ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី៤–១០ ខែឧសភា  « កុំ​ឲ្យ​ចេះ​តែ​បះបោរ​នឹង​ព្រះយេហូវ៉ា ឬ​ខ្លាច » ៖ ជនគណនា ១១–១៤; ២០–២៤; ២៧


« ថ្ងៃទី៤–១០ ខែឧសភា ‹ កុំ​ឲ្យចេះ​តែ​បះបោរ​នឹង​ព្រះយេហូវ៉ា ឬ​ខ្លាច › ៖ ជនគណនា ១១–១៤; ២០–២៤; ២៧ » ៖ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី៤–១០ ខែឧសភា ‹ កុំ​ឲ្យ​ចេះ​តែ​បះបោរ​នឹង​ព្រះយេហូវ៉ា ឬ​ខ្លាច › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦

រូបថត​របស់​វ៉ាឌី រ៉ាំ

វាល​ខ្សាច់​ក្បែរ​ឧបទ្វីប​ស៊ីណាយ

ថ្ងៃទី៤–១០ ខែឧសភា ៖ « កុំ​ឲ្យ​ចេះ​តែ​បះបោរ​នឹង​ព្រះយេហូវ៉ា ឬ​ខ្លាច »

ជនគណនា ១១–១៤; ២០–២៤២៧

ទោះ​ជា​ដើរ​ដោយ​ថ្មើរ​ជើង​ក្ដី ក៏​វា​មិន​ចំណាយ​ពេល ៤០ ឆ្នាំ​ដើម្បី​ធ្វើ​ដំណើរ​ចេញ​ពី​ទីរហោស្ថាន​ស៊ីណាយ​ទៅ​កាន់​ដែនដី​សន្យា​ក្នុង​ស្រុក​កាណាន​ដែរ ។ ប៉ុន្តែ​នោះ​គឺជា​រយៈពេល​ដែល​កូនចៅ​អ៊ីស្រាអែល​ត្រូវការ—គឺ​មិនមែន​ដើម្បី​បំពេញ​ចម្ងាយ​ខាង​ភូមិសាស្ត្រ​ទេ ប៉ុន្តែ​ដើម្បី​បំពេញ​ចម្ងាយ​ខាង​វិញ្ញាណ ៖ ចម្ងាយ​រវាង​ប្រភេទ​មនុស្ស​ដែល​ពួកគេ​បានធ្វើ​កាល​ពីមុន និង​ប្រភេទ​មនុស្ស​ដែល​ពួកគេ​នឹង​ប្រែក្លាយ​ក្នុងនាម​ជា​រាស្រ្ត​នៃ​សេចក្តីសញ្ញា​របស់​ព្រះ ។

គម្ពីរ​ជន​គណនា​រៀបរាប់​ពី​រឿង​ដែល​បាន​កើត​ឡើង​នៅ​អំឡុង ៤០ ឆ្នាំ​នោះ រួម​ទាំង​មេរៀន​ដែល​កូនចៅ​អ៊ីស្រាអែល​ត្រូវ​រៀន​ពីមុន​ចូល​ទៅ​ក្នុង​ដែនដី​សន្យា​ផង​ដែរ ។ ពួកគេ​បានរៀន​អំពី​ការស្មោះត្រង់​ចំពោះ​ពួក​អ្នក​បម្រើ​ដ៏​ជម្រើស​របស់​ព្រះអម្ចាស់ ( សូមមើល ជនគណនា ១២ ) ។ ពួកគេ​បាន​រៀន​ពី​ការទុកចិត្ត​លើ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ សូម្បី​តែ​ពេល​ដែល​អនាគត​មើល​ទៅ​ដូចជា​គ្មាន​សង្ឃឹម​ក្ដី ( សូមមើល ជនគណនា ១៣–១៤ ) ។ ហើយ​ពួកគេបាន​រៀន​ថា ការខ្វះ​សេចក្ដីជំនឿ​នាំមក​នូវ​ការខូចខាត​ខាងវិញ្ញាណ ប៉ុន្តែ​ពួកគេ​អាច​ប្រែចិត្ត ហើយ​មើល​ទៅ​ព្រះអង្គ​សង្គ្រោះ​សម្រាប់​ការព្យាបាល ( សូមមើល ជនគណនា ២១:៤–៩ ) ។

នៅ​ក្នុង​របៀប​មួយ​ចំនួន យើង​គ្រប់​គ្នា​ប្រៀប​ដូចជា​ពួកសាសន៍​អ៊ីស្រាអែល​ដែរ ។ យើង​ស្គាល់​ថា​តើ​ទី​រហោស្ថាន​ខាងវិញ្ញាណ​មាន​លក្ខណៈ​បែប​ណា ហើយ​មេរៀន​ដែល​ពួកគេ​បានរៀន​អាច​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​ចូល​ទៅ​ក្នុង​ដែនដី​សន្យា​របស់​យើង ៖ គឺ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​របស់​យើង ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​ជនគណនា សូម​មើល « ជនគណនា » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

ជនគណនា ១១:១១–១៧, ២៤–២៩១២

វិវរណៈ​គឺ​មាន​ចំពោះ​មនុស្ស​គ្រប់​រូប ប៉ុន្តែ​ព្រះ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។

នៅ​ក្នុង ជនគណនា ១១:១១–១៧, ២៤–២៩ សូម​កត់​សម្គាល់​ពី​បញ្ហា​ដែល​ម៉ូសេ​បាន​ជួប​ប្រទះ និង​ពី​ដំណោះស្រាយ​ដែល​ព្រះ​បានបង្ហាញ ។ តើ​បងប្អូន​គិត​ថា​ម៉ូសេ​ចង់​មាន​ន័យ​យ៉ាង​ដូចម្ដេច នៅពេល​លោក​បាន​ពោល​ថា លោក​ប្រាថ្នា « ឲ្យ​បណ្តាជន​ទាំងឡាយ​របស់​ព្រះយេហូវ៉ា ចេះ​ទាយ​ដែរ » ? ( ខ​ទី ២៩ ) ។ នៅពេល​បងប្អូន​ជញ្ជឹងគិត​ពី​សំណួរ​នេះ សូម​រកមើល​ចម្លើយ​ដែល​អាច​មាន​នៅក្នុង​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន⁠ « Revelation for the Church, Revelation for Our Lives » ( Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៣–៩៦ ) ។

ការនិយាយ​ថា យើង​ទាំងអស់​គ្នា​អាច​ទទួលបាន​វិវរណៈ ទោះជាយ៉ាងណា​មិនមែន​មាន​ន័យ​ថា យើង​ទាំងអស់​គ្នា​អាច​ដឹកនាំ​រាស្ដ្រ​របស់​ព្រះ​តាមរបៀប​ដែល​ម៉ូសេ​បានធ្វើ​នោះ​ទេ ។ ព្រឹត្តិការណ៍​ដែល​បានកត់ត្រា​នៅក្នុង ជនគណនា ១២ បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការណ៍​នេះ ។ តើ​ដាស់តឿន​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​នៅក្នុង​ជំពូក​នេះ ? តើ​បងប្អូន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​យល់​ដឹង​អ្វី​ខ្លះ​អំពី​វិវរណៈ​ផ្ទាល់​ខ្លួន និង​ការធ្វើ​តាម​ព្យាការី​របស់​ទ្រង់ ?

សូមមើល​ផងដែរ នីហ្វៃទី១ ១០:១៧; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៨:១–៧; ដាល្លិន អេក អូក « Two Lines of Communication » Liahona ខែវិច្ឆិកា ឆ្នាំ២០១០ ទំព័រ ៨៣–៨៦ ។

សូម​ផ្តោតអារម្មណ៍​ទៅលើ​អ្វី​ដែល​សំខាន់​បំផុត ។ មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​សន្ធប់​ជាមួយនឹង​ការផ្ដល់​យោបល់​អំពី​ការអាន​ប្រចាំ​សប្តាហ៍​នៅក្នុង ចូរ​មក​តាម​ខ្ញុំ ។ ពេល​បងប្អូន​ពិនិត្យមើល​គម្រោង​នេះ សូម​ធ្វើ​តាម​ព្រះវិញ្ញាណ ។ សូម​ពិចារណា​ពី​តម្រូវការ​ផ្ទាល់ខ្លួន​របស់​បងប្អូន និង​តម្រូវការ​របស់​មនុស្ស​ដែល​បងប្អូន​អាច​នឹង​បង្រៀន ។ ការយល់ដឹង និង​ការអនុវត្ត​នូវ​គោលការណ៍ មួយ ទាំងស្រុង​ក្នុង​មួយ​សប្តាហ៍ អាច​មាន​ប្រយោជន៍​ជាង​ការអាន​ជំពូក​ជាច្រើន ប៉ុន្តែ​សើៗ ។

ជនគណនា ១២:៣

« ម៉ូសេ​លោក​សុភាព​ណាស់ » ។

មនុស្ស​មួយ​ចំនួន​ភ្ញាក់ផ្អើល​ពេល​ដឹង​ថា ម៉ូសេ​ជា​អ្នកដឹកនាំ​ដ៏​ខ្លាំងក្លា​ដែល​ឈរ​នៅ​ចំពោះ​ផារ៉ោន ហើយ​បានធ្វើ​អព្ភូតហេតុ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ក៏​ជា​មនុស្ស​ដ៏ « សុភាព​ណាស់ » ផងដែរ ( ជនគណនា ១២:៣ ) ។ តើ​សុភាព​មានន័យ​ដូចម្តេច ? សូម​ពិចារណា​ស្ដាប់​ការពន្យល់​របស់​អែលឌើរ ដេវីឌ អេ បែដណា នៅក្នុង​« Meek and Lowly of Heart »​( Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៣០–៣៣ ) ឬ​« ស្លូតបូត, ភាព​ស្លូត​បូត »​នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​( បណ្ណាល័យ​ដំណឹង​ល្អ ) ។

តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​គំរូ​របស់​ម៉ូសេ​អំពី​សុភាព​នៅក្នុង និក្ខមនំ ១៨:១៣–២៥; ជនគណនា ១១:២៦–២៩; ជនណនា ១២; ហេព្រើរ ១១:២៤–២៧ និង ម៉ូសេ ១:១០–១១ ? បងប្អូន​ក៏​អាច​ជញ្ជឹងគិត​ពី​របៀប​ដែល​ព្រះអង្គសង្រ្គោះ​បានបង្ហាញ​សុភាព ( សូម​មើល ម៉ាថាយ ១១:២៩; ២៧:១១–១៤; លូកា ២២:៤១–៤២; យ៉ូហាន ១៣:៤–៥ ) ។ តើ​គំរូ​ទាំងនេះ​បង្រៀន​បងប្អូន​អ្វីខ្លះ ?

ជនគណនា ១៣–១៤

ដោយ​មាន​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ ខ្ញុំ​អាច​មាន​សង្ឃឹម​ចំពោះ​អនាគត ។

នៅពេល​បងប្អូន​អាន ជនគណនា ១៣–១៤ សូម​ព្យាយាម​ដាក់​ខ្លួន​ជំនួស​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល ។ បងប្អូន​គិត​ថា ហេតុអ្វី​ពួកគេ​ចង់​« ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ » ? ( ជនគណនា ១២:៣ ) ។ តើ​បងប្អូន​នឹង​រៀប​រាប់​ពី « វិញ្ញាណ » ផ្សេង​ទៀត​ដែល​កាលែប​មាន​យ៉ាង​ដូច​ម្ដេច ? ( ជនគណនា ១៤:២៤ ) ។ តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់​អារម្មណ៍​អំពី​សេចក្ដី​ជំនឿ​របស់​កាលែប និង​យ៉ូស្វេ ហើយ​តើ​បងប្អូន​អាច​យក​គំរូ​របស់​ពួកគេ​ទៅ​អនុវត្ត​ក្នុង​ស្ថានភាព​ដែល​បងប្អូន​ជួប​យ៉ាង​ដូច​ម្ដេច ?

ម៉ូសេ និង​អ្នក​ស៊ើបការ​សម្ងាត់​សាសន៍​អ៊ីស្រាអែល​មួយចំនួន

អ្នក​ស៊ើបការ​សម្ងាត់​សាសន៍​អ៊ីស្រាអែល​ដប់​នាក់​ភ័យខ្លាច ។ យ៉ូស្វេ និង​កាលែប​មាន​ជំនឿ ។ Joshua and Caleb: Obedient Spies [ យ៉ូស្វេ និង​កាលែប ៖ អ្នក​ស៊ើបការ​សម្ងាត់​ដែល​គោរពប្រតិបត្តិ ] ដោយ Douglas Klauba. © Lifeway Collection/បាន​អជ្ញាប័ណ្ណ​ពី goodsalt.com

ជនគណនា ២១:៤–៩

រូបតំណាង​ថ្នាក់​សិក្ខាសាលា
បើ​ខ្ញុំ​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​សេចក្តី​ជំនឿ នោះ​ទ្រង់​អាច​ព្យាបាល​ខ្ញុំ​ខាង​វិញ្ញាណ​បាន ។

ពួកព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​បានដឹង​ពី​ដំណើររឿង​ដែល​មាន​នៅក្នុង ជនគណនា ២១:៤–៩ ហើយ​បានយល់​ពី​សារៈសំខាន់​ខាងវិញ្ញាណ​របស់​វា ។ អាន​ការបង្រៀន​របស់​ពួកលោក​អំពី​ដំណើររឿង​នេះ​នៅក្នុង នីហ្វៃទី១ ១៧:៤០–៤១; អាលម៉ា ៣៣:១៨–២២ និង ហេលេមិន ៨:១៣–១៥ ។ ទាំងនេះ​គឺជា​សំណួរ​មួយ​ចំនួន​ដើម្បី​ជញ្ជឹងគិត​នៅពេល​បងប្អូន​សិក្សា ៖

  • តើ​ពស់​លង្ហិន​អាច​តំណាង​ឲ្យ​អ្វី ?

  • តើ​ពស់​ចឹក​អាច​តំណាង​ឲ្យ​អ្វី ?

  • ពួក​សាសន៍​អ៊ីស្រាអែល​ត្រូវ « [ មើល ] រូបពស់​លង្ហិន » ( ជនគណនា ២១:៩ ) ដើម្បី​បាន​ជា​សះ​ស្បើយ ។ តើ​បងប្អូន​គិតថា ហេតុអ្វី​មនុស្ស​មួយ​ចំនួន​បានបដិសេធ​មិន​ព្រម​មើល ? តើ​មាន​អ្វី​ស្រដៀង​គ្នា​នេះ​ធ្លាប់​កើតឡើង​ចំពោះ​បងប្អូន​ដែរ​ឬ​ទេ ?

  • តើ​បងប្អូន​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​ដើម្បី​កាន់តែ « សម្លឹង​មើល​ទៅ​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដោយ​នូវ​សេចក្ដី​ជំនឿ » យ៉ាង​ពេញលេញ ហើយ​ទទួល​បាន​ការព្យាបាល ? ( ហេលេមិន ៨:១៥ ) ។

ការអាន​វគ្គបទគម្ពីរ​ទាំងនេះ​អាច​រំឭក​បងប្អូន​អំពី​ពេលវេលា​ផ្សេង​ទៀត​នៅក្នុង​បទគម្ពីរ នៅពេល​ដែល​មនុស្ស​ត្រូវការ​ដើម្បី​រក្សា​ការផ្តោត​អារម្មណ៍​របស់​ពួកគេ​ទៅលើ​ព្រះគ្រីស្ទ ។ ឧទាហរណ៍ ប្រៀបធៀប​សារលិខិត​នៃ ជនគណនា ២១:៤–៩ ជាមួយ ម៉ាថាយ ១៤:២៥–៣១ និង នីហ្វៃទី១ ៨:២៤–២៨ ( សូមមើល​ផងដែរ​រូបភាព​នៅ​ចុងបញ្ចប់​នៃ​គម្រោង​ប្រចាំ​សប្តាហ៍​នេះ ) ។ តើ​អ្វី​ដែល​ទាញ​យើង​ចេញ​ពី​ព្រះគ្រីស្ទ ? តើ​ទ្រង់​ប្រទាន​ពរ​ដល់​មនុស្ស​ដែល​ផ្ដោតលើ​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ​នូវ​បទ៖ « ព្រះយេស៊ូវ​អើយ​គ្រាន់​តែ​នឹក​ឡើង » ( ទំនុកតម្កើង ល.រ ៨០ ) ។

ជនគណនា ២២–២៤

ខ្ញុំ​អាច​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះ ទោះ​ជា​មនុស្ស​ដទៃ​ព្យាយាម​អូស​ទាញ​ខ្ញុំ​មិន​ឲ្យ​ធ្វើ​ដូច្នោះ​ក្ដី ។

នៅពេល​បាឡាក ជាស្ដេច​ស្រុក​ម៉ូអាប់​បាន​ដឹង​ថា ពួកសាសន៍​អ៊ីស្រាអែល​កំពុង​ធ្វើ​ដំណើរ​មក ទ្រង់បាន​ហៅ​បាឡាម ជា​បុរស​ម្នាក់​ដែល​ចេះ​ឲ្យ​ពរ និង​ដាក់​បណ្ដាសា ។ បាឡាក​ចង់​ឲ្យ​គាត់​ដាក់​បណ្ដាសា​ពួកសាសន៍​អ៊ីស្រាអែល ។ សូម​កត់​សម្គាល់​ពី​របៀប​ដែល​បាឡាក​បាន​ព្យាយាម​អូសទាញ​បាឡាម ( សូម​មើល ជនគណនា ២២:៥–៧, ១៥–១៧ ) ហើយ​គិត​ពី​ការល្បួង​ទាស់​នឹង​ព្រះឆន្ទៈ​របស់​ព្រះ​ដែល​បងប្អូន​អាច​ជួប ។ តើ​អ្វីទៅ​ដែល​ធ្វើ​ឲ្យ​បងប្អូន​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ការឆ្លើយ​តប​របស់​បាឡាម​នៅ​ក្នុង ជនគណនា ២២:១៨, ៣៨; ២៣:៨, ១២, ២៦; ២៤:១៣ ? ជា​អកុសល បាឡាម​ហាក់​ដូចជា​ចុះចាញ់​នឹង​ការដាក់​សម្ពាធ ហើយ​បានក្បត់​នឹង​អ៊ីស្រាអែល ( សូម​មើល ជនគណនា ៣១:១៦; យូដាស ១:១១ ) ។ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​នៅ​បន្ត​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ទោះ​ជា​មាន​សម្ពាធ​មក​ពី​មនុស្ស​ដទៃ​ក្ដី ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

ជនគណនា ១១:៤–១០

ខ្ញុំ​អាច​ដឹងគុណ​ចំពោះ​អ្វីដែល​ព្រះបាន​ប្រទាន​ដល់ខ្ញុំ ។

  • សូម​សួរ​កូនៗ​បងប្អូន ថាតើ​ពួកគេ​ចងចាំ​អព្ភូតហេតុ​មួយចំនួន​ដែល​ព្រះអម្ចាស់​បានធ្វើ​ដើម្បី​ជួយ​ពួកសាសន៍​អ៊ីស្រាអែល​ដែរ​ឬ​ទេ ( សូមមើល « គ្រោះកាច​នៅ​ស្រុក​អេស៊ីព្ទ » និង « បុណ្យ​រំលង » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ទំព័រ ៦៧–៧៤ ) ។ បន្ទាប់មក បងប្អូន​អាច​សង្ខេប​សម្រាប់​ពួកគេ​នូវ ជនគណនា ១១:៤–១០ ដោយ​សង្កត់ធ្ងន់​ថា​ពួកសាសន៍​អ៊ីស្រាអែល​បានភ្លេច​ពរជ័យ​របស់​ពួកគេ ហើយ​កំពុង​ត្អូញត្អែរ ។ តើ​ពរជ័យ​អ្វីខ្លះ​ដែល​យើង​ភ្លេច​នៅពេល​ខ្លះ ?

  • នៅពេល​បងប្អូន​ច្រៀង ឬ​ស្ដាប់​បទចម្រៀង​អំពី​អំណរគុណ ដូចជា​បទ « ចូរ​រាប់​ព្រះពរ » ( ទំនុកតម្កើង ល.រ. ១៦៤ ) កូនៗ​បងប្អូន​អាច​គូរ​រូបភាព​នៃ​ពរជ័យ​ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់​ពួកគេ ។

ជនគណនា ១២

ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​តាម​ព្យាការី​របស់​ទ្រង់ ។

  • ដើម្បី​ណែនាំ​ពី ជនគណនា ១២ បងប្អូន​អាច​ប្រាប់​កូនៗ​បងប្អូន​ថា ព្រះអម្ចាស់​មិន​សព្វ​ព្រះទ័យ​នឹង​អើរ៉ុន និង​ម៉ារាម​ជា​បងប្រុស និង​បងស្រី​របស់​ម៉ូសេ​ទេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន ជនគណនា ១២:១–២ ដើម្បី​ស្វែងយល់​អំពី​មូលហេតុ ។ សូម​ពិចារណា​ប្រើប្រាស់ សៀវភៅ​រូបភាព​ដំណឹងល្អ ដើម្បី​ជួយ​កូនៗ​បងប្អូន​ស្វែងរក​គំរូ​របស់​មនុស្ស​នៅក្នុង​ព្រះគម្ពីរ​ដែល​គោរព​ព្យាការី​របស់​ព្រះអម្ចាស់ ហើយ​ត្រូវបាន​ប្រទាន​ពរ ។ តើ​យើង​មាន​ពរ​យ៉ាង​ណា នៅពេល​យើង​ធ្វើ​តាម​ព្យាការី​របស់​ព្រះអម្ចាស់ ?

ជនគណនា ២១:៦–៩

ខ្ញុំ​អាច​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ ។

  • បងប្អូន​អាច​ប្រើប្រាស់ « ម៉ូសេ និង​ពស់​លង្ហិន » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ៨៣–៨៤ ដើម្បី​ជួយ​កូនៗ​បងប្អូន​រៀន​ពី​អ្វី​ដែល​បានកើតឡើង​នៅក្នុង ជនគណនា ២១:៦–៩ ។ តើ​ពស់​លង្ហិន​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ​យ៉ាងដូចម្តេច ? ( សូមមើល យ៉ូហាន ៣:១៤–១៥ ) ។ កូនៗ​បងប្អូន​ប្រហែលជា​ចូលចិត្ត​ធ្វើ​រូប​សត្វពស់​ក្រដាស ហើយ​សរសេរ​លើ​រូប​សត្វពស់​នោះ​នូវ​ដំណើររឿង​សាមញ្ញ​មួយចំនួន​ដែល​ពួកគេ​អាច​ធ្វើ​បាន « សម្លឹង​មើល​ទៅ​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដោយ​នូវ​សេចក្ដី​ជំនឿ » ( ហេលេមិន ៨:១៥ ) ។

    1:2

    Moses and the Brass Serpent

  • កូន​ធំៗ​អាច​ជ្រើសរើស​បទគម្ពីរ​មួយ​នៅក្នុង​ចំណោម​បទគម្ពីរ​ខាងក្រោម​នេះ​ហើយ​ចែកចាយ​នូវ​អ្វី​ដែល​វា​បន្ថែម​ដល់​ការយល់ដឹង​របស់​ពួកគេ​អំពី​ដំណើររឿង​នោះ ៖ នីហ្វៃទី១ ១៧:៤១; អាលម៉ា ៣៣:១៨–២០; ហេលេមិន ៨:១៣–១៥; គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:៣៦ ។

ពស់​លង្ហិន

Bronze Serpent [ ពស់​លង្ហិន ] ដោយ ប្រីនធ៍ អ៊ីវ៉ានស៍

ជនគណនា ២២–២៤

ខ្ញុំ​អាច​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះ ទោះ​ជា​មនុស្ស​ដទៃ​ព្យាយាម​អូស​ទាញ​ខ្ញុំ​មិន​ឲ្យ​ធ្វើ​ដូច្នោះ​ក្ដី ។

  • សូម​សង្ខេប ជនគណនា ២២:១–១៨ សម្រាប់​កូនៗ​បងប្អូន ដោយ​បញ្ជាក់​អំពី​របៀប​ដែល​បាឡាម​បាន​បដិសេធ​មិនព្រម​ដាក់​បណ្តាសា​ប្រជាជន​របស់​ព្រះឡើយ ទោះបីជា​បាឡាក ជា​ស្តេច​ម៉ូអាប់​បានផ្តល់​កិត្តិយស និង​ទ្រព្យសម្បត្តិ​ដល់​គាត់​ក៏ដោយ ។ បន្ទាប់មក បងប្អូន​អាច​ជួយ​កូនៗ​បងប្អូន​ស្វែងរក​ខគម្ពីរ​ខាងក្រោម​សម្រាប់​ឃ្លា​ដែល​ពួកគេ​មាន​អារម្មណ៍​បង្ហាញ​ថា បាឡាម​ចង់​ធ្វើ​តាម​ព្រះ ៖ ជនគណនា​២២:១៨; ២៣:២៦; ២៤:១៣ ។ ប្រហែលជា​កូនៗ​បងប្អូន​អាច​ជ្រើសរើស​ឃ្លាមួយ​ដែល​ពួកគេ​ចូលចិត្ត ហើយ​សរសេរ​វា​នៅលើ​កាត​មួយ​សម្រាប់​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ដើម្បី​គោរព​តាម​ព្រះអម្ចាស់ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

រូបភាព​ផ្សំ​គ្នា​ដែល​បង្ហាញ​ព្រះយេស៊ូវ​នៅលើ​ឈើឆ្កាង ពស់​លង្ហិន ព្រះយេស៊ូវ​ជួយ​ពេត្រុស​ដើរ​លើ​ទឹក និង​ការនិមិត្ត​របស់​លីហៃ

ខាងលើ​ផ្នែក​ខាង​ឆ្វេង៖ ការឆ្កាង​ព្រះគ្រីស្ទ ។ ខាងលើ​ផ្នែក​ខាង​ស្តាំ ៖ Moses and the Brass Serpent [ ម៉ូសេ និង​ពស់​លង្ហិន ] ជូឌីធ មេហរ៍ ។ ខាងក្រោម​ផ្នែក​ខាង​ឆ្វេង ៖ Finisher of Faith [ មេ​សម្រេច​សេចក្តីជំនឿ​របស់​យើង ] ដោយ ខេលស៊ី និង ចេស៊ី ឡាចវៀវ ។ ខាងក្រោម​ផ្នែក​ខាង​ស្តាំ ៖ Lehi’s Dream [ សុបិន​របស់​លីហៃ ] ដោយ ជើរី ថមសិន

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ខ្ញុំ​អាច​មើលទៅ​ព្រះយេស៊ូវ​គ្រីស្ទ