« សាំយូអែល ទី១ ៣ ៖ ‹ សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបម្រើទ្រង់ប្រុងស្តាប់ហើយ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« សាំយូអែល ទី១ ៣ ៖ ‹ សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបម្រើទ្រង់ប្រុងស្តាប់ហើយ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
នាងរស់; សាំយ៉ូអែល ទី១ ១–៧ ៖ មេរៀនទី ៧០
សាំយូអែល ទី១ ៣
« សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបម្រើទ្រង់ប្រុងស្តាប់ហើយ »
តើអ្នកមានអារម្មណ៍ល្អប៉ុនណាដែលអ្នកអាចស្គាល់ព្រះសូរសៀងនៃព្រះអម្ចាស់ក្នុងជីវិតរបស់អ្នក ? នៅយប់មួយ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ក្មេងប្រុសដែលមានឈ្មោះថា សាំយូអែល ។ ដោយមានជំនួយពីអេលី នៅទីបំផុត សាំយូអែលបានស្គាល់ព្រះសូរសៀងនៃព្រះអម្ចាស់ ។ គាត់បានឆ្លើយតបថា « សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបម្រើទ្រង់ប្រុងស្តាប់ហើយ » ( សាំយូអែល ទី១ ៣:៩ ) ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់យើងដែរ ហើយដូចសាំយូអែលដែរ យើងត្រូវរៀនស្គាល់ព្រះសូរសៀងរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សស្វែងរក និងស្គាល់ពីវិវរណៈផ្ទាល់ខ្លួន ។
ការរៀបចំសិស្ស ៖ សូមសួរសិស្សនូវសំណួរថា « តើអ្នកស្ដាប់ឭព្រះសូរសៀងនៃព្រះអម្ចាស់ក្នុងជីវិតរបស់អ្នកដោយរបៀបណា ? » សូមអញ្ជើញពួកគេឲ្យគិតពិចារណាអំពីរបៀបដែលពួកគេនឹងឆ្លើយ ។ ពួកគេក៏អាចសួរមិត្តភក្តិ ឬសមាជិកគ្រួសារនូវសំណួរនេះបានផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការស្តាប់ឮព្រះសូរសៀងនៃព្រះអម្ចាស់
សូមពិចារណាអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យមកខាងមុខថ្នាក់រៀនដែលស្ម័គ្រចិត្តយកកន្សែងចងបិទភ្នែក ។ យកកន្សែងចងបិទភ្នែកសិស្ស ។ ម្តងមួយៗ ចូរអញ្ជើញសមាជិកក្នុងថ្នាក់ពីរបីនាក់ឲ្យហៅឈ្មោះរបស់ពួកគេ ។ ស្នើសិស្សដែលបិទភ្នែកនោះឲ្យកត់សម្គាល់អ្នកដែលហៅឈ្មោះរបស់ពួកគេ ។
-
ហេតុអ្វីបានជាសំឡេងខ្លះងាយស្គាល់ ?
-
តើមេរៀនខាងវិញ្ញាណអ្វីខ្លះដែលអាចទាក់ទងនឹងសកម្មភាពនេះ ?
សិស្សអាច ឬមិនចែកចាយគោលការណ៍ស្រដៀងគ្នានឹងសេចក្ដីពិតដែលបានរៀបរាប់នៅក្នុងមេរៀននេះ ។ ប្រសិនបើពួកគេធ្វើដូច្នោះ សូមអញ្ជើញពួកគេឲ្យរកមើលភស្តុតាង ឬការយល់ដឹងអំពីសេចក្ដីពិតទាំងនេះ នៅពេលពួកគេសិក្សា សាំយូអែល ទី១ ៣ ។ បើមិនមែនទេ នោះមិនអីទេ ។ សូមអរគុណដល់សិស្សទាំងអស់សម្រាប់អ្វីដែលពួកគេចែកចាយ ។
សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ព្រះមានបន្ទូលមកយើង ហើយចង់ឲ្យយើងស្គាល់ព្រះសូរសៀងរបស់ទ្រង់ ។ សូមពន្យល់ថា ព្រះអម្ចាស់មានព្រះបន្ទូលមកយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២ ) ។ ការណ៍នេះត្រូវបានហៅថា វិវរណៈផ្ទាល់ខ្លួន ។ សិស្សនឹងរកឃើញគោលការណ៍បន្ថែមនៃវិវរណៈផ្ទាល់ខ្លួនពេញមួយមេរៀននេះ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
រឿងមួយដែលព្រះវិញ្ញាណបានបំផុសគំនិតខ្ញុំម្ដងហើយម្ដងទៀត … គឺថាព្រះអម្ចាស់ស្ម័គ្រព្រះទ័យដើម្បីបើកសម្ដែងព្រះទ័យ និងព្រះឆន្ទៈរបស់ទ្រង់ ។ ឯកសិទ្ធិនៃការទទួលបានវិវរណៈគឺជាអំណោយទានមួយក្នុងចំណោមអំណោយទានដ៏ធំបំផុត ដែលព្រះប្រទានឲ្យបុត្រាបុត្រីរបស់ទ្រង់ ។ …
តើព្រះពិតជា ចង់ មានបន្ទូលមកកាន់បងប្អូនមែនទេ ? មែនហើយ ! ( « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៤–៩៥ )
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតលើសំណួរខាងក្រោមនេះ ៖
-
តើអ្នកជឿថាព្រះពិតជាចង់មានព្រះបន្ទូលទៅកាន់អ្នកដែរឬទេ ? ហេតុអ្វីជឿ ឬហេតុអ្វីមិនជឿ ?
-
តើអ្នកមានទំនុកចិត្តប៉ុនណាចំពោះសមត្ថភាពរបស់អ្នកក្នុងការស្គាល់វិវរណៈ ?
-
តើអ្វីធ្វើឲ្យអ្នកងាយស្រួល ឬពិបាកក្នុងការស្គាល់ព្រះសូរសៀងរបស់ព្រះ ( ឬវិវរណៈផ្ទាល់ខ្លួន ) ក្នុងជីវិតរបស់អ្នក ?
សូមបង្ហាញទំនុកចិត្តរបស់អ្នកថា ព្រះចង់មានបន្ទូលទៅកាន់សិស្សរបស់អ្នក ។
ពេញមួយមេរៀននេះ សូមព្យាយាមស្វែងរក និងស្គាល់សារលិខិតមកពីព្រះអម្ចាស់ ។ ព្យាយាមស្គាល់ពីរបៀបដែលទ្រង់មានព្រះបន្ទូលមកកាន់អ្នក ។
គោលការណ៍នៃវិវរណៈ
ហាណាបានប្រសូតសាំយូអែលជាចម្លើយចំពោះការអធិស្ឋានរបស់នាង ។ ពេលសាំយូអែលនៅក្មេង ហាណាបាននាំគាត់ទៅរោងឧបោសថជាកន្លែងដែលអេលីអាចមើលថែគាត់ ។ នៅយប់មួយ ក្មេងប្រុសសាំយូអែលទទួលបានបទពិសោធមួយដែលបានឮព្រះសូរសៀងនៃព្រះអម្ចាស់ ។
មុននឹងផ្តល់ការណែនាំខាងក្រោម អ្នកអាចពន្យល់ថា គោលការណ៍មួយចំនួននៅក្នុងព្រះគម្ពីរត្រូវបានបង្កប់ន័យ ។ មានន័យថា ការបង្កប់ន័យទាំងនោះមិនត្រូវបានថ្លែងដោយផ្ទាល់ក្នុងខគម្ពីរនោះទេ ។ ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យយល់គោលការណ៍ដែលបានបង្កប់ន័យ នៅពេលយើងសួរខ្លួនយើងនូវសំណួរដូចជា « តើអ្នកនិពន្ធខគម្ពីរទាំងនេះចង់ឲ្យខ្ញុំរៀនអ្វីខ្លះ ? » ឬ « តើមេរៀនសំខាន់ៗអ្វីខ្លះដែលខគម្ពីរទាំងនេះបង្រៀន ? »
សូមសិក្សា សាំយូអែល ទី១ ៣:១–១០, ១៩ ដោយស្វែងរកការយល់ដឹង និងសេចក្តីពិតអំពីការទទួលវិវរណៈពីព្រះ ។
នៅពេលសិស្សបានសិក្សារួចរាល់ហើយ សូមអញ្ជើញពួកគេឲ្យសរសេរគោលការណ៍ដែលពួកគេបានរកឃើញនៅលើក្ដារខៀន ។ ដោយប្រើពាក្យពេចន៍ផ្ទាល់ខ្លួន សិស្សប្រហែលជាបានរកឃើញគោលការណ៍ដែលមានរាយខាងក្រោម ។ ប្រសិនបើពួកគេពិបាកក្នុងការស្វែងរកពីគោលការណ៍ទាំងឡាយ អ្នកអាចរាយបញ្ជីខាងក្រោម ហើយអញ្ជើញពួកគេឲ្យស្វែងរកឃ្លា ឬខគម្ពីរដែលបង្រៀនពួកគេ ។
-
ព្រះអម្ចាស់បានឈោងទៅរកយើងដោយអំណត់ សូម្បីតែនៅពេលដែលយើងមិនស្គាល់ព្រះសូរសៀងទ្រង់ពីដំបូងក្តី ( សូមមើល ខទី ៤, ៦, ៨, ១០ ) ។
-
ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់យុវវ័យ ( សូមមើល ខទី ៤, ៦, ៨, ១០ ) ។
-
ជាញឹកញាប់ ការណ៍នេះទាមទារពេលវេលា និងការអនុវត្តដើម្បីស្គាល់ព្រះសូរសៀងនៃព្រះអម្ចាស់ ( សូមមើល ខទី ៧, ១០, ១៩ ) ។
-
អ្នកផ្សេងទៀតអាចជួយយើងឲ្យស្គាល់ព្រះសូរសៀងនៃព្រះអម្ចាស់ ( សូមមើល ខទី ៨–៩ ) ។
-
នៅពេលយើងបង្ហាញឆន្ទៈក្នុងការស្តាប់ ហើយធ្វើសកម្មភាព នោះព្រះអម្ចាស់នឹងបើកសម្ដែងឲ្យកាន់តែច្បាស់ ។ ( សូមមើល ខទី ១០, ១៩ )
-
ហេតុអ្វីបានជាគោលការណ៍ទាំងនេះអាចមានប្រយោជន៍ នៅពេលយើងព្យាយាមស្គាល់ព្រះសូរសៀងនៃព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង ?
-
តើគោលការណ៍ទាំងនេះ ជាការបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងដោយរបៀបណា ?
ការស្គាល់ព្រះសូរសៀងនៃព្រះអម្ចាស់
ព្រះអម្ចាស់មានព្រះបន្ទូលមកយើងតាមរបៀបជាច្រើនតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ការរៀនពីរបៀបដែលទ្រង់អាចមានព្រះបន្ទូលទៅកាន់អ្នកអាចជួយអ្នកឲ្យស្គាល់ព្រះសូរសៀងទ្រង់កាន់តែប្រសើរឡើងនៅក្នុងជីវិតរបស់អ្នក ។
សូមផ្តល់ជូនសិស្សនូវសំណៅមេរៀន « តើខ្ញុំអាចស្គាល់ព្រះសូរសៀងនៃព្រះអម្ចាស់យ៉ាងដូចម្ដេច ? » សូមពិចារណាធ្វើជួរដេកទីមួយនៃតារាងទាំងអស់គ្នាក្នុងថ្នាក់ មុននឹងអញ្ជើញសិស្សឲ្យបំពេញជួរដេកដែលនៅសេសសល់ ។ វាប្រហែលជាល្អបំផុតក្នុងការអញ្ជើញសិស្សឲ្យបំពេញកិច្ចការនេះដោយខ្លួនឯង ដើម្បីអនុញ្ញាតឲ្យមានការគិតពិចារណាផ្ទាល់ខ្លួន ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកប្រហែលជាមិនមានពេលគ្រប់គ្រាន់សម្រាប់សកម្មភាពនេះទេ សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើតែពីរបីជួរដេក ឬពិចារណាបន្តមេរៀននេះនៅថ្ងៃផ្សេងទៀត ។
នៅពេលសិស្សបញ្ចប់ការសិក្សា សូមចំណាយពេលឲ្យពួកគេពិភាក្សាអំពីអ្វីដែលពួកគេបានរកឃើញ និងសួរសំណួរ ។ ប្រើពេលនេះដើម្បីអនុញ្ញាតឲ្យសិស្សចែកចាយពីរបៀបដែលពួកគេឮព្រះសូរសៀងព្រះអម្ចាស់ក្នុងជីវិតរបស់ពួកគេ ។ អ្នកក៏អាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន និងពន្យល់ពីរបៀបដែលអ្នកឮទ្រង់ផងដែរ ។
បង្ហាញអំណរគុណដល់សិស្សចំពោះអ្វីៗដែលពួកគេចែកចាយ ។ អនុញ្ញាតឲ្យពួកគេដឹងថាការរួមចំណែករបស់ពួកគេធ្វើឲ្យមានភាពខុសគ្នាដ៏មានអត្ថន័យនៅក្នុងថ្នាក់ ។
ស្គាល់ព្រះសូរសៀងនៃព្រះអម្ចាស់
ដូចសាំយូអែលដែរ ការណ៍នេះអាចនឹងត្រូវការពេលវេលា និងការអនុវត្តសម្រាប់យើងដើម្បីស្គាល់ព្រះសូរសៀងនៃព្រះអម្ចាស់ ហើយស្គាល់វិវរណៈផ្ទាល់ខ្លួន ( សូមមើល សាំយូអែល ទី១ ៣:៧, ១០, ១៩ ) ។
-
តើមានរបៀបណាខ្លះដែលយើងអាចព្យាយាមស្គាល់ព្រះសូរសៀងនៃព្រះអម្ចាស់ ដូចសាំយូអែលដែរ ?
គំនិតមួយចំនួនប្រហែលជាកំពុងនិយាយជាមួយឪពុក ឬម្ដាយ ឬអ្នកណែនាំដែលទុកចិត្តអំពីរបៀបទទួលបានវិវរណៈ ដូចសាំយូអែលបាននិយាយជាមួយអេលី ។ សាំយូអែលមានប្រសាសន៍ថា ៖ « សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបម្រើទ្រង់ប្រុងស្តាប់ហើយ » ( សាំយូអែល ទី១ ៣:១០ ) ។ ប្រហែលជាយើងក៏អាចបញ្ជាក់យ៉ាងច្បាស់ចំពោះព្រះអម្ចាស់ថា យើងត្រៀមខ្លួនជាស្រេចដើម្បីស្តាប់សារលិខិតរបស់ទ្រង់ដោយមានពេលសម្រាប់ជញ្ជឹងគិត និងស្តាប់បន្ទាប់ពីការអធិស្ឋានរួច ឬពេញមួយថ្ងៃផងដែរ ។ ឬយើងអាចកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុនូវរបៀបមួយចំនួនដែលយើងអាចនឹងកំពុងទទួលសារលិខិតពីព្រះវរបិតាសួគ៌ ដូចជាអ្វីដែលនៅក្នុងសំណៅមេរៀន ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបង្កើតផែនការនៃអ្វីដែលអ្នកចង់ធ្វើ ដើម្បីស្វែងរក និងស្គាល់វិវរណៈមកពីព្រះនៅក្នុងជីវិតរបស់អ្នក ។
សូមថ្លែងទីបន្ទាល់ថា នៅពេលសិស្សប្រឹងប្រែងផ្តោតទៅតាមពេលវេលា សមត្ថភាពរបស់ពួកគេក្នុងការស្គាល់វិវរណៈផ្ទាល់ខ្លួននឹងកើនឡើង ។ សូមឲ្យសិស្សដឹងថា ពួកគេនឹងត្រូវបានផ្តល់ឱកាសមួយដើម្បីជញ្ជឹងគិតលើការខិតខំរបស់ពួកគេដើម្បីស្គាល់វិវរណៈផ្ទាល់ខ្លួននៅក្នុងមេរៀនទី ៨០ ៖ « វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៥ » ។