« ថ្ងៃទី២០–២៦ ខែមេសា ‹ យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្តីដែលព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលមក › ៖ និក្ខមនំ ១៩–២០; ២៤; ៣១–៣៤ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី២០–២៦ ខែមេសា ‹ យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្តីដែលព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលមក › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
Moses and the Tablets [ ម៉ូសេ និងផ្ទាំងថ្ម ] ដោយ ជេរី ហាស្តុន ( សេចក្តីលម្អិត )
ថ្ងៃទី២០–២៦ ខែមេសា ៖ « យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្តីដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមក »
និក្ខមនំ ១៩–២០; ២៤; ៣១–៣៤
ទោះជាកូនចៅអ៊ីស្រាអែលបានរអ៊ូរទាំ ហើយងាករេកាលពីអតីតកាលក្តី នៅពេលម៉ូសេអានក្រឹត្យវិន័យនៅជើងភ្នំស៊ីណាយ ពួកគេបានធ្វើសេចក្តីសញ្ញានេះ ៖ « យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្តី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមក ហើយនឹងស្តាប់បង្គាប់គ្រប់ចំពូកផង » ( និក្ខមនំ ២៤:៧ ) ។ បន្ទាប់មកព្រះបានហៅម៉ូសេឡើងលើភ្នំ ដោយប្រាប់គាត់ឲ្យធ្វើរោងឧបោសថមួយឡើង ដើម្បី « ឲ្យអញបាននៅកណ្តាលគេ » ( និក្ខមនំ ២៥:៨ ) ។
ប៉ុន្តែនៅពេលម៉ូសេ នៅលើកំពូលភ្នំកំពុងរៀនពីរបៀបដែលពួកសាសន៍អ៊ីស្រាអែលអាចមានវត្ដមានទ្រង់គង់នៅក្នុងចំណោមពួកគេ ពួកសាសន៍អ៊ីស្រាអែលនៅឯជើងភ្នំ ធ្វើរូបសំណាកមាសដើម្បីថ្វាយបង្គំទៅវិញ ។ ភ្លាមៗបន្ទាប់ពីការសន្យា « កុំឲ្យមានព្រះឯណាទៀត » ពួកគេ « រហ័សបែរចេញ » ពីព្រះបញ្ញត្តិរបស់ព្រះ ( និក្ខមនំ ២០:៣; ៣២:៨; សូមមើលផងដែរ និក្ខមនំ ២៤:៣ ) ។ វាគឺជាការបែរចេញដ៏គួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែចេញពីបទពិសោធន៍យើងដឹងថា សេចក្តីជំនឿ និងការប្តេជ្ញាចិត្តពេលខ្លះអាចចុះចាញ់ដោយការគ្មានអំណត់ សេចក្តីភ័យខ្លាច ឬការសង្ស័យ ។ នៅពេលយើងស្វែងរកវត្តមានរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង វាគឺជាការលើកទឹកចិត្តដើម្បីដឹងថា ព្រះអម្ចាស់មិនបានបោះបង់ចោលអ៊ីស្រាអែលពីបុរាណនោះទេ ហើយទ្រង់នឹងមិនបោះបង់យើងចោល និងមនុស្សដែលយើងស្រឡាញ់ឡើយ—ដ្បិតទ្រង់ « មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ជាបរិបូរ » ( និក្ខមនំ ៣៤:៦ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
និក្ខមនំ ១៩:៣–៦
ប្រជារាស្រ្តក្នុងសេចក្តីសញ្ញារបស់ព្រះអម្ចាស់គឺមានតម្លៃចំពោះទ្រង់ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពាក្យភាសាហេព្រើរដែលពាក្យ ភោគទ្រព្យ ត្រូវបានបកប្រែគឺជា segullah ដែលមានន័យថា ‹ ទ្រព្យសម្បត្តិដែលមានតម្លៃ › ឬ ‹ រតនសម្បត្តិ › ។… ការដែលយើងត្រូវបានកំណត់ដោយពួកអ្នកបម្រើនៃព្រះអម្ចាស់ថាជា រាស្ត្រ ភោគទ្រព្យ របស់ទ្រង់ គឺជាការសរសើរនៃលំដាប់ដ៏ខ្ពស់បំផុត » ( « Children of the Covenant » Ensign ខែឧសភា ឆ្នាំ១៩៩៥ ទំព័រ ៣៤ ) ។ តើប្រសាសន៍របស់ប្រធាន ណិលសុន មានឥទ្ធិពលលើរបៀបដែលបងប្អូនយល់ពី និក្ខមនំ ១៩:៣–៦ យ៉ាងដូចម្តេច ? តើព្រះអម្ចាស់បានបង្ហាញបងប្អូនថាទ្រង់ឲ្យតម្លៃបងប្អូនដោយរបៀបណា ?
និក្ខមនំ ១៩:១០–១១, ១៧
ដើម្បីទទួលបានបទពិសោធន៍ដ៏ពិសិដ្ឋទាមទារឲ្យមានការរៀបចំខ្លួន ។
ព្រះអម្ចាស់បានប្រាប់ទៅម៉ូសេថា ដំណនៃអ៊ីស្រាអែលត្រូវរៀបចំខ្លួនពីមុនពួកគេអាច « ទៅជួបនឹងព្រះ » ( និក្ខមនំ ១៩:១០–១១, ១៧ ) ហើយរក្សាសេចក្តីសញ្ញាជាមួយទ្រង់ ( សូមមើល និក្ខមនំ ១៩:៥ ) ។ តើបងប្អូនរៀបចំខ្លួនសម្រាប់បទពិសោធន៍ខាងវិញ្ញាណដោយរបៀបណា រួមទាំងពិធីសាក្រាម៉ង់ និងពិធីការបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធផងដែរ ? តើបងប្អូនអាចជួយអ្នកដទៃឲ្យរៀបចំខ្លួនយ៉ាងដូចម្ដេច ? តើបងប្អូនរៀនអ្វីខ្លះអំពីការរៀបចំខ្លួនពី លូកា ៦:១២–១៣; អេណុស ១:២–៦; អាលម៉ា ១៧:២–៣ ?
ភ្នំនេះនៅស្រុកអេស៊ីព្ទតាមទំនៀមទម្លាប់ជឿថាភ្នំនេះជាភ្នំស៊ីណាយ ។
និក្ខមនំ ២០:១–១៧
ការគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះនាំមកនូវពរជ័យ ។
នៅពេលដែលពួកសាសន៍អ៊ីស្រាអែលត្រូវបានប្រមូលផ្តុំគ្នានៅជើងភ្នំស៊ីណាយ ពួកគេបានឮសំឡេងនៃព្រះបានប្រទានក្រឹត្យវិន័យទាំងដប់ប្រការ ( សូមមើល ចោទិយកថា ៤:១២–១៣ ) ។ ជាការពិតណាស់ ទាំងនេះមិនមែនជាបទបញ្ញត្តិតែមួយគត់របស់ព្រះទេ—មានច្រើនផ្សេងទៀតនៅក្នុងព្រះគម្ពីរ ។ ដូច្នេះនៅពេលបងប្អូនអាន និក្ខមនំ ២០:១–១៧ សូមសួរខ្លួនឯងថា ហេតុអ្វីបានជាព្រះបានសង្កត់ធ្ងន់ជាពិសេសចំពោះក្រឹត្យវិន័យទាំងដប់ប្រការនេះ ? នេះជាតារាងគំរូមួយដែលបងប្អូនអាចប្រើនៅពេលបងប្អូនជញ្ជឹងគិតពីសារៈសំខាន់នៃក្រឹត្យវិន័យទាំងដប់ប្រការនៅក្នុងជីវិតរបស់បងប្អូន ៖
|
បទបញ្ញត្តិ |
ម្យ៉ាងទៀត ព្រះអម្ចាស់កំពុងសុំខ្ញុំឲ្យ … |
ពរជ័យទាំងឡាយដែលចេញមកពីការរស់នៅតាមបទបញ្ញត្តិនេះ |
|---|---|---|
-
តើការគោរពតាមក្រឹត្យវិន័យទាំងដប់ប្រការទាំងនេះជួយបងប្អូនឲ្យគោរពតាមបទបញ្ញត្តិដ៏អស្ចារ្យពីរដែលព្រះយេស៊ូវបានប្រទានមកនៅក្នុង ម៉ាថាយ ២២:៣៤–៤០ យ៉ាងដូចម្តេច ?
-
តើមានរឿងអ្វីខ្លះ ដែលបងប្អូនអាចត្រូវបានល្បួងឲ្យដាក់ពីមុនព្រះ ? តើបងប្អូនបានឃើញពរជ័យអ្វីខ្លះពីការដាក់ព្រះជាចម្បង ?
-
តើបងប្អូននឹងឆ្លើយតបយ៉ាងណាចំពោះនរណាម្នាក់ដែលនិយាយថា បញ្ញត្តិដប់ប្រការត្រូវបានប្រទានមកជាយូរមកហើយ ហើយមិនបានអនុវត្តនៅសព្វថ្ងៃនេះទេ ? តើគំរូអ្វីខ្លះពីជីវិតរបស់បងប្អូន ដែលបងប្អូននឹងចែកចាយជាផ្នែកនៃការឆ្លើយតបរបស់បងប្អូន ? តើទំនុកតម្កើងបទ « ឱ ! បញ្ញត្តិទន់ភ្លន់ទ្រង់ » ( ទំនុកតម្កើង ល.រ. ៦៨ ) មានឥទ្ធិពលលើរបៀបដែលបងប្អូនពន្យល់ពីបទបញ្ញត្តិរបស់ព្រះទៅកាន់អ្នកដទៃដោយរបៀបណា ?
-
តើព្រះអម្ចាស់បានបំពេញការសន្យានេះនៅក្នុង និក្ខមនំ ២០:៦ នៅក្នុងជីវិតរបស់បងប្អូនដោយរបៀបណា ?
សូមមើលផងដែរ « The Great Commandment—Love the Lord, » នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ២០១៤ ) ទំព័រ ៣៧–៤៥; ដាល្លិន អេក អូក « No Other Gods » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ៧២–៧៥; Topics and Questions « Commandments » នៅលើបណ្ណាល័យដំណឹងល្អ ។
និក្ខមនំ ២៤:១–១១
ការធ្វើសេចក្តីសញ្ញាបង្ហាញពីឆន្ទៈរបស់ខ្ញុំដើម្បីគោរពតាមក្រឹត្យវិន័យរបស់ព្រះ ។
នៅពេលបងប្អូនអាន និក្ខមនំ ២៤:៣–៨ សូមពិចារណាអំពីសេចក្ដីសញ្ញាដែលបងប្អូនបានធ្វើជាមួយនឹងព្រះ ។ ខណៈដែលសេចក្ដីសញ្ញារបស់អ៊ីស្រាអែលរួមបញ្ចូលពិធីសាសនាដែលខុសពីអ្វីដែលព្រះតម្រូវនៅសព្វថ្ងៃនេះ នោះបងប្អូនប្រហែលជាសម្គាល់ឃើញភាពស្រដៀងគ្នាមួយចំនួន ។ ឧទាហរណ៍ ខទី ៤, ៥ និង ៨ បានលើកឡើងអំពី អាសនា ដង្វាយសត្វពាហនៈ និងលោហិត ។ តើអ្វីៗទាំងនេះអាចតំណាងអ្វី ហើយតើវាទាក់ទងនឹងសេចក្តីសញ្ញារបស់បងប្អូនយ៉ាងដូចម្តេច ?
និក្ខមនំ ៣២–៣៤
អំពើបាបគឺជាការងាកចេញពីព្រះ ។ ការប្រែចិត្តគឺជាការងាកទៅរកទ្រង់ ហើយចេញឆ្ងាយពីអំពើអាក្រក់ ។
សូមព្យាយាមដាក់ខ្លួនបងប្អូននៅក្នុងស្ថានភាពរបស់ពួកសាសន៍អ៊ីស្រាអែល—បងប្អូននៅក្នុងទីរហោស្ថាន ម៉ូសេចេញទៅអស់រយៈពេល ៤០ ថ្ងៃ ហើយការប្រឈមមុខជាមួយសាសន៍កាណាននៅលើទឹកដីដែលបានសន្យាគឺជាអនាគតរបស់បងប្អូន ( សូមមើល និក្ខមនំ ៣២:១–៨ ) ។ ហេតុអ្វីបងប្អូនគិតថាពួកសាសន៍អ៊ីស្រាអែលចង់បានរូបសំណាកមាសនោះ ? តើមានអ្វីបំផុសគំនិតបងប្អូនអំពីការទូលអង្វររបស់ម៉ូសេ ចំពោះព្រះអម្ចាស់នៅក្នុង និក្ខមនំ ៣៣:១១–១៧ ដែរឬទេ ?
ខណៈដែលអំពើបាបរបស់ពួកសាសន៍អ៊ីស្រាអែលធ្ងន់ធ្ងរ នោះដំណើររឿងនេះក៏បានបញ្ចូលនូវសារលិខិតនៃសេចក្តីមេត្តាករុណា និងការអភ័យទោសរបស់ព្រះផងដែរ ។ តើ និក្ខមនំ ៣៤:១–១០ បង្រៀនបងប្អូនអ្វីខ្លះអំពីព្រះអង្គសង្រ្គោះ ? ( សូមមើល និក្ខមនំ ៣២:៣០–៣២; ម៉ូសេ ១៤:៤–៨; ១៥:៩; គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៣–៥ ) ។
និក្ខមនំ ៣១:១៣–១៦
ថ្ងៃឈប់សម្រាកគឺជាទីសម្គាល់មួយ ។
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា ៖ « កាលខ្ញុំនៅក្មេង ខ្ញុំបានសិក្សាកិច្ចការរបស់បងប្អូនដទៃទៀត ដែលបានចងក្រងជាបញ្ជីនៃអ្វីដែលត្រូវធ្វើនិងអ្វីដែល មិន ត្រូវធ្វើនៅថ្ងៃឈប់សម្រាក ។ ក្រោយមកទើបខ្ញុំបានរៀនពីព្រះគម្ពីរថា ការប្រព្រឹត្ត និងអាកប្បកិរិយារបស់ខ្ញុំនៅថ្ងៃឈប់សម្រាក បានបង្កើតជា ទីសម្គាល់ មួយរវាងខ្ញុំនិងព្រះវបិតាសួគ៌ [ សូមមើល និក្ខមនំ ៣១:១៣; អេសេគាល ២០:១២, ២០ ] ។ ដោយមានការយល់ដឹងបែបនោះ ខ្ញុំពុំត្រូវការបញ្ជីនៃអ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើទៀតឡើយ ។ ពេលខ្ញុំសម្រេចចិត្តថាតើសកម្មភាពណាដែលសមស្របនៅថ្ងៃឈប់សម្រាក នោះខ្ញុំគ្រាន់តែសួរខ្លួនឯងថា ‹ តើ ទីសម្គាល់ ណាដែលខ្ញុំចង់បង្ហាញដល់ព្រះ ? › សំណួរនោះបានធ្វើឲ្យជម្រើសរបស់ខ្ញុំអំពីថ្ងៃឈប់សម្រាកភ្លឺច្បាស់ដូចជាកែវគ្រីស្ដាល់ » ( « The Sabbath Is a Delight » Liahona ខែឧសភា ឆ្នាំ២០១៥ ទំព័រ ១៣០ ) ។ សូមជញ្ជឹងគិតនូវទីសម្គាល់ណាដែលបងប្អូនចង់ថ្វាយព្រះ ជាមួយនឹងការគោរពប្រតិបត្តិថ្ងៃឈប់សម្រាក ។
និក្ខមនំ ៣៤:១–៤
តើមានអ្វីខ្លះខុសគ្នារវាងបន្ទះថ្ម ២ ដែលម៉ូសេបានធ្វើ ?
នៅពេលម៉ូសេបានចុះពីលើភ្នំវិញ គាត់បានយកក្រឹត្យវិន័យដែលមានសរសេរនៅលើបន្ទះថ្ម ។ បន្ទាប់ពីដឹងថា ពួកសាសន៍អ៊ីស្រាអែលបានបំពានសេចក្តីសញ្ញារបស់ពួកគេ ម៉ូសេបានបំបែកបន្ទះថ្ម ( សូមមើល និក្ខមនំ ៣១:១៨; ៣២:១៩ ) ។ ក្រោយមក ព្រះបង្គាប់ឲ្យម៉ូសេធ្វើបន្ទះថ្ម ២ ផ្សេងទៀត ហើយយកវាទៅភ្នំវិញ ( សូមមើល និក្ខមនំ ៣៤:១–៤ ) ។ ការបកប្រែដោយយ៉ូសែបស្មីធ និក្ខមនំ ៣៤:១–២ ( នៅក្នុង Bible appendix ) បញ្ជាក់ថា បន្ទះថ្ម ២ លើកដំបូង មានរួមបញ្ចូលទាំងពិធីបរិសុទ្ធ « របៀបដ៏បរិសុទ្ធ » របស់ព្រះ ឬបព្វជិតភាពម៉ិលគីស្សាដែក ។ បន្ទះថ្មលើកទីពីរមានរួមបញ្ចូល « ក្រឹត្យវិន័យ ដែលមានសេចក្តីបញ្ញាត្តិខាងសាច់ឈាម » ។ នេះគឺជាក្រឹត្យវិន័យថ្នាក់ទាបដែលបានគ្រប់គ្រងដោយ « បព្វជិតភាពតូចជាង » ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:១៧–២៧ ) ដែលមានន័យថាត្រូវរៀបចំពួកសាសន៍អ៊ីស្រាអែលដើម្បីទទួលក្រឹត្យវិន័យខ្ពស់ជាង និងបព្វជិតភាពខ្ពស់ជាង ដើម្បីពួកគេអាចចូលទីវត្តមានរបស់ព្រះ ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
និក្ខមនំ ២០:៣–១៧
ព្រះបានប្រទានដល់ខ្ញុំនូវក្រឹត្យវិន័យទាំងឡាយ ពីព្រោះទ្រង់សព្វព្រះទ័យឲ្យខ្ញុំរីករាយ ។
-
តើបងប្អូនអាចធ្វើឲ្យការរៀនអំពីក្រឹត្យវិន័យទាំងដប់ប្រការសប្បាយរីករាយសម្រាប់កូនៗបងប្អូនដោយរបៀបណា ? នៅពេលបងប្អូនអាន និក្ខមនំ ២០:៣–១៧ ជាមួយគ្នា សូមឲ្យកូនៗបងប្អូនជួយបងប្អូនស្វែងរក ឬគូររូបភាពមួយដើម្បីតំណាងឲ្យក្រឹត្យវិន័យទាំងដប់ប្រការនីមួយៗ ។ បន្ទាប់មក កូនៗបងប្អូនអាចប្តូរវេនគ្នាជ្រើសរើសរូបភាពមួយ ហើយនិយាយអំពីរបៀបដែលពួកគេអាចរស់នៅតាមបទបញ្ញត្តិនោះ ។ សូមចែកចាយគ្នាទៅវិញទៅមកអំពីរបៀបដែលការរស់នៅតាមបទបញ្ញត្តិនោះនាំមកនូវសុភមង្គល ។
-
បងប្អូនក៏អាចច្រៀងជាមួយគ្នានូវបទចម្រៀងដូចជាបទ « រក្សាបទបញ្ញត្តិ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៩០ ) ។ សូមជួយកូនៗបងប្អូនស្វែងរកពាក្យនៅក្នុងបទចម្រៀងដែលបង្រៀនពួកគេពីមូលហេតុដែលព្រះសព្វព្រះទ័យឲ្យយើងគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ។
នៅពេលកូនៗចែកចាយបទពិសោធន៍ខាងវិញ្ញាណ នោះទីបន្ទាល់របស់ពួកគេរីកចម្រើន ។ សំណួរដែលបងប្អូនសួរអាចលើកទឹកចិត្តកូនៗបងប្អូន ឲ្យចែកចាយពីអារម្មណ៍របស់ពួកគេចំពោះព្រះអង្គសង្គ្រោះ និងរបៀបរស់នៅតាមដំណឹងល្អដែលបានផ្ដល់ពរជ័យដល់ពួកគេ ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ៣២ ) ។ នៅពេលពួកគេធ្វើដូចនេះ នោះពួកគេកំពុងថ្លែង ទីបន្ទាល់ហើយ ។ សូមពិចារណាពីរបៀបដែលបងប្អូនអាចធ្វើដូច្នេះ នៅពេលបងប្អូនពិភាក្សាអំពីពរជ័យដែលបានមកពីការរស់នៅតាមក្រឹត្យវិន័យទាំងដប់ប្រការ ។
និក្ខមនំ ២០:១២
ព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យខ្ញុំគោរពឪពុកម្តាយរបស់ខ្ញុំ ។
-
សូមជួយកុមាររៀនពីឃ្លា « ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ » ( និក្ខមនំ ២០:១២ ) ។ បងប្អូនអាចពន្យល់ថា ពាក្យ « គោរពប្រតិបត្តិ » មនុស្សម្នាក់អាចចង់មានន័យថា ជាការបង្ហាញការគួរសមដល់ពួកគាត់ ឬដើម្បីនាំមកនូវសុភមង្គលដល់ពួកគេ ។ តើព្រះយេស៊ូវបានធ្វើអ្វីខ្លះ ដើម្បីគោរពដល់មាតាក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ និងព្រះវរបិតាសួគ៌របស់ទ្រង់ ? ( សូមមើល លូកា ២:៤៨–៥១; យ៉ូហាន ១៩:២៦–២៧ ) ។ ប្រហែលជាកូនៗបងប្អូនអាចផ្លាស់ប្តូរសកម្មភាពដែលពួកគេអាចធ្វើបានដើម្បីគោរពដល់ឪពុកម្តាយរបស់ពួកគេ ខណៈពេលដែលកូនៗផ្សេងទៀតទាយពីអ្វីដែលពួកគេកំពុងធ្វើ ។
និក្ខមនំ ៣១:១៣,១៦–១៧
ការគោរពថ្ងៃឈប់សម្រាកគឺជាសញ្ញានៃសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះអម្ចាស់ ។
-
កូនៗបងប្អូនប្រហែលជារីករាយក្នុងការមើលឧទាហរណ៍នៃសញ្ញា ដូចជាស្លាកសញ្ញាផ្លូវ ឬស្លាកសញ្ញានៅលើអគារ ។ តើសញ្ញានោះមានគោលបំណងអ្វី ? បន្ទាប់មកកូនៗបងប្អូនអាចស្វែងរកពាក្យ « ទីសម្គាល់ » នៅក្នុង និក្ខមនំ ៣១:១៣, ១៦–១៧ ? តើព្រះអម្ចាស់បាន មានព្រះ បន្ទូលថាអ្វី ជាទីសម្គាល់រវាងយើង និងទ្រង់ ? សូមចែកចាយជាមួយគ្នានូវរបៀបផ្សេងទៀតដែលបងប្អូន និងគ្រួសារបងប្អូនបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះអម្ចាស់នៅថ្ងៃឈប់សម្រាក ។
រូបភាពម៉ូសេកាន់ក្រឹត្យវិន័យទាំងដប់ប្រការ ដោយ សែម ឡយឡ័រ ( សេចក្តីលម្អិត )
និក្ខមនំ ៣២:១–៨, ១៩–២៤; ៣៤:៦–៧
ខ្ញុំនឹងមិន « ងាកបែរចេញ » ពីផ្លូវរបស់ព្រះឡើយ ។
-
សូមពិចារណាប្រើប្រាស់ « ម៉ូសេនៅលើភ្នំស៊ីណាយ » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ៧៧–៨២ ) ដើម្បីជួយកូនបងប្អូនរៀនដំណើររឿងនេះនៅក្នុង និក្ខមនំ ៣២:១–៨, ១៩–២៤ ។ ហេតុអ្វីបានជាពួកសាសន៍អ៊ីស្រាអែលថ្វាយបង្គំរូបសំណាកជំនួសឲ្យព្រះ ?
2:55Moses on Mount Sinai
-
វាអាចជាការសប្បាយក្នុងការបង្កើតផ្លូវនៅលើឥដ្ឋ ( ឬស្វែងរកមួយនៅជិតផ្ទះបងប្អូន ) ដើម្បីបង្ហាញពីពាក្យទាំងនេះ និក្ខមនំ ៣២:៨ ៖ « ក៏រហ័សងាកបែរចេញពីផ្លូវ » ។ ពេលដើរនៅលើផ្លូវ កូនៗបងប្អូនអាចនិយាយអំពីការល្បួងដែលយើងប្រឈមមុខដើម្បីងាកចេញពីព្រះ ។ តើអ្វីជួយយើងឲ្យបន្តដើរលើផ្លូវរបស់ព្រះ—ហើយត្រឡប់ទៅផ្លូវនោះវិញ បើយើងវង្វេងផ្លូវនោះ ? ( សូមមើល និក្ខមនំ ៣៤:៦–៧ ) ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី ប្រិយមិត្ត នៅខែនេះ ។