« ថ្ងៃទី៣០ ខែមីនា–ថ្ងៃទី៥ ខែមេសា ‹ ទ្រង់នឹងបំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប › ៖ ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី៣០ ខែមីនា–ថ្ងៃទី៥ ខែមេសា ‹ ទ្រង់នឹងបំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
រចនារូបភាពផ្នូរដែលគ្មានព្រះសព
ថ្ងៃទី៣០ ខែមីនា–ថ្ងៃទី៥ ខែមសា ៖ « ទ្រង់នឹងបំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប »
បុណ្យអ៊ីស្ទើរ
ព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ ដ៏មាន« សារៈសំខាន់បំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្ស » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » នៅលើបណ្ណាល័យដំណឹងល្អ ) ។ តើឃ្លានោះមានន័យដូចម្តេច ? មួយផ្នែក វាមានន័យថា ព្រះជន្មរបស់ព្រះអង្គសង្រ្គោះមានឥទ្ធិពលដល់ជោគវាសនាដ៏នៅអស់កល្បជានិច្ចនៃមនុស្សគ្រប់រូបដែលបានរស់នៅ ឬនឹងរស់នៅ ។ បងប្អូនក៏អាចនិយាយថា ការមានព្រះជន្មរស់ឡើងវិញនៃព្រះយេស៊ូវ គ្រីស្ទ នាថ្ងៃអាទិត្យនៃថ្ងៃបុណ្យអ៊ីស្ទើរដំបូង ភ្ជាប់ប្រជារាស្រ្តរបស់ព្រះទាំងអស់ទូទាំងប្រវត្តិសាស្រ្ត ៖ អស់អ្នកដែលបានកើតពីមុនការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់បានទន្ទឹងរង់ចាំការមានព្រះជន្មរស់ឡើងវិញដោយសេចក្តីជំនឿ ( សូមមើល យ៉ាកុប ៤:៤ ) ហើយអស់អ្នកដែលកើតបន្ទាប់នោះ ក៏សម្លឹងមើលទៅការមានព្រះជន្មរស់ឡើងវិញដោយសេចក្តីជំនឿផងដែរ ។ នៅពេលយើងអានដំណើររឿង និងការព្យាករព្រះគម្ពីរសញ្ញាចាស់ យើងមិនដែលឃើញព្រះនាមព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែយើងពិតជាបានឃើញភស្តុតាងពីពួកអ្នកមានជំនឿពីបុរាណ និងការចង់បានព្រះមែស៊ី និងព្រះប្រោសលោះរបស់ពួកគេ ។ ដូច្នេះយើងដែលត្រូវបានអញ្ជើញឲ្យ ចងចាំ ទ្រង់ អាចទទួលអារម្មណ៍នៃការភ្ជាប់ជាមួយជនទាំងឡាយណាដែល ទន្ទឹងរង់ចាំ ដល់ទ្រង់ ។ ពិតប្រាកដណាស់ ព្រះយេស៊ូវគ្រីស្ទបានទ្រាំទ្រ « អំពើទុច្ចរិតរបស់យើង ទាំងអស់ » ( អេសាយ ៥៣:៦; បន្ថែមការបញ្ជាក់ ) និង « គ្រប់គ្នា ក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ( កូរិនថូស ទី១ ១៥:២២; បន្ថែមការបញ្ជាក់ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
ព្យាការីពីបុរាណ និងសម័យទំនើបថ្លែងទីបន្ទាល់អំពីពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះ ។
វគ្គបទគម្ពីរជាច្រើននៅក្នុងព្រះគម្ពីរសញ្ញាចាស់លើកឡើងពីការងារបម្រើ និងពលិកម្មធួនរបស់ព្រះអង្គសង្រ្គោះ ។ តារាងខាងក្រោមរាយនូវវគ្គបទគម្ពីរមួយចំនួនទាំងនេះ ។ នៅពេលបងប្អូនអានអំពីខគម្ពីរទាំងនេះ តើចំណាប់អារម្មណ៍អ្វីខ្លះដែលបងប្អូនមានអំពីព្រះអង្គសង្រ្គោះ ?
|
ព្រះគម្ពីរសញ្ញាចាស់ |
ព្រះគម្ពីរសញ្ញាថ្មី |
|---|---|
ព្រះគម្ពីរសញ្ញាចាស់ សាការី ៩:៩ | ព្រះគម្ពីរសញ្ញាថ្មី ម៉ាថាយ ២១:១–១១ |
ព្រះគម្ពីរសញ្ញាចាស់ សាការី ១១:១២–១៣ | ព្រះគម្ពីរសញ្ញាថ្មី ម៉ាថាយ ២៦:១៤–១៦; ២៧:៣–៨ |
ព្រះគម្ពីរសញ្ញាចាស់ អេសាយ ៥៣:៤ | ព្រះគម្ពីរសញ្ញាថ្មី ម៉ាថាយ ៨:១៦–១៧; ២៦:៣៦–៣៩ |
ព្រះគម្ពីរសញ្ញាចាស់ អេសាយ ៥៣:៧ | ព្រះគម្ពីរសញ្ញាថ្មី ម៉ាកុស ១៤:៦០–៦១ |
ព្រះគម្ពីរសញ្ញាចាស់ ទំនុកដំកើង ២២:១៦ | ព្រះគម្ពីរសញ្ញាថ្មី យ៉ូហាន ១៩:១៧–១៨; ២០:២៥–២៧ |
ព្រះគម្ពីរសញ្ញាចាស់ ទំនុកដំកើង ២២:១៨ | ព្រះគម្ពីរសញ្ញាថ្មី ម៉ាថាយ ២៧:៣៥ |
ព្រះគម្ពីរសញ្ញាចាស់ ទំនុកដំកើង ៦៩:២១ | ព្រះគម្ពីរសញ្ញាថ្មី ម៉ាថាយ ២៧:៣៤, ៤៨ |
ព្រះគម្ពីរសញ្ញាចាស់ ទំនុកដំកើង ១១៨:២២ | ព្រះគម្ពីរសញ្ញាថ្មី ម៉ាថាយ ២១:៤២ |
ព្រះគម្ពីរសញ្ញាចាស់ អេសាយ ៥៣:៩, ១២ | ព្រះគម្ពីរសញ្ញាថ្មី ម៉ាថាយ ២៧:៥៧–៦០; ម៉ាកុស ១៥:២៧–២៨ |
ព្រះគម្ពីរសញ្ញាចាស់ អេសាយ ២៥:៨ | ព្រះគម្ពីរសញ្ញាថ្មី ម៉ាកុស ១៦:១–៦; លូកា ២៤:៦ |
ព្រះគម្ពីរសញ្ញាចាស់ ដានីយ៉ែល ១២:២ | ព្រះគម្ពីរសញ្ញាថ្មី ម៉ាថាយ ២៧:៥២–៥៣ |
ការព្យាករដែលបង្រៀនអំពីព្រះអង្គសង្រ្គោះកាន់តែមានច្រើន និងច្បាស់លាស់នៅក្នុងព្រះគម្ពីរមរមន ។ សូមពិចារណាអំពីរបៀបដែលសេចក្តីជំនឿរបស់បងប្អូនត្រូវបានពង្រឹងដោយវគ្គបទគម្ពីរទាំងនេះដូចជា ៖ នីហ្វៃ ទី១ ១១:៣១–៣៣; នីហ្វៃទី២ ២៥:១៣; ម៉ូសាយ ៣:២–១១; អាលម៉ា ៧:១០–១៣ ។
ព្យាការីថ្ងៃចុងក្រោយបន្តធ្វើសាក្សីពិសេសអំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មដ៏ធួនរបស់ទ្រង់ ។ នៅពេលបងប្អូនស្តាប់សន្និសីទទូទៅនៅចុងសប្តាហ៍នៃបុណ្យអ៊ីស្ទើរនេះ សូមកត់ចំណាំទីបន្ទាល់អំពីព្រះគ្រីស្ទដែលបងប្អូនបានស្ដាប់ ។ តើការពិពណ៌នាទាំងនេះបង្រៀនបងប្អូនអ្វីខ្លះអំពីទ្រង់ ?
ព្រះយេស៊ូវគ្រីស្ទប្រទានសេចក្ដីសុខសាន្ដ និងអំណរ ។
បុណ្យអ៊ីស្ទើរគឺជាពេលវេលាដ៏រីករាយ ពីព្រោះវាជាពេលដើម្បីសាទរដល់ដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។ ហើយផ្ទុយទៅវិញ ទោះជាក្នុងអំឡុងបុណ្យអ៊ីស្ទើរក៏ដោយ ក៏មានមនុស្សជាច្រើនមិនមានអារម្មណ៍រីករាយដោយហេតុផលផ្សេងៗដែរ ។ តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីផ្សព្វផ្សាយសេចក្តីសុខសាន្ត និងអំណររបស់ព្រះអង្គសង្គ្រោះក្នុងបុណ្យអ៊ីស្ទើរនេះ ?
គំនិតមួយគឺដើម្បីស្វែងរកសារលិខិតនៅក្នុងព្រះគម្ពីរអំពីសេចក្តីសុខសាន្ត និងអំណរដែលព្រះយេស៊ូវគ្រីស្ទបានប្រទានដូចជាទាំងនេះ ៖ ទំនុកដំកើង ១៦:៨–១១; ៣០:២–៥; អេសាយ ១២; ២៥:៨–៩; ៤០:២៨–៣១; យ៉ូហាន ១៤:២៧; ១៦:៣៣; អាលម៉ា ២៦:១១–២២ ។ សូមពិចារណាពីរបៀបដែលបងប្អូនអាចចែកចាយសារលិខិតទាំងនេះជាមួយអ្នកដទៃ ។ ឧទាហរណ៍ ប្រហែលជាបងប្អូនអាចធ្វើកាតពីបុណ្យអ៊ីស្ទើរដើម្បីចែកចាយ ដោយផ្អែកលើសារលិខិតទាំងនេះ ។ សូមអធិស្ឋានអំពីថាតើនរណាដែលត្រូវទទួលកាតជូនពរនៅបុណ្យអ៊ីស្ទើរនេះ ។ បងប្អូនក៏អាចសម្រេចចិត្តចែកចាយសារលិខិតរបស់បងប្អូននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមនុស្សជាច្រើនអាចមើលឃើញសារលិខិតទាំងនេះផងដែរ ។
ទំនុកតម្កើងអំពីព្រះគ្រីស្ទ និងការមានព្រះជន្មរស់ឡើងវិញ ដូចជាបទ « ទ្រង់រស់ឡើងវិញ ! » ( ទំនុកតម្កើង ល.រ. ទំព័រ. ១២១ ) ក៏អាចជួយយើងឲ្យមានអារម្មណ៍សុខសាន្ត និងអំណរនៅបុណ្យអ៊ីស្ទើរផងដែរ ។ តាមគំនិតរបស់បងប្អូន សូមរកមើលឃ្លានៅក្នុងទំនុកតម្កើង ដែល និយាយអំពីអំណរនៃបុណ្យអ៊ីស្ទើរ ។
សូមមើលផងដែរ ជែហ្វ្រី អ័រ ហូឡិន « នោះមិនមែនដូចជាលោកីយ៍ឲ្យទេ » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ៣៥–៣៨; អេស ម៉ាក ផលម័រ « Our Sorrow Shall Be Turned into Joy » Liahona ខែឧសភា ឆ្នាំ២០២១ ទំព័រ ៨៨–៩០ ។
Why Weepest Thou [ នាងអើយ ហេតុអ្វីបានជាយំ ] ដោយ ស៊ីម៉ូន ឌូវី ( សេចក្តីលម្អិត )
ដោយសារដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ មានព្រះចេស្តាដើម្បីជួយខ្ញុំយកឈ្នះអំពើបាប សេចក្តីស្លាប់ ឧបសគ្គ និងសេចក្តីងងឹត ។
នេះគឺជាសកម្មភាពដែលអាចជួយបងប្អូនមើលឃើញពីពរជ័យជាច្រើនដែលមកតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ សូមអានខគម្ពីរខាងក្រោមអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទជួយយើងយកឈ្នះ ។ សូមព្យាយាមតម្រៀបវគ្គបទគម្ពីរតាមប្រភេទទាំងនេះ ៖ អំពើបាប សេចក្តីស្លាប់ ការសាកល្បង និងភាពទន់ខ្សោយ ( វគ្គខ្លះអាចត្រូវនឹងប្រភេទច្រើនជាងមួយ ) ។ នៅពេលបងប្អូនអាន តើបងប្អូនមានចំណាប់អារម្មណ៍អ្វីខ្លះអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ?
-
អេសាយ ៦១:១–៣
-
អេសេគាល ៣៦:២៦–២៨
-
ម៉ាថាយ ១១:២៨–៣០
-
លូកា ១:៤៦–៥៥
-
រ៉ូម ៨:៣៥–៣៩
តើបងប្អូននឹងពន្យល់ដល់មិត្តភក្តិម្នាក់ដែលមិនមែនជាគ្រីស្ទានថា ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទសំខាន់ចំពោះបងប្អូន ដោយរបៀបណា ? សារលិខិតរបស់អែលឌើរ អាម៉េឌ អេស ខ័របីត « តើបងប្អូនដឹងទេថា ហេតុអ្វីក្នុងនាមជាគ្រីស្ទានខ្ញុំជឿលើព្រះគ្រីស្ទ ? » ( លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១១៩–១២១ ) អាចជួយបាន ។
សូមមើលផងដែរ រ៉េណា អ៊ី អាប៊ើតូ « The Grave Has No Victory » Liahona ខែឧសភា ឆ្នាំ២០២១ ទំព័រ ៨៥–៨៧; Topics and Questions « Atonement of Jesus Christ » « Resurrection » នៅលើបណ្ណាល័យដំណឹងល្អ ។
ព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃដ៏ខ្ពស់សម្រាប់សេចក្តីសង្គ្រោះរបស់ខ្ញុំ ។
តើបងប្អូនរៀនអ្វីខ្លះមកពីខគម្ពីរដូចតទៅនេះអំពីតម្លៃដែលព្រះយេស៊ូវគ្រីស្ទបានបង់សម្រាប់សេចក្ដីសង្គ្រោះរបស់យើង ៖ អេសាយ ៥៣:៣–៥; ម៉ូសាយ ៣:៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៦–១៩ ? តើព្រះវរបិតាសួគ៌បានបង់តម្លៃអ្វីខ្លះ ? ( សូមមើល យ៉ូហាន ៣:១៦ ) ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
ព្រះយេស៊ូវបានរងទុក្ខ ហើយសុគតសម្រាប់ខ្ញុំ ។
-
នៅបុណ្យអ៊ីស្ទើរនាសប្តាហ៍នេះគឺជាពេលវេលាដ៏ល្អមួយដើម្បីបង្រៀនកូនៗបងប្អូនអំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើងនៅគែតសេម៉ានី និងនៅលើឈើឆ្កាង ។ បងប្អូនអាចចាប់ផ្តើមដោយបង្ហាញពួកគេនូវរូបភាពខាងក្រោម ហើយអនុញ្ញាតឲ្យពួកគេនិយាយអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងរូបភាពនោះ ។ ខណៈដែលកូនៗបងប្អូនកំពុងមើលរូបភាព បងប្អូនអាចអានខគម្ពីរដែលពិពណ៌នាអំពីព្រឹត្តិការណ៍ទាំងនេះ ( សូមមើល ម៉ាថាយ ២៦:៣៦–៤៦; ២៧:៣៥–៥០; លូកា ២២:៣៩–៤៦; យ៉ូហាន ១៩:១៦–៣០ ) ។ កូនៗបងប្អូនអាចចង្អុលបង្ហាញពីព័ត៌មានលម្អិតនៅក្នុងរូបភាពដែលពួកគេឮនៅក្នុងខគម្ពីរនេះ ។
ខាងឆ្វេង ៖ ព្រះគ្រីស្ទនៅក្នុងសួនច្បារគែតសេម៉ានី ដោយ ហារី អាន់ឌើរសិន ខាងស្ដាំ ៖ ការឆ្កាង ដោយហារី អាន់ឌើរសិន
-
តើយើងបានទទួលពរដោយសារការពលិកម្មរបស់ព្រះយេស៊ូវសម្រាប់យើងដោយរបៀបណា ? សូមជួយកូនៗបងប្អូនរកមើលពាក្យ និងឃ្លាដែលឆ្លើយសំណួរនេះនៅក្នុង អេសាយ ៥៣:៤–១២; អាលម៉ា ៧:១១–១៣ និង គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:១៦–១៩ ។ សូមចែកចាយជាមួយគ្នាអំពីអារម្មណ៍របស់បងប្អូនចំពោះព្រះអង្គសង្គ្រោះ បន្ទាប់ពីបានអានខគម្ពីរទាំងនេះហើយ ។
ព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញសម្រាប់ខ្ញុំ ។
-
បងប្អូនអាចប្រើទំព័រសកម្មភាពសប្តាហ៍នេះ ឬរូបភាពផ្សេងទៀតនៅក្នុងគម្រោងនេះ ដើម្បីប្រាប់កូនៗបងប្អូនអំពីដំណើររឿងនៃការរស់ឡើងវិញ ( សូមមើលផងដែរ « ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៣៩–១៤៤ ) ។ បន្ទាប់មក សូមឲ្យកូនៗបងប្អូនប្រាប់ដំណើររឿងនោះមកបងប្អូនវិញ ។
-
សូមពិចារណាពីរបៀបដែលបងប្អូននឹងជួយកូនៗបងប្អូនរកឃើញអំណរនៅក្នុងព្រះគ្រីស្ទនាបុណ្យអ៊ីស្ទើរនេះ ។ ឧទាហរណ៍ បងប្អូនអាចច្រៀងរួមគ្នានូវទំនុកតម្កើងពីបុណ្យអ៊ីស្ទើរដែលចូលចិត្ត ដូចជាបទ « ព្រះគ្រីស្ទទ្រង់បានរស់ឡើងវិញ » ( ទំនុកតម្កើង ល.រ. ១២២ ) ឬ « Gethsemane » ( បណ្ណាល័យដំណឹងល្អ ) ។ ដើម្បីស្វែងរកចម្រៀងផ្សេងទៀតអំពីការរស់ឡើងវិញ សូមមើលបងប្អូនអាចមើលនៅក្នុងលិបិក្រមប្រធានបទនៃ ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ ។ បងប្អូន និងកូនៗបងប្អូនអាចចែកចាយជាមួយគ្នាអំពីមូលហេតុដែលបងប្អូនចូលចិត្តបទចម្រៀងទាំងនេះ និងអារម្មណ៍របស់បងប្អូននៅពេលបងប្អូនច្រៀងបទចម្រៀងទាំងនោះ ។ តើចម្រៀងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
កូនៗអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណ ប៉ុន្តែអាចត្រូវការជំនួយដើម្បីស្គាល់ឥទ្ធិពលរបស់ទ្រង់ ។ « សូមបង្រៀនកុមារអំពីវិធីខុសៗគ្នាដែលព្រះវិញ្ញាណទាក់ទងជាមួយពួកគេ ។ សូមជួយពួកគេឲ្យទទួលស្គាល់ព្រះសូរសៀងរបស់ទ្រង់ នៅពេលទ្រង់មានព្រះបន្ទូលទៅកាន់ពួកគេ ។ ការណ៍នេះនឹងជួយពួកគេឲ្យអភិវឌ្ឍទម្លាប់មួយនៃការស្វែងរក និងការអនុវត្តតាមវិវរណៈផ្ទាល់ខ្លួនពេញមួយជីវិតរបស់ពួកគេ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ៣២ ) ។ ឧទាហរណ៍ នៅពេលបងប្អូនច្រៀងចម្រៀងអំពីព្រះអង្គសង្គ្រោះជាមួយកូនៗបងប្អូន មើលរូបភាពរបស់ទ្រង់ ឬអានដំណើររឿងអំពីទ្រង់ ចែកចាយជាមួយគ្នានូវអារម្មណ៍ខាងវិញ្ញាណដែលបងប្អូនមាន ។
-
បណ្ណាល័យដំណឹងល្អមានកម្រងនៃ វីដេអូអំពីបុណ្យអ៊ីស្ទើរ ដែលកូនៗបងប្អូនអាចរីករាយ ។ ប្រហែលជាបងប្អូនអាចឲ្យពួកគេជ្រើសរើសវីដេអូមួយដើម្បីមើល ។ សួរពួកគេថាបានរៀនអ្វីខ្លះពីព្រះយេស៊ូវគ្រីស្ទពីវីដេអូនោះ ។ បងប្អូនក៏អាចស្នើឲ្យពួកគេសង្ខេបសារលិខិតពីវីដេអូជាពាក្យសម្ដីមួយប្រយោគ ។
ពួកព្យាការីថ្លែងពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
-
នៅពេលបងប្អូន និងកូនៗបងប្អូនមើលសន្និសីទទូទៅជាមួយគ្នានៅចុងសប្តាហ៍នៃបុណ្យអ៊ីស្ទើរ សូមជួយពួកគេកត់សម្គាល់នៅពេលដែលសាក្សីពិសេសរបស់ព្រះអង្គសង្គ្រោះថ្លែងទីបន្ទាល់អំពីការរស់ឡើងវិញ ។ ប្រហែលជាបងប្អូនអាចបង្កើតល្បែងកម្សាន្តចេញពីវីដេអូនេះ—អញ្ជើញពួកគេឲ្យឈររាល់ពេលដែលពួកគេឮពាក្យដូចជា អ៊ីស្ទើរ ឬ ដង្វាយធួន ឬ ការរស់ឡើងវិញ ។ សូមចែកចាយគ្នាទៅវិញទៅមកអំពីមូលហេតុដែលបងប្អូនមានអំណរគុណចំពោះទីបន្ទាល់របស់ព្យាការីដែលដែលនៅរស់អំពីព្រះអង្គសង្គ្រោះ ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី ប្រិយមិត្ត នៅខែនេះ ។