« គំនិតដែលត្រូវចងចាំ ៖ រោងឧបោសថ និងការបូជា » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« រោងឧបោសថ និងការបូជា » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
គំនិតដែលត្រូវចងចាំ
រោងឧបោសថ និងការបូជា
នៅពេលយើងអានព្រះគម្ពីរសញ្ញាចាស់ ពេលខ្លះយើងឃើញវគ្គបទគម្ពីរវែងៗអំពីអ្វីដែលសំខាន់បំផុតចំពោះព្រះអម្ចាស់ ប៉ុន្តែអាចមានអារម្មណ៍ភ្លាមៗថាមិនទាក់ទងនឹងសម័យរបស់យើងទេ ។ និក្ខមនំ ២៥–៣០; ៣៥–៤០ និង លេវីវិន័យ ១–៩; ១៦–១៧ គឺជាឧទាហរណ៍ ។ ជំពូកទាំងនេះពិពណ៌នាលម្អិតពីរោងឧបោសថរបស់អ៊ីស្រាអែលនៅក្នុងទីរហោស្ថាន និងការបូជាសត្វដែលត្រូវធ្វើនៅទីនោះ ។ រោងឧបោសថគឺជាព្រះវិហារបរិសុទ្ធដែលអាចចល័តបាន ជាទីដែលព្រះអម្ចាស់គង់នៅក្នុងចំណោមប្រជារាស្រ្តរបស់ទ្រង់ ។
ព្រះវិហារបរិសុទ្ធសម័យទំនើបរបស់យើងមានភាពស្រដៀងគ្នានឹងរោងឧបោសថរបស់អ៊ីស្រាអែលដែរ ប៉ុន្តែវាមិនត្រូវគ្នាទាំងស្រុងដូចការពិពណ៌នានៅក្នុងនិក្ខមនំ នោះទេ ។ ហើយយើងមិនសម្លាប់សត្វនៅក្នុងព្រះវិហារបរិសុទ្ធរបស់យើងនោះទេ—ដង្វាយធួនរបស់ព្រះអង្គសង្រ្គោះបានបញ្ចប់ការបូជាសត្វអស់ជាង ២,០០០ ឆ្នាំកន្លងទៅហើយ ។ ប៉ុន្តែទោះជាមានភាពខុសគ្នាទាំងនេះក៏ដោយ ក៏សព្វថ្ងៃនេះវាមានតម្លៃមហិមានៅក្នុងការអានអំពីទម្រង់ថ្វាយបង្គំរបស់អ៊ីស្រាអែលពីបុរាណដែរ ជាពិសេស ប្រសិនបើយើងមើលទៅពួកគេដូចជាប្រជារាស្រ្តរបស់ព្រះនៅក្នុងព្រះគម្ពីរមរមនបានមើលឃើញ—ជារបៀប « ជួយពង្រឹងសេចក្ដីជំនឿរបស់គេក្នុងព្រះគ្រីស្ទ » ( អាលម៉ា ២៥:១៦ ) ។ នៅពេលយើងយល់ពីនិមិត្តរូបនៃរោងឧបោសថ និងការបូជាសត្វ យើងអាចទទួលបានការយល់ដឹងខាងវិញ្ញាណដែលនឹងពង្រឹងសេចក្តីជំនឿរបស់យើងលើព្រះគ្រីស្ទ ។
Sacrifice of a Lamb [ ការបូជាកូនចៀម ] ដោយ រ៉ូប៊ើតធី បារេត
រោងឧបោសថពង្រឹងសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ
នៅពេលព្រះបង្គាប់ម៉ូសេឲ្យសង់រោងឧបោសថមួយនៅក្នុងជំរំនៃពួកសាសន៍អ៊ីស្រាអែល ទ្រង់បានថ្លែងពីគោលបំណងរបស់រោងឧបោសថនេះ ៖ « ដើម្បីឲ្យយើងបាននៅកណ្តាលគេ » ( និក្ខមនំ ២៥:៨ ) ។ នៅក្នុងរោងឧបោសថ វត្តមានរបស់ព្រះត្រូវបានតំណាងដោយហឹបនៃសេចក្តីសញ្ញា—ប្រអប់ឈើ ដែលស្រោបមាស ដោយមានចារឹកនូវសេចក្តីសញ្ញារបស់ព្រះជាមួយប្រជារាស្រ្តរបស់ទ្រង់ ។ ហឹបនេះត្រូវបានរក្សាទុកនៅក្នុងបន្ទប់បរិសុទ្ធបំផុត បន្ទប់នៅជ្រៅបំផុត ដែលត្រូវបានខណ្ឌចែកដោយឡែកពីបន្ទប់ផ្សេងៗក្នុងរោងឧបោសថដោយវាំងនន ។ វាំងនននេះជានិមិត្តរូបនៃការបែកចេញពីវត្តមានរបស់ព្រះពីព្រោះតែការធ្លាក់របស់យើង ក៏ជាផ្លូវរបស់យើងត្រឡប់ទៅរកទ្រង់វិញ—តាមរយៈព្រះអង្គសង្រ្គោះផងដែរ ។
ក្រៅពីម៉ូសេ យើងដឹងថាមានមនុស្សតែម្នាក់ប៉ុណ្ណោះដែលអាចចូល « ទីបរិសុទ្ធបំផុត » ( និក្ខមនំ ២៦:៣៤ )—គឺសង្ឃជាន់ខ្ពស់ ។ ដូចជាសង្ឃដទៃទៀតដែរ ដំបូងលោកត្រូវតែបានលាង និងតាំងប្រេងជាមុនសិន និងស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋជានិមិត្តរូបនៃតំណែងរបស់លោក ។ មួយឆ្នាំម្តង នៅថ្ងៃដែលហៅថា ថ្ងៃនៃដង្វាយធួន សង្ឃជាន់ខ្ពស់នឹងថ្វាយដង្វាយជំនួសមុខឲ្យប្រជាជនពីមុនចូលទៅក្នុងរោងឧបោសថតែម្នាក់ឯង ។ នៅឯវាំងនន លោកនឹងដុតគ្រឿងក្រអូប ។ ផ្សែងពីគ្រឿងក្រអូបបានភាយឡើងទៅស្ថានសួគ៌ដែលតំណាងឲ្យការអធិស្ឋានរបស់ប្រជាជនកំពុងឡើងទៅរកព្រះ ។ បន្ទាប់មក សង្ឃជាន់ខ្ពស់ យកឈាមពីសត្វដែលបូជា ដើរកាត់វាំងនន ហើយឆ្ពោះទៅរកបល្ល័ង្ករបស់ព្រះ ដែលជានិមិត្តរូបដោយហឹបនៃសេចក្តីសញ្ញា ។
ដោយដឹងពីអ្វីដែលបងប្អូនដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះរាជតួនាទីរបស់ទ្រង់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ តើបងប្អូនអាចមើលឃើញពីរបៀបដែលរោងឧបោសថបង្ហាញផ្លូវយើងទៅរកព្រះអង្គសង្រ្គោះដែរឬទេ ? គឺដូចជារោងឧបោសថ និងហឹបដែលមាននៅក្នុងរោងឧបោសថដែរ ជាតំណាងឲ្យវត្តមានរបស់ព្រះនៅក្នុងចំណោមប្រជារាស្រ្តរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺជា វត្តមានរបស់ព្រះនៅក្នុងចំណោមប្រជារាស្រ្តរបស់ទ្រង់ ។ ក៏ដូចជាសង្ឃជាន់ខ្ពស់ផងដែរ ព្រះយេស៊ូវគ្រីស្ទ គឺជាអង្គសង្រួបសង្រួមរវាងយើង និងព្រះជាព្រវរបិតា ។ ទ្រង់បានឆ្លងកាត់វាំងននដើម្បីធ្វើការអង្វរសម្រាប់យើងដោយគុណធម៌នៃព្រះលោហិតនៃការពលិកម្មរបស់ទ្រង់ផ្ទាល់ ។
បងប្អូនអាចដឹងពីទិដ្ឋភាពខ្លះៗនៃរោងឧបោសថរបស់អ៊ីស្រាអែល ជាពិសេស ប្រសិនបើបងប្អូនធ្លាប់បានទៅព្រះវិហារបរិសុទ្ធដើម្បីទទួលពិធីបរិសុទ្ធរបស់បងប្អូនផ្ទាល់ ។ ព្រះវិហារបរិសុទ្ធគឺជាព្រះដំណាក់នៃព្រះអម្ចាស់—ជាទីដែលទ្រង់គង់នៅក្នុងចំណោមប្រជារាស្រ្តរបស់ទ្រង់ ។ ដូចជាកន្លែងបរិសុទ្ធបំផុតរបស់រោងឧបោសថដែរ បន្ទប់សេឡេស្ទាលរបស់ព្រះវិហារបរិសុទ្ធតំណាងឲ្យវត្តមានរបស់ព្រះផងដែរ ។ ដើម្បីចូលទៅក្នុងបាន ដំបូងយើងត្រូវតែលាង និងចាក់ប្រេងតាំងជាមុនសិន ។ យើងពាក់សម្លៀកបំពាក់ពិសិដ្ឋ ។ យើងធ្វើសេចក្ដីសញ្ញាទាំងឡាយ ។ យើងអធិស្ឋាននៅឯអាសនាដែលការអធិស្ឋាននោះនឹងឡើងទៅកាន់ព្រះ ។ ហើយនៅទីបំផុតយើងដើរឆ្លងកាត់វាំងននចូលទៅក្នុងវត្តមានរបស់ព្រះ ។
ប្រហែលភាពស្រដៀងគ្នាដែលសំខាន់បំផុតរវាងព្រះវិហារបរិសុទ្ធសម័យទំនើប និងរោងឧបោសថពីបុរាណ គឺថាទាំងពីរ បើយល់ឲ្យបានត្រឹមត្រូវ គឺដើម្បីពង្រឹងសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងបំពេញយើងជាមួយនឹងអំណរគុណចំពោះពលិកម្មធួនរបស់ទ្រង់ ។ ព្រះមានព្រះទ័យចង់ឲ្យបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ចូលទៅកាន់ទីវត្តមានរបស់ទ្រង់ ទ្រង់សព្វព្រះទ័យចង់ឲ្យ « នគរ … សុទ្ធតែជាសង្ឃ » និងសង្ឃស្ត្រី ( និក្ខមនំ ១៩:៦ ) ។ ប៉ុន្តែ អំពើបាបរបស់យើងរារាំងយើងពីការទទួលបានពរជ័យនោះ ដ្បិត « គ្មានអ្វីដែលមិនស្អាត អាចអាស្រ័យនៅជាមួយនឹងព្រះបានឡើយ » ( នីហ្វៃទី១ ១០:២១ ) ។ ដូច្នេះ ព្រះជាព្រះវរបិតាបានចាត់ព្រះយេស៊ូវគ្រីស្ទ « ជាសម្តេចចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក » របស់យើង ( ហេព្រើរ ៩:១១ ) ។ ទ្រង់បើកវាំងននសម្រាប់យើង ហើយប្រទានអំណាចដល់រាស្ត្រ គ្រប់រូប របស់ព្រះ ដើម្បី « មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា » ( ហេព្រើរ ៤:១៦ ) ។
សព្វថ្ងៃនេះ គោលបំណងរបស់ព្រះវិហារបរិសុទ្ធគឺលើសពីការទទួលបានភាពតម្កើងឡើងសម្រាប់ខ្លួនយើងទៅទៀត ។ បន្ទាប់ពីទទួលបានពិធីបរិសុទ្ធផ្ទាល់ខ្លួនរបស់យើង និងធ្វើសេចក្តីសញ្ញាជាមួយព្រះ នោះយើងអាចឈរនៅកន្លែងនៃបុព្វការីជនរបស់យើង ហើយទទួលពិធីបរិសុទ្ធជំនួសឲ្យពួកលោក ។ បើគិតតាមរបៀបមួយ យើងអាចប្រែក្លាយទៅជាសម្ដេចសង្ឃកាលពីបុរាណ—និងសម្ដេចសង្ឃដ៏អស្ចារ្យ—ដោយបើកផ្លូវទៅកាន់វត្តមានរបស់ព្រះសម្រាប់មនុស្សដទៃទៀត ។
ការបូជាជួយពង្រឹងជំនឿលើព្រះយេស៊ូវគ្រីស្ទ
គោលការណ៍នៃដង្វាយធួន និងការផ្សះផ្សាត្រូវបានបង្រៀនយ៉ាងមានឥទ្ធិពលនៅក្នុងការអនុវត្តនៃការបូជាសត្វកាលពីបុរាណ ដែលកើតមានយូរមកហើយពីមុនក្រឹត្យវិន័យរបស់ម៉ូសេ ។ លោកអ័ដាម និងនាងអេវ៉ាថ្វាយការបូជា ។ ពួកលោកបានយល់ពីនិមិត្តរូបនៃការបូជារបស់ព្រះអង្គសង្គ្រោះ ។ ហើយពួកលោកបានបង្រៀនរឿងនេះដល់កូនៗរបស់ពួកលោក ។
និមិត្តរូបនៃការបូជាសត្វអាចទំនងជាចង្អុលបង្ហាញជាពិសេសនៅថ្ងៃនៃដង្វាយធួនរបស់អ៊ីស្រាអែលកាលពីបុរាណ ( « យ៉ុមគីបពួរ » ជាភាសាហេព្រើរ ) ។ សេចក្ដីត្រូវការសម្រាប់ពិធីប្រចាំឆ្នាំនេះត្រូវបានបង្ហាញនៅក្នុង លេវីវិន័យ ១៦:៣០ ៖ ថា « ដ្បិតនៅថ្ងៃនោះនឹងបានធ្វើឲ្យធួននឹងឯងរាល់គ្នា ដើម្បីនឹងញែកចេញជាស្អាត នោះឯងរាល់គ្នានឹងបានស្អាតពីអំពើបាបទាំងប៉ុន្មាននៅចំពោះព្រះយេហូវ៉ា » ។ ការណ៍នេះអនុញ្ញាតឲ្យវត្តមានរបស់ព្រះបន្តមាននៅក្នុងចំណោមប្រជាជននោះ ។ ដង្វាយធួននេះត្រូវបានសម្រេចឡើងតាមរយៈពិធីខុសៗគ្នា ។ នៅក្នុងពិធីមួយ សត្វពពែមួយក្បាលត្រូវបានគេសម្លាប់ធ្វើជាដង្វាយថ្វាយសម្រាប់អំពើបាបរបស់ប្រជាជននោះ ហើយសម្ដេចសង្ឃបានយកឈាមពពែនោះចូលទៅក្នុងទីបរិសុទ្ធបំផុត ។ ក្រោយមក សម្ដេចសង្ឃបានដាក់ដៃរបស់គាត់នៅលើសត្វពពែមួយក្បាលដែលមានជីវិត ហើយបានប្រាប់ពីអំពើបាបរបស់កូនចៅអ៊ីស្រាអែល—ជានិមិត្តរូបនៃការបញ្ជូនអំពើបាបទាំងនោះទៅឲ្យសត្វពពែនោះ ។ បន្ទាប់មក សត្វពពែនោះត្រូវបានគេដឹកចេញពីជំរំរបស់អ៊ីស្រាអែល ។
នៅក្នុងពិធីសាសនាទាំងនេះ សត្វពពែនោះតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ដោយជំនួសឲ្យប្រជាជនដែលមានបាប ។ អំពើបាបមិនត្រូវបានអនុញ្ញាតឲ្យមាននៅក្នុងវត្តមានរបស់ព្រះឡើយ ។ ប៉ុន្តែជាជាងបំផ្លាញ ឬបណ្ដេញពួកអ្នកមានបាបចេញ នោះព្រះបានប្រទានវិធីមួយទៀត—គឺសត្វពពែមួយក្បាលត្រូវគេសម្លាប់ ឬបណ្ដេញចេញជំនួសវិញ ។ « ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្តីទុច្ចរិតរបស់គេ » ( លេវីវិន័យ ១៦:២២ ) ។
ពិធីសាសនាទាំងនេះបានចង្អុលទៅរកវិធីដែលព្រះបានប្រទាន ដើម្បីនាំយើងត្រឡប់ទៅវត្តមានរបស់ទ្រង់វិញ—គឺព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ ព្រះអង្គសង្គ្រោះបាន « ទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើង » ថែមទាំង « អំពើទុច្ចរិតរបស់យើងទាំងអស់គ្នា » ផងដែរ ( អេសាយ ៥៣:៤, ៦ ) ។ ទ្រង់បានឈរជំនួសយើង ដោយប្រទានព្រះជន្មរបស់ទ្រង់ដើម្បីបង់ថ្លៃទោសនៃអំពើបាប រួចហើយបានយកឈ្នះសេចក្ដីស្លាប់តាមរយៈការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ ការបូជារបស់ព្រះយេស៊ូវគ្រីស្ទគឺជា « ការបូជាមួយដ៏មហិមា និងចុងក្រោយបង្អស់ មែនហើយ ពុំមែនជាការបូជារបស់មនុស្ស ឬក៏របស់សត្វទេ » ប៉ុន្តែជាងនោះទៀតគឺជា « ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ( អាលម៉ា ៣៤:១០ ) ។ ទ្រង់គឺជាការបំពេញនៃអ្វីៗគ្រប់យ៉ាងដែលការបូជាកាលពីបុរាណបានចង្អុលបង្ហាញដល់ ។
ដោយសារតែហេតុផលនេះ បន្ទាប់ពីការបូជារបស់ទ្រង់បានបញ្ចប់ នោះទ្រង់បានមានបន្ទូលថា « អ្នករាល់គ្នាមិនត្រូវថ្វាយដល់យើងនូវការខ្ចាយឈាមទៀតទេ មែនហើយ យញ្ញបូជា … ទាំងឡាយរបស់អ្នកនឹងត្រូវចោល ។ … ហើយអ្នករាល់គ្នាត្រូវថ្វាយដល់យើងនូវចិត្តសង្រេង និងវិញ្ញាណទន់ទាបវិញ » ( នីហ្វៃទី ៣ ៩:១៩–២០ ) ។
ដូច្នេះ នៅពេលបងប្អូនស្វែងរកបទគម្ពីរនៅក្នុងគម្ពីរសញ្ញាចាស់អំពីយញ្ញបូជា និងរោងឧបោសថ ( ឬក្រោយមកទៀត ព្រះវិហារបរិសុទ្ធ )—ហើយបងប្អូននឹងរកឃើញយ៉ាងច្រើន—សូមចងចាំថា គោលបំណងចម្បងរបស់វាគឺដើម្បីពង្រឹងសេចក្ដីជំនឿរបស់បងប្អូនលើព្រះមែស៊ី គឺជាព្រះយេស៊ូវគ្រីស្ទ ។ ភ្ជាប់អ្វីដែលបងប្អូនអាន និងរៀនជាមួយនឹងការថ្វាយបង្គំរបស់បងប្អូននៅក្នុងដំណាក់របស់ទ្រង់ ។ ចូរឲ្យដួងចិត្ត និងគំនិតរបស់បងប្អូនបែរទៅរកទ្រង់ ។ សូមពិចារណាពីអ្វីដែលទ្រង់បានធ្វើដើម្បីនាំយកបងប្អូនត្រឡប់ទៅវត្តមានរបស់ព្រះវិញ—និងអ្វីដែលបងប្អូននឹងធ្វើដើម្បីដើរតាមទ្រង់ ។