៩, ២០–២២ ) ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យជញ្ជឹងគិតអំពីរបៀបដែលសេចក្ដីពិតដែលបានបង្រៀននៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ជួយយើងឲ្យងាកទៅរកព្រះអម្ចាស់ នៅពេលយើងប្រឈមមុខនឹងការល្បួង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសម្រេចចិត្តទាំងឡាយដែលបង្វែរយើងទៅរក ឬចេញឆ្ងាយពីព្រះអម្ចាស់
បង្ហាញរូបភាពព្រះអង្គសង្គ្រោះដែលមានសញ្ញាព្រួញចូល និងសញ្ញាព្រួញចេញពីរូបភាព ។ សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរដូចខាងក្រោមនេះ ។ សិស្សអាចសរសេរចម្លើយរបស់ពួកគេនៅក្រោមសញ្ញាព្រួញដែលសមស្របនៅលើក្ដារខៀន ។
-
តើមានរឿងអ្វីខ្លះដែលព្រះអម្ចាស់អញ្ជើញយើងឲ្យធ្វើ ដើម្បីងាកមករកទ្រង់ ?
-
តើសាតាំងអាចប្រើពាក្យកុហកអ្វីខ្លះ ដើម្បីបញ្ចុះបញ្ចូលយើងឲ្យងាកចេញពីព្រះអម្ចាស់ ?
សិស្សអាចចែកចាយឃ្លាជាច្រើនដូចជា ៖ « វាមិនមែនជារឿងធំដុំនោះទេ » « អ្នកអាចប្រែចិត្តនៅពេលក្រោយបាន » និង « ខ្ញុំមិនបានធ្វើឲ្យនរណាម្នាក់ឈឺចាប់ទេ » ។ ប្រសិនបើសិស្សមិនបានលើកឡើងទេ សូមសរសេរ គ្មាននរណានឹងដឹងទេ នៅលើក្ដារខៀន ។ កថាខណ្ឌខាងក្រោមគឺជាការអញ្ជើញសម្រាប់សិស្សឲ្យចូលរួមជាមួយព្រះវិញ្ញាណ នៅពេលពួកគេពិចារណាអំពីគំនិតដែលពួកគេមាន នៅពេលពួកគេធ្វើកំហុស ។
សូមចំណាយពេលបន្តិច ដើម្បីយាងព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកស្គាល់គំនិត ឬសកម្មភាពនៅក្នុងជីវិតរបស់អ្នកដែលបង្វែរអ្នកទៅរក ឬឃ្លាតឆ្ងាយពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកសិក្សា សូមរកមើលចំណាប់អារម្មណ៍នៃព្រះវិញ្ញាណ ដែលអាចជួយអ្នកជ្រើសរើសងាកទៅរកទ្រង់ទាំងទ្វេ ។
ការសម្រេចព្រះទ័យរបស់ដាវីឌ ដើម្បីងាកចេញពីព្រះអម្ចាស់
សូមអញ្ជើញសិស្សឲ្យរំឭកដំណើររឿងដែលពួកគេបានសិក្សា ដែលបង្ហាញថាព្រះអម្ចាស់កំពុងណែនាំ និងដឹកនាំដាវីឌ ។ អ្នកអាចចែកចាយថា ដំណើររឿងដែលពួកគេនឹងសិក្សាថ្ងៃនេះបង្ហាញពីអ្វីដែលបានកើតឡើង នៅពេលដាវីឌបានធ្វើការសម្រេចព្រះទ័យជាបន្តបន្ទាប់ ដែលបានបង្វែរទ្រង់ចេញពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
នៅពេលសិស្សម្នាក់អានខគម្ពីរនីមួយៗនៃវគ្គបទគម្ពីរខាងក្រោម សិស្សផ្សេងទៀតនៅក្នុងថ្នាក់អាចលើកពាក្យ ឈប់ ឡើង ឬធ្វើកាយវិការ នៅពេលពួកគេមើលឃើញដាវីឌ ធ្វើការសម្រេចព្រះទ័យ ដែលបង្វែរទ្រង់ចេញពីព្រះអម្ចាស់ ។ រាល់ពេលដែលពួកគេឈប់ សិស្សអាចពិភាក្សាសំណួរខាងក្រោម ។
សូមអានដោយយកចិត្តទុកដាក់ សាំយូអែល ទី២ ១១:១–៥ ដោយរកមើលការសម្រេចព្រះទ័យដែលដាវីឌបានធ្វើ ដែលនាំទ្រង់ទៅក្នុងទិសដៅខុស ។
-
តើការសម្រេចព្រះទ័យអ្វីខ្លះ ដែលអ្នកបានរកឃើញ ?
សូមអញ្ជើញសិស្សឲ្យបង្កើតបញ្ជីមួយនៅលើក្ដារខៀនអំពីការសម្រេចព្រះទ័យដែលដាវីឌបានធ្វើនៅក្នុងខគម្ពីរទាំងនេះ ហើយឲ្យពួកគេគូសចំណាំវានៅក្នុងព្រះគម្ពីររបស់ពួកគេ ។ ជួរឈរខាងឆ្វេងនៃតារាងក្នុងមេរៀននេះ រួមបញ្ចូលនូវឧទាហរណ៍នៃអ្វីដែលសិស្សអាចនឹងរកឃើញ ។
យើងទាំងអស់គ្នាប្រឈមមុខនឹងការល្បួងដែលយើងត្រូវទប់ទល់ ។ ដោយដឹងអំពីរឿងនេះ ព្រះអម្ចាស់បានប្រទានការធានាដ៏មានឥទ្ធិពលមួយនៅក្នុង កូរិនថូស ទី១ ១០:១៣ ។ សូមអានខគម្ពីរនេះ ដោយរកមើលជំនួយដែលព្រះអម្ចាស់បានសន្យានឹងយើង ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សកម្មភាពខាងក្រោមគឺជាមធ្យោបាយមួយដើម្បីជួយសិស្សឲ្យដឹងថា សូម្បីតែមានការល្បួងដូចដែលដាវីឌបានប្រឈមមុខក្តី ក៏ព្រះអម្ចាស់បានប្រទានការបង្រៀនដែលអាចជួយយើងឲ្យចៀសផុតពីការល្បួង និងគេចចេញពីអំពើបាបដែរ ។ អ្នកអាចដាក់បង្ហាញការណែនាំខាងក្រោមសម្រាប់ឲ្យសិស្សធ្វើតាមជាក្រុមតូចៗ ឬរៀងៗខ្លួន ។ អាស្រ័យលើសមត្ថភាពរបស់សិស្សរបស់អ្នក អ្នកអាចដាក់បង្ហាញបទគម្ពីរនៅក្នុងជួរឈរទីពីរ ហើយកែសម្រួលជំហានទីពីរដើម្បីឲ្យសិស្សអានបទគម្ពីរមួយ ឬបទគម្ពីរច្រើន ជាជាងឲ្យសិស្សស្វែងរកបទគម្ពីរទាំងនោះ ។
សូមបំពេញសេចក្តីណែនាំខាងក្រោម ៖
-
ជ្រើសរើសការសម្រេចព្រះទ័យមួយ ឬច្រើនដែលដាវីឌបានធ្វើដែលនាំទ្រង់ចេញឆ្ងាយពីព្រះអម្ចាស់ ។
-
ស្វែងរកបទគម្ពីរដែលរួមបញ្ចូល ឬបង្ហាញពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលអាចជួយយើងចៀសវាងពីការល្បួង ហើយគេចចេញពីជម្រើសស្រដៀងគ្នានេះ ។
-
រៀបចំចែកចាយអ្វីដែលអ្នកបានរកឃើញ ។
|
ការសម្រេចព្រះទ័យរបស់ដាវីឌ |
ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់ |
|---|---|
ការសម្រេចព្រះទ័យរបស់ដាវីឌ សាំយូអែល ទី២ ១១:១—ដាវីឌគង់នៅក្រុងយេរូសាឡិម នៅពេលស្ដេចនានាយាងទៅសមរភូមិជាមួយកងទ័ពរបស់ពួកទ្រង់ ។ | ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់ |
ការសម្រេចព្រះទ័យរបស់ដាវីឌ សាំយូអែល ទី២ ១១:២—ដាវីឌបានឃើញបាតសេបាសម្អាតខ្លួនរបស់នាង ហើយបន្តមើលទៅនាង ។ | ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់ |
ការសម្រេចព្រះទ័យរបស់ដាវីឌ សាំយូអែល ទី២ ១១:៣—ដាវីឌបានស៊ើបសួរពីនាង ។ | ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់ |
ការសម្រេចព្រះទ័យរបស់ដាវីឌ សាំយូអែល ទី២ ១១:៤—ដោយដឹងថាបាតសេបាបានរៀបការហើយ ដាវីឌបាននាំនាងទៅរាជវាំង ។ | ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់ លោកុប្បត្តិ ៣៩:៩ |
ការសម្រេចព្រះទ័យរបស់ដាវីឌ សាំយូអែល ទី២ ១១:៤—ដាវីឌបានបំពានច្បាប់ព្រហ្មចារីភាព ។ | ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់ |
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអម្ចាស់ចេញមកពីសកម្មភាពសិក្សានេះ ?
ដើម្បីសង្ខេប សាំយូអែល ទី២ ១១:៦–១៣ អ្នកអាចពន្យល់ថា ពេលទ្រង់ដឹងថា បាតសេបាមានផ្ទៃពោះ ដាវីឌបានកោះហៅអ៊ូរី ប្ដីរបស់នាងមកផ្ទះពីសមរភូមិ ។ ដាវីឌបានបង្គាប់អ៊ូរីឲ្យស្នាក់នៅជាមួយបាតសេបាមួយយប់ ដើម្បីឲ្យមើលមកឃើញថាអ៊ូរីជាអ្នកទទួលខុសត្រូវចំពោះការមានផ្ទៃពោះរបស់នាង ។
សូមអាន សាំយូអែល ទី២ ១១:១៤–១៧, ២៦–២៧ ដោយរកមើលពីអ្វីដែលដាវីឌបានធ្វើ នៅពេលដែលផែនការលាក់កំបាំងអំពើសាហាយស្មន់របស់ទ្រង់មិនបានជោគជ័យ ។
-
តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះ នៅពេលអ្នកអានខគម្ពីរទាំងនេះ ?
សូមយោងទៅបញ្ជីនៃការសម្រេចព្រះទ័យរបស់ដាវីឌនៅលើក្ដារខៀន ហើយបន្ថែម ដាវីឌព្យាយាមលាក់បាំងអំពើបាបរបស់ទ្រង់ ។
សូមពន្យល់សិស្សថា បន្ទាប់ពីការស្លាប់របស់អ៊ូរី ព្រះអម្ចាស់បានបញ្ជូនព្យាការីរបស់ទ្រង់ ណាថាន់ ឲ្យទៅជួបស្តេចដាវីឌ ។ នៅពេលពួកគេអានរឿងប្រៀបប្រដូចខាងក្រោម នោះសិស្សអាចបង្ហាញដំណើររឿងនៅលើក្ដារខៀន ឬក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមអាន សាំយូអែល ទី២ ១២:១–១០ ដោយរកមើលអ្វីដែលណាថាន់ បានមានប្រសាសន៍ទៅកាន់ដាវីឌ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះក្នុងរឿងប្រៀបប្រដូចនេះ ?
-
តើមនុស្សម្នាក់អាចរៀនសេចក្ដីពិតអ្វីខ្លះពីដំណើររឿងរបស់ដាវីឌ ?
ជាការបន្ថែមទៅលើសេចក្តីពិតផ្សេងទៀតដែលសិស្សបានស្វែងរកឃើញ សូមបញ្ជាក់ថា យើងពុំអាចលាក់អំពើបាបរបស់យើងពីព្រះបានឡើយ ។
អ្នកអាចអញ្ជើញសិស្សឲ្យធ្វើសេចក្តីយោង–ឆ្លង ឬភ្ជាប់ សាំយូអែល ទី២ ១២:៧–៩ ជាមួយ នីហ្វៃទី២ ៩:២០ និង អាលម៉ា ៣៩:៨ ។
-
តើវាជាពរជ័យមួយដោយរបៀបណាទៅ ដែលយើងមិនអាចលាក់អំពើបាបរបស់យើងពីព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់របស់យើងនោះ ?
-
តើការយល់ដឹងអំពីសេចក្ដីពិតនេះអាចជួយយើងឲ្យងាកទៅរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តដោយរបៀបណា ?
ប្រសិនបើចាំបាច់ អ្នកអាចយោងទៅ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:៣៩ ដោយចែកចាយថា ការសម្លាប់របស់អ៊ូរី គឺជាការប៉ុនប៉ងចុងក្រោយរបស់ដាវីឌ ដើម្បីលាក់បាំងអំពើបាបរបស់ទ្រង់ ។ ដោយមានការសម្រេចព្រះទ័យនេះ ដាវីឌបានបាត់បង់ភាពតម្កើងឡើងរបស់ទ្រង់ ។ សូមប្រាប់សិស្សថា ព្រះអម្ចាស់នៅតែស្រឡាញ់ដាវីឌ ប៉ុន្តែមានពរជ័យដែលដាវីឌមិនអាចទទួលបាន ដែលជាលទ្ធផលនៃការសម្រេចព្រះទ័យរបស់គាត់ ។
យើងអាចបែរទៅរកព្រះអម្ចាស់វិញបាន
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតដោយស្ងាត់ស្ងៀមនូវអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ពីរឿងរបស់ដាវីឌ ។ សូមជួយសិស្សឲ្យយល់ថា ដោយសារព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់យើងយ៉ាងឥតខ្ចោះ នោះទ្រង់ទាំងទ្វេយល់ពីស្ថានភាពរបស់យើង មូលហេតុដែលយើងធ្វើការជ្រើសរើសដែលយើងបានធ្វើ និងរបៀបជួយយើងត្រឡប់ទៅរកទ្រង់ទាំងទ្វេវិញ ។
សិស្សខ្លះអាចមានអារម្មណ៍បាក់ទឹកចិត្តដោយសារតែកំហុសដែលពួកគេបានធ្វើ ។ ដើម្បីជួយពួកគេផ្តោតលើព្រះរាជបំណងរបស់ព្រះអម្ចាស់ក្នុងការអត់ទោស នោះអ្នកអាចបង្ហាញវីដេអូ « The Savior Wants to Forgive » ( ៥:៥០ ) ឬ « I Stand All Amazed » ( ៥:១៥ ) ។ ទាំងពីរគឺមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ចែកចាយពីអ្វីដែលអ្នកបានរៀន
ដើម្បីជួយសិស្សចែកចាយការយល់ដឹងរបស់ពួកគេអំពីសេចក្តីពិតដែលបានបង្រៀន សូមពិចារណាប្រើរូបភាពចាប់តាំងពីការចាប់ផ្ដើមថ្នាក់ ។ អ្នកអាចអញ្ជើញសិស្សឲ្យគូរអ្វីមួយដែលស្រដៀងនឹងរូបភាពនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ រួចហើយសូមដាក់បង្ហាញនូវការណែនាំដូចតទៅនេះឲ្យសិស្សបំពេញ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមជ្រើសរើសការសម្រេចចិត្តមួយដែលដាវីឌបានធ្វើ ឬការល្បួងមួយដែលក្មេងវ័យជំទង់អាចប្រឈមមុខនាសព្វថ្ងៃនេះ ។ សូមស្រមៃថា អ្នកកំពុងផ្តល់ដំបូន្មានដល់នរណាម្នាក់ដែលគិតអំពីការសម្រេចចិត្តនោះ ។ ជ្រើសរើសយ៉ាងហោចណាស់ជម្រើសពីរ ចេញពីបញ្ជីខាងក្រោម ដើម្បីចែកចាយអ្វីដែលអ្នកបានរៀន ។
-
សេចក្ដីសង្ខេបពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ អំពីការមិនលាក់បាំងអំពើបាប ហើយផ្ទុយទៅវិញ ងាកទៅរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
វគ្គបទគម្ពីរដែលបង្ហាញពីអ្វីដែលព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់បានបង្រៀនអំពីការយកឈ្នះលើការល្បួងដែលអ្នកបានជ្រើសរើស ។
-
បទពិសោធន៍មួយដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ធ្លាប់មាន ដែលជួយអ្នកឲ្យងាកទៅរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកប្រឈមមុខនឹងការល្បួង ។
-
ទីបន្ទាល់ខ្លីមួយអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះដើម្បីជួយយើងយកឈ្នះលើការល្បួង ហើយប្រែចិត្ត នៅពេលយើងធ្វើអំពើបាប ។
សូមពិចារណាបញ្ចប់ថ្នាក់ជាមួយនឹងសាក្សីរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់ និងស្រឡាញ់សិស្សយ៉ាងឥតខ្ចោះ ។ អ្នកអាចធានាដល់សិស្សថា មិនថាយើងប្រឈមមុខនឹងការលំបាកយ៉ាងណាទេ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង ហើយមានព្រះទ័យចង់ជួយយើងប្រែចិត្ត ។