« ថ្ងៃទី២៥–៣១ ខែឧសភា ‹ នោះទ្រង់ក៏តាំងឲ្យមានអ្នកជួយសង្គ្រោះម្នាក់ › ៖ ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី២៥–៣១ ខែឧសភា ‹ នោះទ្រង់ក៏តាំងឲ្យមានអ្នកជួយសង្គ្រោះម្នាក់ › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
« I Will Surely Go with Thee »—Deborah the Prophetess [ « ខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ »—ហោរាស្រី ដេបូរ៉ា ] ដោយ ឌីស លាវវីធ
ថ្ងៃទី២៥–៣១ ខែឧសភា ៖ « នោះទ្រង់ក៏តាំងឲ្យមានអ្នកជួយសង្គ្រោះម្នាក់ »
ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦
យើងទាំងអស់គ្នាដឹងថាការធ្វើអំពើបាបគឺមានអារម្មណ៍បែបណា មានអារម្មណ៍មិនល្អអំពីអំពើនោះ រួចហើយប្រែចិត្ត ហើយតាំងចិត្តផ្លាស់ប្ដូររបៀបរបស់យើង ។ ប៉ុន្តែជាញឹកញាប់ យើងភ្លេចការតាំងចិត្តពីមុនរបស់យើង ហើយនៅពេលដែលការល្បួងមកដល់ យើងឃើញថាខ្លួនយើងប្រព្រឹត្តអំពើបាបដដែល ។ គំរូនេះលេចឡើងជាញឹកញាប់នៅក្នុងគម្ពីរពួកចៅហ្វាយ ។ ដោយបានទទួលឥទ្ធិពលមកពីការអនុវត្តជំនឿ និងការថ្វាយបង្គំរបស់សាសន៍កាណាន—ជាប្រជាជនដែលពួកគេគួរតែបណ្ដេញចេញពីដែនដី—នោះពួកសាសន៍អ៊ីស្រាអែលបានបំពានលើសេចក្ដីសញ្ញារបស់ពួកគេជាមួយនឹងព្រះអម្ចាស់ ហើយបានងាកចេញពីការថ្វាយបង្គំទ្រង់ ។ ជាលទ្ធផល ពួកគេបានបាត់បង់ការការពាររបស់ទ្រង់ ហើយបានធ្លាក់ចូលក្នុងសេវកភាព ។ ហើយរាល់ពេលដែលរឿងនេះបានកើតឡើង នោះព្រះអម្ចាស់បានប្រទានដល់រាស្រ្តនៃសេចក្តីសញ្ញារបស់ទ្រង់នូវឱកាសដើម្បីប្រែចិត្ត ហើយតាំងអ្នកជួយសង្គ្រោះម្នាក់ ជាមេទ័ពដែលហៅថា « ចៅហ្វាយ » ។ មិនមែនពួកចៅហ្វាយទាំងអស់នៅក្នុងគម្ពីរពួកចៅហ្វាយសុទ្ធតែជាមនុស្សសុចរិតនោះទេ ប៉ុន្តែពួកគេមួយចំនួនបានអនុវត្តសេចក្ដីជំនឿដ៏អស្ចារ្យនៅក្នុងការជួយសង្គ្រោះកូនចៅអ៊ីស្រាអែល ហើយស្ដារពួកគេឡើងវិញទៅកាន់ទំនាក់ទំនងសេចក្ដីសញ្ញារបស់ពួកគេជាមួយនឹងព្រះអម្ចាស់ ។ ដំណើររឿងទាំងនេះរំឭកយើងថា មិនថាមានអ្វីដឹកនាំយើងឲ្យឃ្លាតឆ្ងាយពីព្រះយេស៊ូវគ្រីស្ទក៏ដោយ ក៏ទ្រង់គឺជាព្រះដ៏ប្រោសលោះនៃអ៊ីស្រាអែល ហើយតែងតែមានព្រះទ័យដើម្បីជួយសង្គ្រោះយើង ហើយស្វាគមន៍យើងឲ្យត្រឡប់មកវិញ នៅពេលយើងត្រឡប់ទៅរកទ្រង់ ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរពួកចៅហ្វាយ សូមមើល « ពួកចៅហ្វាយ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
ពួកចៅហ្វាយ ២:១–១៩; ៣:៥–១២
ព្រះអម្ចាស់នឹងអភ័យទោសឲ្យខ្ញុំជាញឹកញាប់នៅពេលខ្ញុំប្រែចិត្ត ។
គម្ពីរពួកចៅហ្វាយអាចជាការព្រមាន និងជាការលើកទឹកចិត្ត ។ សូមរកមើលការព្រមាន និងការលើកទឹកចិត្តនេះនៅពេលបងប្អូនអាន ពួកចៅហ្វាយ ២:១–១៩; ៣:៥–១២ ។ តើបងប្អូនមានអារម្មណ៍ថាការព្រមាន និងការលើកទឹកចិត្តអនុវត្តចំពោះបងប្អូនដោយរបៀបណា ?
ឧទាហរណ៍ ប្រសិនបើ ពួកចៅហ្វាយ ២:១៩ និយាយអំពីបងប្អូន និងការល្បួងរបស់បងប្អូន ជាជាងអំពីពួកសាសន៍អ៊ីស្រាអែលពីបុរាណ តើវាអាចនិយាយអ្វីខ្លះ ? ប្រសិនបើ ពួកចៅហ្វាយ ៣:៩ ជាអ្វីដែលព្រះអម្ចាស់បានធ្វើដើម្បីជួយសង្រ្គោះបងប្អូន តើវាអាចនិយាយអ្វីខ្លះ ?
សូមពិចារណាអានសំណួរ និងចម្លើយនៅលើ ទំព័រ ៩ នៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ។ តើបងប្អូនមានអារម្មណ៍ថា ការណ៍នេះអនុវត្តចំពោះបទពិសោធន៍របស់ពួកសាសន៍អ៊ីស្រាអែលក្នុងគម្ពីរពួកចៅហ្វាយយ៉ាងដូចម្ដេច ? តើដំណើររឿងនេះបង្រៀនបងប្អូនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
ពួកចៅហ្វាយ ៤:១–១៥
ខ្ញុំអាចបំផុសគំនិតអ្នកដទៃឲ្យមានជំនឿលើព្រះអម្ចាស់ ។
ពេលខ្លះជំនឿរបស់មនុស្សម្នាក់អាចជំរុញមនុស្សជាច្រើនទៀតឲ្យមានជំនឿ ។ នៅ ពួកចៅហ្វាយ ៤ បុគ្គលម្នាក់នោះគឺជា ដេបូរ៉ា។ សូមអានអំពីនាងនៅក្នុង ពួកចៅហ្វាយ ៤:១–១៥ ហើយកត់ចំណាំពីឥទ្ធិពលដែលនាងមានចំពោះមនុស្សនៅជុំវិញខ្លួននាង ។ ទាំងនេះគឺជាសំណួរមួយចំនួនដើម្បីជួយបងប្អូនពិចារណាពីរបៀបដែលបទពិសោធន៍របស់នាងអាចអនុវត្តចំពោះជីវិតរបស់បងប្អូនបាន ៖
-
តើបងប្អូននឹងពិពណ៌នាអំពីលក្ខខណ្ឌដែលពួកសាសន៍អ៊ីស្រាអែលមាននៅពេលនោះយ៉ាងដូចម្ដេច ? ( សូមមើល ខទី ១–៣ ) ។ តើបងប្អូនឃើញភាពស្រដៀងគ្នាអ្វីខ្លះចំពោះលក្ខខណ្ឌសព្វថ្ងៃនេះ—ទាំងជាបុគ្គល និងជាសង្គម ?
-
តើពាក្យសម្ដី ឬសកម្មភាពណាខ្លះរបស់ដេបូរ៉ា ដែលបង្ហាញបងប្អូនថា នាងមានសេចក្ដីជំនឿលើព្រះអម្ចាស់ ? តើសេចក្តីជំនឿរបស់នាងជះឥទ្ធិពលដល់អ្នកដទៃដោយរបៀបណា ? តើមានអ្វីខ្លះផ្សេងទៀតដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍ចំពោះនាង ?
-
តើបងប្អូនគិតថា ដេបូរ៉ាចង់មានន័យយ៉ាងដូចម្ដេចតាមរយៈសំណួររបស់នាងនៅក្នុង ខទី ១៤ ៖ ថាតើមិនមែន « ព្រះយេហូវ៉ាទ្រង់បានចេញនាំមុខអ្នក » ទេឬ ? តើព្រះអម្ចាស់ « បានចេញនាំមុខ » អ្នកទៅដោយរបៀបណា ? ( សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៨៧–៨៨ ) ។
សូមជញ្ជឹងគិតពីរបៀបដែលសេចក្ដីជំនឿរបស់បងប្អូនលើព្រះយេស៊ូវគ្រីស្ទអាចផ្ដល់ពរដល់អ្នកដទៃតាមរបៀបដែលសេចក្ដីជំនឿរបស់ដេបូរ៉ាបានផ្ដល់ពរដល់បារ៉ាក និងពួកសាសន៍អ៊ីស្រាអែលផ្សេងទៀត ។ ដើម្បីជួយបងប្អូនគិតអំពីការណ៍នេះ នោះបងប្អូនអាចសិក្សាសារលិខិតរបស់អែលឌើរ នែល អិល អាន់ឌើរសិន « We Talk of Christ » ( Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៨៨–៩១ ) ។ ស្វែងរកសារលិខិតសម្រាប់ (១) ហេតុផលដើម្បីនិយាយដោយបើកចំហបន្ថែមទៀតអំពីព្រះអង្គសង្គ្រោះ និង (២) របៀបដើម្បីនិយាយ ។
បន្ទាប់មក បងប្អូនអាចនឹងធ្វើបញ្ជីនៃអ្វីដែលបងប្អូនដឹងអំពីព្រះយេស៊ូវគ្រីស្ទ—ចេញពីព្រះគម្ពីរ ពីពាក្យសម្តីរបស់ព្យាការីដែលនៅរស់ និងពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងប្អូន ។ តើនរណាត្រូវដឹងអំពីការណ៍នេះ ? តើបងប្អូននឹងចែកចាយវាដោយរបៀបណា?
សូមមើលផងដែរ ម៉ាថាយ ៥:១៤–១៦; ពេត្រុស ទី១ ៣:១៥; « រាល់ជនបង្ហាញយើងពីការល្អ » ទំនុកតម្កើង ល.រ. ១៨៣ ។
អញ្ជើញឲ្យចែកចាយ ។ ប្រសិនបើបងប្អូនជាគ្រូបង្រៀន—នៅគេហដ្ឋាន ឬនៅសាសនាចក្រ—« សូមផ្តល់ឱកាសដល់សិស្ស ឲ្យចែកចាយជាមួយគ្នានូវអ្វីដែលពួកគេកំពុងរៀនអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ។ ការធ្វើបែបនេះនឹងជួយពួកគេក្នុងការបញ្ចូលសេចក្តីពិតដែលពួកគេបានបង្រៀន និងបញ្ចាក់ពីសេចក្តីពិតនោះ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២៦ ) ។ ឧទាហរណ៍នៅពេលសិក្សា ពួកចៅហ្វាយ ៤ ជាមួយគ្នា បងប្អូនអាចផ្តល់ឲ្យអ្នករៀនម្នាក់ៗនូវអ្វីដែលជាក់លាក់ដើម្បីរកមើលនៅក្នុងជំពូកនេះ ហើយបន្ទាប់មកអញ្ជើញពួកគេឲ្យចែកចាយជាមួយគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេរកឃើញ ។
ពួកចៅហ្វាយ ៦–៨
ព្រះអម្ចាស់អាចធ្វើអព្ភូតហេតុពេលខ្ញុំទុកចិត្តលើមាគ៌ារបស់ទ្រង់ ។
នៅពេលបងប្អូនអាន ពួកចៅហ្វាយ ៦–៨ សូមកត់ចំណាំអំពីករណីដែលព្រះអម្ចាស់បានសុំគេឌានឲ្យជឿនូវអ្វីមួយដែលហាក់ដូចជាមិនទំនង ។ តើទ្រង់ធ្លាប់សុំអ្វីស្រដៀងនេះពីបងប្អូនដែរឬទេ ?
តើបងប្អូនគិតថា ព្រះអម្ចាស់កំពុងព្យាយាមបង្រៀនបងប្អូនអ្វីខ្លះជាមួយដំណើររឿងនេះ ? តើបងប្អូនធ្លាប់ឃើញព្រះអម្ចាស់ធ្វើកិច្ចការរបស់ទ្រង់តាមរបៀបដែលមិនទំនងដែរឬទេ ?
ពួកចៅហ្វាយ ១៣–១៦
ព្រះពង្រឹងខ្ញុំ នៅពេលខ្ញុំស្មោះត្រង់នឹងសេចក្ដីសញ្ញារបស់ខ្ញុំ ។
សាំសុនបានបាត់បង់ទាំងកម្លាំងកាយ និងកម្លាំងវិញ្ញាណរបស់គាត់ ដោយសារគាត់បានបំពានសេចក្ដីសញ្ញារបស់គាត់ជាមួយនឹងព្រះ រួមទាំងអ្នកដែលបានអនុវត្តជាក់លាក់ចំពោះសាសន៍ន៉ាសារីតផងដែរ ( សម្រាប់ព័ត៌មានអំពីសាសន៍ន៉ាសារីតសូមមើល ជនគណនា ៦:១–៦; ពួកចៅហ្វាយ ១៣:៧ ) ។ នៅពេលបងប្អូនអានអំពីសាំសុននៅក្នុង និក្ខមនំ ១៣–១៦ សូមកត់ចំណាំខគម្ពីរដែលបង្ហាញថាព្រះអម្ចាស់គង់ជាមួយសាំសុន ព្រមទាំងខគម្ពីរដែលបង្ហាញថា សាំសុនមិនបានតាំងចិត្តទាំងស្រុងចំពោះព្រះអម្ចាស់ ។
បងប្អូនក៏អាចនឹងជញ្ជឹងគិតអំពីសេចក្ដីសញ្ញាដែលបងប្អូនបានធ្វើជាមួយនឹងព្រះអម្ចាស់ផងដែរ ។ តើសេចក្ដីសញ្ញាទាំងនេះបាននាំយកព្រះចេស្ដារបស់ទ្រង់មកក្នុងជីវិតរបស់បងប្អូនដោយរបៀបណា ? តើបងប្អូនរៀនបានអ្វីខ្លះមកពីបទពិសោធន៍របស់សាំសុនដែលបំផុសគំនិតបងប្អូនឲ្យបន្តមានភក្ដីភាពចំពោះសេចក្ដីសញ្ញារបស់បងប្អូនជាមួយនឹងព្រះ ?
ស៊ីស្ទើរ អាន អិម ឌិប បានបង្រៀនថា ៖ « សាំសុនបានកើតមកជាមួយនឹងសក្តានុពលដ៏អស្ចារ្យ ។ ម្តាយរបស់គាត់ត្រូវបានសន្យាថា ‹ វានឹងចាប់តាំងជួយសង្គ្រោះដល់អ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន › [ ពួកចៅហ្វាយ ១៣:៥ ] ។ ប៉ុន្តែពេលដែលសាំសុនបានធំឡើង គាត់មើលទៅការល្បួងខាងលោកកិយជាជាងការណែនាំរបស់ព្រះ ។ គាត់បានជ្រើសយកជម្រើសនោះពីព្រោះពួកគេ ‹ ពេញចិត្ត [ គាត់ ] ណាស់ › [ ពួកចៅហ្វាយ ១៤:៣ ] ជាជាងពីព្រោះជម្រើសទាំងនោះគឺត្រឹមត្រូវ ។ ម្តងហើយម្តងទៀត បទគម្ពីរប្រើឃ្លា ‹ សាំសុនចុះទៅ › [ ពួកចៅហ្វាយ ១៤:៧ ] ពេលដែលពួកគេប្រាប់អំពី ដំណើរកម្សាន្ត សកម្មភាព និងជម្រើសរបស់សាំសុន ។ ជំនួសឲ្យការក្រោកឡើង និងបញ្ចាំងពន្លឺដើម្បីបំពេញសក្តានុពលដ៏អស្ចារ្យរបស់គាត់ សាំសុនត្រូវបានយកឈ្នះដោយលោកកិយ បាត់បង់អំណាចដែលព្រះប្រទានឲ្យ ហើយបានស្លាប់យ៉ាងអណោចអធមគឺស្លាប់ទាំងវ័យក្មេង » ( « Arise and Shine Forth » Liahona ខែឧសភា ឆ្នាំ២០១២ ទំព័រ ១១៨ ) ។
សូមមើលផងដែរ ដាល្លិន អេក អូក « សេចក្ដីសញ្ញា និងការទទួលខុសត្រូវ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ៩៣–៩៦; អូលីសេស សូរ៉េស « ទំនុកចិត្តលើសេចក្តីសញ្ញាតាមរយៈព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១៧–២១ ។
គំនិតសម្រាប់បង្រៀនកុមារ
ពីព្រោះថ្ងៃអាទិត្យនេះ ជាថ្ងៃអាទិត្យទីមួយនៃខែនេះ គ្រូបង្រៀនអង្គការបឋមសិក្សាត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់សកម្មភាពរៀននៅក្នុង « ឧបសម្ព័ន្ធ ខ ៖ ការរៀបចំកុមារឲ្យនៅលើផ្លូវនៃសេចក្តីសញ្ញារបស់ព្រះពេញមួយជីវិត » ។
ពួកចៅហ្វាយ ៣:៧–៩, ១២–១៥
ព្រះយេស៊ូវគ្រីស្ទគឺជាអង្គសង្គ្រោះរបស់ខ្ញុំ ។
-
ពួកចៅហ្វាយ ៣ ពិពណ៌នាអំពីគំរូដែលបង្រៀនអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដើម្បីរំដោះយើងពីអំពើបាប ។ ដើម្បីជួយកូនៗបងប្អូនស្វែងរកគំរូនេះ នោះបងប្អូនអាចសរសេរឃ្លាទាំងនេះ ៖ « បានប្រព្រឹត្តសេចក្តីដែលលាមក » « បានអំពាវនាវដល់ព្រះយេហូវ៉ា » និង « តាំងឲ្យមានអ្នកជួយសង្គ្រោះម្នាក់ » ។ បន្ទាប់មក កូនៗបងប្អូនអាចរកមើលឃ្លាទាំងនេះនៅក្នុង ពួកចៅហ្វាយ ៣:៧–៩ និង ពួកចៅហ្វាយ ៣:១២–១៥ ។ តើយើងរៀនអ្វីខ្លះអំពីព្រះអម្ចាស់មកពីគំរូនេះ ?
-
ដើម្បីបញ្ជាក់ថាព្រះយេស៊ូវគ្រីស្ទជាអង្គជួយសង្គ្រោះយើង នោះបងប្អូនអាចប្រមូលរូបភាពមនុស្សជាច្រើន រួមទាំងរូបភាពព្រះយេស៊ូវ ហើយផ្កាប់រូបភាពទាំងនោះចុះ ។ សូមអនុញ្ញាតឲ្យកូនៗបងប្អូនផ្លាស់ប្តូរវេនផ្ងាររូបភាពឡើង ។ នៅពេលពួកគេរកឃើញរូបភាពព្រះយេស៊ូវ សូមច្រៀងចម្រៀងមួយបទអំពីទ្រង់ ដូចជាបទ « ទ្រង់បញ្ជូនបុត្រាទ្រង់មក » ( សៀវភៅចម្រៀងកុមារ ទំព័រ ២០–២១ ) ហើយប្រាប់កូនៗបងប្អូនអំពីរបៀបដែលទ្រង់បានជួយសង្គ្រោះបងប្អូន ។
ពួកចៅហ្វាយ ៤:១–១៥
ខ្ញុំអាចបំផុសគំនិតអ្នកដទៃឲ្យមានសេចក្តីជំនឿលើព្រះអម្ចាស់ ។
-
បងប្អូនអាចប្រើប្រាស់ « ហោរាស្រី ដេបូរ៉ា » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ៩២–៩៥ ដើម្បីប្រាប់កូនៗបងប្អូននូវដំណើររឿងនៅក្នុង ពួកចៅហ្វាយ ៤ ។ សូមចែកចាយជាមួយគ្នានូវអ្វីដែលបងប្អូនកោតសរសើរចំពោះដេបូរ៉ា ។ តើជំនឿរបស់នាងទៅលើព្រះអម្ចាស់បានផ្ដល់ពរដល់មនុស្សជុំវិញនាងដោយរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីបន្តជួយអ្នកដទៃមានសេចក្តីជំនឿបន្ថែមទៀតនៅលើព្រះយេស៊ូវគ្រីស្ទ ?
2:9Deborah the Prophetess
ពួកចៅហ្វាយ ៧:១–២១
ព្រះអម្ចាស់អាចប្រើរឿងតូចតាចដើម្បីធ្វើកិច្ចការដ៏មហិមា ។
-
សូមប្រើ ពួកចៅហ្វាយ ៧:៤–៧ នៅទំព័រសកម្មភាពសប្តាហ៍នេះ ឬ « កងទ័ពរបស់គេឌាន » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ៩៦–៩៩ ដើម្បីបង្រៀនកូនៗបងប្អូនអំពីរបៀបដែលព្រះអម្ចាស់ធ្វើឲ្យកងទ័ពរបស់អ៊ីស្រាអែលកាន់តែតិច ។ ហេតុអ្វីបានជាព្រះអម្ចាស់ចង់ឲ្យកងទ័ពរបស់គេឌានមានចំនួនតិចយ៉ាងដូច្នេះ ? ( សូមមើល ពួកចៅហ្វាយ ៧:២ ) ។
2:37The Army of Gideon
-
កូនៗបងប្អូនអាចគូររូបដាវ ខែល ត្រែ ចង្កៀង និងចន្លុះ ហើយនិយាយអំពីវត្ថុមួយណានៃវត្ថុទាំងនេះដែលពួកគេចង់បានក្នុងសមរភូមិ ។ បន្ទាប់មកពួកគេអាចអាន ពួកចៅហ្វាយ ៧:១៦ ដើម្បីរៀនអ្វីដែលព្រះអម្ចាស់បានមានបន្ទូលដល់កងទ័ពរបស់គេឌានដើម្បីប្រើ ។ នៅពេលបងប្អូនអានអំពីចម្បាំងនេះនៅក្នុង ពួកចៅហ្វាយ ៧:១៩–២១ សូមចែកចាយដល់គ្នាទៅវិញទៅមកនូវអ្វីដែលបងប្អូនរៀនអំពីព្រះអម្ចាស់ពីដំណើររឿងនេះ ។
Samson Puts Down the Pillars [ សាំសុនរុញសសរចុះ ] ដោយ ជេមស៍ ធិសសតថ៍ និងអ្នកដទៃទៀត
ពួកចៅហ្វាយ ១៣:៥
ការរក្សាសេចក្ដីសញ្ញាផ្ដល់កម្លាំងដល់ខ្ញុំ ។
-
សេចក្ដីសញ្ញារបស់សាំសុនជាមួយនឹងព្រះអម្ចាស់បានផ្ដល់កម្លាំងខាងរាងកាយឲ្យគាត់ ដូចជាសេចក្ដីសញ្ញារបស់យើងផ្ដល់កម្លាំងខាងវិញ្ញាណឲ្យយើងផងដែរ ។ កូនៗបងប្អូនអាចរីករាយនឹងការធ្វើលំហាត់ប្រាណមួយចំនួន និងការពិភាក្សាពីរបៀបដែលលំហាត់ប្រាណទាំងនោះអាចជួយឲ្យរាងកាយយើងរឹងមាំ ។ តើការរក្សាសេចក្ដីសញ្ញារបស់យើងធ្វើឲ្យវិញ្ញាណរបស់យើងរឹងមាំយ៉ាងដូចម្ដេច ? ( សូមមើល ម៉ូសាយ ១៨:៨–១០; គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៧, ៧៩ ) ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី ប្រិយមិត្ត នៅខែនេះ ។