« សាំយ៉ូអែលទី ១ ១ ៖ ‹ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« សាំយ៉ូអែលទី ១ ១ ៖ ‹ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
នាងរស់; សាំយ៉ូអែល ទី១ ១–៧ ៖ មេរៀនទី ៦៩
សាំយូអែល ទី១ ១
« ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន »
តើអ្នកបានរកឃើញថាខ្លួនអ្នកកំពុងអង្វរព្រះវរបិតាសួគ៌សម្រាប់ពរជ័យមួយដែលហាក់ដូចជាត្រូវការការអត់ធ្មត់ និងសេចក្ដីជំនឿរបស់អ្នកដែរឬទេ ? ហាណាជាស្ត្រីសាសន៏អ៊ីស្រាអែលដ៏សុចរិត ដែលប្រាថ្នាចង់បានកូនម្នាក់ ។ ទោះបីជាបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់នាងមិនត្រូវបានសម្រេច « រាល់តែឆ្នាំ » ក៏ដោយ ( សាំយូអែល ទី១ ១:៧ ) ហាណាបានបន្តធ្វើសកម្មភាពដោយសេចក្ដីជំនឿ និងទូលអង្វរព្រះវរបិតាសួគ៌សម្រាប់ពរជ័យនេះ ។ ការអធិស្ឋានដ៏រាបទាបរបស់ហាណាត្រូវបានឆ្លើយតប នៅពេលដែលនាងបានទទួលសេចក្តីសុខសាន្ត អំណរ និងកូនម្នាក់ដែលនាងដាក់ឈ្មោះថា សាំយូអែល ។ មេរៀននេះអាចជួយសិស្សឲ្យយល់ថា ព្រះវរបិតាសួគ៌នឹងឮការអធិស្ឋានដ៏រាបទាបរបស់ពួកគេ ហើយប្រទានពរដល់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍មួយ នៅពេលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់បានទទួលចម្លើយចំពោះការអធិស្ឋាន ។ សិស្សអាចត្រៀមខ្លួនដើម្បីចែកចាយបទពិសោធន៍នោះជាផ្នែកមួយនៃសកម្មភាពសិក្សា ។
សកម្មភាពរៀនសូត្រដែលអាចមាន
នៅពេលដែលមានអារម្មណ៍ថាការអធិស្ឋានមិនបានទទួលចម្លើយ
តន្ត្រីដែលមានគារវភាពអាចយាងព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងថ្នាក់រៀនរបស់អ្នក ហើយឲ្យសិស្សត្រៀមចិត្ត និងគំនិតដើម្បីដកពិសោធន៍ការរៀនសូត្រ ។ សូមពិចារណាចាប់ផ្តើមរៀនដោយការអញ្ជើញសិស្សឲ្យជ្រើសរើសទំនុកតម្កើងដែលចូលចិត្តដែលបង្រៀនពីព្រះចេស្តានៃការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ ពីមុនការអធិស្ឋានបើក សិស្សក្នុងថ្នាក់អាចច្រៀង ឬស្តាប់វគ្គទីមួយនៃបទចម្រៀងមួយចំនួនដូចជា « ការអធិស្ឋានរបស់កុមារ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១២–១៣ ) ឬ « តើបានអធិស្ឋានទេ? » ( ទំនុកតម្កើង លេខ ៧៩ ) ។ សិស្សក៏អាចមើលវីដេអូដែលសមរម្យដូចជា « Are You Really There? » ( ៣:៤៦ ) ឬ « Abide with Me » ( ៣:០៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
នៅពេលអ្នកចាប់ផ្តើមមេរៀន សូមបង្ហាញសាច់រឿងខាងក្រោម ឬអ្វីមួយដែលស្រដៀងគ្នា ដែលត្រូវនឹងតម្រូវការនៃសិស្សរបស់អ្នកបំផុត ។ សូមពិចារណាសរសេរវានៅលើក្តារខៀន ។
បន្ទាប់ពីមេរៀនថ្នាក់សិក្ខាសាលាស្ដីពីការអធិស្ឋាន មិត្តម្នាក់បានចូលមកជិតអ្នក ហើយសារភាពថា « ខ្ញុំបានអធិស្ឋាន ប៉ុន្តែខ្ញុំមិនប្រាកដថា ការអធិស្ឋានរបស់ខ្ញុំបានឆ្លើយតបដែរឬអត់នោះទេ » ។ នៅពេលអ្នកនិយាយ នាងសួរបីសំណួរ ។
-
តើខ្ញុំអាចដឹងដោយរបៀបណា ប្រសិនបើព្រះវរបិតាសួគ៌បានស្តាប់ និងឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ?
-
តើមានរបៀបណាខ្លះដែលព្រះវរបិតាសួគ៌ឆ្លើយតបនឹងការអធិស្ឋាន ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យការអធិស្ឋានរបស់ខ្ញុំទៅកាន់ព្រះវរបិតាសួគ៌កាន់តែមានអត្ថន័យ ?
សកម្មភាពខាងក្រោមគឺជាស្វ័យវាយតម្លៃមួយ ។ ឱកាសទាំងនេះអនុញ្ញាតឲ្យសិស្សវាយតម្លៃការយល់ដឹងបច្ចុប្បន្នរបស់ពួកគេអំពីសេចក្តីពិតដែលពួកគេនឹងសិក្សានៅក្នុងថ្នាក់ ។ វាក៏អាចជួយសិស្សឲ្យឃើញនូវអ្វីដែលពួកគេអាចត្រូវការ ឬចង់រៀនផងដែរ ។
នៅលើរង្វាស់ពី ១ ( ទាប ) ដល់ ៥ ( ខ្ពស់ ) សូមផ្តល់ចំណាត់ថ្នាក់ថាតើអ្នកមានអារម្មណ៍ទុកចិត្ត កម្រិតណាដែលអ្នកអាចឆ្លើយសំណួរនីមួយៗពីសាច់រឿងនេះ ។
សូមជ្រើសរើសសំណួរមួយដែលអ្នកចង់ស្វែងយល់បន្ថែមអំពីនៅថ្ងៃនេះ ។ សរសេរសំណួរនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅពេលអ្នកសិក្សា សូមស្វែងរកការណែនាំពីព្រះវិញ្ញាណ ដើម្បីជួយឆ្លើយសំណួរដែលអ្នកបានជ្រើសរើស ។
ហាណាចង់បានកូនម្នាក់
នៅដែនដីអេប្រាអិម សាសន៏អ៊ីស្រាអែលដ៏សុចរិតម្នាក់ឈ្មោះអែលកាណា បានរស់នៅជាមួយភរិយាពីរនាក់របស់គាត់ ឈ្មោះពេនីណា និងហាណា ( អាពាហ៍ពិពាហ៍ប្រពន្ធច្រើនមិនមែនជារឿងចម្លែកទេនៅសម័យនោះ ហើយព្រះអម្ចាស់អាចទទួលយកបាន ) ។
សូមអាន សាំយូអែល ទី១ ១:១–៨ ដោយរកមើលឧបសគ្គដែលហាណាកំពុងប្រឈមមុខ ។ ( « គូវិវាទ »នៅក្នុង ខទី ៦ ប្រហែលជាពេនីណា ) ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
ប្រសិនបើអ្នកពុះពារនឹងឧបសគ្គផ្ទាល់ខ្លួនដូចជាហាណា តើអ្នកអាចនឹងគិត ឬមានអារម្មណ៍យ៉ាងណា ?
ទោះបីជាស្ថានភាពរបស់ពួកគេខុសគ្នាខ្លាំងក្តី ក៏អ្នកអាចសួរសិស្សពីរបៀបដែលបញ្ហារបស់ពួកគេអាចទាក់ទងជាមួយហាណាដែរ ។
នៅពេលសិស្សសិក្សាវគ្គគម្ពីរបន្ទាប់ ពួកគេអាចសង្កេតឃើញថា ដំបូងឡើយ អេលី ជាសង្ឃជាន់ខ្ពស់ យល់ខុសពីការអធិស្ឋានដ៏រាបទាបរបស់ហាណា ។ សូមជួយសិស្សផ្ដោតលើហាណា របៀបដែលនាងឆ្លើយតបចំពោះអេលី និងពរជ័យដែលនាងបានទទួលពីព្រះអម្ចាស់ ( សូមមើល ខទី ២០ ) ។ ប្រសិនបើមានប្រយោជន៍ សូមចង្អុលបង្ហាញថា នៅពេលពួកគេនិយាយដោយស្មោះត្រង់ អេលីបានកែកំហុសរបស់គាត់យ៉ាងឆាប់រហ័ស ។
សិស្សអាចមើលវីដេអូ « Hannah’s Faith » ( ៣:០៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ហើយធ្វើតាមនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ អ្នកអាចផ្អាកនៅនាទីទី ១:០៣ ហើយអញ្ជើញសិស្សឲ្យចែកចាយការយល់ដឹងរបស់ពួកគេអំពី ខទី ៩–១៣ ហើយផ្អាកម្តងទៀតនៅនាទីទី ១:៣០ ដើម្បីអញ្ជើញសិស្សឲ្យចែកចាយការយល់ដឹងរបស់ពួកគេអំពី ខទី ១៤–២០ ។
សូមអាន សាំយូអែល ទី១ ១:៩–២០ និង ២:១–២ ដោយរកមើលអ្វីដែលហាណាបានធ្វើដើម្បីឆ្លើយតបទៅនឹងការប្រឈមរបស់នាង ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងការអធិស្ឋានចេញពីដំណើររឿងនេះ ?
សិស្សអាចចែកចាយគំនិតផ្សេងៗបាន ។ អរគុណពួកគេ ហើយសួរថាហេតុអ្វីបានជាអ្វីដែលពួកគេបានរកឃើញមានសារៈសំខាន់ ដើម្បីដឹង ។ ប្រសិនបើសិស្សមិននិយាយពីសេចក្ដីពិតដូចខាងក្រោមទេ សូមសរសេរសេចក្តីពិតនោះនៅលើក្ដារខៀន ហើយសួរថាតើដំណើររឿងរបស់ហាណាជាភស្តុតាងយ៉ាងដូចម្ដេច ៖ នៅពេលយើងទូលសូមព្រះវរបិតាសួគ៌ដោយការអធិស្ឋានដ៏បន្ទាបទាប ទ្រង់បានឮ ហើយប្រទានពរដល់យើង ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះនៅក្នុង សាំយូអែល ទី១ ១:៩–២០ ដែលបង្ហាញថាការអធិស្ឋានរបស់ហាណាមានភាពរាបទាប និងមានអត្ថន័យ ?
-
យោងតាម ខទី ១៧–១៨ តើព្រះអម្ចាស់បានផ្តល់ការសម្រាលទុក្ខអ្វីដល់ហាណា ខណៈនាងកំពុងរង់ចាំទទួលបានពរជ័យនៃការទូលសុំកូនម្នាក់ ?
វាប្រហែលជាមានប្រយោជន៍ក្នុងការចង្អុលបង្ហាញថា យើងដូចជាហាណាដែរ ប្រហែលជាត្រូវការទុកចិត្តលើព្រះអម្ចាស់ ហើយរង់ចាំដោយអំណត់ដើម្បីទទួលបានពរជ័យរបស់ទ្រង់ ។ ទ្រង់ប្រហែលជាមិនឆ្លើយតបតាមរបៀបដែលយើងសង្ឃឹមចង់បានជានិច្ចនោះទេ ប៉ុន្តែយើងអាចទុកចិត្តថា ទ្រង់ឆ្លើយតបនឹងការអធិស្ឋានតាមព្រះហឫទ័យទ្រង់ និងអ្វីដែលល្អបំផុតសម្រាប់យើង ។
អ្នកអាចចែកចាយឧទាហរណ៍មួយនៃការអធិស្ឋានដ៏បន្ទាបខ្លួន និងមានអត្ថន័យដែលមិនត្រូវបានឆ្លើយតាមរបៀបដែលបានរំពឹងទុក ដូចជា « How I #HearHim: Elder D. Todd Christofferson » ( ២:២៥ ) ពីគេហទំព័រ ChurchofJesusChrist.org ឬ « One–on–One (Ministering with Love) » ( នាទីទី ៧:២៤ ដល់ ៩:០០ ) ។ ម្យ៉ាងវិញទៀត អ្នកអាចចែកចាយគំរូពីជីវិតរបស់អ្នក ។
ព្រះវរបិតាសួគ៌បានឮការអធិស្ឋានរបស់យើង ហើយប្រទានពរដល់យើង
អ្នកអាចប្រើសកម្មភាពខាងក្រោមដើម្បីពង្រឹងការយល់ដឹងរបស់សិស្សអំពីសេចក្តីពិតដែលពួកគេបានរកឃើញខាងលើ ហើយឆ្លើយសំណួរចំនួនបីនៅខាងដើមមេរៀន ។ របៀបមួយដើម្បីធ្វើការណ៍នេះគឺផ្តល់ ឬបង្ហាញការណែនាំខាងក្រោមសម្រាប់សំណួរនីមួយៗ ( ក, ខ និង គ ) ។ អ្នកអាចផ្តល់ឲ្យសិស្សនូវជម្រើសក្នុងការសិក្សាជាលក្ខណៈបុគ្គល ឬធ្វើការជាក្រុមតូចមួយជាមួយសិស្សផ្សេងទៀតដែលបានជ្រើសរើសសំណួរដូចគ្នា ។ អ្នកក៏អាចចាត់សិស្សជាក្រុមបីនាក់ ដោយសិស្សម្នាក់ៗបានជ្រើសរើសសំណួរផ្សេងគ្នាដើម្បីសិក្សា ។ ពួកគេអាចចែកចាយអ្វីដែលពួកគេរកឃើញជាមួយក្រុម ។
សំណួរ ក ៖ តើដំណើររឿងរបស់ហាណាអាចជួយនរណាម្នាក់ឲ្យជឿថា ព្រះវរបិតាសួគ៌បានឮការអធិស្ឋានរបស់ពួកគេ និងប្រទានពរដល់ពួកគេដោយរបៀបណា ?
សូមប្រើឧបករណ៍សិក្សាព្រះគម្ពីរដូចជា Topical Guide សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ និងបណ្ណាល័យដំណឹងល្អ ដើម្បីស្វែងរកវគ្គបទគម្ពីរមួយចំនួន ឬសេចក្តីថ្លែងការណ៍ពីថ្នាក់ដឹកនាំសាសនាចក្រ ដែលអាចជួយនរណាម្នាក់ឲ្យយល់ថា ព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋាន ( ឧទាហរណ៍ យ៉ាកុប ១:៥–៦; អេណុស ១:២–១០; នីហ្វៃទី៣ ១៨:២០; គោលលទ្ធិ និងសេចក្ដីសញ្ញា ៩០:២៤ ) ។
សំណួរ ខ ៖ តើដំណើររឿងរបស់ហាណា អាចជួយនរណាម្នាក់យល់ពីរបៀបមួយចំនួនដែលព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋានរបស់ពួកគេដោយរបៀបណា ?
សូមប្រើឧបករណ៍សិក្សាព្រះគម្ពីរដូចជា Topical Guide សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ និងបណ្ណាល័យដំណឹងល្អ ដើម្បីស្វែងរកដំណើររឿងក្នុងបទគម្ពីរមួយចំនួន ឬសេចក្តីថ្លែងការណ៍ពីថ្នាក់ដឹកនាំសាសនាចក្រ ដែលអាចជួយនរណាម្នាក់ឲ្យយល់អំពីវិធីមួយចំនួនដែលព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋាន ( ឧទាហរណ៍ លូកា ២២:៣៩–៤៤; កូរិនថូស ទី២ ១២:៧–៩; ម៉ូសាយ ២៤:១០–១៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:២២–២៣; ៨:២–៣ ) ។
សំណួរ គ ៖ តើដំណើររឿងរបស់ហាណាអាចជួយនរណាម្នាក់ឲ្យព្យាយាមធ្វើឲ្យការអធិស្ឋានរបស់ពួកគេកាន់តែរាបទាប និងមានអត្ថន័យយ៉ាងដូចម្ដេច ?
សូមប្រើឧបករណ៍សិក្សាព្រះគម្ពីរដូចជា Topical Guide សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ និងបណ្ណាល័យដំណឹងល្អ ដើម្បីស្វែងរកវគ្គបទគម្ពីរមួយចំនួន ឬសេចក្តីថ្លែងការណ៍ពីថ្នាក់ដឹកនាំសាសនាចក្រ ដែលអាចជួយនរណាម្នាក់ដែលចង់ធ្វើឲ្យការអធិស្ឋានរបស់ពួកគេកាន់តែរាបទាប និងមានអត្ថន័យ ( ឧទាហរណ៍ អេណុស ១:២–១០; អាលម៉ា ៥:៤៥–៤៦; អេធើរ ៣:១–៥; គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៣០ ) ។
បង្ហាញការយល់ដឹង
ដើម្បីជួយសិស្សចែកចាយនូវអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ ពួកគេអាចចាប់ដៃគូជាមួយនរណាម្នាក់ដែលបានសិក្សាសំណួរមួយក្នុងចំណោមសំណួរផ្សេងទៀត ហើយបង្រៀនគ្នាទៅវិញទៅមក ។ អ្នកអាចធ្វើឲ្យការពិភាក្សាកាន់តែស៊ីជម្រៅដោយការអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ និងលើកទឹកចិត្តសិស្សដែលបានសិក្សាសំណួរផ្សេងទៀតឲ្យបន្ថែមការយល់ដឹងបន្ថែម ។
នៅពេលអ្នកបញ្ចប់ថ្នាក់រៀន សូមប្រាប់សិស្សថា ជួនកាលយើងត្រូវរង់ចាំព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋានរបស់យើង ដូចទៅនឹងហាណាដែរ ។ តាមរបៀប និងពេលវេលារបស់ទ្រង់ ព្រះវរបិតាសួគ៌ទ្រង់ឮការអធិស្ឋានរបស់ពួកគេ ហើយនឹងប្រទានពរដល់ពួកគេ ។